សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 12, 2012

បក្ស​កាន់​អំណាច​កំពុង​អូសទាញ​យុវជន​ឲ្យ​គាំទ្រ​បក្ស​ខ្លួន


ក្រុម​យុវជន​ត្រូវ​បាន​គណបក្ស​នយោបាយ​ចាត់​ទុក​ថា ជា​មនុស្ស​ដ៏​សំខាន់​សម្រាប់​កៀរគរ​រក​សំឡេង​គាំទ្រ​គណបក្ស​ខ្លួន ព្រោះ​យុវជន​អាច​បោះឆ្នោត​បាន​ច្រើន​ដង។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​អះអាង​ថា គណបក្ស​នយោបាយ​ទាំង​នោះ គួរ​តែ​អភិវឌ្ឍ​ធនធាន​យុវជន និង​បង្កើត​ការងារ​ដល់​យុវជន​ឲ្យ​បាន​ច្រើន​ដើម្បី​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​វិញ ជា​ជាង​ការ​ផ្ដល់​ផល​ប្រយោជន៍​រយៈ​ពេល​ខ្លី​ដល់​ពួកគេ។
យុវជន​កម្ពុជា​មួយ​ចំនួន​កំពុង​ត្រូវ​បាន​គណបក្ស​នយោបាយ យក​ចិត្ត​ទុក​ដាក់​រក​ការងារ​ឲ្យ​ធ្វើ។ ក៏​ប៉ុន្តែ​បញ្ហា​ទាំង​នេះ អ្នក​វិភាគ​ថា មិន​បាន​ផ្ដល់​ប្រយោជន៍​ពិត​ប្រាកដ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ក្រុម​យុវជន កំពុង​ត្រូវ​បាន​គេ​ប្រើប្រាស់​យក​ជា​ឈ្នាន់ សម្រាប់​ចំណេញ​រឿង​នយោបាយ​របស់​គេ​ប៉ុណ្ណោះ។
អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី បាន​ចាត់​ទុក​ថា យុវជន​គឺ​ជា​ធនធាន​មនុស្ស​ដ៏​សំខាន់​មួយ​ដែល​គ្រប់​គណបក្ស​នយោបាយ​គេ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់។ លោក​ថា ការ​ផ្ដល់​ផល​ប្រយោជន៍​រយៈពេល​ខ្លី មិន​អាច​មាន​ឥទ្ធិពល​ទៅ​ដល់​សេចក្ដី​សម្រេច​ចិត្ត​របស់​យុវជន​ជា​ទូទៅ​នោះ​ទេ ដោយសារ​យុវជន​បច្ចុប្បន្ន​យ៉ាង​ហោច​ណាស់ ៦​ភាគរយ នៃ​ប្រជាជន​ទូទៅ បាន​រៀន​ដល់​ថ្នាក់​មហាវិទ្យាល័យ ហើយ​យុវជន​ជាង ២០​ភាគរយ អាច​រៀន​ដល់​ថ្នាក់​ទី​១២​ដែរ។

លោក កែម ឡី បន្ត៖ «ហើយ​យុវជន​កាល​ណា​គាត់​រៀន​បាន​ខ្ពស់ គាត់​មាន​ការ​ពិចារណា​ច្រើន​អ៊ីចឹង​ទាល់​តែ​យើង​រៀបចំ​ទិដ្ឋភាព​សង្គម​ហ្នឹង​ឲ្យ​បាន​ល្អ​ជាង​នេះ។ ឧទាហរណ៍​ថា ស្ថានភាព​ពុករលួយ ស្ថានភាព​អប្បកិរិយា​អ្នក​ផ្ដល់​សេវា​រដ្ឋ​ហ្នឹង ឬ​មួយ​ក៏​ស្ថានភាព​ការ​គ្រប់គ្រង​ព្រៃឈើ គ្រប់គ្រង​បរិស្ថាន បើ​សិន​ជា​យើង​ធ្វើ​រូបភាព​ហ្នឹង​ឲ្យ​បាន​ល្អ។ ខ្ញុំ​គិត​ថា​នឹង​ទាក់ទាញ​យុវជន​ហើយ​មិន​បាច់​ខំ​ប្រឹងប្រែង​ឃោសនា​ឲ្យ​យុវជន​ឲ្យ​យុវជន​គាំទ្រ ពីព្រោះ​យុវជន​ទាំង​អស់​នេះ ដែល​ខ្ញុំ​ជួប​ច្រើន​លើក​ច្រើន​សារ ១០០ ទៅ ២០០​នាក់​ជា​រៀងរាល់​សប្ដាហ៍​ហ្នឹង គាត់​មាន​ការ​ពិចារណា​ខ្ពស់​ណាស់ កាល​ណា​យើង​ធ្វើ​បាន​ល្អ​គឺ​ហ្នឹង​ទទួល​ផល​ហើយ។ ហើយ​កាល​ណា​យើង​ធ្វើ​មិន​បាន​ល្អ​ទេ របៀប​ជា​ការ​ស្វែងរក​ការ​គាំទ្រ​របៀប​ជា​បរិយាកាស​នយោបាយ​អ៊ីចឹង គឺ​ខ្ញុំ​គិត​ថា​មិន​ទទួល​បាន​ផល​ល្អ​ទេ»
ការ​លើក​ឡើង​បែប​នេះ នៅ​បន្ទាប់​ពី​មេដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា បាន​ប្រមូល​យុវជន​ស្ម័គ្រចិត្ត​ឲ្យ​ចុះ​វាស់វែង​ដីធ្លី​ផ្ដល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ានិត ជា​កូន​ប្រុស​បង្កើត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៦ មិថុនា ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​យុវជន​ស្ម័គ្រចិត្ត​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ថា យុទ្ធនាការ​ពេល​នេះ គឺ​ជា​ការ​អនុវត្ត​នយោបាយ​ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី។ លោក​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ក្រុម​គ្រួសារ និង​យុវជន​ស្ម័គ្រ​ចិត្ត​ក្នុង​ការងារ​ចុះ​វាស់វែង​ដីធ្លី​នេះ ដោយ​ផ្ដល់​ថវិកា​លើ​ទឹក​ចិត្ត និង​សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​សម្រាប់​យុទ្ធនាការ​នេះ។
លោក ហ៊ុន សែន៖ «បើ​ទោះ​ខ្ញុំ​ត្រូវ​លក់​ផ្ទះ​នៅ​វិមាន​ឯករាជ្យ ក៏​ខ្ញុំ​ត្រូវ​តែ​លក់​ដែរ​ដើម្បី​ឲ្យ​ក្មួយៗ ខ្ញុំ​អត់​ប្រើប្រាស់​ថវិកា​ជាតិ​ដើម្បី​ចិញ្ចឹម​ក្មួយៗ​ក្នុង​បេសកកម្ម​នេះ​ទេ ខ្ញុំ​ទទួល​ខុស​ត្រូវ​ហើយ​ខ្ញុំ​បាន​ប្ដូរ​ផ្ដាច់​ហើយ​ផ្ទះ​វិមាន​ឯករាជ្យ​ប្រហែល​ជា​បាន​ថ្លៃ​គួរ​សម ខ្ញុំ​សុខ​ចិត្ត​ខាន​នៅ​ហ្នឹង​ក៏​បាន​ដែរ។ ខ្ញុំ​ធ្វើ​ទាល់​តែ​បាន​នៅ​លើ​រឿង​នេះ​ឲ្យ​ដឹង​ថា នាយករដ្ឋមន្ត្រី​លក់​ផ្ទះ​ដើម្បី​ហ្នឹង​ទៅ​ធ្វើ​កម្មសិទ្ធិ​បញ្ជូន​និស្សិត ចិញ្ចឹម​និស្សិត​ឲ្យ​ទៅ​ធ្វើ​បេសកកម្ម​ហើយ​ថ្ងៃ​នេះ​ក្មួយៗ ពូ​ជូន​ម្នាក់ ១០០​ដុល្លារ​សម្រាប់ ១០០​ដុល្លារ​វា​អត់​ច្រើន​ទេ​ក្មួយ​អើយ ប៉ុន្តែ​ពូ​ត្រូវ​ចំណាយ ១១​ម៉ឺន​ដុល្លារ​ថ្ងៃ​ហ្នឹង​នេះ»
ប៉ុន្តែ​អ្នក​វិភាគ​សង្គម​បាន​ចាត់​ទុក​ថា សកម្មភាព​របស់​រដ្ឋាភិបាល​នេះ គឺ​កំពុង​ប្រើប្រាស់​យុវជន​ដើម្បី​ទាក់ទាញ​ផ្នែក​នយោបាយ​សុទ្ធសាធ ពុំ​មែន​ក្នុង​ន័យ​បុព្វហេតុ​ជាតិ​នោះ​ទេ។
លោក កែម ឡី បាន​បញ្ជាក់​ទៀត​ថា ការ​ជ្រើសរើស​យុវជន​ស្ម័គ្រចិត្ត​នេះ គឺ​ការ​ទាក់ទាញ​យុវជន​ផ្នែក​នយោបាយ ច្រើន​ជាង​សកម្មភាព​ពិត​ប្រាកដ​សម្រាប់​ការងារ​ប្រទេស​ជាតិ ដែល​គេ​ឃើញ​ថា មាន​ផល​ប្រយោជន៍​ដល់​ពួក​គេ​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។
លោក កែម ឡី៖ «បើ​សិន​ជា​គាត់​ចង់​ធ្វើ​របៀប​នេះ​គឺ​យើង​មាន​សាកល​វិទ្យាល័យ​ច្រើន​អ្នក​ណា​ដែល​រៀន​ខាង​សុរិយោដី អ្នក​ណា​ដែល​រៀន​ខាង​ភូមិ​វិទ្យា អ្នក​ណា​ដែល​រៀន​ខាង​មាត្រដ្ឋាន​ភូមិវិទ្យា។ ដូច្នេះ​គាត់​អាច​បញ្ចូល​សិស្ស​និស្សិត​ដែល​រៀន​នៅ​មហាវិទ្យាល័យ ហើយ​ចំ​ជំនាញ​របស់​គាត់​ឲ្យ​គាត់​មក​ធ្វើ​កម្មសិក្សា​ហ្នឹង​ទៅ​ហើយ​ត្រឡប់​មក​វិញ​គាត់​អាច​បំពេញ​តួនាទី​ធ្វើ​លំហាត់​នៅ​តាម​សាលា​ហ្នឹង​គាត់​ចំណេញ​ជាង។ ឥឡូវ​បើ​សិន​ជា​គ្រាន់​តែ​ផ្ដល់​ថវិកា ឬ​ក៏​មួយ​លើក​ទឹក​ចិត្ត​គាត់​របៀប​ហ្នឹង បើ​សិន​ជា​គាត់​រៀន​ខាង​គណនេយ្យ​វិញ ហើយ​រៀន​ខាង​នយោបាយ​ការបរទេស​វិញ រៀន​ខាង​ច្បាប់​ទៅ​វិញ តើ​បទពិសោធន៍​អី​ដែល​គ្រាន់​តែ​ចុះ​វាស់​ដី​បាន​មក​ចំណេញ​ដល់​ការ​រៀន​សូត្រ? ហើយ​នៅ​ពេល​គាត់​ចេញ​ទៅ​ធ្វើការ​វិញ​នោះ តើ​បទពិសោធន៍​សម្រាប់​ទាក់ទាញ​សម្រាប់​ជួយ​ពង្រឹង​ការងារ​អត់? កម្ម​សិក្សា​គឺ​ល្អ​ហើយ​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​នេះ​ល្អ​ហើយ ក៏​ប៉ុន្តែ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​យុវជន​ភ្ជាប់​ការ​រៀន​សូត្រ​របស់​គាត់​ជំនាញ​របស់​គាត់​ទៅ​ក្នុង​កម្មសិក្សា​នេះ។ ប្រសិន​បើ​មិន​អ៊ីចឹង​ទេ​គ្រាន់​តែ​ជា​ទាក់ទាញ​ផ្នែក​នយោបាយ​ច្រើន​ជាង»
