សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 29, 2012

សង្គម​ស៊ីវិល៖ អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​ជា​សែស្រឡាយ​មន្ត្រី​ជាន់​ខ្ពស់​តែង​រួច​ទោស


សាច់​សាលោហិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​មជ្ឈដ្ឋាន​ជាច្រើន​មើល​ឃើញ​ថា តែង​ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់ ទោះ​ជា​កូន​ក្មួយ​ទាំង​នោះ​ត្រូវ​គេ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​បាញ់​បោះ កាប់​ចាក់ និង​វាយ​ធ្វើ​បាប​ទៅ​លើ​ជន​ស្លូត​ត្រង់​ក៏​ដោយ។
YouTube
សកម្មភាព​លោក ប៊ុន សុខា ជំនួយ​ការ​ផ្ទាល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បក្ស​ពួក កំពុង​វាយ​ដំ​លើ​ជន​រងគ្រោះ នៅ​សណ្ឋាគារ​កោះកុង ស៊ីធី កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១២។
មិន​ត្រឹម​តែ​សាច់​សាលោហិត​របស់​លោក ហ៊ុន សែន នោះ​ទេ សូម្បី​តែ​ក្រុម​មនុស្ស​ហែហម​លោក ដែល​ភាសា​សាមញ្ញ​ហៅ​ថា​ពួក​អាចក់​អាចែម ក៏​បង្ក​ភាព​វឹកវរ​ដល់​សង្គម ដោយ​រួច​ទោស ឬ​ទទួល​ទោស​តិច​ជាង​កំហុស​ដែល​ប្រព្រឹត្ត​នោះ​ដែរ។
ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា ច្បាប់​របស់​កម្ពុជា​មិន​ដែល​អនុគ្រោះ​ដល់​ជន​ល្មើស​ច្បាប់​ណា​មួយ​ឡើយ។
ករណី​ថ្មី​បំផុត​ទាក់​ទិន​នឹង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា ហើយ​រួច​ខ្លួន ឬ​មាន​ទោស​តិច​នៃ​អ្នក​ដែល​ជាប់​សែស្រឡាយ​និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​រឿងរ៉ាវ​របស់​លោក ប៊ុន សុខា ដែល​ជា​ជំនួយ​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី និង​បក្ស​ពួក​ចំនួន​ពីរ​រូប​ទៀត។ ពួក​គេ​ប្រើ​អំពើ​ហិង្សា វាយ​ធ្វើ​បាប​ជន​ស្លូត​ត្រង់​ក្នុង​ខេត្ត​កោះកុង។ ទីបំផុត ជន​ល្មើស​ត្រូវ​តុលាការ​ដោះលែង​ដោយ​មាន​សេរីភាព។
ងាក​មក​ក្រុម​សាច់ញាតិ​លោក ហ៊ុន សែន វិញ គឺ​កាន់​តែ​មាន​អំណាច​លើស​លុប​ជាង​នេះ​ទៅ​ទៀត។
ក្រុម​ក្មួយ​ប្រុសៗ​របស់​លោក ហ៊ុន សែន មួយ​ចំនួន​ត្រូវ​គេ​ដឹង​ថា ជា​ក្រុម​មនុស្ស​ដែល​មាន​ទាំង​លុយ អំណាច ក្រុម​អ្នក​ហែហម​ដែល​អម​ដោយ​សព្វាវុធ និង​រថយន្ត​ទំនើបៗ​បំភ័យ​សង្គម​តាម​ចិត្ត។

