សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 30, 2012

តើ​ការ​រួម​គ្នា​របស់​បក្ស​ប្រឆាំង​អាច​រឹងមាំ​បាន​យូរ​ប៉ុនណា?

120730_02
អ្នកគាំទ្រគណបក្សទាំង២ចាប់​ដៃ​គ្នា
«បាយ​ខុនៗ​ឱ​ចង​ដៃ​ ឱ​ណា​អំបោះៗ​បី​សរសៃ ចង​ដៃៗ​ SRP និង HRP​...» ​នេះ​មិន​មែន​ចម្រៀង​​បទ​ភ្លេង​ប្រពៃណី​អាពាហ៍​ពិពាហ៍​កូន​កំលោះ​កូន​ ក្រមុំ​ទេ ​តែ​ជា​ចំណង​ដៃ​គូស្នេហ៍​ថ្មី​​ រវាង​គណ​បក្ស​ សម​ រង្ស៊ី ​(SRP)​ និង​​ គណ​បក្ស​សិទ្ធិ​មនុស្ស​ (HRP)​។ ​តើ​ចំណង​ដៃ​ថ្មី«​បក្ស​​ថ្មី​ ១​​ »​ នេះ ជួប​គ្នា​ដល់​ពេល​ណា​?​
មុន​​ការ​​បោះ​​ឆ្នោត​​ជាតិ​ខែ​កក្កដា​ឆ្នាំ ២០១៣​​ ខាង​មុខ​នេះ ​ទាំង​​បក្ស​​កាន់​​អំណាច​​​ ទាំង​​បក្ស​​ស្រប​​តាម​​គេ​​ តា​ម​​ឯង​​ ទាំង​​បក្ស​​ប្រឆំាង​​គឺ​​សកម្ម​​ជន​​​ម្នាក់ៗ​​ ខិត​​​ខំ​​គិត​​រក​យុទ្ធ​​សាស្រ្ត​​រៀងៗ​​ខ្លួន​​ ដើម្បី​​បក្ស​​ ជា​ជាង​​​​ការងារ​រាជ​ការ​របស់​ខ្លួន​ទៅ​ទៀត​។​ ឲ្យ​តែ​ដល់​ចុង​សប្តាហ៍​មិន​ទាន់​ទេ​ គឺ​នាំ​គ្នា​ចុះ​មូល​ដ្ឋាន​ព្រាត​ ឯ​មន្រ្តី​រាជ​ការ​​មួយ​ចំនួន​ខ្លះ​​ទៀត​​​យក​​ម៉ោង​​ធ្វើ​​ការ​​រដ្ឋ​​ សោះ​​ទៅ​​ប្រជុំ​​បក្ស​ ឬ​ក៏​ទៅ​ចុះ​មូល​ដ្ឋាន​ក៏​មាន​ដែរ​ ពោល​គឺ​យក​បក្ស​ជា​ធំ​។​
ឯ​ប្រជា​ពល​រដ្ឋ​វិញ​ មួយ​ចំនួន​ចេះ​តែ​ទៅ​ស្តាប់ៗ​ទៅ​ ក្រែង​បាន​អំណោយ​នឹង​គេ​។​ ឯ​ខ្លះ​ទៀត​​បែរ​ជា​ធុញ​ទ្រាន់​ទៅ​វិញ​ ពី​ការ​ចុះ​ផ្ស​ព្វ​ផ្សាយ ​និង​បង្ខំ​ឲ្យចុះ​ឈ្មោះ​ចូល​ជា​សមា​ជិក​​​គណ​​បក្ស​​ក៏​​មាន​ ហើយ​តាម​ដាន​គ្នា ​និង​លាប​ពណ៌​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ អ្នក​នេះ​បក្ស​នេះ ​អ្នក​នោះ​បក្ស​នោះ​។​​ ឯ​ប្រជា​ពល​រដ្ឋ​ខ្លះ​ ក៏​ធុញ​ទ្រាន់​នឹង​ឈ្មោះ​បក្ស​ថ្មីៗ ​ម្តង​​ដូរ​​ទៅ​លិច​ ម្តង​ដូរ​ទៅ​កើត​ ​ដែល​មាន​សមាជិក​សកម្ម​ដដែលៗ​នោះ​ ដែល​ស្ទើរ​តែ​គ្រប់​អ្នក​នយោបាយ​ទាំង​អស់​ ឲ្យ​តែ​ចង់​ធ្វើ​ធំ​ សុទ្ធ​តែ​បង្ហាញ​ថា​ ខ្លួន​ជា​អ្នក​ស្អាត​ស្អំ ​គឺ​ធ្វើ​អ្វីៗ​ដើម្បី​ប្រទេស​ជាតិ​ ​យក​ជាតិ​ជាធំ​ ប្រសិន​បើ​ប្រជា​ពល​រដ្ឋ​ នៅ​តែ​គាំទ្រ​ខ្ញុំ​ ខ្ញុំ​នៅ​តែ​ធ្វើ​នយោបាយ​បន្ត​ទៅ​ទៀត​ ទៅ​តាម​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​នោះ​។ ​ហេតុ​អ្វី​បាន​ជាអ្ន​ក​នយោ​បាយ​ ចេះ​តែ​នាំ​គ្នា​បង្កើត​បក្ស​ថ្មីៗ ​ដើម្បី​ចង់​ធ្វើ​ធំ​ខ្លួន​ឯង​នោះ​?​ ហើយ​បក្ស​ខ្លះ​ មាន​ឈ្មោះ​ខ្លួន​ឯង​រួច​ហើយ ​ហើយ​ក៏​គ្មាន​នរណា​មក​បំបែក​ផង​ ចេះ​តែ​ដូរ​ឈ្មោះ​ថ្មីៗ​អ៊ីចឹង​ ហើយ​តាំង​ប្រឹង​ប្រែង​ផ្សព្វ​ផ្សាយ​?​ តើ​មាន​ប្រយោជន៍​អ្វី​ខ្លះក្នុង​ការ​បង្កើត​ឈ្មោះ​បក្ស​​ថ្មី​ ជំនួស​ឲ្យ​បក្ស​ខ្លួន​ឯ​ង​នោះ​​?​

កាលពី​២សប្តាហ៍​ថ្មីៗ​ នេះ ​មាន​ការ​ចង​សម្ព័ន្ធ​ភាព ​ជា​មួយ​គ្នា​បង្កើត​ឈ្មោះ​គណ​បក្ស​ថ្មី​​មួយ​ទៀត​ នៅ​ក្រុង​ម៉ានីល​​ប្រទេស​ហ្វីលីពីន​ ​«​ចលនា​​ប្រជាធិប​តេយ្យ ​សង្គ្រោះ​ជាតិ​» ដែល​បាន​មក​ពី​ការ​បង្រួប​បង្រួម​គ្នា​ រវាង​គណបក្ស ​សម ​រង្ស៊ី ​និង​​គណ​បក្ស សិទ្ធិ​មនុស្ស​ ដែល​ការ​ច្របាច់​បញ្ចូល​គ្នា​ រហូត​ដល់​ឆ្នាំ​ ២០​១៧ ​ឯ​ណោះ​។​ សកម្ម​ភាព​ទាំង​នេះ​គឺ​សុទ្ធ​តែ​បង្ហាញ​ពី​ឆន្ទៈ​​រៀងៗ​ខ្លួន​ថា​ ការ​បង្រួប​បង្រួម​ដើម្បី​ប្រទេស​ជាតិ​។​ ចម្ងល់​នៅ​តែ​ឆ្ងល់​ សួរថា​ បើ​កាល​ពី​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០០៨​ ក្នុង​យុទ្ធ​នា​ការ​ឃោស​នា​រក​សំឡេង​ឆ្នោត​ គឺ​ប្រយុទ្ធ​គ្នា​ស្ទើរ​ស្លាប់​ ស្ទើរ​រស់​ ហើយវាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ចាស់​ដៃ​ ដោយ​សារ​បក្ស​សិទ្ធិ​មនុស្ស​ បញ្ចុះ​​បញ្ចូល​យក​សម្មជន​បក្ស​សម​រង្ស៊ី​នោះ ​ធ្វើ​ឲ្យ​បក្ស​សម​រង្ស៊ី​ខឹង​ ចោទ​បក្ស​សិទ្ធិ​មនុស្ស​ថា​ ជា​អាយ៉ង​របស់​គណ​បក្ស​ប្រជា​ជន​ (CPP)​ និង​គាំទ្រ​ដោយ​ CPP​ ទៀត​ផង​។​ ជា​មួយ​គ្នា​នោះ​ដែរ​ កាល​ពី​ឆ្នាំ​ទៅ​ គណ​បក្ស​ប្រជាជន​ បាន​បញ្ចេញ​ខ្សែ​អាត់​ ការ​ពិភាក្សា​គ្នា​ រ​វាង​លោក ​ហ៊ុន​ សែន ​និង​លោក ​កឹម ​សុខា ​ដែល​ជា​ប្រធាន​បក្ស​សិទ្ធិ​មនុស្ស​​ថែម​ទៀត​ គឺ​​ធ្វើ​​ឲ្យ​​កាន់​តែ​​មាន​ការ​មន្ទឹល​សង្ស័យ​ខ្លាំង​ឡើង​ សម្រាប់​បក្ស​សម ​រង្ស៊ី​ថា ​អ្នក​ដែល​នៅ​ពី​ក្រោយ​​បក្ស​សិទ្ធិ​មនុស្ស ​គឺ​បក្ស​ប្រជាជន​។
ហេតុ​អ្វី​បាន​ជា​បក្ស​ទាំង​ ២​ ចា​ប់​ផ្តើម​ចាប់​ដៃ​គ្នា​ម្តង​ទៀត​អ៊ីចឹង​?​ ឬ​មួយ​ក៏​មក​ពី​ចាញ់​ឆ្នោត​ឃុំ​-​សង្កាត់​ CPP ​ថ្មីៗ​នេះ ​មិន​អស់​ចិត្ត​ បាន​ជា​ខំ​ស្រវេ​ស្រវា​រក​គ្នា​បង្កើត​បក្ស​ថ្មី​នេះ​?​  តើ​ការ​បញ្ចូល​គ្នា​ចំណេញ​អ្វី​ខ្លះ​?​ ហើយ​ពាក្យ​ថា​៖ «​សង្គ្រោះ​ជាតិ​»​ របស់​បក្ស​ថ្មី​ហ្នឹង​ មាន​ន័យថា​ ដូច​ម្តេច​?​ ឬ​ក៏​សង្គ្រោះ​ចេញ​ពី​ក្រញាំ​ដៃ​ ប្រទេស​វៀតណាម​?​ ឬ​ពី​ប្រទេស​ចិន​?​ ឬ​ក៏​ពី​លោក​​ ហ៊ុន​ សែន​?​ ហើយ​ហេតុ​អ្វី​បាន​ជា​ប​ក្ស​ថ្មី​នេះ ​ស៊ី​ពេល​យូរ​ម្លេ៉ះ​ រហូត​ដល់​ឆ្នាំ​ ២០​១៧​?​
