តំណាងប្រជាពលរដ្ឋចំនួន ៤១៥គ្រួសារ បានដាក់ពាក្យបណ្ដឹងជូនលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តបាត់ដំបង សុំប្ដឹងតវ៉ាមិនឲ្យធ្វើការវាស់វែង និងចេញប័ណ្ណកម្មសិទ្ធិបឋមនៅលើដីទំហំ ៥៥៨ហិកតារ នៅចំណុចអណ្ដូងកន្ទួត ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ការប្ដឹងទាមទារនេះ បានធ្វើឡើងដោយយោងលើចំណាររបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយដែលបានចារកាលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១១ សម្រេច និងតម្រូវឈ្មោះ សោម វណ្ណធឿន ជាមន្ត្រីយោធាប្រគល់ដីឲ្យប្រជាពលរដ្ឋ។
ក្រុមអ្នកភូមិបញ្ជាក់ថា ដីទំហំ៥៥៨ហិកតារដែលរាជរដ្ឋាភិបាលបានសម្រេចឲ្យប្រជាពលរដ្ឋនោះ ត្រូវបានក្រុមនិស្សិតកំពុងតែធ្វើការវាស់វែង ក្រោមការជួយសម្របសម្រួលរបស់អាជ្ញាធរមូលដ្ឋានឲ្យទៅក្រុមឈ្មួញជាច្រើនក្រុម។ ក្នុងនោះមានក្រុមលោក សោម វណ្ណធឿន ក្រុមលោក ថៃ ទី ក្រុមលោក នូ ចាន់សុផាត ក្រុមលោក ម៉ក់ សុផល ក្រុមលោក ប៉ោ ប៊ុនថេង ក្រុមលោក ងួន រិន ក្រុមលោក ទូច ងួន ក្រុមលោក ញ៉េប ជា ក្រុមអ្នកស្រី វ៉ាន់ សាវ៉ុន លោកវរសេនីយ៍ ឡុង ស៊ីណារ៉េ និងក្រុមប្រជាពលរដ្ឋ លោក ហែន ស៊ីណា លោក អ៊ាន ផា និងក្រុមលោក ទូច សាមុត។
តំណាងអ្នកភូមិ៖ «ព្រោះដីទាំងអស់ហ្នឹង គឺស្ថិតនៅលើដីដែលរាជរដ្ឋាភិបាលបានសម្រេចចំនួន៥៥៨ហិកតារ ប្រគល់មកប្រជាពលរដ្ឋ៤១៥គ្រួសារ តាមលិខិតលេខ៩៧៧ ស.ជ.ណ ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០១១ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី យោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្ត្រី ដែលបានឯកភាពចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១១ បានឯកភាពប្រគល់ដីជូនប្រជាពលរដ្ឋតាមលិខិតលេខ៨០៤ ស.ជ.ណ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៨ របស់ក្រសួងការពារជាតិ ដែលបានសម្រេចឲ្យលោក សោម វណ្ណធឿន និងបក្សពួកគាត់ប្រគល់ដី៥០០ហិកតារជូនប្រជាពលរដ្ឋវិញ»។
ដីទំហំ៥៥៨ហិកតារនេះ មានព្រំប្រទល់ខាងជើងពីចន្លោះភ្នំទាក់វៀង និងភ្នំស្លឹក នៃក្បាលអូរក្ដារតស់ ឬអូរអណ្ដូងកន្ទួត ស្ពានលេខ៤ បណ្ដោយទៅកើតតាមមាត់អូរ រហូតដល់អូរទឹកធ្នឹម ទៅទិសខាងត្បូងបណ្ដោយសងខាងផ្លូវសម្ដេច ហ៊ុន សែន រហូតដល់ព្រំខាងត្បូងរបងលួសក្រោលគោ របស់លោក ចឹក ខិម។ ប៉ុន្តែសព្វថ្ងៃជាចម្ការដំឡូងរបស់ ពៅ ហ៊ុន ទាំងចុងខាងកើតចំណុចអូរទឹកធ្នឹម និងចុងខាងលិចទល់ចុងក្បាលភ្នំស្លឹក។
ទោះបីប្រជាពលរដ្ឋបានទៅតវ៉ា និងដាក់ឯកសារបង្ហាញទៅក្រុមនិស្សិត និងអាជ្ញាធរមូលដ្ឋានក៏ដោយ ក៏ការវាស់វែងនៅតែបន្ត ដែលធ្វើឲ្យប្រជាពលរដ្ឋចំនួន៤១៥គ្រួសារ ដែលរង់ចាំការដោះស្រាយរបស់អាជ្ញាធរ មានការខកចិត្តយ៉ាងខ្លាំង៖«ប្រជាពលរដ្ឋ៤១៥គ្រួសារ ខ្ញុំជាម្ចាស់ដីហ្នឹង ហើយលើដី៥៥៨ហិកតារហ្នឹង។ តាមគោលការណ៍ចំណាររបស់សម្ដេច គាត់បានប្រគល់ឲ្យហើយ។ សុំឲ្យចៅហ្វាយខេត្តហ្នឹង លោកត្រួតពិនិត្យឯកសារពួកខ្ញុំហ្នឹងម្ដងទៀត។ គួរចុះអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលបានកំណត់។ ហើយសុំឲ្យផ្អាកចេញនូវប្លង់ជាបឋមហ្នឹង ព្រោះកាលណាចេញអាហ្នឹងហើយ ពួកខ្ញុំទៅជាអសារបង់ហើយ បើនិយាយទៅ ខ្ញុំម្ចាស់ដីក្លាយទៅជាអត់»។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចសុំសេចក្ដីបញ្ជាក់ការទាមទាររបស់អ្នកភូមិទាំង ៤១៥គ្រួសារ ពីលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា នេះបានទេ។
