សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 11, 2012

ប្រែ​ក្លាយ​សមរភូមិ​ប្រយុទ្ធ​ទៅ​ជា​ហាង​កាហ្វេ​ដោយ​តាំង​សំណល់​សង្គ្រាម​ជូន​អតិថិជន​មើល

ភ្នំពេញៈ កន្លែង​ដែល​ធ្លាប់​តែ​ឮ​សំឡេង​សន្ធឹក​គ្រាប់​ផ្លោង​ធ្លាក់ លាន់​កក្រើក​ព្រះធរណី ជា​មួយ​នឹង​ផ្សែង​ខ្មៅ​ខ្មួល​ខ្មាញ់​ពេញ​មេឃ ដ៏​គួរ​ឲ្យ​ភ័យ​រន្ធត់ កាល​ពី​អំឡុង​ឆ្នាំ​១៩៧៥ រវាង​កង​ទ័ព​លន់ នល់ និង​ កងទ័ព​ខ្មែរ​ក្រហម​ នៅ​ពេល​នេះ ត្រូវ​បាន​ជន​រងគ្រោះ នៅ​ក្នុង​សម័យ​នោះ ប្រមែ​ប្រមូល​យក​កាក​សំណល់​ដែល​សេស​សល់ ពី​សម័យ​សង្គ្រាម យក​មក​ដាក់​តាំង​​នៅ​ក្នុង​ផ្ទះ​ឈើ​ចាស់​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​ប្រណាក់ សង្កាត់​ជើង​ឯក​ ខណ្ឌដង្កោ ដើម្បី​បង្ហាញ​អំពី​ប្រវត្តិសាស្ត្រ​ដ៏​ល្វីង​ជូរ​ចត់​របស់​កម្ពុជា​ ក្នុង​សម័យ​សង្រ្គាម ជូន​ដល់​ភ្ញៀវ​ដែល​ចូល​មក​ហាង​ឈ្មោះ​ប៊ុម​កាហ្វេ។
ដោយ​មាន​ចម្ងាយ​ប្រមាណ ២ ​គីឡូម៉ែត្រ ​ពី​មជ្ឈមណ្ឌល​វាល​ពិឃាត​ជើង​ឯក ប៊ុមកាហ្វេ​ គឺ​ជា​អតីត​កន្លែង​សមរភូមិ​ប្រយុទ្ធ​ក្តៅ​គគុក រវាង​កងទ័ព លន់ នល់ និង​កងទ័ព​ខ្មែរ​ក្រហម​ ដណ្តើម​ចូល​កាន់​កាប់​ទីក្រុង​ភ្នំពេញ​ កាល​ពី​អំឡុង​ឆ្នាំ ១៩៧៥។ បច្ចុប្បន្ន ​ទីតាំង​វាយ​ប្រហារ​គ្នា​នេះ ត្រូវ​បាន​ជន​រងគ្រោះ ​ក្នុង​សម័យ​នោះ​ម្នាក់ បង្កើត​ជា​ភោជនីយដ្ឋាន​មួយ​ដែល​លម្អ​ទៅ​ដោយ​បំណែក​គ្រាប់គ្រប់​ប្រភេទ ដែល​បាន​ដាក់​តាំង​នៅ​ក្នុង​បរិវេណ​លើ​ផ្ទៃ​ដី ៧០ អា​។

លោក​ស៊ឹង គា ដែល​ជា​ម្ចាស់​ហាង​ប៊ុមកាហ្វេ បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​លោក​បង្កើត​ប៊ុម​កាហេ្វ​នេះ​ឡើង គឺ​ដើម្បី​រំឭក​អនុស្សាវរីយ៍​ដ៏​ជូរ​ចត់ ក្នុង​សម័យ​សង្រ្គាម​ ប៉ុន្តែ​លោក​មិន​មែន​​រំឭក​ ដើម្បី​ជា​ការ​សងសឹក​នោះ​ទេ គឺ​គ្រាន់​តែ​ជា​ព័ត៌មាន​មួយ​សម្រាប់​ចែក​រំលែក ទៅ​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​ឲ្យ​បាន​ដឹង​ថា​ កម្ពុជា​ទទួល​រង​នូវ​សង្គ្រាម​ច្រើន​ណាស់​។
