ភ្នំពេញៈ ទំនាស់ផ្ទៃក្នុងនៅថ្នាក់កំពូលក្នុងជួរគណបក្សនរោត្តម រណឫទ្ធិ បានក្លាយទៅជាជម្លោះនយោបាយខ្លាំងក្លា កាលពីថ្ងៃចុងសប្តាហ៍ ព្រោះមន្រ្តីក្នុងជួរគណបក្សបានបាត់បង់តំណែង ហើយស្បថថា នឹងដាក់ពាក្យបណ្តឹងជាការវាយបកតបទៅវិញ។
ក្រោយពីអគ្គលេខាធិការ និងអគ្គលេខាធិការរង៥នាក់នៃគណបក្ស នរោត្តម រណឫទ្ធិ បានព្យាយាមបណ្តេញព្រះអង្គ នរោត្តម រណឫទ្ធិ កាលពីសប្តាហ៍មុន តាមរយៈការជំរុញព្រះអង្គឲ្យចុះចេញពីតំណែង ដើម្បីសម្រួលដល់ការបង្រួបបង្រួមជាមួយនឹងគណបក្ស ហ៊្វុនស៊ិនប៉ិច ថ្នាក់ដឹកនាំគណបក្ស នរោត្តម រណឫទ្ធិ បានឆ្លើយតប ដោយការដកតំណែងសមាជិកបះបោរ ជាសេចក្តីសម្រេចដែលបានកម្រិតឥទិ្ធពលរបស់ពួកគេ ក្នុងជួរគណបក្ស។
សេចក្តីសម្រេចនេះបានជំរុញឲ្យលោក សៅ រ៉ានី អតីតអគ្គលេខាធិការធ្វើការចោទប្រកាន់ថា្នក់ដឹកនាំគណបក្សខ្លួន ថា«ក្លែងឯកសារ» ហើយប្រកាសថា នឹងស្នើទៅសាលាដំបូងរាជធានីនៅថ្ងៃនេះ ហាមឃាត់គណបក្សកុំឲ្យឃោសនាបោះឆ្នោត។
លោក សៅ រ៉ានី បានថ្លែងប្រាប់នៅឯសន្និសីទសារព័ត៌មានពី ម្សិលមិញថា៖ «ព្រះអង្គគង់នៅបារាំង តែលិខិត[ដកតំណែង] ធ្វើនៅភ្នំពេញ ហើយបញ្ឈប់យើង៦នាក់ដោយខុសច្បាប់»។
លោកបន្តថា ពាក្យប្តឹងទៅតុលាការនេះ គឺមានបំណងរារាំងគណបក្ស នរោត្តម រណឫទ្ធិ កុំឲ្យចេញសេចក្តីហាមប្រាមសមាជិកដូចជា រូបលោក មិនឲ្យចូលរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច។
លោក ប៉ែន សង្ហា អ្នកនាំពាក្យគណបក្ស នរោត្តម រណឫទ្ធិ បានច្រានចោលការចោទប្រកាន់ក្លែងឯកសារនេះពីម្សិលមិញ។ លោកថា ព្រះអង្គ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្រ្តីទី១ បានចេញលិខិតប្តូរសមាជិកតំណែងខ្ពស់។
លោក ប៉ែន សង្ហា បន្តថា អគ្គលេខាធិការថ្មីគណបក្ស នរោត្តម រណឫទ្ធិ គឺលោក ឈឹម សៀកឡេង អតីតអភិបាលរាជធានី។ អ្នកជំនួសផ្សេងទៀតមិនត្រូវបានប្រាប់ឲ្យដឹងទេ។ លោកថា៖ «សេចក្តីសម្រេចបញ្ឈប់អគ្គលេខាធិការ អគ្គលេខាធិការរង ជាផ្លូវការរបស់គណបក្ស សម្តេចក្រុមព្រះទទួលស្គាល់ថា ជាហត្ថលេខាព្រះអង្គ ដែលមានសុពលភាព»។ លោកបន្ថែមថា ការចោទប្រកាន់នេះ ជាការចោទប្រកាន់គ្មានការពិត ហើយវាពាក់ព័ន្ធនឹងនយោបាយ។
នៅពេលសួរថា តើលោកមានអារម្មណ៍ត្រូវគំរាមដោយសារការប៉ុនប៉ងរបស់សមាជិកជាន់ ខ្ពស់បណ្តេញព្រះអង្គ នរោត្តម រណឫទ្ធិ ចេញដែរទេ លោក ប៉ែន សង្ហា ថ្លែងថា សមាជិកមិនច្រើនជាង ១២នាក់ទេ ដែលចូលរួមជាមួយលោក សៅ រ៉ានី។ កាលពីសប្តាហ៍មុន ប្រធានប្រតិបតិ្តនៃគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ថ្លែងថា ថ្នាក់ដឹកនាំជិត ៨០ ភាគរយក្នុងគណបក្ស នរោត្តម រណឫទ្ធិ ចង់បង្រួបបង្រួមជាមួយនឹងគណបក្សលោក។
ដោយចង្អុលបង្ហាញពីចំនួនចូលរួមតិច ក្នុងសន្និសីទរបស់លោក សៅ រ៉ានី លោក ប៉ែន សង្ហា អះអាងថា៖ «វាមិនមែនជាការពិតទេ សូមមើលភស្តុតាងព្រឹកនេះ [ម្សិលមិញ]»។ «ព្រោះ មានប្រហែល ១០ នាក់ចូលរួមកិច្ចប្រជុំថ្ងៃនេះ ខ្ញុំគិតថា វាមិនមែន ៨០ ភាគរយទេ។ គេហៅសមាជិកបក្សនៅខេត្ត តែពួកគេមិនមក»។
ភាពចលាចលផ្ទុះខ្លាំងពីសប្តាហ៍មុន ពេលលោក សៅ រ៉ានី និងអគ្គលេខាធិការរងថ្វាយលិខិតដល់សម្តេចឪ នរោត្តម សីហនុ សុំព្រះអង្គបញ្ចុះបញ្ចូលទ្រង់ នរោត្តម រណឫទ្ធិឲ្យ«ឈប់ធ្វើនយោបាយ»។ ដើម្បីបើកផ្លូវឲ្យគណបក្សនេះចរចានិងបង្រួបបង្រួមជាមួយគណបក្ស ហ៊្វុនស៊ិនប៉ិច។
លោក សុក សំអឿន នាយកប្រតិបតិ្តនៃក្រុមអ្នកច្បាប់ការពារសិទិ្ធកម្ពុជា ថ្លែងថា ពាក្យបណ្តឹងលោក សៅ រ៉ានី អាចជោគជ័យ បើលោកមានភស្តុតាងរឹងមាំ ប៉ុន្តែថា បើព្រះអង្គនរោត្តម រណឫទ្ធិអះអាងថា លោកទទួលស្គាល់លិខិតនោះ បណ្តឹងនឹងគ្មានន័យ។ រីឯពាក្យបណ្តឹងផ្អាកគណបក្ស លោកថ្លែងថា លោក សៅ រ៉ានី មិនអាចឈ្នះនៅតុលាការទេ បើគណបក្សមិនធ្វើខុសច្បាប់៕
No comments:
Post a Comment
yes