នៅក្នុងពាក្យបណ្ដឹងចុះថ្ងៃទី២៥ និងបានដាក់ទៅសាលាខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២។ ក្រុមអ្នកភូមិបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១១ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានផ្ញើលិខិតមួយច្បាប់ គោរពជូនសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីលទ្ធផលស្រាវជ្រាវលើពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ៤១៥គ្រួសារ រស់នៅចំណុចអណ្ដូងកន្ទួត ភូមិសុំបង្កើតថ្មី ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
បន្ទាប់មក នៅពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចារចំនួនពីរចំណុចនៅលើលិខិតរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយបានយល់ព្រមប្រគល់ដីឲ្យប្រជាពលរដ្ឋ។ ប៉ុន្តែរហូតមកទល់សព្វថ្ងៃនេះ ប្រជាពលរដ្ឋចំនួន៤១៥គ្រួសារពិតប្រាកដ ពុំទាន់បានឃើញដីទាំងនោះនៅឡើយ៖«ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្ញុំបានរស់នៅមានសេចក្ដីសុខសព្វថ្ងៃ សូម្បីតែបាយមិនមានហូបផង ដាច់ព្រឹក ដាច់ល្ងាច។ មេភូមិចែកឲ្យខ្ញុំ ឈិន ឆុន ដីលំនៅឋាន២០គុណនឹង១០០ម៉ែត្រ ហើយស្រែ៥ហិកតារ គេយកអស់ហើយដីស្រែឈូសឆាយអស់រលីង»។
ប្រធានសម្របសម្រួលសមាគម អាដហុក (Adhoc) លោក យិន ម៉េងលី បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៤១៥គ្រួសារ មានឯកសារដូចជាពាក្យសុំកាន់កាប់ដីកាលពីឆ្នាំ២០០៦ បញ្ជីរាយនាមប្រជាពលរដ្ឋ ៤១៥គ្រួសារ កាលពីឆ្នាំ២០០៧ និងមានប្លង់ទីតាំងដីរួម ដែលទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំ។
លោកបន្តថា បុគ្គលឈ្មោះ សោម វណ្ណធឿន ជាមន្ត្រីយោធាកាលពីឆ្នាំ២០០៦ បានលក់ដីនៅតំបន់ទំនាស់នោះចំនួន ១៥៥ហិកតារ ទៅឲ្យបុគ្គលបីនាក់មានឈ្មោះ នូ ចាន់សុផាត ឈ្មោះ ម៉ក់ សុផល និងឈ្មោះ ថៃ ទី។ បុគ្គលទាំងបីនាក់ រស់នៅទីក្រុងភ្នំពេញ។
នៅក្នុងការតវ៉ារបស់ប្រជាពលរដ្ឋនេះ លោក យិន ម៉េងលី យល់ឃើញថា អាជ្ញាធរខេត្តគប្បីតែប្រមូលផ្ដុំកម្លាំងដែលជាអ្នកដឹងប្រវត្តិច្បាស់ឡើងវិញ និងរក្សាដីទាំងអស់ទុកកុំវាស់វែងចេញប័ណ្ណកម្មសិទ្ធិ ពីព្រោះដីនោះកំពុងស្ថិតនៅក្នុងស្ថានភាពមានជម្លោះ៖ «អញ្ចឹង យើងប្រមូលកម្លាំងទាំងអស់ ដើម្បីមកជជែកគ្នា រិះរកមធ្យោបាយដើម្បីដោះស្រាយបញ្ហានេះ។ យើងអត់គប្បីបំបែកអញ្ចឹងទេ ការបំបែកហ្នឹងហើយ ដែលធ្វើឲ្យដីនៅអណ្ដូងកន្ទួត ជាងមួយអាណត្តិហើយ ដោះអត់ចេញ។ ទីបំផុត ប្រជាពលរដ្ឋដែលបានទទួលស្គាល់ពិតប្រាកដ៤១៥គ្រួសារ ដូចមានឯកសារជាច្រើន ជាអ្នករងគ្រោះទៅវិញ ជាប់គុកអត់ដី ហើយដីធ្លាក់ទៅលើអស់លោកធំៗមួយចំនួនហ្នឹង»។
លោកបន្តថា ក្រុមនិស្សិតស្ម័គ្រចិត្តគ្រាន់តែជាកម្លាំងមួយដើម្បីជួយដល់អាជ្ញាធរខេត្ត ប៉ុន្តែសិទ្ធិអំណាចនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរខេត្ត។ ជម្លោះដណ្ដើមដីគ្នានៅចំណុចអណ្ដូងកន្ទួត ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នេះ បានកើតមានជំងឺរ៉ាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
មានអ្នកភូមិ៤នាក់ ត្រូវបានតុលាការចេញដីកាចាប់ឃុំខ្លួន នៅក្នុងពន្ធនាគារខេត្តបាត់ដំបង។ ក្នុងនោះមានឈ្មោះ ញ៉ា ម៉ក់ តូច វណ្ណឌី គង់ សុឃឿប និងហ៊ុន សេងលី ប៉ុន្តែឈ្មោះ ហ៊ុន សេងលី ទើបរួចចេញពីពន្ធនាគារវិញ កាលពីពេលថ្មីៗនេះ។ នៅមានអ្នកភូមិជាច្រើននាក់ទៀត ក្នុងចំណោមប្រជាពលរដ្ឋ ៤១៥គ្រួសារ កំពុងរត់គេចខ្លួនពីការតាមចាប់ខ្លួនរបស់តុលាការខេត្តបាត់ដំបង៕
No comments:
Post a Comment
yes