ប្រធានគណបក្សសិទ្ធិមនុស្ស ពេលចុះជួបអ្នកគាំទ្រនៅខេត្តព្រៃវែងកាលពីម្សិលមិញ
ព្រៃវែងៈ បន្ទាប់ពីបានប្រកាសចលនាប្រជាធិបតេយ្យសង្គ្រោះជាតិរួមគ្នា បានប្រមាណ ១០ ថ្ងៃកន្លងទៅ មេដឹកនាំគណបក្សប្រឆាំងបានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយនៅ ថ្នាក់មូលដ្ឋាន ក្នុងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយពីប្រវតិ្តគណបក្សនយោបាយថ្មីដែលជាគណបក្សប្រឆាំងដើម្បីស្វែងរកការគាំទ្រនៅមូលដ្ឋាន។
ក្នុងដំណើររួមគ្នាទៅស្រុក ២ ខេត្តព្រៃវែង លោក កឹម សុខា លោកស្រី មូរ សុខហួរ លោក យឹម សុវណ្ណ និងលោក យែម ប៉ុញ្ញរិទិ្ធ ថ្នាក់ដឹកនាំគណបក្ស សិទិ្ធមនុស្ស និងគណបក្ស សម រង្ស៊ី បានជួបសំណេះសំណាលជាមួយប្រជាជនជាង១ពាន់នាក់នៅស្រុកបាភ្នំ និងស្រុកពារាំង ក្នុងខេត្តព្រៃវែង។
ក្នុងកិច្ចប្រជុំ លោក កឹម សុខា ប្រធានគណបក្សសិទិ្ធមនុស្ស និងជាអនុប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានថ្លែងប្រាប់ប្រជាជនថា គណបក្ស សិទិ្ធមនុស្ស និងគណបក្ស សម រង្ស៊ី បានបង្រួបបង្រួមកម្លាំងរួមគ្នារួចហើយ តាមសេចក្តីត្រូវការរបស់ប្រជាជន ដូច្នេះប្រជាជនត្រូវបោះឆ្នោតឲ្យចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក្នុងការបោះឆ្នោតជាតិ ឆ្នាំ ២០១៣ ខាងមុខនេះ។
ប៉ុន្តែ អ្នកចូលរួមក្នុងវេទិកាផ្សព្វផ្សាយ បានសម្តែងភាពមិនច្បាស់លាស់ អំពីជោគជ័យនៃចលនារួមគ្នាថ្មីនេះ ហើយបារម្ភថា គណបក្ស សម រង្ស៊ី និងគណបក្ស សិទិ្ធមនុស្សអាចមានបញ្ហាផ្ទៃក្នុង និងបែកបាក់គ្នា។
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ស្ថិតនៅក្នុងដំណាក់កាលទើបកកើត ហើយមិនទាន់បានចុះបញ្ជីជាមួយនឹងក្រសួងមហាផ្ទៃនៅឡើយទេ ហើយដូចលោកស្រី មូរ សុខហួរ តំណាងរាស្រ្តនៃគណបក្ស សម រង្ស៊ី បានកត់សម្គាល់គឺថា សូម្បីតែឈ្មោះផ្លូវការនៅដំណាក់កាលនេះក៏មិនទាន់ច្បាស់ផងទេ។
ក្នុងជំនួបនេះ អ្នកគាំទ្រទទូចឲ្យឃើញមានការប្តេជ្ញាពីគណបក្សប្រឆាំងទាំងពីរ ក្នុងការបង្រួបបង្រួមគ្នារយៈពេលវែង។
លោក តឹម ម៉េងសៀក អាយុ ៤៨ឆ្នាំ មកពីឃុំរកា ស្រុកពារាំង បានប្រាប់ថ្នាក់ដឹកនាំគណបក្សប្រឆាំងក្នុងជំនួបនោះថា ខ្ញុំព្រួយបារម្ភថា ការបង្រួបបង្រួមនេះនឹងមានរយៈពេលខ្លី។
លោកបានបន្តថា៖ «ខ្ញុំព្រួយបារម្ភថា គណបក្សនឹងបង្រួបបង្រួម ហើយបំបែកចេញពីគ្នាវិញ បន្ទាប់ពីការបោះឆ្នោតឆ្នាំក្រោយរួច។ ខ្ញុំស្រឡាញ់គណបក្សទាំងពីរនេះ។ តែខ្ញុំមិនមែនជាសកម្មជនទេ ប៉ុន្តែ មានការគាំទ្រជាច្រើនពីប្រជាជន»។
លោក ខៀវ អូន អាយុ ៧០ ឆ្នាំ ជាជំទប់ទី ១ នៃឃុំបឹងព្រះ ស្រុកបាភ្នំ មកពីគណបក្សសិទិ្ធមនុស្ស ដែលជាប់ឆ្នោតថ្មី បានថ្លែងថា លោករីករាយដែលគណបក្សទាំងពីរបង្រួបបង្រួមគ្នាក្រោមទង់តែមួយ។ គណបក្សសិទិ្ធមនុស្ស បានឈ្នះអាសនៈច្រើនក្នុងខេត្តព្រៃវែង ក្នុងការបោះ ឆ្នោតឃុំសង្កាត់ថ្ងៃទី៣ ខែមិថុនា ថ្មីៗកន្លងទៅនេះ។
លោក កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនៃគណបក្សប្រជាជនកម្ពុជា បានហៅយុទ្ធនាការនេះថា «ជាការគួរឲ្យចង់សើច» ហើយថា គណបក្សកាន់អំណាចមិនចាប់អារម្មណ៍លើយុទ្ធសាស្រ្តប្រឆាំងនោះទេ»។
លោក កែវ រ៉េមី ដែលបានធ្វើសន្និសីទកាសែតកាលពីដើមសប្តាហ៍នេះ ដើម្បីរិះគន់ចលនារួបរួមនៃគណបក្សទាំងពីរនេះបានថ្លែងថា៖ «អ្នករាល់គ្នាមិនដឹងទេ តើពួកគេសង្គ្រោះពីអ្វី? ប្រសិនបើ«សង្គ្រោះ»ពីរបបប្រល័យពូជសាសន៍ គឺត្រឹមត្រូវ។ ប៉ុន្តែគ្មានអ្វីធ្ងន់ធ្ងរ ដូចដែលពួកគេបានលើកឡើងក្នុងឈ្មោះនោះទេ»៕ TK
No comments:
Post a Comment
yes