សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 6, 2012

សំណើ​សួរ​សុ​ខទុក្ខ ម៉ម សូណង់ដូ រុញ​ទៅឲ្យ​តុលាការ​

120806_07a
លោក ម៉ម សូណង់ដូ ពេល​នាំឡើង​តុលាការ​​​ភ្នំពេញ

ភ្នំពេញៈ ក្រុម​មន្ត្រី​ក្រសួង​បាន​អះ​អាង​ថា ក្រសួង​មហា​ផ្ទៃ​កាលពី​សប្តាហ៍​មុន​បាន​បដិសេធ​នូវ​សំណើ​សុំ​សួរ សុខ​ទុក្ខ លោក ម៉ម សូណង់​ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធ​នាគារ​ព្រៃ​ស ពី​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង ហើយ​ក្រសួង​នេះ​ក៏​បាន​បញ្ជូន​សំណើ​នោះ​ទៅ​តុលាការ​រាជ​ធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​សម្រេច​ជួស​វិញ។
លោក​ស្រី មូរ សុខហួរ ដែល​រំពឹង​ថា នឹង​ដឹក​នាំ​ប្រតិភូ​តំណាង​រាស្រ្ត​ទៅ​សួរ​សុខ​ទុក្ខ​លោក ម៉ម​សូណង់ដូ បាន​មាន​ប្រសាសន៍​ថា ក្រសួង​មហា​ផ្ទៃ​បាន​ប្តូរ​ទិស​ដៅ​សំណើ​របស់​លោក​ស្រី​កាល​ពី​ថ្ងៃ ព្រហស្បតិ៍​សប្តាហ៍​មុន។
លោក​ស្រី​បាន​ហៅ​ទង្វើ​នេះ​ថា ជា«​ឧទាហរណ៍​នៃ​នីតិ​វិធី​គ្មាន​របៀប​រៀប​រយ»។ លោក​ស្រី​បន្ថែម​ថា ក្រសួង​មហា​ផ្ទៃ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ដូច្នេះ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​យក​គាត់​ទៅ​ដាក់​ឃុំ​នៅ ពន្ធនា​គារ។
លោកស្រី មូរ សុខហួ​របាន​ចោទ​សួរ​ថា ៖ «​លោក ម៉ម សូណង់ នៅ​ក្នុង​ពន្ធនា​គារ​ព្រៃ​ស ​ហេតុអី្វ​បាន​ជា​ខ្ញុំ​ត្រូវ​ស្នើ​ទៅ​តុលាការ?»។ លោក​ស្រី​បន្ត​ថា គ្មាន​អ្វី​ដែល​ប្រព័ន្ធ​ពន្ធនា​គារ​មិន​ស្ថិត​នៅ​ក្រោម​យុត្តាធិ​ការ របស់​ក្រសួង​មហា​ផ្ទៃ​ឡើយ។

លោក​ស្រី​បន្ថែម​ថា គាត់​មិន​ដែល​ត្រូវ​បង្វែរ​សំណើ​បែប​នេះ​ទេ ពី​មុន​មក ព្រោះ​ថា គាត់​បាន​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​នៅ​ព្រៃស​ជាច្រើន​នាក់ យ៉ាង​ហោច​ក៏​បី​ដង​ដែរ ហើយ​ថ្មីៗ​នេះ​គឺ​ទៅ​សួរ​អ្នក​ភូមិ​បឹង​កក់​ដែលត្រូវ​ឃុំ​ខ្លួន។ លោក​ស្រី​បន្ត​ថា ពេល​ដែល​ទៅសួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​ម្តងៗ សំណើ​លោក​ស្រី​ត្រូវ​បាន​ទទួល​ការ​យល់​ព្រម ដោយ​ក្រសួង​មហា​ផ្ទៃ។
តំណាង​រាស្រ្ត​រូប​នោះ​បាន​ចង្អុល​បង្ហាញ​ករណី​អតីត​អភិបាល​ក្រុង​បាវិត ឈូក បណ្ឌិត ដែល​បាន​បាញ់​កម្មការិ​នី​កាត់​ដេរ​ឲ្យ​រង​របួស​នោះ មក​បញ្ជាក់​ដើម្បី​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថាការ​មិន​ត្រូវ​បាន​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត នេះ គឺជា​ភស្តុតាង​មួយ​បង្ហាញ​ថា​ ការ​ចាប់​ឃុំ​ខ្លួន លោក ម៉ម សូណង់ដូ ក្នុង​ពន្ធ​នាគារ​ វា​ជា​រឿង​មិន​ត្រឹម​ត្រូវ។
លោក​ស្រី មូរ សុខ​ហួរ មាន​ប្រសាសន៍​ទៀត​ថា ៖ «​ក្នុង​ពេល​ណា​មួយ ដែល​លោក​នៅ​ទី​នោះ លោក​អាច​នឹង​ត្រូវ​គេ​ធ្វើ​បាបដូច​ជា​អ្នក​ទោស​ដទៃ​ទៀត​អ៊ីចឹង»។ លោក​ស្រី​បន្ថែម​ថា ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រយៈ​ពេល​យូរ​បង្កើត​ឲ្យ​ទោស​នោះ​មិន ក្លែង​ក្លាយ។
លោក​ស្រី​បាន​អះអាង​ថា៖ «​ជា​រៀង​រាល់​ថ្ងៃ ដែល​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន ដោយ​គ្មាន​ការ​សួរ​សុខ​ទុក្ខ វា​បាន​ដាក់​ទម្ងន់​ផ្នែក​ចិត្ត​សាស្រ្ត​ទៅ​លើ​នរណា​ដែល​គេ​រក​ឃើញ​ថា គ្មាន​ទោស»។​
លោក គុយ ប៊ុនសន អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជាក់​ថា ​ជំហរ​បស់​ក្រសួង គឺ​មិន​មែន​បដិសេធ​ជា​ដាច់​ខាត​ទេ ហើយ​ថា ប្រតិភូ​ទាំង​អស់​នេះ ត្រូវ​ទទួល​ការ​អនុញ្ញាត​ពី​តុលា​ការ​វិញ។
លោក​បាន​បន្ថែម​ថា​ ៖​ «សំណើ​សុំ​សួរ​សុខ​ទុក្ខ​ជន​ជាប់​ចោទ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ បាន​អនុញ្ញាត​ឲ្យ​តែ​ប្រពន្ធ​និង​កូន»។ លោក​បន្ត​ថា ប្រតិភូ​ទាំង​នោះ​អាច​ទៅ​សួរ​សុខ​ទុក្ខ​បាន​ដោយ​មិន​ចាំ​បាច់​មាន​ការ​អនុញ្ញាត​ពី​តុលាការ ​ប្រសិន​បើ​ជន​ជាប់​ចោទ​កាត់​ទោស​រួចហើយ​។
មន្ត្រី​តុលាការ​ភ្នំពេញ​មិន​អាច​ទាក់​ទង​បាន​ទេ​ពី​ម្សិលមិញ។
លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជា​ធិប​តេយ្យ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ​ខែ​កក្កដា ពី​បទ​ទាក់​ទិន​នឹង​អ្វី​ដែល​រដ្ឋា​ភិ​បាល​ចាត់​ទុក​ថា គម្រោង​អបគមន៍​ក្នុងភូមិ​ប្រមា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ​ខេត្ត​ក្រ​ចេះ​ ដែល​គម្រោង​នោះ​ក្រុម​ប្រជា​ពលរដ្ឋ​បាន​បដិសេធ​ទាំង​ស្រុង៕ 

No comments:

Post a Comment

yes