សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 6, 2012

១៤​គ្រួសារ​នៅ​បឹង​កក់​ខាង​លិច​តវ៉ា​នឹង​ការ​ឲ្យ​រើ​ផ្ទះ​ចេញ

120806_08
មាន​១៤គ្រួសារ ក្នុង​សហគមន៍​បឹងកក់​ខាង​លិចដែលត្រូវ​​អាជ្ញា​ធរ​​​តម្រូវឲ្យរុះ​រើ​ផ្ទះចេញ​
ភ្នំពេញៈ លំនៅ​ដ្ឋាន​ពលរដ្ឋ​១៤​គ្រួសារ​រស់​នៅ​សហគមន៍ ៣៤៧ ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួល​គោក ត្រូវ​អាជ្ញាធរ​តម្រូវ​ឲ្យ​រុះរើ​ចេញ ដោយ​អះអាង​ថា​ជា​ដី​សាធារណៈ​រដ្ឋ និង​ផ្តល់​សំណង​តាម​គោល​ការណ៍​ដី​មួយ​ឡូតិ៍​ជាមួយ​នឹង​ថវិកា​៣​លាន រៀល តែ​ពលរដ្ឋ​បាន​ជំទាស់​នឹង​សំណង នេះ ហើយ​សុំ​ឲ្យ​រដ្ឋ​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ស្រប​ច្បាប់​វិញ។
សំណើ​នេះ​ត្រូវ​បាន​តំណាង​ពលរដ្ឋ​សហគមន៍ ៣៤៧ ភាគ​ខាង​លិច ជិតបុរី​កាំកូ​ស៊ីធី លើក​ឡើង​ក្នុង​អង្គ​ប្រជុំ​រវាង​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ដឹក​នាំ​ដោយ​លោក គឹម ទីវពិសិដ្ឋ នាយក​រង​រដ្ឋ​បាល​សាលា​រាជ​ធានី​ភ្នំពេញ ជាមួយ​ក្រុម​តំណាង​ពលរដ្ឋ​ទាំង​១៤​គ្រួសារ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ដែល​តំណាង​ពលរដ្ឋ​អះអាង​ថា កិច្ច​ប្រជុំ​រក​ដំណោះ​ស្រាយ​នេះ មិន​បាន​ការ​ស្រុះ​ស្រួល​គ្នា​នោះ​ទេ គ្រាន់​តែ​អាជ្ញាធរ​ឲ្យ​តំណាង​ពលរដ្ឋ​ម្នាក់​លើក​ពី​សំណូម​ពរ និង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​មាន​ឱកាស​លើក​ពី​បញ្ហា​រៀងៗ​ខ្លួន​ឡើយ។
លោក ពៅ បញ្ញា តំណាង​ពលរដ្ឋ​ថ្លែង​ថា ពលរដ្ឋ​ស្នើ​សុំ​កុំ​ឲ្យ​មាន​ការ​បណ្តេញ​ចេញ​និង​សុំ​នូវ​កម្មសិទ្ធិ​ស្រប ច្បាប់​រស់​នៅ​ទី​នោះ ដែល​ផ្ទុយពី​គំនិត​របស់​អាជ្ញាធរ​ដែល​ចង់​ឲ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ​ចេញ និង​ផ្តល់​ដី​មួយ​ឡូតិ៍​នៅ តំបន់​ឆ្ងាយ​គ្មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ។

