លោកស្រី គ្លីនតុន ពេលទស្សនកិច្ចកម្ពុជា ឆ្នាំ ២០១០
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោកស្រី ហ៊ីឡារី គ្លីនតុន នឹងអញ្ជើញមកដល់រាជធានីភ្នំពេញនាថ្ងៃពុធនេះ ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សាអំពីបញ្ហាការទូតនិងសេដ្ឋកិច្ច ជាមួយប្រទេសចិន និងសមាជិកអាស៊ាន ១០ ប្រទេសទៀត ប៉ុន្តែ ក្រុមអង្គការសិទ្ធិមនុស្សនិងគណបក្សប្រឆាំងសង្ឃឹមថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក៏ជាបញ្ហាអាទិភាពមួយដែរ។
លោកស្រី គ្លីនតុន នឹងចូលរួមកិច្ចប្រជុំអាស៊ានចំនួន ៣ នៅវិមានសន្តិភាព ដែលរួមមានវេទិកាថ្នាក់តំបន់ និងកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ា ជាផ្នែកនៃដំណើរទស្សនកិច្ច៨ប្រទេស រួមមានទៅប្រទេសវៀតណាម ឡាវ និងម៉ុងហ្គោលី។
លោកស្រី គ្លីនតុន បានមានប្រសាសន៍នៅទីក្រុង អ៊ូឡង់បាទ័រ ពីថ្ងៃចន្ទថា ៖ «ចំណុចសំខាន់នៃយុទ្ធសាស្ត្រយើង ជាចំណែកដែលបង្រួបបង្រួមអ្វីទាំងអស់ គឺការគាំទ្រចំពោះលទ្ធិប្រជាធិប តេយ្យ និងសិទ្ធិមនុស្ស»។
លោកស្រីបន្តថា៖ «សហរដ្ឋអាមេរិកចង់ក្លាយជាដៃគូរឹងមាំជាមួយអ្នកទាំងអស់ ដែលលះបង់ដើម្បីសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន»។
លោក ប្រេត អាដាម នាយកប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស(HRW)ជឿថា ទស្សនកិច្ចមកកាន់កម្ពុជារបស់លោកស្រី គ្លីនតុន ចាំបាច់ត្រូវរួមមានការដែលលោកស្រីបង្ហាញជំហរប្រឆាំងនឹងស្ថានភាព ធ្លាក់ចុះនៃសិទ្ធិមនុស្សដែលរួមមានការបណ្តេញប្រជាជនពីផ្ទះ សម្បែងដោយរដ្ឋាភិបាល ការដាក់ពន្ធនាគារចំពោះអ្នករិះគន់ និងការវាយដំទៅលើអ្នកភូមិ។
លោក អាដាម មានប្រសាសន៍ថា៖«រដ្ឋាភិបាលកម្ពុជាខិតខំស្វះស្វែងធ្វើឲ្យប្រសើរ ឡើងនូវទំនាក់ទំនងជាមួយអាមេរិកជាខ្លាំង»។
លោកថា៖«លោកស្រីគ្លីនតុនគួរប្រាប់លោក ហ៊ុន សែន ថា ការបន្តរំលោភទាំងកម្រោលទៅលើសិទ្ធិមនុស្សនឹងបណ្តាលឲ្យបាត់បង់ ការគាំទ្រពីអាមេរិក»។
ការយល់ថា លោកស្រី គ្លីនតុនជាអ្នកដែលអាចធ្វើឲ្យប្រសើរឡើងបញ្ហាសិទ្ធិមនុស្សនៅ កម្ពុជាមានការកើនឡើងក្នុងប៉ុន្មានខែចុងក្រោយ យ៉ាងហោចនៅក្នុងកែវភ្នែករបស់ស្ត្រីបឹងកក់ចំនួន ១៣នាក់ដែលត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ពីថ្ងៃទី ២៧ ខែមិថុនាបន្ទាប់ពីជាប់ពន្ធនាគារតាំងពីខែឧសភា សម្រាប់ទោស ២ឆ្នាំ៦ខែ ក្នុងការតវ៉ាបញ្ហាដីធ្លី។
ពួកគេជឿថា ជំនួបដែលលោកស្រីគ្លីនតុន ជាមួយលោករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ហោ ណាំហុង នៅរដ្ឋធានីវ៉ាស៊ីនតោននាថ្ងៃទី១២ ខែមិថុនាបានជួយឲ្យពួកគេទទួលបានសេរីភាពវិញ។
