សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 1, 2012

ខួប​ទី ២៣៦ ឆ្នាំ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​សហរដ្ឋអាមេរិក​

Give our kids a better deal

លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​

ភ្នំពេញ: ​ខ្ញុំ​សូម​អរគុណ​ចំពោះ​អស់លោកអ្នក​ទាំងអស់​ដែល​បានផ្តល់​មតិ​ឆ្លើយតប និង​សំណួរ​ល្អៗ ដែល​ខ្ញុំ​បានទទួល​បន្ទាប់ពី​ការចុះផ្សាយ​ខ្ទង់​សារព័ត៌មាន “​សួរ​ឯកអគ្គរដ្ឋទូត​” របស់ខ្ញុំ​កាលពី​សប្តាហ៍​មុន​។ ខ្ញុំ​មាន​ក្តីរំភើប​ដោយមាន​ប្រជាជន​កម្ពុជា​ជាច្រើន​មានការ​ចាប់អារម្មណ៍​ចង់​ធ្វើការ​ពិភាក្សា​ជាមួយ​ខ្ញុំ ហើយ​ខ្ញុំ​សង្ឃឹមថា នឹង​បាន​បន្ត​ឮ​ពី​លោកអ្នក​តាមរយៈ​អ៊ីម៉េល AskAMBToddPP@state.gov ។​
​    ​
​នៅ​សប្តាហ៍​នេះ ខ្ញុំ​នឹង​ឆ្លើយ​សំណួរ​ចំនួន ២ ដែល​ខ្ញុំ​បានទទួល​ពី​មិត្ត​អ្នកអាន​ជនជាតិខ្មែរ​។ សំណួរ​ទី ១ គឺ “​តើ​ជនជាតិ​អាមេរិក​ធ្វើ​អ្វី​ដើម្បី​អបអរ​បុណ្យជាតិ​របស់គេ​?” ។ នេះ​ជា​សំណួរ​មួយ​ល្អ ពីព្រោះ​គ្រប់​ប្រទេស​ទាំងអស់ សុទ្ធតែ​មានបុណ្យ​ជាតិរ​បស់​គេ ហើយ​គ្រប់​ប្រទេស​ទាំងអស់​មាន​ប្រពៃណី​និង​ពិធី​អបអរ​របស់គេ​នៅ​ជុំវិញ​បុណ្យជាតិ​របស់គេ​។​
​ថ្ងៃទី​៤ កក្កដា គឺជា​ទិវា​ឯករាជ្យ​របស់​ប្រទេស​អាមេរិក​។ វា​គឺជា​ថ្ងៃ​ដែល​ជនជាតិ​អាមេរិក​រៀបចំ​ពិធីជប់លៀង​ដោយ​អាំង​សាច់​បរិភោគ រៀបចំ​ព្យុហយាត្រា និង​ដុត​កាំជ្រួច ដើម្បី​អបអរ​ការបង្កើត​ប្រទេស​អាមេរិក​។ សំរាប់​ខ្ញុំ​វា​ជា​ថ្ងៃបុណ្យ​ដែល​មិន​ដូច​ថ្ងៃបុណ្យ​ដទៃទៀត​ឡើយ​។ វា​តំណាង​ឲ្យ​សេរីភាព​នៃ​ប្រជាជាតិ​របស់​យើង និង​ភាព ខ្លាំង​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​។ រាល់​ឆ្នាំ ពេល​ដល់​ថ្ងៃនេះ គ្រួសារ​និង​មិត្តភក្តិ​របស់ខ្ញុំ​មកជួប​ជុំគ្នា ដើម្បី​អបអរ​សេរីភាព និង​ឱកាស​ដែល​សេចក្តីប្រកាស​ឯករាជ្យ​ផ្តល់​ឲ្យ​យើង​។ ខ្ញុំ​មាន​អនុស្សាវរីយ៍​ល្អៗ​ពេល​យក​កូន​របស់ ខ្ញុំ​ចូលរួម​ក្នុង​ព្យុហយាត្រា មើល​ក្រុមកីឡា​បាល់អោប (baseball team) ដែល​ខ្ញុំ​ចូលចិត្ត​ជាងគេ​ជាមួយ​កូនស្រី របស់ខ្ញុំ ហើយ​សប្បាយ​មើល​កាំជ្រួច​ពេលយប់​ជាមួយ​កូនប្រុស​របស់ខ្ញុំ​។ វា​ជាការ​សំខាន់​ដែល​ត្រូវ​ចាំ​ទុក​ថា យើង​ក្នុងនាម​ជា​បុគ្គល​មួយរូប​មាន​សេរីភាព​ក្នុងការ​សប្បាយ​ជាមួយនឹង​សកម្មភាព​ទាំងឡាយ ដែល​ធ្វើ​ឲ្យ​ប្រទេស​របស់​យើង​មាន​លក្ខណៈពិសេស​។ នេះ​គឺជា​ថ្ងៃ​នៃ​គ្រួសារ​និង​សេរីភាព ហើយ​ខ្ញុំ​ស្រឡាញ់​ពេញចិត្ត ព្រោះ​ថ្ងៃនេះ​បានផ្តល់ ដល់​ពលរដ្ឋ​អាមេរិកកាំង​នូវ​ឱកាស​ដើម្បី​រួបរួម​ជា​ប្រទេសមួយ​។ 

