សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 11, 2012

កូនស្រី​អតីត​មេដឹកនាំ​ផ្តាច់ការ​កូរ៉េ​ខាង​ត្បូង​ឈរឈ្មោះ​ជា​ប្រធានាធិបតី


លោកស្រី ប៉ាក់ គុនហឺ (Park Geun-Hye) កូនស្រី​អតីត​មេដឹកនាំ​ផ្តាច់ការ​កូរ៉េ​ខាង​ត្បូង​ ក្នុងទសវត្សរ៍​ទី៦០ និង​៧០ បាន​ប្រកាស​ជាផ្លូវការ នៅថ្ងៃ​អង្គារ​នេះ ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី ជំនួស​លោក​លី ម្យ៉ុងបាក់ ដែល​ត្រូវ​ផុត​អាណត្តិ។ ការ​ស្ទាបស្ទង់មតិ​បង្ហាញ​ថា លោកស្រី​ប៉ាក់ គុនហឺ កំពុង​មាន​ប្រជាប្រិយភាព​នាំមុខគេ ក្នុង​ការបោះឆ្នោត​ ដែល​នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅ​ខែ​ធ្នូ​ចុងឆ្នាំ​នេះ។

លោកស្រី ប៉ាក់ គុនហឺ និង​លោក​លី ម្យ៉ុងបាក់ មក​ពី​គណបក្ស​អភិរក្ស​និយម​ជាមួយ​គ្នា ហើយ​ កាល​ពី​ឆ្នាំ​២០០៧ លោកស្រីធ្លាប់​បាន​ព្យាយាម​ឈរឈ្មោះ​ជា​បេក្ខនារី​ប្រធានាធិបតី​ម្តង​រួចមកហើយ ក៏ប៉ុន្តែ មិនបាន​ជោគជ័យ ដោយ​សារ​តែ​លោកស្រី​ទទួលបាន​សំឡេង​គាំទ្រ​តិច​ជាង​លោក លី ម្យ៉ុងបាក់ នៅ​ក្នុងការ​បោះឆ្នោត​ក្នុង​បក្ស។
នៅខែក្រោយ​នេះ គេរំពឹង​ថា លោកស្រី​ប៉ាក់ គុនហឺ នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​គណបក្ស ដើម្បី​ឈរឈ្មោះ​​ជា​ប្រធានាធិបតី បន្ត​ពី​​​លោក​​លី ម្យ៉ុងបាក់ ដែល​ត្រូវ​ផុត​អាណត្តិ ហើយ​ដែល​មិន​អាច​ឈរឈ្មោះ​​ម្តងទៀត​បាន ដោយសារ​តែ​​​រដ្ឋធម្មនុញ្ញ​​កូរ៉េ​ខាង​ត្បូង​កំណត់​អាណត្តិ​ប្រធានាធិបតី​ត្រឹមតែ​មួយ​អាណត្តិ។


នៅពេលនេះ ថ្វីដ្បិត​តែ​បេក្ខជន​មក​ពី​គណបក្ស​ផ្សេងទៀត នៅ​មិនទាន់​ប្រកាស​ឈរឈ្មោះ​ជាផ្លូវការ ការស្ទាបស្ទង់មតិ​​ថ្មីៗ​នេះ​បង្ហា​ញ​ថា លោកស្រី​ប៉ាក់ គុនហឺ គឺ​ជា​បេក្ខនារី​ដែល​មាន​ការគាំទ្រ​ច្រើន​​ជាងគេ​បំផុត នៅ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​​នៅ​ខែ​ធ្នូ​ចុង​ឆ្នាំនេះ។

គួរបញ្ជាក់ថា ឪពុក​របស់​លោកស្រី ប៉ាក់ គុនហឺ គឺ​លោក​ប៉ាក់ ជុង​ហ៊ី (Park Chung-Hee) គឺ​ជា​អតីត​មេដឹកនាំ​ផ្តាច់ការ​កូរ៉េ​ខាង​ត្បូង ដែល​បាន​ឡើង​កាន់​អំណាច​​តាមរយៈ​រដ្ឋប្រហារ នៅ​ឆ្នាំ​១៩៦១ ហើយ​កាន់អំណាច​រហូតដល់​​​ពេល​លោក​ត្រូវ​​មិត្តភក្តិ​ជិតស្និទ្ធ និង​ជា​នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កូរ៉េ​ខាង​ត្បូង ​លបធ្វើ​ឃាត នៅ​ឆ្នាំ​១៩៧៩។ នៅក្នុងរយៈពេល​ជិត ២០ឆ្នាំ​នោះ ថ្វីដ្បិត​តែ​លោក​ប៉ាក់ ជុងហ៊ី កាន់អំណាច​តាម​របៀប​ផ្តាច់ការ ដែល​ធ្វើ​ឲ្យ​ប្រជាជន​កូរ៉េ​ខាងត្បូង​មិន​ចូលចិត្ត ក៏ប៉ុន្តែ វា​ជា​អំឡុង​ពេល ដែល​កូរ៉េ​ខាង​ត្បូង​ស្គាល់​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​យ៉ាងលឿន​បំផុត។ ក្រុមហ៊ុន​កូរ៉េ​ធំៗ ដែល​បច្ចុប្បន្ន​មាន​ឈ្មោះ​បោះសំឡេង នៅលើ​ឆាកអន្តរជាតិ ដូចជា Hyundai និង Samsung ជាដើម សុទ្ធតែ​បាន​ចាប់កំណើត​ឡើង នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ប៉ាក់ ជុងហ៊ី។

លោកស្រី​ប៉ាក់ គុនហឺ ដែល​ជា​កូនស្រី​វិញ ​ហាក់​បាន​បង្ហាញ​អំពី​ជំហរ​ខុស​ពី​ឪពុក​ ដោយ​​លោកស្រី​​​ទាមទារ​ឲ្យ​​កូរ៉េ​ខាង​ត្បូង​បញ្ឈប់​ការ​គិតគូរ​តែ​ពី​ប្រសិទ្ធភាព​សេដ្ឋកិច្ច ​ភ្លេច​គិត​រឿង​​​យុត្តិធម៌​សង្គម និង​សុខមាល​ភាព​របស់​ប្រជាជន។ លោកស្រី​បាន​ប្រកាស​សន្យា​ថា ប្រសិន​បើ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី លោកស្រី​នឹង​ដាក់ចេញ​នូវ​នយោបាយ ដើម្បី​​កាត់បន្ថយ​អត្រា​យុវជន​អត់ការងារ​ធ្វើ កាត់បន្ថយ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ និង​ជំរុញ​ឲ្យ​​ក្រុមហ៊ុន​សហគ្រាស​មាន​ការ​ទទួលខុស​ត្រូវ​ផ្នែក​សង្គម។

ចំពោះ​នយោបាយ​ការបរទេស​វិញ លោកស្រី​សន្យា​ថា នឹង​សម្រួល​ទំនាក់ទំនង​ ជាមួយ​កូរ៉េ​ខាង​ជើង ដែល​ជួប​នឹង​ភាព​តានតឹង​ពេញ​មួយ​អាណត្តិ​របស់​លោក​លី ម្យ៉ុងបាក់៕

No comments:

Post a Comment

yes