គេហទំព័រ​ឈ្មោះ Topix Cambodia មួយ​បាន​ចងក្រង​ករណី​បទ​ល្មើស​ព្រហ្មទណ្ឌ​មួយ​ចំនួន ដែល​ក្រុម​ក្មួយៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​បំភិត​បំភ័យ និង​អុកឡុក​ប្រទេស តាម​រយៈ​ការ​បាញ់​បោះ ការ​បង្ក​របួស​ស្នាម​ដល់​ជន​ស៊ីវិល អ្នក​កាសែត ភ្ញៀវ​ទេសចរ និង​ការ​សម្លាប់​មនុស្ស​ដោយ​គ្មាន​ខ្លាច​រអា​នឹង​ច្បាប់​ប្រទេស​របស់​ខ្លួន។
គេហទំព័រ​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា រង្គសាល ក្លឹប​ខារ៉ាអូខេ និង​បន​ល្បែង​ស៊ី​សង​មួយ​ចំនួន ត្រូវ​បង់​ថ្លៃ​ការពារ ឬ​ចែក​ភាគ​ហ៊ុន​ខ្លះ​ដល់​ក្រុម​ក្មួយៗ​របស់​លោក ហ៊ុន សែន។
មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) លោក នី ចរិយា មាន​ប្រសាសន៍​ថា លោក​តែង​ឭ​អំពី​បញ្ហា​បង​ធំ​បង​តូច​អុកឡុក​សង្គម ដែល​បង្ក​ឡើង​ដោយ​សែស្រឡាយ​របស់​លោក ហ៊ុន សែន ដែរ តែ​ក្រុម​របស់​លោក​នៅ​មិន​ដែល​ទទួល​បាន​ពាក្យ​បណ្ដឹង​អំពី​ជន​រងគ្រោះ ឬ​ទទួល​របាយការណ៍​ណា​មួយ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​នោះ​នៅ​ឡើយ​ទេ។
លោក​បន្ត​ថា ជន​រងគ្រោះ​ដែល​រង​ការ​ធ្វើ​បាប និង​បំពារបំពាន​រូប​រាង​កាយ​ដោយ​ក្រុម​បង​ធំ​ទាំង​នេះ គួរ​ប្ដឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់ ឬ​មួយ​អាច​ផ្តល់​ព័ត៌មាន​បន្ថែម​មក​ក្រុម​សង្គម​ស៊ីវិល៖ «នេះ​ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ ហើយ​ក៏​ត្រូវ​មាន​ភាព​ក្លាហាន​ដែរ​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​តាម​វិជ្ជាជីវៈ​របស់​ខ្លួន ក្នុង​នាម​ខ្លួន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ ក៏​ដូច​ជា​ស្ថាប័ន​យុត្តិធម៌​ហ្នឹង មាន​ភាព​ក្លាហាន​ក្នុង​ការ​ការពារ​នូវ​អ្វី​ជា​សីលធម៌ វិជ្ជាជីវៈ​របស់​ខ្លួន បើ​ទោះ​បី​ជា​អ្នក​ប្រព្រឹត្ត​ហ្នឹង​ជា​ជន​ប្រភេទ​ណា​ក៏​ដោយ»
គេហទំព័រ​ឈ្មោះ Topix Cambodia បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០០៨ សរសេរ​ថា ក្រុម​ក្មួយៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា​ក្រុម​បង​ធំ​លេខ​មួយ​នៅ​ស្រុក​ខ្មែរ។