​    ​
​នៅពេល​ដល់​ថ្ងៃនេះ កាលពី ២៣៦ ឆ្នាំមុន បិតា​ស្ថាបនិក​របស់​យើង​បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​ឯករាជ្យ ដើម្បី​អះអាង​ពី​អធិបតេយ្យភាព​នៃ​ប្រជាជាតិ​របស់​យើង​។ ឯកសារ​នេះ​បានប្រកាស​ដោយ​គ្មាន​ងាករេ​ថា ៖

​យើង​កំណត់ថា​ការពិត​ទាំងនេះ​ស្តែង​ឲ្យ​ឃើញច្បាស់​ដោយ​ខ្លួនឯង គឺថា មនុស្ស​ទាំងអស់​កើតមក​មាន​ភាពស្មើគ្នា គេ​បានទទួល​ពី​អ្នកបង្កើត​រូបគេ​មក​នូវ​សិទ្ធិ​ដែល​មិនអាច​កាត់ផ្តាច់​បាន និង​ថា ក្នុងចំណោម​សិទ្ធិ​ទាំងនេះ​មាន​សិទ្ធិ​ក្នុងការ​រស់នៅ សិទ្ធិ​ក្នុងការ​មាន​សេរីភាព និង​សិទ្ធិ​ក្នុងការ​ស្វែងរក​សុភមង្គល​...​។​