តាម​ពិត​ទៅ​ ការ​ដែល​ដូរ​ឈ្មោះ​បក្ស​ដែល​ជា​ឈ្មោះ​របស់​មេ​ដឹ​ក​នាំប​ក្ស​ខ្លួន​ឯង​នោះ ​ទាំង​គណ​បក្ស​ សម រង្ស៊ី​ ទាំង​គណ​បក្ស​នរោ​ត្តម​ រណ​ឫទ្ធិ​ គឺ​មក​តែ​ពី​ឈ្មោះ​​បក្ស​ចាស់​ ត្រូវ​​បាន​គេ​បំបែក​។ ​ដូច​ជា​គណ​បក្ស​សម​ រង្ស៊ី​បាន​ផ្លាស់​ប្តូរ​​ឈ្មោះ​ មុន​បោះ​ឆ្នោត​ឆ្នាំ​ ១៩៩​៨​ គឺ​កាល​ពី​មុន​ឈ្មោះ​ថា​ គណ​បក្ស​ជាតិ​ខ្មែរ ដែល​បង្កើត​ឡើង​ឆ្នាំ​ ១៩៩៥​។​  ការ​ដែល​ដាក់​ឈ្មោះ​មេ​ដឹក​នាំ​ខ្លួន​ឯង​នោះ ​គឺ​ក្នុង​គោល​បំណង មិន​ចង់​ឲ្យ​គេ​បំបែក​ឈ្មោះ​​គណ​បក្ស​ជា​ពីរ​ជា​បី​ទៀត​​។ ​ចុះ​ហេតុ​អ្វី​បាន​ជា​ចង់​ ប្រែ​ក្លាយ​បក្ស​ ដែល​មាន​​ឈ្មោះ​មេ​ដឹក​នាំ​ខ្លួន​ឯង​សុខ​ៗប្តូរ​ទៅ​ជា​បក្ស​​១​​ថ្មី​ទៀត ​ដែល​មិន​មាន​ឈ្មោះ​មេ​ដឹក​នាំ​​បក្ស​ខ្លួន​ឯង​នោះ​?​ ហើយ​ស្រប​ពេល​ដែល​ គ.ជ.ប​ បាន​ប្រគល់​ឈ្មោះ​គណ​បក្ស​ជាតិ​ខ្មែរ​ចាស់​មក​វិញ​ផង​ដែរ​ ឬ​មួយ​ក៏​ការ​បង្កើត​បក្ស​ថ្មី​នេះ​ ដោយ​សារ​ការ​បាត់​បង់​ជំនឿ​លើ​ខ្លួន​ឯង​​?​ ឬ​មួយ​ក៏​យក​យុទ្ធ​សាស្រ្ត​ ពី​ការ​ធ្វើ​ដំណើរ​របស់​សត្វ​កញ្ចាញ់​ចេក ​ម្តង​លោត​ទៅ​លិច​ ម្តង​ទៅ​កើ​​ត ឆ្វេង​-ស្តាំ ឡើង​លើ​ ចុះ​​ក្រោម?​ ចុះ​នៅ​ពេ​ល​​ដែល​បក្ស​ថ្មី​នេះ​យក​មក​ប្រើ​ជា​ផ្លូវ​ការ​នោះ ​ហើយ​បោះ​ប​ង់​បក្ស​ចាស់​ចោល​ ចុះ​​បើ​សិន​ជា​មន្ត្រី​​ជាន់​​ខ្ពស់​​ត្រូវ​បាន​គេ​​ទិញ​ក្បាល​បាន​​ ដើម្បី​បំបែក​គណ​បក្ស​ថ្មី​នោះ ​តើ​ត្រូវ​ត្រឡប់​មក​យក​បក្ស​សម​រង្ស៊ី​ចាស់​វិញ​ឬ​?​ ក្រែង​ធ្លាប់​មាន​បទពិសោធ​ម្តង​រួច​មក​ហើយតើ​​​ហេតុ​អ្វី​​ក៏​មិន​ចេះ​រាង ​អ៊ីចឹង​?​   ហេតុ​អ្វី​បាន​ជា​ធ្វើ​នយោបាយ​ តាម​ចិត្ត​នឹក​ឃើញ​ ដូច​ជា​ គ្មាន​យុទ្ធ​សាស្រ្ត​អ្វី​ច្បាស់​លាល់​សោះ​?