លោក​ថា ៖ «យើង​សុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​លំនៅ​ដ្ឋាន​តាម គ្រប់​រូប​ភាព និង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​ឲ្យ​ពលរដ្ឋ​ទាំង​១៤​គ្រួសារ»។
លោក បញ្ញា និយាយថា លំនៅ​ដ្ឋាន​ពលរដ្ឋ​សហគមន៍​៣៤៧ ភាគ​ខាង​លិច​ដែល​មាន​៩ខ្នង​ផ្ទះ ត្រូវ​បាន​ពលរដ្ឋ​មក​ទិញ​នៅតៗ គ្នា​តាំង​ពី​ឆ្នាំ​១៩៩០ ដែល​មាន​អ្នក​ប្រកប​របរ​ជា​អ្នក​លក់​កាហ្វេ កម្មករ​រោងចក្រ អ្នក​រត់​ម៉ូតូ​ឌុប អ្នក​រើស​អេត​ចាយ អ្នក​លក់ ចាប់ ហួយ អ៊ុតសក់ កាត់​សក់ និង​មន្ត្រី រាជការ។ ប៉ុន្តែ​នៅ​ឆ្នាំ​២០០៧ ទើប​ពលរដ្ឋ​ដឹង​ថា អាជ្ញាធរ​ឲ្យ​ពលរដ្ឋ​រុះរើ​ចេញ ហើយ​ក្រោយ​មក​ទើប​ដឹង​ថា រដ្ឋ​ត្រូវ​ការ​ពង្រីក​ធ្វើ​ផ្លូវ​លេខ ៣៤៧ ហើយ​ចោទ​ពលរដ្ឋ​ថា​រស់​នៅ​លើ​ដីរដ្ឋ។
លោក​បន្តថា តាមពិត​មាន​ពលរដ្ឋ​ប្រមាណ​៨៧​គ្រួសារ​រស់​នៅ​សហគមន៍​៣៤៧ ភាគ​ខាង​កើត បាន​រុះរើ​លំនៅ​ដ្ឋាន​ជា​បន្ត​បន្ទាប់ ដោយ​មិន​ហ៊ាន​តវ៉ា ព្រោះ​ក្នុង​ឆ្នាំ​២០០៧ មាន​ករណី​នៃ​ការ​ចាក់​បំពេញ​ដី​តំបន់​បឹង​កក់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សហគមន៍​នានា​ក្នុង​រាជធានី «មាន​ភាព​តក់​ស្លុត​និង​ខ្លាច​គេ​បណ្តេញ​ចេញ​គ្មាន​សំណង» ទៅ​ទទួល​ដីមួយ​ឡូតិ៍​៦គុណ​១២​ម៉ែត្រ និង​ថវិកា​៣​លាន​រៀល នៅ​ឃុំ​ជ្រៃ​លាស់ ស្រុក​ពញា​ឮ ខេត្ត​កណ្តាល។
លោក​ស្រី ឯក ម៉ា​លីន​ណា តំណាង​ម្នាក់​ទៀត​ ថ្លែង​ថា លំនៅ​ដ្ឋាន​ដែល​រើ​ចេញ​ទៅ​នោះ ក្រោយ​មក​ត្រូវ​ឯក​ជន​ព័ទ្ធ​របង​យក ស្ថិត​នៅ​ទល់​មុខ​សហគមន៍ ៣៤៧​ភាគ​ខាង​លិច​របស់​ពួក​គាត់។
លោក​ស្រី​បន្តថា នេះ​ដោយ​សារ​ការ​តស៊ូ​ទាម​ទារ​តាម​ផ្លូវ​ច្បាប់​របស់​ពលរដ្ឋ​ទាំង​១៤​គ្រួសារ​ដើរ ដាក់​ពាក្យ​អន្តរា​គមន៍​គ្រប់​អង្គ​ការ ស្ថាប័ន​រដ្ឋាភិ​បាល រដ្ឋសភា ទើប​ពួក​គាត់​មាន​ឱកាស​នៅ​រក្សា​លំនៅ​ដ្ឋាន​រហូត​មក​ដល់​ពេល​នេះ។
អ្នកស្រី​និយាយ​ថា៖«គេ​ចោទ​ថា​យើង​អនាធិប​តេយ្យ តែ​យើង​មាន​ប័ណ្ណ​សា្នក់​នៅ មាន​កាត​បោះ​ឆ្នោត និង​មាន​សំបុត្រ​កំណើត​ជាដើម»។
មន្ត្រី​សាលា​រាជធានី​ភ្នំពេញ មិន​អាច​សុំការ​បំភ្លឺ​បាន​ទេ កាល​ពី​ម្សិលមិញ។
លោក វិត ដារិទ្ធ ចៅសង្កាត់​បឹងកក់​១ បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ទាំង​នោះ​បាន​មក​តាំង​លំនៅ​លើ​ដីរដ្ឋ ដែល​ពេល​នេះ​រដ្ឋ​តម្រូវ​ឲ្យ​យក​ផ្លូវ​ពង្រីក​ឲ្យ​ធំ​ប្រមាណ​៣០​ម៉ែត្រ និង​ឲ្យ​ពលរដ្ឋ​១៤​គ្រួសារ​ចាក​ចេញ​ជាមួយ​នឹង​គោល​នយោ​បាយ​ដី​មួយ​ឡូតិ៍ និង​ថវិកា​៣​លាន​រៀល ហើយ​មក​ទល់​ពេល​នេះ​មាន​ពលរដ្ឋ​ជាង​១០០​គ្រួសារ ព្រម​ចាក​ចេញ និង​សល់​តែ​មួយ​ចំនួន​តូច​នេះ​ប៉ុណ្ណោះ។
លោក​បន្ត​ថា ៖ «ពលរដ្ឋ​ទាំង​នេះ មិន​យល់​ផ្លូវ​ច្បាប់ ព្រោះ​នេះ​ជាដី​សាធារណៈ យើង​ផ្តល់​បាន​តែ​ដី​មួយ​ឡូតិ៍ និង​ថវិកា​គោល​នយោបាយ​ទេ។ គាត់​គួរ​តែ​យល់​ ព្រោះ​បើ​នៅ​តែ​រស់​នៅ នឹង​មិន​មាន​លក្ខណៈ​រឹងមាំ​ឡើយ»៕

No comments:

Post a Comment

yes