ភ្នំពេញ: រដ្ឋាភិបាលកម្ពុជា បានប្រកាសជំហរជាឯកតោភាគីថា ខ្លួននឹងដកកងទ័ពចេញពីតំបន់ព្រំដែនប្រាសាទព្រះវិហារ ស្របតាមការសម្រេចរបស់តុលាការឡាអេ នៅថ្ងៃទី១៧ និងថ្ងៃទី១៨កក្កដា ឆ្នាំ២០១២។ ប៉ុន្តែករណីនេះ កម្ពុជាក៏នៅរង់ចាំមើលជំហររបស់ភាគីថៃផងដែរ។
លោកនាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពប្រចាំតំបន់ព្រំដែនថៃ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១១កក្កដា ឆ្នាំ២០១២ ថា "យើងមានជំហរក្នុងការដកកងទ័ពចេញពីព្រំដែនប្រាសាទព្រះវិហារ ស្របតាមដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ នៅថ្ងៃទី១៧ និងថ្ងៃទី១៨កក្កដា ឆ្នាំ២០១២។ ក៏ប៉ុន្តែយើងនៅរង់ចាំមើលថៃសិនក្នុងរឿងនេះ"។
លោកនាយឧត្តមសេនីយ៍ ជា តារា បានបន្ថែមថា មូលហេតុដែលកម្ពុជាប្រកាសដកទ័ពជាឯកតោភាគីចេញពីតំបន់ព្រំដែនប្រាសាទព្រះវិហារ ដែលជាតំបន់គ្មានកងទ័ពបណ្តោះអាសន្ន គឺស្របតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ជាច្រើនលើកច្រើនសា ដែលបានបញ្ជាក់ច្បាស់ពីជំហររបស់កម្ពុជា គឺទី១-ចង់បានព្រំដែនស្ថិរភាព និងអភិវឌ្ឍន៍។ ទី២-កងទ័ពកម្ពុជានៅឈរជើងតំបន់ព្រំដែននោះ គឺមិនចង់បានទឹកដីរបស់ថៃសូម្បីមួយចំអាមទេ។ ទី៣-កម្ពុជាគោរពច្បាប់ ពិសេសសាលដីការបស់តុលាការឡាអេ កាលពីថ្ងៃទី១៨កក្កដា ឆ្នាំ២០១១។
ទោះជាយ៉ាងណាក៏ដោយ លោកនាយឧត្តមសេនីយ៍ ជា តារា បានសង្កត់ធ្ងន់ថា កម្ពុជាក៏នៅតែរក្សាជំហរថា ការដកកងទ័ពនោះ ក៏ត្រូវធ្វើឡើងដោយមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ចូលរួមផងដែរ។
នៅថ្ងៃទី១៧ និងថ្ងៃទី១៨កក្កដា ឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជា ក៏ប្រារព្ធពិធីខួប៤ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារទៅក្នុងសម្បតិ្តបេតិកភណ្ឌពិភពលោក ថ្ងៃទី៤កក្កដា ឆ្នាំ២០០៨។ ពិធីជួបជុំនោះនឹងធ្វើឡើងនៅប្រាសាទព្រះវិហារ៕ S
No comments:
Post a Comment
yes