ក្រុម​យុវជន​ស្ម័គ្រចិត្ត​មាន​គ្នា ១.១០០​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​ចុះ​វាស់​វែង​ដី​ជូន​ពលរដ្ឋ គឺ​មក​ពី​សមាគម​សិស្ស​និស្សិត​បញ្ញវន្ត​ក្មេង​វត្ត សហព័ន្ធ​និស្សិត​បញ្ញវន្ត​ប្រជាធិបតេយ្យ សាកល​វិទ្យាល័យ​ភូមិន្ទ​ចម្ការ​ដូង វិទ្យាស្ថាន​បច្ចេកវិទ្យា សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ យុវជន​ស្ម័គ្រចិត្ត​ពី​ក្រសួង​រៀបចំ​ដែន​ដី​នគរ​រូបនីយកម្ម និង​សំណង់។
ពាក់ព័ន្ធ​បញ្ហា​នេះ ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៃ​សមាគម​យុវជន​ខ្មែរ​ហៅ​កាត់​ថា (KYA) លោក សេង ឫទ្ធី ថ្លែង​ថា ពិតប្រាកដ​ណាស់ យុវជន​ទាំង​នោះ​នឹង​ទទួល​បាន​ចំណេះដឹង​និង​បទពិសោធន៍​ដ៏​តិចតួច​ពី​ការងារ​រយៈ​ពេល​ខ្លី​នេះ។ លោក​បន្ត​ថា យុវជន​ដែល​មាន​អាយុ​ពី ១៨ ទៅ​ដល់ ៣០​ឆ្នាំ ប្រមាណ​ជាង ៣​លាន​នាក់ គឺ ៣៧% នៃ​អ្នក​បោះឆ្នោត​ជាង ៩​លាន​នាក់ មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១២។ ដូច្នេះ​ចំនួន​យុវជន​គ្រប់​អាយុ​បោះឆ្នោត​ដ៏​ច្រើន​នេះ គឺ​ជា​កត្តា​ជំរុញ​ឲ្យ​បក្ស​នយោបាយ​ងាក​មក​ចាប់​អារម្មណ៍​លើ​យុវជន។
លោក សេង ឫទ្ធី៖ «សំខាន់​ការងារ​នេះ​មិន​មែន​ជា​ការងារ​របស់​បុគ្គល​ទេ ជា​ការងារ​ជាតិ​ដែល​ត្រូវ​ធ្វើ​កិច្ចការ​ជូន​ប្រជាពលរដ្ឋ គឺ​ជា​កិច្ច​ការងារ​ជាតិ ហើយ​លោកនាយក​រដ្ឋមន្ត្រី​គាត់​មាន​ប្រសាសន៍​អ៊ីចឹង។ ខ្ញុំ​ថា រឿង​ហ្នឹង​ដូច​ជា​យក​យុវជន​ជា​ខែល​យក​ប្រជាប្រិយភាព​នៅ​ក្នុង​គណបក្ស​នយោបាយ ពីព្រោះ​ការងារ​នេះ​ខ្ញុំ​គិត​ថា មិន​ជា​រឿង​របស់​បុគ្គល​ទេ ជា​ការងារ​របស់​ជាតិ​តែ​ម្ដង។ ហើយ​ដល់​គាត់​ធ្វើ​អ៊ីចឹង​ខ្ញុំ​មិន​គាំទ្រ​ទេ​ចំពោះ​ទស្សនៈ​របស់​ខ្ញុំ ព្រោះ​ត្រូវ​ឲ្យ​ស្ថាប័ន​ជាតិ​ជា​អ្នក​រៀបចំ​ជា​ការ​ប្រសើរ»
ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ទស្សនៈ​ថា គណបក្ស​កាន់​អំណាច​អាច​ធ្វើ​បំភាន់​ភ្នែក​ប្រជាពលរដ្ឋ​តាម​រយៈ​ការងារ​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ ដើម្បី​ជា​សមិទ្ធផល​របស់​បក្ស​ទៅ​វិញ៖ «ជា​ការ​ពិត​ពី​ការ​បោះឆ្នោត​មួយ​ទៅ​ការ​បោះ​ឆ្នោត​មួយ បើ​សិន​ជា​គណបក្ស​ណា​ដែល​មាន​កម្លាំង​គាំទ្រ​ពី​យុវជន​ច្រើន គឺ​គណបក្ស​ហ្នឹង​នឹង​ទទួល​ការ​ឈ្នះ​ឆ្នោត ពីព្រោះ​កម្លាំង​យុវជន​អាច​បោះ​ឆ្នោត​បាន​ច្រើន​ដង​ខុស​ពី​កម្លាំង​យុវ​ចាស់។ អ៊ីចឹង​ហើយ​មនុស្ស​ម្នាក់ៗ​នាំ​គ្នា​ទាញ​យុវជន ទាញ​ក្នុង​ផ្លូវ​ល្អ ទាញ​តាម​រយៈ​ទិញ​ទឹក​ចិត្ត តាម​រយៈ​ការ​ផ្ដល់​ការងារ​ឲ្យ​គាត់​ផ្ដល់​អនាគត​ភ្លឺ​ស្វាង​ឲ្យ​គាត់​នោះ គឺ​ជា​ការ​ល្អ ក៏​ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​ធ្វើ​ប្រជាភិថុតិ បង្វក់​យុវជន​ឲ្យ​សប្បាយ​ភ្លើតភ្លើន​តែ​រយៈពេល​ខ្លី ហើយ​ធ្វើ​ឲ្យ​ឈ្លក់​វង្វេង​នឹង​ផល​ប្រយោជន៍​បន្តិច​បន្តួច។ ការ​ទិញ​ទឹក​ចិត្ត​បន្តិចបន្តួច​មួយ​រយៈពេល​ខ្លី​នៅ​រយៈពេល​វែង​គាត់​នឹង​ជួប​ការ​លំបាក​នេះ​ជា​បញ្ហា​ដែល​យុវជន​ត្រូវ​គិត»
អ្នក​វិភាគ​បញ្ហា​សង្គម​បាន​បញ្ជាក់​ថា ជា​ដំណោះស្រាយ​ដើម្បី​អូសទាញ​យុវជន​នោះ គឺ​មាន​តែ​ផែនការ​អភិវឌ្ឍ​ជាតិ ដូច​ជា​នឹង​ដោះស្រាយ​បញ្ហា​ជាតិ កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ បញ្ហា​អំពើ​ពុករលួយ និង​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ជាក់លាក់​ក្នុង​ការ​ជួយ​យុវជន តាំង​ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​កំពូល នោះ​ទើប​អាច​ទាក់ទាញ​យុវជន​ឲ្យ​ងាក​មក​គាំទ្រ​បក្ស​របស់​ខ្លួន​បាន។
គោលការណ៍​របស់​បក្ស​កុម្មុយនិស្ត​ត្រូវ​បាន​គេ​ដឹង​ជា​ទូទៅ​ថា យុវជន​គឺ​ជា​ធនធាន​ដ៏​សំខាន់​របស់​បក្ស មាន​ន័យ​ថា យុវជន​ជា​សសរ​ទ្រូង​របស់​បក្ស៕

No comments:

Post a Comment

yes