នៅ​លើ​តុ​ជា​កន្លែង សម្រាប់​ទទួល​ភ្ញៀវ​ ត្រូវ​បាន​តាំង​លម្អ​ដោយ​បំណែក​គ្រាប់​បែក​ចាស់ៗ ដែល​បាន​ច្នៃ​ជា​ថូរផ្កា ហើយ​បាន​ដាក់​ផ្កា​កុលាប​នោះ ​លោក​ស៊ឹង​ គា​ឲ្យ​ដឹង​ទាំង​ទឹក​មុខ​មុត​មាំ​ថា​៖«នោះ​គឺជា​សារ​មួយ​ ដែល​ខ្ញុំ​ចង់​ផ្ញើ​សារ​ទៅ​អ្នក​ដែល​ផលិត​គ្រាប់​ទាំង​អស់ គឺ​ធ្វើ​យ៉ាង​ណា​ ប្រើ​អាវុធ​ដើម្បី​សន្តិភាព​ក្នុង​តំបន់​និង​ក្នុង​ប្រទេស​របស់​ខ្លួន​ មិន​ត្រូវ​ប្រើ​ដើម្បី​ឈ្លាន​ពាន​ ឬក៏​ដើម្បី​សម្លាប់​ជន​ស៊ីវិល​ស្លូត​ត្រង់​នោះ​ទេ»​។
ផ្ទះ​ឈើ មាន​សភាព​ធ្លុះ​ធ្លាយ​ដែល​មាន​ទាំង​អំបែង​គ្រាប់​នៅ​បៀម​ជាប់​រហូត​ដល់​ ពេល​បច្ចុប្បន្ន​ មាន​ទំហំ ៨ ម៉ែត្រ ​គុណ​នឹង ៥ ម៉ែត្រ ម៉ូដ​ខ្មែរ​បុរាណ​ និង​នៅ​អមសង​ខាង​ផ្ទះ​ នៅ​ផ្នែក​ខាង​ត្បូង​មាន​អណ្តូង​ទឹក​យោង​ដៃ​មួយ និង​នៅ​ផ្នែក​ខាង​ជើង ​មាន​ត្រង់​សេ​នោះ​ លោក​ ស៊ឹង​ គា​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ផ្ទះ​នោះ ​គឺ​បំណែក​ដែល​ត្រូវ​បាន​រង​គ្រាប់​អំបែង​ B.52 កាល​ពី​សម័យ​សង្រ្គាម​ក្នុង​ទសវត្សរ៍ទី ៧០ ដែល​លោក​បាន​ប្រមូល​ពីតាម​ផ្ទះ​ពលរដ្ឋ ទី​វត្ត​អារាម នៅ​ខេត្ត​ព្រៃវែង កំពង់ស្ពឺ តាកែវ កំពង់ចាម និង​ភ្នំពេញ យក​មក​សាង​សង់​នៅ​ក្នុង​ប៊ុមកាហ្វេ​ដើម្បី​បង្ហាញ​ដល់​ភ្ញៀវ​ទូទៅ ឲ្យ​ដឹង​ថា​ ផ្ទះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​នៅ​ក្នុង​សម័យ​នោះ​ និង​វត្ត​អារាម ភាគ​ច្រើន បាន​ឆេះ​ និង​ត្រូវ​គ្រាប់​ដូច្នេះ​ហើយ​ បាន​ផ្ទះ​នីមួយ​ៗ​ ត្រូវ​តែ​មាន​ត្រង់​សេ ឬ​ពលរដ្ឋ​មួយ​ចំនួន​ហៅ​ថា​ ត្រង់​សុខ​ គ្រប់​ៗ​ផ្ទះ​ ពីព្រោះ​ត្រង់​សុខ​នេះ ​វា​អាច​ការពារ​អាយុ​ជីវិត​របស់​គាត់​ពី​សំណាក់​គ្រាប់​ផ្លោង​បាន​។