​លទ្ធិប្រជាធិបតេយ្យ​មិនអាច​កើតឡើង​បាន​ភ្លាមៗ​នោះទេ​។ វា​ជា​ដំណើរការ​មួយ​។ ថ្វីបើ​សេចក្តីប្រកាស​ឯករាជ្យ​នេះ​ចែងថា “​មនុស្ស​ទាំងអស់​កើតមក​មាន​ភាពស្មើគ្នា​” ហើយ​យើងទាំងអស់គ្នា​មាន “​មាន​សិទ្ធិ​ខ្លះ​ដែល​មិនអាច​កាត់ផ្តាច់​ចេញ​បាន​” ក្តី តែ​យើង​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ជានិច្ច​ក្នុងការ​ការពារ​សិទ្ធិ​ដែល​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​អាចមាន​ទៅបាន​។​
​    ​
​ការរក្សា​លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​រីកដុះដាល ឲ្យ​នៅ​គង់វង្ស​ទាមទារ​ឲ្យ​មាន​ស្មារតី​រឹងប៉ឹង ដែលជា​លក្ខណៈ​មួយ​ដែល​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ដូច​សហរដ្ឋអាមេរិក​ដែរ​។ តាមពិតទៅ​ការខិតខំ​របស់​ប្រទេស​កម្ពុជា គឹជា​អ្វីដែល​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​នេះ​មានការ​អភិវឌ្ឍន៍​ក្នុង​រយៈពេល ២០ ឆ្នាំ​កន្លងទៅនេះ ពោលគឺ​ការអនុម័ត​រដ្ឋធម្មនុញ្ញ​ដែល​ទទួលស្គាល់​សិទ្ធិមនុស្ស​ទាំងឡាយ​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​សាកល និង​ការរៀបចំ​ការបោះឆ្នោត​ជា​បន្តបន្ទាប់ ដែលមាន​ការរៀបចំ​បានល្អ​ជាង​មុន និង​ប្រកបដោយ​សន្តិភាព​ច្រើនឡើង​។ សហរដ្ឋអាមេរិក​និង​ប្រទេស​កម្ពុជា​ដឹងថា ការចូលរួម​យ៉ាងសកម្ម​និង​ដោយ​បើកចំហ​នៃ​មនុស្ស​ទាំងអស់​ក្នុងសង្គម របស់គេ គឺជា​ការចាំបាច់​ដើម្បី​ធានា​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​យូរអង្វែង ហើយ​ខ្ញុំ​មានការ​ចាប់អារម្មណ៍​ដោយ​ឃើញថា ប្រជាជន​ក្នុង​ស្រទាប់វណ្ណៈ​ជាច្រើន​បាន​ទៅ​បោះឆ្នោត ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​ថ្មីៗ​កន្លងទៅនេះ​។​
​    ​
​ទោះជា​យ៉ាងណាក្តី វា​ជា​ការល្អ តែ​វា​ធ្វើ​ឲ្យ​រកាំចិត្ត​នៃ​លទ្ធិប្រជាធិបតេយ្យ គឺថា​វា​ត្រូវតែមាន​ការវិវត្ត ជានិច្ច​រួមទាំង​លទ្ធិប្រជាធិបតេយ្យនៅ​សហរដ្ឋអាមេរិក​ផងដែរ​។ រាល់ថ្ងៃ ប្រព័ន្ធតុលាការ​របស់​យើង​សើរ​រើ​ពិនិត្យ​ច្បាប់ ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ថា វា​ស្របទៅនឹង​រដ្ឋធម្មនុញ​របស់​យើង​។ រាល់ថ្ងៃ យើង​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​ពលរដ្ឋ អាមេរិក​ទាំងអស់​អាច​ប្រើ​សេរីភាព​របស់គេ​បាន មិន​ថា​សិទ្ធិ​ក្នុងការ​និយាយស្តី​ដោយ​សេរី ប្រតិបត្តិ​សាសនា​របស់គេ បោះឆ្នោត ឬ​សិទ្ធិ​ក្នុងការ “​មានជីវិត​រស់នៅ មាន​សេរីភាព និង​ការស្វែងរក​សុភមង្គល​” នោះទេ​។ ដូច​ការដែល​សហរដ្ឋ​អាមេរិក​ធ្វើការ​ដើម្បី​កែលំអ​លទ្ធិប្រជាធិបតេយ្យ​របស់​គេ​ដែរ ខ្ញុំ​ដឹងថា​ប្រទេស​កម្ពុជា​ក៏​ធ្វើ​ដូចគ្នានេះដែរ​។ 
​តាមពិតទៅ​ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយបាន​ឮថា អ្នក​តវ៉ា​នៅ​បឹងកក់​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ នៅ​សប្តាហ៍​មុន​។ យើង​ចាត់ទុក​ការដោះលែង​នេះ​ថា​ជាស​ញ្ញា​វិជ្ជមាន​មួយ​នៃ​ការគាំទ្រ​សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​និតិរដ្ឋ ហើយ​យើង​សង្ឃឹមថា ទៅ​អនាគត​ជំលោះ​ដីធ្លី​បែបនេះ​នឹងត្រូវ​បាន​ដោះស្រាយ​តាម​លក្ខណៈ​ឯករាជ្យ និង​តម្លាភាព ដែល​សាធារណជន អាច​យល់បាន​ច្បាស់​។ 
