សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 30, 2012

ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ស្នើ​អន្តរជាតិ​ឲ្យ​ជួយ​កែ​ទម្រង់ គ.ជ.ប


ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដែល​មាន​គណបក្ស សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី បាន​ចេញ​លិខិត​មួយ​ច្បាប់ នៅ​ថ្ងៃ​ទី​២៨ កក្កដា ផ្ញើ​ទៅ​សហគមន៍​អន្តរជាតិ អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា ឲ្យ​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។
ការ​ធ្វើ​លិខិត​អំពាវនាវ​នេះ នៅ​ក្រោយ​ពេល​រដ្ឋាភិបាល​បាន​ប្រកាស​ជា​សាធារណៈ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ទទួល​យក​គំនាប​ណា​មួយ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នោះ​ទេ។
អនុ​ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ កក្កដា ថា ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ចង់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៣ ខាង​មុខ ប្រកប​ដោយ​ប្រជាធិបតេយ្យ សេរី និង​ត្រឹមត្រូវ។
លោក កឹម សុខា ជា​អនុ​ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស ដែល​បាន​រួប​រួម​ជាមួយ​គណបក្ស សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា នោះ មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង ពោល​គឺ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដែល​មាន​លោក សម រង្ស៊ី ជា​ប្រធាន បាន​ធ្វើ​លិខិត​ផ្ញើ​ទៅ​សហគមន៍​អន្តរជាតិ ពិសេស​ទៅ​ប្រទេស​មួយ​ចំនួន​ទៀត ដូច​ជា​សហរដ្ឋអាមេរិក ជាដើម ដើម្បី​ឲ្យ​មាន​ការ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ឡើង​វិញ ដើម្បី​ឲ្យ​ស្ថាប័ន​មួយ​នេះ​ក្លាយ​ជា​ស្ថាប័ន​ឯករាជ្យ។

លោក កឹម សុខា៖ «អ្នក​ឈ្នះ​ក៏​ត្រូវ​តែ​ឈ្នះ​ដោយ​កិត្តិយស អ្នក​ចាញ់ ចាញ់​ដោយ​អស់​ចិត្ត អីចឹង​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី ត្រឹម​ត្រូវ គឺ​ផ្ដើម​ចេញ​ពី​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត​ហ្នឹង ក្នុង​នោះ​ដែរ យើង​ចង់​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រកប​ដោយ​សមធម៌ គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​ចូល​រួម​បាន»
នៅ​ក្នុង​លិខិត​របស់​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ កក្កដា បាន​សរសេរ​ដោយ​អំពាវនាវ​ចំនួន​ពីរ​ចំណុច​សំខាន់ៗ គឺ​ទី១ ទាមទារ​ដាច់​ខាត​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ ហើយ​ឲ្យ​ស្ថាប័ន​មួយ​នេះ​មិន​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។
ទី២ មេ​ដឹកនាំ​គណបក្ស សម រង្ស៊ី និង​ជា​ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ឯ​បរទេស ស្ថិត​នៅ​ក្នុង​ការ​តាម​ចាប់​ខ្លួន​ដាក់​គុក​របស់​តុលាការ​កម្ពុជា​នោះ ត្រូវ​តែ​វិល​ចូល​មក​ប្រកួត​ប្រជែង​បោះ​ឆ្នោត ដោយ​គ្មាន​ការ​ចាប់​ខ្លួន។ បើ​មិន​ដូច្នោះ​ទេ គ្មាន​ការ​បោះ​ឆ្នោត​ពិត​ប្រាកដ​ទេ គ្មាន​ការ​ចូល​រួម​ពី​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​នោះ។
ការ​ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​សមភាព គ.ជ.ប ទៅ​សហគមន៍​អន្តរជាតិ​នេះ នៅ​ក្រោយ​ពេល​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​ប្រកាស​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ទទួល​យក​គំនាប​ណា​មួយ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក​វិញ​នោះ​ឡើយ។
លោក កែវ រ៉េមី ជា​ប្រធាន​ក្រុម​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​ទី​២៥ កក្កដា ថា គណបក្ស​ប្រឆាំង​តែង​តែ​ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​សមាសភាព គ.ជ.ប កន្លង​មក។
លោក កែវ រ៉េមី បាន​អះអាង​ថា គណបក្ស​ប្រឆាំង បាន​ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នេះ ដោយ​សារ​តែ​ការ​បោះ​ឆ្នោត​ជាច្រើន​លើក គណបក្ស​ប្រឆាំង​មិន​អាច​ឈ្នះ​គណបក្ស​កាន់​អំណាច៖ «គ.ជ.ប ខ្ញុំ​ធ្លាប់​នៅ​តំណាង​រាស្ត្រ ខ្ញុំ​ក៏​ធ្លាប់​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែរ។ ចរន្ត​ក៏​នៅ​វិល​ទៅ​វិល​មក​ដដែល មុន​ដំបូង សមភាព គ.ជ.ប សុំ​សមាសភាព​អត់​មាន​ពាក់ព័ន្ធ​នយោបាយ​ទេ NGOs សុទ្ធ ដល់​ក្រោយ​មក​សុំ​ដូរ​ឲ្យ​មាន​តំណាង​គណបក្ស​នយោបាយ​នៅ​ក្នុង​ហ្នឹង។ សមាសភាព​គណបក្ស សម រង្ស៊ី ក៏​នៅ​ក្នុង​ហ្នឹង​ដែរ ដល់​នៅ​តែ​មិន​ឈ្នះ ឥឡូវ​គាត់​ទាម​ទារ​ដូរ​ទៀត​ហើយ»
ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ លោក កឹម សុខា បាន​បញ្ជាក់​ថា នៅ​ពេល​បោះ​ឆ្នោត​ជាតិ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ បើ​មិន​មាន​ការ​ផ្លាស់​ប្ដូរ​សមាសភាព គ.ជ.ប ទេ​នោះ គណបក្ស​ប្រឆាំង​ទាំង​ពីរ ដែល​បាន​រួប​រួម​គ្នា​នោះ​នឹង​មិន​ចូល​រួម​ការ​បោះ​ឆ្នោត​នោះ​ទេ។
ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ ក្រុម​មន្ត្រី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ស្ថាប័ន គ.ជ.ប ជា​ស្ថាប័ន​មិន​ឯករាជ្យ លំអៀង​ទៅ​គណបក្ស​កាន់​អំណាច ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌។
សភា​អឺរ៉ុប​បាន​ចេញ​សេចក្ដី​សម្រេច កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១០ បាន​ថ្កោល​ទោស​ចំពោះ​តុលាការ​កម្ពុជា បាន​កាត់​ទោស​លោក សម រង្ស៊ី នោះ​ថា គឺ​ជា​រឿង​នយោបាយ។ បញ្ហា​នេះ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត ពីព្រោះ​ថា យុទ្ធសាស្ត្រ​នៃ​គណបក្ស​កាន់​អំណាច គឺ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​ដាក់​គំនាប​អ្នក​រិះគន់​រដ្ឋាភិបាល៕

No comments:

Post a Comment

yes