​ ដល់​ពេល​ដូរ​ឈ្មោះ​បក្ស​ច្រើន​ពេក​ទៅ​ អ្នក​ធ្លាប់​តែ​គំាទ្រ​ខ្លះ​ មាន​ការ​ធុញ​​ទ្រា​​ន់​​នឿយ​ណាយ​ឯង​ ព្រោះ​ធ្លាប់​ស្គាល់​តែ​បក្ស​ចាស់​ ដល់​បក្ស​ថ្មី​ឥត​ស្គាល់​។​ ហេតុ​អ្វី​បាន​ជា​បក្ស​ទាំង​ ២ ​ចំា​បូក​សំឡេង​បញ្ចូល​គ្នា​នៅ​ក្នុង​សភា​ ឲ្យ​បាន​លើស​ ៥០​ភាគ​រយ​​ បូក​ ១ ​ទៅ​ជា​ការ​ស្រេច​ទៅ​ហើយ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​នោះ​?​ ឬក៏​មាន​ផល​ចំណេ​ញ​ចំពោះ​បក្ស​តែ​មួយ​នៅ​ពេល​បូក​សន្លឹក​ឆ្នោត​ដែល​សស់ ​ក្រែង​បាន​កៅអី​បន្ថែម​?​ ឬ​មួយ​​ក៏​សង្ឃឹម​ថា ការ​​បង្កើត​បក្ស​ថ្មី​នេះ ធ្វើ​ឲ្យ​មាន​​ការ​ទាក់​ទាញ​សមាជិក​ពី​គណបក្ស​ប្រជាជន​បាន?
ជាក់​ស្តែង​ សមាជិក​ទាំង​ថ្នាក់​លើ ​ទាំង​ថ្នាក់​ក្រោម ​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ស្ទើរ​តែ​ទាំង​អស់​ សុទ្ធ​តែ​ជា​មនុស្ស​អតីត​សមា​ជិក​សកម្ម​របស់​គណបក្ស​សម រង្ស៊ី​។​ អ៊ីចឹង​បក្ស​ទាំង​ ២ ​ហ្នឹង​ គឺ​មនុស្ស​ដដែល​ អត់​មាន​មនុស្ស​ថ្មី​ផង​ហ្នឹង​។​ ឬ​មួយ​ក៏​ក្រោម​ការ​បង្រួប​បង្រួម​បក្ស​ ២ ​នេះ ​មាន​អ្វី​នៅ​ពី​ក្រោយ​ខ្នង​រៀង​ៗ​ខ្លួន​?​
គួរ​រំឭក​ផង​ដែរ​ថា ស្ទើរ​តែ​គ្រប់​អ្នក​នយោបាយ​ និង​អ្នក​តាម​ដាន​សភាពការណ៍​នយោបាយ​ស្រុក​ខ្មែរ​ តែង​តែ​ដឹង​ពី​យុទ្ធសាស្រ្ត​ឈ្នះៗ​របស់​លោក​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋ​មន្ត្រី​ ដែល​បាន​បំបែក​ខ្មែរ​ក្រហម​មក​ម្ល៉េះ ហើយ​យក​មក​ប្រើ​ជាមួយ​គណ​បក្ស​នយោបាយ​ទៀត​គឺ​បំបែក​ និង​បង្រួប​បង្រួម​ផង​ដែរ​នោះ​ គឺ​យុទ្ធសាស្រ្ត​ឌីហ្វីដ​ (DIFID = Devide, Isolate, Finish, Integration, and Development and Destroy) ​មាន​ន័យ​ថា​ បំបែក​ ឲ្យ​​នៅ​ឆ្ងាយ​ដាច់​ពី​គេ​ឯង បញ្ចប់​ បង្រួប​បង្រួម​ អភិវឌ្ឍ​និង​បើ​អភិវឌ្ឍ​មិន​ទៅ​មុខ​ទេ ​មាន​តែ​កម្ទេច​ចោល​តែ​ម្តង​។​ តាម​រយៈ​យុទ្ធសាស្រ្ត​ឌីហ្វីដ​នេះដែរ​ បក្ស​ទាំង ​២​ ចង់​បង្កើត​បក្ស​ថ្មី​ឈ្មោះ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះជាតិ​ថ្មី​ ១ ​នេះ​ គួរ​តែ​ពិចារណា​ឡើង​វិញ​ ពី​ការ​បង្កើត​បក្ស​ថ្មី​នេះ ​កុំ​ឲ្យ​ចេះ​តែ​ភ្លែត​ឡើង​ ប្រជា​ពល​រដ្ឋ​នៅ​តែ​គាំទ្រ​ខ្ញុំ ខ្ញុំ​នៅ​តែ​ធ្វើ​នយោបាយ​នោះ​​ ធ្វើ​ដើម្បី​ជាតិៗ​ ជាតិ​ចុះ​​ ជាតិ​ឡើង​បែក​ខ្ចាយ​។
គួរ​ចង​ចំា​ផង​ដែរ​ថា​​ ការ​ថែ​ទំា​ឈ្មោះ​អ្វី​មួយ​ «Brand​ name»​ ឲ្យ​​គេ​ស្គាល់​គឺ​វា​ស៊ី​ពេល​យូរ​ណាស់។ ការ​ធ្វើ​នយោបាយ​មិន​ខុស​ពី​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ ក្នុង​ការ​រក​ស៊ី​នោះ​ទេ​ ដើម្បី​ឲ្យ​គេ​ស្គាល់​ឈ្មោះ​​ផលិត​ផល​របស់​ខ្លួន​​នោះ​ជា​ការ​លំបាក​ណាស់ ​មិន​មែន​ចេះ​តែ​​ធ្វើ​តាម​ទំនើង​ចិត្ត​នឹក​ឃើញ​នោះ​ទេ​។​ ឧទា​ហរណ៍​៖ ​ប្រវត្តិ​របស់​ភេសជ្ជៈ​កូកា​កូឡា​ បាន​ចាប់​ផ្តើម​បន្តិច​ម្តងៗ​ តាំង​ពី​ឆ្នាំ​ ១​៨៨០ ​មក​ម្ល៉េះ ​គឺ​ក្រុម​ហ៊ុន​បាន​ប្រឹង​ប្រែង​ផ្សព្វ​ផ្សាយ​​ទីផ្សារ​សូម្បី​​តែ​និមិត្ត​សញ្ញា​ក៏មិន​ដូរ​ដែរ​គឺ​មក​ទល់​សព្វ​ថ្ងៃ​នេះ​​ ភេសជ្ជៈ​កូកា​កូឡា​វាយ​លុក​យក​ទីផ្សារ​បាន​​ជា​ង​ ៥០​ ភាគរយ​ក្នុង​ចំណោម​​ភេ​ស​ជ្ជៈ​ទាំង​អស់​នៅ​​លើ​ពិភព​លោក​។
ជា​សរុប​មក​វិញ​ការ​បង្កើត​គណបក្ស​ឈ្មោះ​ថ្មី​​ ការ​ធ្វើ​នយោបាយ​ធ្វើ​អ្វី​ធ្វើ​ចុះ ឲ្យ​តែ​ទៅ​​តាម​ច្បាប់​​ទម្លាប់​ទៅ​។​ តែ​គ្រាន់​តែ​កុំ​បំពុល​សង្គម​ ឲ្យ​ប្រជា​ពលរដ្ឋ​ឈឺ​ក្បាល​បាន​ហើយ​។ ម្នាក់ៗ​រក​តែ​វេច​បង្វេច​រៀង​ៗ​ខ្លួន​ មិន​ដឹង​ជា​ទៅ​ណាមក​ណា​ទេ នៅ​​ពេល​​បោះ​​ឆ្នោត​ម្តង​ៗ​ មិន​ដឹង​ស្រុក​ទេស​យ៉ាង​ម៉េច​ទេ​។​

No comments:

Post a Comment

yes