រហូត​មក​ដល់​ពេល​នេះ​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន ​ពុំ​ទាន់​បាន​បាត់​នូវ​ការ​ភ័យ​ខ្លាច​នោះ​ទេ​គឺ​នៅ​ពេល​ណា​ដែល​ឃើញ​យន្ត​ ហោះ​ ហោះ​កាត់​ធ្វើ​ឲ្យ​គាត់​នឹក​គិត​ទៅ​ដល់​សម័យ​សង្គ្រាម។ ​លោក​បន្ត​ទៀត​ថា​៖ «​ម្តាយ​ខ្ញុំ​រហូត​មក​ដល់​ពេល​នេះ ​គឺ​គាត់​នៅ​ភ័យខ្លាច​នៅ​ឡើយ​អំពី​សង្គ្រាម ឬ​យើង​ហៅ​ថា​ជំងឺ​បាក់ស្បាត ដូច​ជា​ ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ ១៩៩៨ ដែល​មាន​ផ្ទុះ​​បាតុកម្ម គាត់​បាន​ទិញ​ប្រហុក អំបិល​ត្រៀម​ទុក»។
បំណែក​គ្រាប់ និង​គ្រឿង​សព្វាវុធ ពី​សម័យ​សង្គ្រាម​ត្រូវ​បាន​យក​មក​ដាក់​តាំង​ ធ្វើ​ជា​ថ្នាល​ដាំ​ស្លឹក​ខ្ទឹម ដាំ​ផ្កា​នោះ​ លោក​ស៊ឹង​ គា​បាន​រៀប​រាប់​ថា ​អ្វី​ដែល​លោក​បាន​ដាក់​តាំង​ នៅ​ក្នុង​បរិវេណ​ប៊ុម​កាហ្វេ​នេះ​ គឺ​បង្ហាញ​អំពី​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​ នៅ​តាម​ជន​បទ គឺ​បន្ទាប់​ពី​សង្គ្រាម​ បាន​ផុត​រលត់​ទៅ​ ពួក​គាត់​បាន​យក​កាក​សំណល់​គ្រាប់​ទាំង​នោះ​ មក​ច្នៃ​ធ្វើ​ជា​ឧបករណ៍​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ដូច​ជា​ឆ្នាំង កំសៀវ មុង​ កាំបិត​ ពូថៅ​និង​នង័្គល​ជា​ដើម ហើយ​ដោយ​សារ​តែ​ការ​កែច្នៃ​នោះ​ បាន​ធ្វើ​ឲ្យ​មនុស្ស​ពេញ​វ័យ​ និង​កុមារ​មួយ​ចំនួន​ បាន​ធ្លាក់​ខ្លួន​ពិការ​ និង​ខ្លះ​ទៀត​បាន​ស្លាប់​ទៀត​ផង។​ លោក​បន្ត​ថា៖ «​យើង​ដាក់​តាំង​សម្ភារ​ទាំង​នោះ គឺ​ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ ដែល​បាន​គ្រាំគ្រា​ក្នុង​សម័យ​សង្រ្គាម​រ៉ាំរ៉ៃ​។ យើង​លួង​លោម​ផ្លូវ​ចិត្ត​របស់​ជនរងគ្រោះ​ទាំង​ឡាយ​ថា​ យើង​លែង​មាន​សង្គ្រាម​តទៅ​ទៀត​ហើយ ពី​ព្រោះ​សម្ភារ​ដែល​បាន​ប្រើប្រាស់​នោះ​គឺត្រូវ​បាន​តាំង​នៅ​ទី​នេះ​ហើយ »។ ​
