ព័ត៌មាន ស្ដីពីការធ្វើមាតុភូមិនិវត្តន៍របស់ លោក ថាក់ស៊ិន ធ្វើឲ្យរំជួលអារម្មណ៍អ្នកនយោបាយថៃ ជាពិសេសក្រុមអាវក្រហម។ ឧបនាយករដ្ឋមន្រ្តីម្នាក់របស់លោកស្រី យីងឡាក់ គឺ Chalerm Yubamrung បានសន្យាថា លោកគឺជាមនុស្សមុនគេ ដែលត្រៀមខ្លួនទៅទទួលលោក ថាក់ស៊ិន ពីបរទេសនោះប្រសិនបើពេលនៃការធ្វើមាតុភូមិនិវត្តន៍របស់អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ បានចូលមកដល់។
លោក ថាក់ស៊ិន កាលពីថ្ងៃពុធ បានប្រាប់តាមរយៈវីឌីអូ Conference មួយ ពីទីក្រុងហុងកុង ខណៈក្រុមសមាជិកភឿថៃ បានរៀបចំ បុណ្យកំណើតរបស់លោក ក្នុងជន្មាយុ ៦៣ឆ្នាំ ថា លោកបានត្រៀមខ្លួនរួចស្រេចហើយ ធ្វើមាតុភូមិនិវត្តន៍ មកប្រទេសថៃវិញ គឺលោករង់ចាំតែទិដ្ឋការចូលប្រទេសថៃតែប៉ុណ្ណោះ។
លោក ថាក់ស៊ិន ដែលស្រង់សំដីដោយកាសែតបាងកកប៉ុស្តិ៍ថៃ បាននិយាយទៀតថា ឱកាសឲ្យលោកជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងប្រទេសថៃ បានមកដល់ហើយ។
នៅថ្ងៃម្សិលមិញនេះ ក្រុមអាវក្រហម បានមកប្រមូលផ្ដុំគ្នា នៅស្នាក់ការគណបក្សភឿថៃ នៅក្រុងបាងកក ដោយធ្វើពិធីសែនព្រេនដ៏ធំមួយ។ ពីធីនេះ គឺ ដើម្បីជួយឲ្យលោក ថាក់ស៊ិន ឆាប់បានចូលប្រទេសថៃវិញ។ ប៉ុន្តែក្រុមអាវលឿងដែលធ្លាប់តែប្រឆាំងនឹងវត្តមាន លោក ថាក់ស៊ិន ហាក់ដូចជានៅមិនទាន់មានប្រតិកម្មខ្លាំងក្លានោះទេ ដោយពួកគេម្នាក់ៗ កំពុងតែរង់ចាំមើលពីប្រព័ន្ធតុលាការថៃ ថាតើធ្វើសេចក្ដីសម្រេចចិត្តយ៉ាងដូចម្ដេច។
គេរពឹងថា គណបក្សភឿថៃ នឹងលើកឡើងអំពីគោលការណ៍រួបរួមជាតិនៅសភា នៅថ្ងៃណាមួយ ហើយពេលនោះ អ្នកវិភាគគិតថា លោក ថាក់ស៊ិន គឺជាដើមចមនៃការដេញដោលគ្នាក្នុងសភា អំពី មូលហេតុដែលត្រូវអនុញ្ញាតឲ្យលោក ថាក់ស៊ិន វិលចូលស្រុកថៃវិញនោះ។
កាលពីខែមុននេះ តុលាការក្រុមប្រឹក្សារដ្ឋធម្មនុញ្ញថៃ បានសំរេចឲ្យគណបក្សភឿថៃឈ្នះបណ្ដឹងរបស់ក្រុមគណបក្សប្រឆាំង ដែលបានប្ដឹងនិងរារាំងការបង្រួបបង្រួមជាតិ ដែលនឹងនាំឲ្យលោក ថាក់ស៊ិន បានវិលចូលប្រទេសថៃវិញ។ តុលាការក្រុមប្រឹក្សារដ្ឋធម្មនុញ្ញថៃ ប្រកាសថា គោលបំណងរបស់គណបក្សភឿថៃ មិនបានប៉ះពាល់ដល់ស្មារតី នៃរដ្ឋធម្មនុញ្ញរបបរាជានិយមថៃនោះទេ។