គេហទំព័រ​នេះ​បាន​ចង​ក្រង​សំណុំ​រឿង​មួយ​ចំនួន​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​បង​ធំ​ទាំង​នោះ រួម​មាន​ករណី​លោក ហ៊ុន ជា កូន​ប្រុស​របស់​លោក ហ៊ុន សាន កាល​ពី​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០០៨ វេលា​ម៉ោង ១១ និង​៣០​នាទី​យប់ បាន​បើក​រថយន្ត​ម៉ាក Cadillac Escalade SUV ពណ៌​ខ្មៅ​ក្នុង​ល្បឿន​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​បាន​បុក​បុរស​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ ដែល​បណ្ដាល​ឲ្យ​បុរស​រូប​នោះ​ដាច់​ដៃ និង​ជើង​ខាង​ឆ្វេង​របស់​គាត់ នៅ​លើ​មហាវិថី​សុធារស។
នៅ​មុន​ថ្ងៃ​កើត​ហេតុ លោក ហ៊ុន ជា ក៏​បាន​បាញ់​ចំនួន ៧​គ្រាប់​ឡើង​ទៅ​លើ​ក្នុង​ក្លឹប​ខារ៉ាអូខេ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​បាញ់​បី​គ្រាប់​ទៀត ដើម្បី​គំរាម​មន្ត្រី​ប៉ូលិស​មិន​ឲ្យ​ចូល​ទៅ​ជិត​កន្លែង​កើត​ហេតុ។
នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០០៨ នោះ​ដែរ ក្មួយ​ប្រុស​របស់​លោក ហ៊ុន សែន ម្នាក់​ទៀត​ឈ្មោះ ហ៊ុន តូ ជា​កូន​ប្រុស​របស់​លោក ហ៊ុន នេង បាន​បញ្ជា​ឲ្យ​អង្គរក្ស​របស់​ខ្លួន​វាយ​ធ្វើ​បាប​តំណាង​រាស្ត្រ​ពី​ខាង​បក្ស​ប្រឆាំង​ម្នាក់​ឈ្មោះ នួន វុទ្ធី និង​បាន​គំរាម​កំហែង​ទៅ​លើ​លោក យូ សារ៉ាវុទ្ធ អ្នក​កាសែត​ស្រឡាញ់​ខ្មែរ ដោយ​សារ​បាន​ចុះ​ផ្សាយ​អត្ថបទ​ថា លោក ហ៊ុន តូ បាន​បំភិត​បំភ័យ​វាយ​ទាត់​ធាក់​ពលរដ្ឋ​សាមញ្ញ ឬ​តារា​សម្ដែង​ណា​ដែល​ហ៊ាន​មើល​មុខ​របស់​គាត់ ឬ​មិន​ធ្វើ​ទៅ​តាម​អ្វី​ដែល​គាត់​ចង់​បាន។
ផ្លាក​យីហោ​ត្រកូល ហ៊ុន ត្រូវ​បាន​គេ​ឆ្នៃ​យក​ទៅ​ប្រើប្រាស់ ដើម្បី​រំលេច​អោយ​កាន់​តែ​ច្បាស់​នូវ​ទំនាក់​ទំនង​ជាប់​សែស្រឡាយ​ជាមួយ​លោក ហ៊ុន សែន។ ក្មួយ​ទាំង​ឡាយ​របស់​លោក ដែល​ជា​កូន​របស់​ប្អូន​ស្រី​របស់​លោក គឺ​លោកស្រី ហ៊ុន ស៊ីណាត បាន​បន្ថែម​ពាក្យ ហ៊ុន ទៅ​លើ​ឈ្មោះ​កំណើត​របស់​ខ្លួន។
គេហទំព័រ Topic Cambodia ក៏​បាន​ចុះ​ផ្សាយ​ថា កូន​ប្រុស​របស់​លោកស្រី ហ៊ុន ស៊ីណាត ឈ្មោះ​លោក នឹម សុភា ហៅ ភា ហ៊ុន កាល​ពី​ឆ្នាំ​២០០៣ បាន​បើក​រថយន្ត​ប្រណាំង​គ្នា​ទាំង​ស្រវឹង ហើយ​ក៏​បាន​ទៅ​បុក​អ្នក​លក់​ដូង​ក្បែរ​ស្តាត​អូឡាំពិក។ សាក្សី​នៅ​កន្លែង​កើត​ហេតុ​និយាយ​ថា នឹម សុភា បាន​ខឹង​សម្បា​យ៉ាង​ខ្លាំង ហើយ​ក៏​បាញ់​រះ​ទៅ​លើ​អ្នក​ធ្វើ​ដំណើរ​ក្បែរ​នោះ បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់ និង​បួន​នាក់​ទៀត​របួស។