អ្នកស្រី តុល ស្រីពៅ ស្ត្រីម្នាក់ដែលត្រូវបានដោះលែងបានថ្លែងនៅថ្ងៃម្សិលមិញខណៈ ពលរដ្ឋប្រមាណ៤០នាក់បានយកលិខិតថ្លែងអំណរគុណទៅកាន់ស្ថានទូត អាមេរិកថា៖ «ការកាត់បន្ថយទោសពួកយើងមកនៅមួយខែ៣ថ្ងៃ កើតឡើងដោយមានសម្ពាធពីសហគមន៍ជាតិ និងអន្តរជាតិជាពិសេសពីលោកស្រី ហ៊ីឡារី គ្លីនតុន»។
សមាជិកសភាគណបក្ស សម រង្ស៊ីលោកស្រី មូរ សុខហួរ បានថ្លែងថា សហគមន៍បឹងកក់បានងាកទៅរកលោកស្រី គ្លីនតុន ព្រោះពុំមាននរណាមានភាពក្លាហានចាត់ការដាក់សម្ពាធទៅលើរដ្ឋាភិបាលឡើយ។
លោកស្រី មូរ សុខហួរ បានផ្ញើសារអេឡិចត្រូនិកទៅក្រសួងការបរទេសអាមេរិក ក្រោយការដោះលែងស្ត្រីទាំងនោះ ដោយបានថ្លែងអំណរគុណលោកស្រី គ្លីនតុន ចំពោះការយកចិត្តទុកដាក់លើបញ្ហានេះ និងបានស្នើឲ្យមានការរៀបចំពេលវេលាខ្លីណាមួយក៏បានដែរ ដើម្បីឲ្យស្ត្រីនៅបឹងកក់បានជួបជាមួយលោកស្រី។
លោកស្រីនៅតែសង្ឃឹមថា ការជួបនេះ នៅតែអាចកើតឡើង ព្រោះវិមានសន្តិភាពដ៏ស្កឹមស្កៃនៅទល់មុខនឹងបឹងកក់។
លោកស្រីបញ្ជាក់ថា៖«ពួកគេធានាចំពោះខ្ញុំថា នឹងខិតខំអស់លទ្ធភាពដើម្បីរៀបចំបញ្ចូលទៅក្នុងកម្មវិធីរបស់ លោកស្រី»។
អ្នកស្រី តុល ស្រីពៅ បានថ្លែងថា បើមិនអ៊ីចឹងទេស្ត្រីបឹងកក់ទាំងអស់នឹងធ្វើដំណើរទៅខេត្តសៀមរាប ជាទីដែលលោកស្រីគ្លីនតុន នឹងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំស្តីពីគំនិតផ្តួចផ្តើម តំបន់មេគង្គក្រោម លើប្រធានបទសមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រី។
លោកស្រី សុខហួរ បានរំពឹងថា លោកស្រីគ្លីនតុន នឹងបន្តដាក់សម្ពាធខ្លាំងឲ្យរដ្ឋាភិបាលរៀបចំការបោះឆ្នោត ជាតិឲ្យមានភាពសេរីនិងយុត្តិធម៌ នៅឆ្នាំក្រោយ រួមទាំងអំពាវនាវឲ្យមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី វិលចូលស្រុកវិញដែលនេះក៏ជាអ្វីដែល HRW បានអំពាវនាវផងដែរ។
យ៉ាងណាក្តី អ្នកវិភាគបញ្ហានយោបាយឯករាជ្យ លោក ឡៅ ម៉ុងហៃ ថ្លែងថា លោកមិនរំពឹងថា កម្ពុជា គឺជាចំណុចផ្តោតសំខាន់សម្រាប់លោកស្រី គ្លីនតុន នៅក្នុងជំនួបប្រជុំសប្តាហ៍នេះទេ។
លោកនន្តថា៖«ខ្ញុំគិតថា លោកស្រីនឹងផ្តោតតែទៅលើសន្និសីទថ្នាក់តំបន់»។ លោកថា ការដោះលែងស្ត្រីបឹងកក់១៣នាក់នោះជាភាពវិជ្ជមានសម្រាប់កេរ្តិ៍ ឈ្មោះរដ្ឋាភិបាល។
អ្នកនាំពាក្យស្ថានទូតអាមេរិក លោក Sean Mc Intosh បដិសេធមិនធ្វើការអធិប្បាយ៕
អ្នកនាំពាក្យស្ថានទូតអាមេរិក លោក Sean Mc Intosh បដិសេធមិនធ្វើការអធិប្បាយ៕
No comments:
Post a Comment
yes