សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 30, 2012

ជា មុនី គំរាម​ដឹក​នាំ​ធ្វើ​កូដកម្ម​ធំមួយ​បើ​សិន​គ្មា​ន​ការ​ចរចា​ពី​ប្រាក់​អត្ថ​ប្រយោជន៍​ជា​ថ្មី

120730_07b
លោក ជា មុនី​​ នៅក្នុង​​សកម្មភាព​​កូដ​​កម្ម ​កម្ម​ករកន្លង​មក​​
ភ្នំពេញៈ លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ជួប​ជាមួយ​តំណាង​សហជីព​ជាង​៧០​ផ្សេង​គ្នា​មក​ពី រោង​ចក្រ ៣៥ រោង​ចក្រ បាន​បដិសេធ​មិន​ទទួល​យក​ប្រាក់​អត្ថ​ប្រយោជន៍​ថ្មី​ចំនួន ១០ ដុល្លារ ដែល​បាន​ឯកភាព​ពី​ក្រសួង​ការ​ងារ​នោះ​ទេ ហើយ​គំរាម​ធ្វើ​កូដ​កម្ម​ដ៏ធំ បើ​ចំនួន​ទឹក​ប្រាក់​នេះ​មិន​ត្រូវ​បាន​ដំឡើង​ឲ្យ​សម​រម្យ។ នេះ​បើ​យោង​តាម​មន្រ្តី​សហជីព​បាន​អះ​អាង​ឲ្យ​ដឹង។
លោក ជា មុនី ថ្លែង​ថា ចំនួន​ទឹក​ប្រាក់​ផ្តល់​ឲ្យ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ដោយ​គណៈ​កម្មការ​ប្រឹក្សា​ការ​ងារ​ដែល​នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ទី​១ កញ្ញា ខាង​មុខ​នេះ គឺ​ជា​ចំនួន​តិច​តួច។ លោក​បាន​លើក​ឡើង​ពី​បញ្ហា​ដែល​កម្មករ​កំពុង​ជួប​ប្រទះ​ការ​ចំណាយ​កើន ឡើង​ក្នុង​ការ​រស់​នៅ ហើយ​ក៏​បាន​ស្នើ​សុំ​ជួប​ជជែក​ទ្វេ​ភាគី​ជាមួយ​សមាគម​រោង​ចក្រ​កាត់ ដេរ​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​ពី​បញ្ហា​អត្ថ​ប្រយោជន៍​កម្មករ​នេះ។
លោក​បន្ត​ថា​៖ «ខ្ញុំ​ចង់​បញ្ជាក់​ថា សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹ​ក្សា​ការ​ងារ​នៅ​មាន​បញ្ហា ហើយ​ធ្វើ​ឲ្យ​កម្មករ​លំបាក ព្រោះ​វា​តិច​ពេក។ យើង​មិន​អាច​ទទួល​យក​បាន​ទេ ខ្ញុំ​នៅ​តែ​មិន​ទាន់​សុខ​ចិត្ត»។
លោក ជា មុនី អះ​អាង​ថា ការ​ផ្តល់​ឲ្យ​របស់​គណៈ​កម្មការ​ប្រឹក្សា​ការ​ងារ​គួរ​តែ​កៀក​ទៅ​នឹង ចំនួន​ដែល​ផ្តល់​ឲ្យ​កម្មករ​នៅ​ក្រុង​បាវិត ដែល​ក្នុង​នោះ​កម្មករ​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ប្រាក់​ថ្លៃ​សោហ៊ុយ ធ្វើ​ដំណើរ និង​ថ្លៃ​ស្នាក់​នៅ​១០ដុល្លារ ប្រាក់​រង្វាន់​ការ​ងារ​ទៀង​ទាត់​១០​ដុល្លារ​ក្នុង​មួយ​ខែ និង​ប្រាក់​ថ្ងៃ​បុណ្យ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​បាន​ផ្ញើ​លិខិត​មួយ​ទៅ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ដើម្បី​ស្នើ​សុំ​ពិភាក្សា​ការ​ទាម​ទារ​អត្ថ​ប្រយោជន៍​បន្ថែម សម្រាប់​កម្មករ ហើយ​យើង​នឹង​ធ្វើ​កូដកម្ម​ដ៏ធំ​មួយ បើ​សិន​ពុំ​មាន​ដំណោះ​ស្រាយ​ទេ»។ លោក​បន្ថែម​ថា លោក​បាន​ស្នើថា ការ​ជជែក​ទ្វេ​ភាគី​នោះ គួរ​តែ​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​សីហា​ខាង​មុខ។
តំណាង​កម្មករ និង​សមាជិក​សហជីព​សេរី​កម្មករ​កម្ពុជា អ្នក​នាង ជាង ធីតា និយាយ​ថា កម្មករ​បាន​ប្រាប់​ពី​ការ​ដំឡើង​ថ្លៃ​ជួល​ផ្ទះ ដែល​ម្ចាស់​ផ្ទះ​ដំឡើង​ខ្ពស់​ជាង​ទឹក​ប្រាក់​អត្ថ​ប្រយោជន៍​ដែល​ទើប ផ្តល់​ឲ្យ​ថ្មីៗ​នេះ ហើយ​ចាំ​បាច់​ត្រូវ​មាន​អន្តរាគមន៍​ពី​រដ្ឋា​ភិបាល​ចំពោះ​ករណី​នេះ។
ធីតាបាន​បន្ត​ថា៖ «ម្ចាស់​ផ្ទះ​តែង​តែ​ឆ្លៀត​កេង​យក​ចំណេញ​ពី​អត្ថ​ប្រយោជន៍​ដែលត្រូវ​បាន ផ្តល់​ឲ្យទៅ​កម្មករ​ជា​និច្ច នៅ​ពេល​ណា​ពួក​កម្មករ​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​ណា​មួយ» ហើយ​ថា «ពួក​គេ​ដំឡើង​ការ​ចំណាយ​លើ​ថ្លៃ​ជួល​... ខណៈ​យើង​បាន​ព្យាយាម​ទាម​ទារ​អត្ថ​ប្រយោជន៍​អស់​ពេល​ជា​យូរ​មក​ហើយ»។
អ្នក​នាង ធីតា បាន​បញ្ជាក់​ទៀត​ថា កម្មករ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដើម្បី​ធ្វើ​កូដកម្ម ដោយ​រង់​ចាំ​លទ្ធ​ផល​នៃ​ការ​ជួប​ចរចា​គ្នា​នៅ​ថ្ងៃ​ទី២ ខែសីហា ជាមួយ​តំណាង​រោង​ចក្រ ដែល​អ្នក​នាង​សុំ​មិន​ប្រាប់​ឈ្មោះ​ដោយ​សារ​ខ្លាច​ថា នឹង​អាច​ប៉ះ​ពាល់​ដល់​ការ​ចរចា​គ្នា៕ 

No comments:

Post a Comment

yes