សំរាប់ Chalerm Yubamrung ឧបនាយករដ្ឋមន្ត្រី ដែលស្និតបំផុតនឹងលោក ថាក់ស៊ិន បានអះអាងប្រាប់កាសែតបាងកកប៉ុស្តិ៍ថៃ ឲ្យដឹងថា លោកមានទំនុកចិត្តមួយរយភាគរយថា លោកនឹងនាំប្រតិភូមួយកុ្រមទៅទទួលលោក ថាក់ស៊ិន ពីបរទេស គឺនៅប៉ុន្មានថ្ងៃទៀតនេះ។
បើលោក ថាក់ស៊ិន ធ្វើមាតុភូមិវិញ តើមានអ្វីកើតឡើងទេ ចំពោះរាជបល្ល័ងថៃ។ ក្រុមអ្នកវិភាគថៃ ជាច្រើនធ្លាប់វិភាគថា ទំនងជាមិនអាច ធ្វើឲ្យបាក់មុខមាត់រាជានិយមថៃនោះទេ គឺគេថា ប្រទេសថៃ មានស្ថាប័នមួយ ដែលមានឥទិ្ធពលជាងគេខាងគូសវាសនយោបាយ គឺ តុលាការក្រុមប្រឹក្សារដ្ឋធម្មនុញ្ញថៃ ដែលគេអាចនិយាយថា ករណីដែលស្ថាប័ននេះ កាត់ក្ដីឲ្យក្រុមគណបក្សភឿថៃ របស់លោកស្រី យីងឡាក់ ឈ្នះបណ្ដឹងរបស់គណបក្ស ប្រជាធិបតេយ្យ គឺវាជាសញ្ញាមួយដែលបញ្ជាក់ថា ប្រទេសថៃ កាលៈទេសៈនេះ ចាំបាច់មានការបង្រួបបង្រួមជាតិឡើងវិញ។
លោក ថាក់ស៊ិន ត្រូវបានផ្លួលរំលំដោយរដ្ឋប្រហារយោធា ដោយស្ងៀមស្ងាត់ នៅខែកញ្ញា ឆ្នាំ២០០៦ ខណៈលោក បានស្ថិតនៅសម័យប្រជុំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ នៅក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក ហើយពីរឆ្នាំក្រោយគាត់ត្រូវបានកាត់ទោស ឲ្យមានទោស ២ឆ្នាំ ពីបទ ពុករលួយនិងបំពានអំណាចរដ្ឋ ។
ប្រសិន បើលោក ថាក់ស៊ិន ធ្វើមាតុភូមិនិវត្តន៍ចូលប្រទេសកំណើតរបស់លោកវិញបាន ទំនងជាកាន់តែធ្វើឲ្យសេដ្ឋកិច្ចថៃ ប្រែប្រួល ល្អប្រសើរជាងបច្ចុប្បន្ននេះ។ លោកថាក់ស៊ិន ជាអ្នកជំនួញ និងមានប្រាក់ស្ដុកស្ដម្ភម្នាក់ នៅក្នុងចំណោមមហាសេដ្ឋីថៃ ដែលជួយយ៉ាងច្រើន កំនើនសេដ្ឋកិច្ចថៃ។ ប៉ុន្តែសំនួរមួយគួរសួរខ្លួនឯងថា តើលោកថាកស៊ិន មានមហិច្ឆតា ចង់កាន់អំណាចនៅថៃឡើងវិញឬទេ?
No comments:
Post a Comment
yes