​    ​
​ដោយសារ​ប្រទេស​យើង​ទាំងពីរ​មាន​សេចក្តីប៉ងប្រាថ្នា​ដូចគ្នា ហើយ​និង​បំណង​របស់​យើង​ក្នុងការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង​កាន់​តែមាន​ប្រសិទ្ធភាព ខ្ញុំ​សង្ឃឹមថានឹង​បានធ្វើការ​ជិតស្និទ្ធ​ជាមួយ​ប្រទេស​កម្ពុជា ទាំង​ជាមួយ​ប្រជាជន ទាំង​ជាមួយ​រដ្ឋាភិបាល ដើម្បី​សំរេច​គោលដៅ​រួម​របស់​យើង​។ លទ្ធិប្រជាធិបតេយ្យ​មិន​ទាមទារ អ្វី​តិចជាង​នេះ​ទេ​។​
​    ​
​សំណួរ​ទី ២ ដែល​ខ្ញុំ​នឹង​ឆ្លើយ​នៅថ្ងៃនេះ​គឺ “​តើ​សហរដ្ឋអាមេរិក​គ្រោង​ធ្វើ​អ្វី​សំរាប់​វេទិកា​តំបន់​អាស៊ាន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែកក្កដា​នេះ​?”​។ នៅ​ស្ថានទូត​សហរដ្ឋអាមេរិក យើង​កំពុង​ត្រៀមខ្លួន​សំរាប់​រដូវក្តៅ​ដែលមាន​ការងារ​មមាញឹក​។ យើង​មាន​កិត្តិយស​សូម​គាំទ្រ​ប្រទេស​កម្ពុជា​ក្នុងការ​ដើរតួនាទី​ជា​ប្រធាន​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន ហើយ​យើង​រំពឹង​ដោយ​រីករាយ​ដល់​ការមកដល់​ក្នុងពេល​ខាងមុខនេះ​រប​ស់លោក​ស្រី Clinton រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​ក្នុង​វេទិកា​តំបន់​អាស៊ាន​នៅ​ថ្ងៃទី​១២ ខែកក្កដា​។ ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​កម្ពុជា លោកស្រី​រដ្ឋមន្ត្រី Clinton ក៏​នឹងចូលរួម​ផងដែរ​ក្នុង​ពិធី​ចំនួន​ពីរ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក នៅ​ខេត្តសៀមរាប​។ 
​ពិធី​ទីមួយ​គឺ​ការពិភាក្សា​លើ​គោលនយោបាយ​ផ្តល់​សិទ្ធិអំណាច​សំរាប់​ស្ត្រី និង​សមភាព​ជេន​ឌ័​រ​ក្នុង​គំរោង​ស្តីពី​គំនិត​ផ្តួចផ្តើម​អនុតំបន់​ទន្លេមេគង្គ ដែល​នឹងមាន​ការចូលរួម​នៃ​មេដឹកនាំ​មកពី​ទូទាំង តំបន់ ដើម្បី​ចែករំលែក​ការអនុវត្ត​ល្អៗ​ក្នុងការ​ផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី និង​កុមារី​។ ពិធី​ទី ២ គឺ​វេទិកា​ជំនួញ​អាមេរិក អាស៊ាន ដែល​នឹងមាន​ការចូលរួម​រប​ស់មេ​ដឹកនាំ​ក្រុមហ៊ុន និង​រដ្ឋាភិបាល​របស់​ប្រទេស​អាស៊ាន និង​សហរដ្ឋអាមេរិក ដើម្បី​ពិភាក្សា​និង​ដោះស្រាយ​ឱកាស និង​បញ្ហា​ប្រឈម ដែល​នឹង​កំណត់​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៅពេល អនាគត​រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន​។ ពេលនេះ​ពិតជា​ពេល​គួរ​ឲ្យ​រំភើប​សំរាប់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​សហរដ្ឋអាមេរិក​មាន​មោទនភាព​ក្នុងការ​មាន​ចំណែក​មួយ​ក្នុង​រឿងនេះ​។​
​    ​
​សូម​ធ្វើការ​ទាក់ទង​មក​ខ្ញុំ​តាម​អ៊ីម៉េល AskAMBToddPP@state.gov ហើយ​ប្រាប់​ខ្ញុំ​នូវ​អ្វីដែល​លោកអ្នក​គិតពី​ទិវា ៤ កក្កដា ហើយ​និង​គុណ​តំលៃ​នៃ​ទិវា​នេះ​។ តាមពិតទៅ លោកអ្នក​អាច​សួរ​ខ្ញុំ​នូវ​អ្វីៗ​ទាំងអស់​ដែល​លោកអ្នក​ចង់​សួរ​។ ខ្ញុំ​រង់ចាំ​សំណួរ​របស់លោក​អ្នក​ដោយ​រីករាយ​៕​

No comments:

Post a Comment

yes