សម្ភារ​សឹក​ចាស់ៗ​ គ្រាប់​ដែល​បាន​ផ្ទុះ​ហើយ​នោះ​ ត្រូវ​បាន​លោក​ស៊ឹង​ គា ប្រមូល​ពី​តាម​ខេត្ត​មួយ​ចំនួន នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ ២០០០​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ ក៏រូប​លោក​ នៅ​តែ​បន្ត​ការ​ប្រមូល​របស់​ទាំង​អស់​នោះ​ យក​មក​ទុក​ នៅ​ក្នុង​ប៊ុម​ការហ្វេ​ ហើយ​អ្វី​ដែល​លំបាក​បំផុត​នោះ​ គឺ​ការ​ប្រមូល​សសរ​ផ្ទះ ជញ្ជាំង​ ធ្នឹម​ ជណ្តើរ​ ដែល​មាន​ស្លាក​ស្នាម​ត្រូវ​គ្រាប់​កាំភ្លើង។
និយាយ​ទាំង​សំណើច​ផ្ទុះ​មក​ជាមួយ​ផង​នោះ​ លោក​បាន​បន្ត​ទៀត​ថា​៖«​ខ្ញុំ​ត្រូវ​លួង​លោម​ពលរដ្ឋ​ណា​ដែល​គាត់​នៅ​មាន​ របស់​ចាស់​ៗ​ទាំង​នោះ​ ហើយ​ខ្ញុំ​ទិញ​ឈើ​ថ្មីៗ​ដើម្បី​ធ្វើ​ផ្ទះ​ជំនួស​ឈើ​ដែល​ខ្ញុំ​សូម​គេ​ជា​ការ ដោះ​ដូរ​»។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា យោង​ទៅ​តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ នៅ​ក្នុង​សម័យ​សង្គ្រាម​ប្រទេស​កម្ពុជា បាន​ទទួល​រង​នូវ​ការ​ទម្លាក់​គ្រាប់​បែក​ ចំនួន​ ២០០​ លាន​តោន គឺមាន​កម្លាំង​ស្មើ​នឹង​បរមាណូ​ចំនួន​ ១២០ គ្រាប់ ថា តើ​ប្រទេស​កម្ពុជា​ ដែល​មាន​ប្រជាជន​ប្រមាណ​ជាង ១០ លាន​នាក់​នោះ​រង​នូវ​ការ​លំបាក​ប៉ុន​ណា? ហើយ​បទពិសោធ​សង្គ្រាម​ និង​ឥទ្ធិពល​សង្គ្រាម​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​រង​នូវ​ការ​រិះគន់​ថា​ប្រទេស​មាន​ហិង្សា ឃោរឃៅ​។
លោក​ស៊ឹង គា​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​រូប​លោក​កំពុង​ស្ថិត​នៅ​ក្នុង​ប៊ុម​កាហ្វេ​នោះ ​គឺ​ធ្វើ​ឲ្យ​រូប​លោក នឹក​ឃើញ​នូវ​ពាក្យ​សម្តី​ម្តាយ​របស់​លោក​បាន​ប្រាប់​អំពី​អ្វី ដែល​បាន​កើត​ឡើង​ក្នុង​ទសវត្សរ៍​ទី​៧០ ដែល​នឹក​ឃើញ​ស្ត្រី​ដែល​ទើប​តែ​ឆ្លង​ទន្លេ​ហើយ ឱប​កូន​រត់​ចូល​ត្រង់​សេ​នៅ​ពេល​ដែល​មាន​យន្ត​ហោះ​ ហោះ​កាត់​ផ្ទះ​ទម្លាក់​គ្រាប់​បេ។ លោក​បាន​បញ្ជាក់​ថា៖ «សូម​ពិចារណា​លើ​ឫសគល់ នៃ​អំពើ​ហិង្សា​ ភាព​ក្រីក្រ និង​កង្វះ​ការ​អប់រំ​របស់​យើង​គឺ​ពិត​ជា​បាន​មក​ពី​សង្រ្គាម​បន្សល់​ទុក​ ឲ្យ​ទាំង​នេះ គឺជា​ទារុណកម្ម​មនសិការ​»។
