ប្រជាពលរដ្ឋរស់នៅភូមិប្រមា រើបង្វិចពេលកម្លាំងប្រដាប់អាវុធ
ចុះបង្ក្រាបកាលពីខែឧសភា
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប្រជាពលរដ្ឋចំនួន៦នាក់ហើយ ដែលរស់នៅក្នុងភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ និងដែលត្រូវបានអាជ្ញាធរចោទប្រកាន់រស់នៅអនាធិបតេយ្យនិងបងើ្កត តំបន់អបគមន៍ បានចូលសារភាព បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសជាសាធារណៈមិនយកទោសពៃរ៍និងដកដីកាតាមចាប់ខ្លួន។ ប៉ុន្តែអ្នកភូមិថា អ្នកដែលសារភាពនោះ មកពីអាជ្ញាធរដាក់គំនាបលើពួកគេ តាមពិតពួកមិនបានប្រព្រឹត្តអ្វីខុសនោះទេ។
លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះមានពលរដ្ឋចំនួន៦នាក់ហើយ រស់នៅក្នុងភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះដែលត្រូវបានអាជ្ញាធរចោទប្រកាន់រស់នៅអនាធិបតេយ្យ និងបងើ្កតតំបន់អបគមន៍បានចូលសារភាព។ លោកបានឲ្យដឹងទៀតថា ៖ «ពលរដ្ឋទាំងអស់នោះនឹងបង្វែរទៅជាសាក្សី យើងមិនដឹងប្រាកដថា នឹងមានពលរដ្ឋប៉ុន្មាននាក់ទៀតនៅសល់ទេ វាទាក់ទងទៅនឹងចម្លើយរបស់ពួកគេនៅឯតុលាការ»។
នៅថ្ងៃទី២៩ ខែមិថុនា ពលរដ្ឋ២នាក់បានចូលខ្លួនមកសារភាព ហើយពួកគេបានសារភាពថាពួកគេ បានទទួលបទបញ្ជាពីគេ រហូតមកដល់ពេលនេះមានពលរដ្ឋចំនួន៦នាក់ហើយដែលបានចូលខ្លួនមក សារភាព។
កាលពីថ្ងៃទី២៦ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យអ្នកភូមិ ៤ នាក់ ចេញមកសារភាពឲ្យឆាប់បំផុត ដោយលោកជាអ្នកទទួលខុសត្រូវមិនឲ្យមានអ្នកណាយកទោសពៃរ៍អ្វីទេ និងអាចដកដីកាតាមចាប់ខ្លួន បង្វែរឲ្យពលរដ្ឋទាំងនោះទៅជាសាក្សី បន្ទាប់ពីអ្នកភូមិម្នាក់បានចេញមកសារភាព។ នៅក្នុងករណីនៃការបណ្តេញប្រជាពលរដ្ឋចេញពីដីធ្លីនៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង កាលពីថ្ងៃទី ១៦ ខែឧសភា បានធ្វើឲ្យក្មេងស្រីអាយុ១៤ ឆ្នាំ ម្នាក់បានស្លាប់នៅក្នុងការបាញ់រះពីសំណាក់កងកម្លាំងសមត្ថកិច្ច ។
លោកសុខ តុង អាយុ ៦១ ឆ្នាំ ពលរដ្ឋម្នាក់ក្នុងចំណោម៥នាក់ដែលត្រូវបានក្រសួងមហាផ្ទៃប្រកាសតាម រកចាប់ខ្លួននោះ ហើយបដិសេធពុំព្រមចូលសារភាពនោះបានឲ្យដឹងថា ពលរដ្ឋដែលចូលខ្លួនមកសារភាពនោះដោយសារតែអាជ្ញាធរគេបានដាក់គំនាបមកលើពួកគេ ដូច្នេះគេក៏ចូលខ្លួនសារភាពបើទោះបីជាពួកគេពុំបានប្រព្រឹតិ្ត ខុសក៏ដោយ។ លោកបានឲ្យដឹងថា ៖ «ចំពោះរូបខ្ញុំ គឺខ្ញុំត្រូវការតទល់តាមផ្លូវច្បាប់ គឺត្រូវជួបមុខគ្នានៅឯតុលាការ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនត្រូវបង្ហាញភស្តុតាងដែលបានចោទថា ពួកខ្ញុំធ្វើអបគមន៍នោះ ថាតើមានស្អី? ឲ្យខ្ញុំសារភាពទទួលកំហុសម៉េចកើតបើខ្ញុំមិនបានធ្វើអ្វីខុសដូច ការចោទប្រកាន់ផងនោះ»។
លោកបានឲ្យដឹងទៀតថា ពលរដ្ឋដែលបានចូលសារភាពនោះបានប្រាប់លោកថា ប្រសិនបើពួកគេពុំចូលសារភាពទេនោះ អាជ្ញាធរមិនប្រគល់ដីឲ្យទេ ហើយដុតផ្ទះចោល និងត្រូវប្រឈមមុខចាប់ខ្លួនទៀតផង ដូច្នេះដើម្បីបានដីមកវិញ ហើយរស់នៅមានសេរីភាព ពួកគេត្រូវតែសារភាព។
កាលពីថ្ងៃទី១៦ ខែឧសភា អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីថ្លែងការណ៍ដោយបានលើកឡើងថា នៅភូមិសាស្ដ្រភូមិប្រមា មានពួកអនាធិបតេយ្យមួយក្រុមមានតួនាទីជាអ្នកដឹកនាំ និងជាសមាជិករបស់សមាគមអ្នកប្រជាធិបតេយ្យ ដែលមានឈ្មោះ ប៊ុន រដ្ឋា ជាមេខ្លោងដោយបានប្រព្រឹត្តល្មើសច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់នានា ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ពលរដ្ឋបីនាក់ក្នុងចំណោម៥នាក់ដែលអាជ្ញាធរកំពុងស្វែងរកចាប់ខ្លួន នោះមានដូចជា ឈ្មោះ ប៊ុន រដ្ឋា ភេទប្រុស អាយុ ៣២ឆ្នាំ ប៊ុន ឆន ភេទប្រុស អាយុ ៥៥ឆ្នាំ ឈ្មោះ សុខ តុង ភេទប្រុស អាយុ ៦១ឆ្នាំ។
នៅក្នុងជម្លោះដីធ្លីនោះលោកម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យត្រូវ បានចាប់ដាក់ក្នុងពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទជាអ្នកផ្តើមគំនិត មានស្ថានទម្ងន់ទោសប្រឆាំងនឹងអ្នករាជការសាធារណៈ ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់៕
No comments:
Post a Comment
yes