ចំណែក នឹម ចាន់ថាណា ហៅ ពៅ ហ៊ុន ជា​ប្អូន​ប្រុស​ពៅ​របស់ នឹម សុភា ធ្លាប់​បាន​ចាក់​ភ្ញៀវ​ទេសចរ​ជប៉ុន​ពីរ​នាក់​ដោយ​អំបែង​ដប​ទឹក​ម្ទេស និង​ដប​ទឹក​ស៊ីអ៊ីវ ឲ្យ​របួស​ធ្ងន់​ក្នុង​ទីក្រុង​ភ្នំពេញ។
រីឯ នឹម ពិសី ហៅ សី ហ៊ុន ដែល​ជា​បង​ប្រុស​ច្បង​របស់ នឹម សុភា និង​នឹម ចាន់ថាណា ឯ​ណោះ​វិញ​ធ្លាប់​បាន​បាញ់​ជាច្រើន​គ្រាប់​ក្នុង​ក្លឹប​រាត្រី​កណ្ដាល​ទីក្រុង​ភ្នំពេញ បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​របួស ហើយ​មួយ​សប្ដាហ៍​ក្រោយ​មក នឹម ពិសី ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព។
មជ្ឈដ្ឋាន​នានា​ឲ្យ​ដឹង​ថា ករណី​ឧក្រិដ្ឋកម្ម​ដែល​បង្ក​ឡើង​ដោយ​ក្មួយៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កើត​ឡើង​ច្រើន​ជាង​អ្វី​ដែល​មាន​ការ​ចង​ក្រង​ទុក​ក្នុង​គេហទំព័រ Topix Cambodia នេះ​ទៅ​ទៀត។
កាល​ពី​កំឡុង​ឆ្នាំ​២០០០ ទាំង នឹម ពិសី នឹម សុភា និង​នឹម ចាន់ថាណា តែង​បញ្ជា​ឲ្យ​មនុស្ស​ជំនិតៗ​របស់​ខ្លួន ចេញ​យក​ម៉ូតូ​ពី​សិស្ស​សាលា ដើម្បី​យក​ទៅ​ដាក់​បញ្ចាំ​យក​លុយ​លេង​ល្បែង ស៊ី​ផឹក និង​ប្រើប្រាស់​គ្រឿង​ញៀន ដោយ​យក​លេស​ថា “ខ្ចី​ជិះ​សិន”។ ក្រុម​បង​ធំ​ទាំង​បី​នាក់​នេះ ក៏​ត្រូវ​គេ​ដឹង​ផង​ដែរ​ថា តែង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​ទំនើបៗ បាញ់​ពេញ​ទីក្រុង​ដោយ​គ្មាន​ញញើត។
រហូត​មក​ទល់​ពេល​ក្មួយៗ​របស់​លោក ហ៊ុន សែន មាន ហ៊ុន ជា នឹម ពិសី នឹម សុភា និង​នឹម ចាន់ថាណា ជាដើម​នោះ ត្រូវ​គេ​ដឹង​ថា​មាន​ភាគ​ហ៊ុន​នៅ​តាម​រង្គសាល ក្លឹប​រាត្រី ក្លឹប​ខារ៉ាអូខេ ក្លឹប​ឌីស្កូ ឬ​កាស៊ីណូ មួយ​ចំនួន ទាំង​ក្នុង​ក្រុង​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ជាច្រើន​ទៀត។
រីឯ​ក្មួយ​ច្បង​របស់​លោក ហ៊ុន សែន ម្នាក់​ទៀត​ឈ្មោះ ហ៊ុន តូ នោះ​វិញ កាល​ពី​ខែ​មិថុនា ត្រូវ​បាន​កាសែត​អូស្ត្រាលី​មួយ​ឈ្មោះ The Age រាយការណ៍​ថា បាន​រក​ស៊ី​លាង​លុយ​កខ្វក់ និង​ជួញ​ដូរ​គ្រឿង​ញៀន​ជាមួយ​ក្រុម​ម៉ាហ្វីយ៉ា អូស្ត្រាលី។ ប៉ុន្តែ​លោក ហ៊ុន តូ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ហើយ​ក៏​មាន​គម្រោង​ប្ដឹង​កាសែត​នោះ​ផង​ដែរ។
មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា សមត្ថកិច្ច​កម្ពុជា​តែង​សម្រប​សម្រួល​ដល់​សែស្រឡាយ​នៃ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ពី​បទ​បង្ក​របួស​ស្នាម ឬ​មនុស្ស​ឃាត​ដោយ​ចេតនា ទៅ​ជា​អចេតនា ឬ​ទៅ​ជា​ករណី​រដ្ឋប្បវេណី ដែល​ធ្វើ​ឲ្យ​ជន​ដៃ​ដល់​រួច​ខ្លួន​រហូត​មក​ទល់​សព្វ​ថ្ងៃ៖ «ពាក់ព័ន្ធ​នឹង​កូន​ក្មួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ហ្នឹង យើង​ធ្លាប់​បាន​ទទួល​ករណី​ហ្នឹង​ពីរ​បី​ករណី​ដែរ ដូច​ជា​បាញ់​បោះ បង្ក​របួស​ស្នាម ក៏​ប៉ុន្តែ យើង​ឃើញ​ភាគ​ច្រើន​មាន​ការ​សម្រប​សម្រួល​ជា​សំណង​ខាង​ផ្នែក​រដ្ឋប្បវេណី ហើយ​អ្នក​ទាំង​អស់​ហ្នឹង​មិន​ត្រូវ​បាន​តុលាការ​ធ្វើ​ការ​ផ្ដន្ទាទោស​ណា​មួយ​ទេ»
វិទ្យុ​អាស៊ី​សេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក ហ៊ុន តូ និង​ហ៊ុន ជា ក្នុង​ចំណោម​ក្មួយៗ​ទាំង​ប្រាំ​នាក់ ដែល​បាន​ឈ្មោះ​ក្នុង​គេហទំព័រ Topix Cambodia នោះ​ដែរ តែ​ទូរស័ព្ទ​របស់​អ្នក​ទាំង​ពីរ​នៅ​ក្រៅ​តំបន់​សេវា។
ជុំវិញ​បញ្ហា​នេះ មិន​មាន​មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្ថាប័ន​មាន​សមត្ថកិច្ច​ណា​មួយ​អាច​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​នៅ​ឡើយ​ទេ។ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តម​សេនីយ៍ ខៀវ សុភ័គ បាន​បង្វែរ​ឲ្យ​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​ជា​អ្នក​ឆ្លើយ​អំពី​បញ្ហា​នេះ៖ «សុំ​សួរ​ទៅ​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​ទៅ»
ចំណែក​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី អះអាង​ថា កម្ពុជា ជា​ប្រទេស​ប្រកាន់​ច្បាប់​ជា​ធំ ដូច្នេះ​គ្មាន​ជន​ណា​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់ ហើយ​អាច​រួច​ទោស​នោះ​ឡើយ សូម្បី​កូន​មន្ត្រី​ជាន់​ខ្ពស់​ក៏​ដោយ។ ហើយ​ម្យ៉ាង​វិញ​ទៀត បញ្ហា​បង​តូច​បង​ធំ​ក្នុង​សង្គម​ខ្មែរ កាន់​តែ​សាប​រលាប​ផង​ដែរ តាម​រយៈ​វិធានការ​ហ្មត់ចត់​ដ៏​មាន​ប្រសិទ្ធភាព​របស់​មន្ត្រី​មាន​សមត្ថកិច្ច។
លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ទោះ​ជា​កម្ពុជា​មាន​បញ្ហា​មួយ​ចំនួន​ដែល​បាន​ដោះស្រាយ​ដោយ​ច្បាប់​ហើយ​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ករណី​ឃាតកម្ម​នៅ​កម្ពុជា​មាន​កម្រិត​តិច​ជាង​សហរដ្ឋអាមេរិក៖ «ក្រុម​ណា​មួយ​ដែល​ថា ឲ្យ​តែ​សាច់​ឈាម​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី គឺ​ធ្វើ​ខុស​ទាំង​អស់ ដូច្នេះ​គឺ​វា​មិន​មែន​ការ​ពិត​ទេ។ ក៏​ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា កម្ពុជា មិន​មាន​អ្នក​ណា​យក​កាំភ្លើង​ទៅ​បាញ់​កូន​ចៅ​ងាប់​អស់​បួន​ដប់​នាក់ ដូច​នៅ​សហរដ្ឋអាមេរិក​ទេ»
ឆ្លើយ​តប​នឹង​ប្រសាសន៍​របស់​លោក ផៃ ស៊ីផាន នេះ​ដែរ លោក គុជ ច័ន្ទលី ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ពី​រដ្ឋ Maryland ដែល​ជា​អ្នក​តាម​ដាន​ដំណើរ​ការ​នីតិរដ្ឋ​នៅ​កម្ពុជា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នោះ មាន​ប្រសាសន៍​ថា សហរដ្ឋអាមេរិក​ជា​ប្រទេស​ជឿន​លឿន​លើ​គ្រប់​វិស័យ រួម​ទាំង​វិស័យ​យុត្តិធម៌។ លោក​បញ្ជាក់​ថា លោក​កម្រ​ឃើញ​ជន​ល្មើស​ច្បាប់​ក្នុង​សហរដ្ឋអាមេរិក អាច​រួច​ខ្លួន​ងាយ​ស្រួល​ដូច​នៅ​កម្ពុជា​នោះ​ទេ៖ «មាន​មន្ត្រី​ខ្លះ​នៅ​ក្នុង​រដ្ឋាភិបាល​ប្រទេស​ខ្មែរ​យើង បាន​ឆ្លើយ​ការពារ​ដោយ​សេចក្ដី​ងងឹតងងុង ពីព្រោះ​នៅ​សហរដ្ឋអាមេរិក កាល​ណា​បុគ្គល​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម ដូច​ជា​ការ​បាញ់​សម្លាប់​ជាដើម​នេះ រត់​មិន​រួច​ពី​សំណាញ់​យុត្តិធម៌ គេ​នឹង​រក​ឃើញ​ភ្លាម»
អង្គការ​លើក​លែង​ទោស​អន្តរជាតិ Amnesty International ធ្លាប់​បាន​រាយការណ៍​ថា ការ​ជម្រះ​ក្តី​ជន​ប្រព្រឹត្ត​បទ​ល្មើស ដែល​ជា​ក្រុម​មន្ត្រី​មាន​អំណាច​ជិត​ស្និត ឬ​ជា​សាច់ញាតិ​របស់​ប្រមុខ​រដ្ឋាភិបាល តែង​ធ្វើ​ឡើង​ផ្ទុយ​ពី​ច្បាប់​របស់​ប្រទេស និង​កាតព្វកិច្ច​ច្បាប់​អន្តរជាតិ។
អង្គការ​នេះ​ក៏​បាន​ទាម​ទារ​ផង​ដែរ​ថា ការ​ជំនុំ​ជម្រះ​ដោយ​ចំហ និង​ជា​សាធារណៈ​ចំពោះ​មុខ​មហា​ជន​ទូទៅ គឺ​ជា​នីតិវិធី​មួយ​ដ៏​ចាំបាច់​បំផុត និង​ជា​មូលដ្ឋាន​សម្រាប់​សង្គម​ប្រជាធិបតេយ្យ ដើម្បី​ធានា​ថា យុត្តិធម៌​ត្រូវ​បាន​រក​ឃើញ​ប្រកប​ដោយ​ការ​ជឿជាក់។ ហើយ​កត្តា​ទាំង​នេះ មាន​សារសំខាន់​ណាស់​ដើម្បី​ឲ្យ​ច្បាស់​ថា និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោស​ពៃ​នឹង​មិន​អាច​ផ្តល់​ឲ្យ​បាន​ទេ​ចំពោះ​ជន​ណា​ដែល​រំលោភ​សិទ្ធិ​មនុស្ស៕

No comments:

Post a Comment

yes