ដើម្បី​ដំណើរ​ការ​ជា​ប៊ុម​កាហ្វេ​ដែល​ដាក់​តាំង​សម្ភារ​សឹក​នោះ​បាន​លោក ស៊ឹង គា​ បាន​គិត​ទុក​អស់​រយៈ​ពេល​ ១២​ ឆ្នាំ​ ហើយ​ទើប​តែ​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​ក្នុង​ឆ្នាំ​ ២០១២​នេះ ​តែ​ប៉ុណ្ណោះ ហើយ​ប្រាក់ ៣ ភាគរយ នៃ​ប្រាក់​ចំណាយ​សរុប​របស់​ភ្ញៀវ នៅ​ប៊ុម​ការហ្វេ ត្រូវ​ដក​ទុក​ជា​ជំនួយ​មនុស្ស​ធម៌​ ដើម្បី​យក​ទៅ​ផ្តល់​ឲ្យ​មជ្ឈមណ្ឌល​កុមារ​កំព្រា។ លោក​បានបន្ថែម​ទៀត​​ថា​៖ «​បុគ្គលិក​របស់​ខ្ញុំ​ទាំង​អស់​ គឺជា​អ្នក​រង​គ្រោះ​ដោយ​សារ​សង្គ្រាម​ ហើយ​ពួក​គេ​បាន​ក្លាយ​ជា​កុមា​កំព្រា ក៏​ដោយ​សារ​សង្រ្គាម​ដែរ ដូច្នេះ​នៅទីនេះ​ខ្ញុំ​ផ្តល់​ឱកាស​ការ​ងារ​ដល់​យុវជន​ទី​ទាល់ក្រ ពុំ​មាន​ជំនាញ​ និង​ពុំ​មាន​បទពិសោធ»។
លោក​ខាត់ សុខន អនុប្រធាន​ភូមិ​ព្រែក​ប្រណាក់​ បាន​អះអាង​ថា​នៅ​ក្នុង​ទីតាំង​ប៊ុម​ការហ្វេ​ គឺ​ជា​តំបន់​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​កាល​ពី​ឆ្នាំ ១៩៧៤-១៩៧៥ ហើយ​បច្ចុប្បន្ន​នេះ នៅ​មាន​ដើម​ត្នោត​ដែល​ត្រូវ​គ្រាប់​ធ្លុះ​ធ្លាយ ជា​ភស្តុតាង ហើយ​នៅ​ក្នុង​តំបន់​នេះ​បន្ទាប់​ពី​របប​ប៉ុល​ពត​ដួល​រលំ ត្រូវ​បាន​អាជ្ញាធរ​ប្រមូល​គ្រាប់​ជា​ច្រើន​យក​ទៅ​ដុត​បំផ្លាញ​ចោល​។ លោក​ថា​៖ «​កាល​ពី​សម័យ​នោះ​ពួក​ប៉ុល​ពត វា​នៅ​លើ​ចុង​ត្នោត ​ដូច្នេះ​ហើយ​ទាហាន​បាញ់​ទើប​បណ្តា​ល​ឲ្យ​​ដើម​ត្នោត​មួយ​ចំនួន​ត្រូវ​ដាច់ ក និង​រង​នូវ​អំបែង​គ្រាប់​ជា​ច្រើន​»។​
​លោក​ខាត់ សុខន បាន​បន្ត​ថា​ លោក​មាន​មោទនភាព​ចំពោះ​ប៊ុម​កាហ្វេ ដែល​ខិតខំ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ និង​ប្រមែ​ប្រមូល​រាល់​សម្ភារ​សឹក​ក្នុង​សម័យ​សង្គ្រាម យក​មក​តាំង​នៅ​ទីនេះ។ លោក​និយាយ​ថា៖ «​នេះ​គឺ​ជា​ការ​លះ​បង់​មួយ​ដ៏​ធំ​ធេង​ដែល​ពលរដ្ឋ​មួយ​ចំនួន​ធំ​ មិន​អាច​ធ្វើ​បាន»៕

No comments:

Post a Comment

yes