រតនគិរី ៖ មន្ដ្រីរាជការនៅក្នុងអង្គភាពមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដរតនគិរី បានលើកឡើងថា សម្ភារៈគ្រឿងចក្រក៏ដូចជា បុគ្គលិកមន្ដ្រីជំនាញនិងកម្មករ ដែលសុទ្ធតែទទួលបានប្រាក់បៀវត្សរ៍ពីរដ្ឋ ហាក់ដូចជាបម្រើការសម្រាប់តែផលប្រយោជន៍បុគ្គលរបស់លោកសូ សំណាង ដែលជាប្រធានមន្ទីរទៅវិញ ដោយសារតែមានបាតុភាពកើតឡើងជុំវិញអំពើពុករលួយក្រោមការដឹកនាំរបស់គាត់ យ៉ាងហោចណាស់ក៏ក្នុងមួយឆ្នាំៗគម្រោង រួមទាំងប្រាក់ជំពូកសម្រាប់ប្រើប្រាស់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែកផ្លូវគមនាគមន៍ និងប្រព័ន្ធលូ សួនច្បារមួយចំនួនទៀតដែលមានចំនួនរាប់ពាន់លានរៀល ប៉ុន្ដែអ្នកដែលគ្រប់គ្រងគម្រោងនិងកាន់កាប់ថវិកាទាំងនោះស្ថិតនៅលើលោកប្រធានមន្ទីរ សូ សំណាង និងអនុប្រធានមន្ទីរ ដែលទទួលផែនរដ្ឋបាលហិរញ្ញវត្ថុតែប៉ុណ្ណោះ។
មន្ដ្រីតូចតាចមិនសប្បាយចិត្ដទៅនឹងការងារដែលពោរពេញដោយអំពើពុករលួយបក្ខពួកនិយម ពិសេសរាល់គម្រោងដែលក្រសួងដាក់ឱ្យ ក៏ដូចជាតម្រូវឱ្យមានការដេញថ្លៃតាមលទ្ធកម្ម ដូចជាការកសាងផ្លូវគមនាគមន៍ បើទោះបីជាលោក សូ សំណាង ប្រធានមន្ទីរមិនបាន ឱ្យក្រុមហ៊ុនឯកជនដេញថ្លៃយកគម្រោងទាំងនេះមកកាន់កាប់ធ្វើដោយខ្លួនឯងផ្ទាល់ រួចហើយប្រើប្រាស់អ្នកបច្ចេកទេស វិស្វករ បុគ្គលិក និងកម្មករនៅក្នុងអង្គភាពហើយទទួលប្រាក់បៀវត្សរ៍របស់រដ្ឋ ប៉ុន្ដែផលចំណេញស្ថិតនៅលើលោក សូ សំណាង ជាអ្នកក្ដោបកុំថាឡើយតែមន្ដ្រីនៅក្នុងអង្គភាពរួមទាំងអនុប្រធានមន្ទីរមួយចំនួនទៀតមិនអាចសើរើជុំវិញបញ្ហានេះ សូម្បីតែថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូន និងអាជ្ញាធរខេត្ដរតនគិរី មិនបានផ្ដោតអារម្មណ៍ទៅលើការយកគម្រោងទាំងនេះទៅធ្វើដោយលោក សូ សំណាង នោះឡើយ។
មន្ដ្រីបានរិះគន់ថា រាល់ការស្ថាបនាផ្លូវគមនាគមន៍ ការបំពាក់អំពូលតាមផ្លូវសាធារណៈសួនច្បារ ប្រសិនបើអធិការកិច្ចក្នុងសាលាខេត្ដ ក៏ដូចជាក្រសួងសាធារណការនិងដឹកជញ្ជូនពិនិត្យឡើងវិញ ក៏ដូចជាចុះអង្កេតជុំវិញការចំណាយកន្លងមក ចំពោះការស្ថាបនាសាងសង់គឺពិតជាពុំមានតុល្យភាពគ្នាទៅនឹងគុណភាពនិងការចំណាយដែលស្ថិតក្នុងរូបភាព កេងចំណេញបច្ចេកទេសដែលគេចាត់ទុកថាជាអំពើពុករលួយ យ៉ាងធំដែលលោក សូ សំណាង ប្រធានមន្ទីរសាធារណការខេត្ដរតនគិរី បានកិបកេងបែបនេះ ជាយូរឆ្នាំមកហើយធ្វើឲ្យលោកសូ សំណាង ក្លាយទៅជាអ្នកមានដ៏ស្ដុកស្ដម្ភមួយរូបក្នុងខេត្ដរតនគិរី វាស្របពេលដែលមន្ដ្រីនៅក្នុងអង្គភាពមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដ កំពុងរិះគន់ថា មានករណីពុករលួយបក្ខពួកនិយមដែលប្រព្រឹត្តដោយលោក សូ សំណាង ផងដែរ។
បន្ទាប់ពីមានបាតុភាពកើតឡើងដោយសារការរិះគន់ពីមន្ដ្រីថ្នាក់ការិយាល័យ រួមទាំងអនុប្រធានមន្ទីរ លើកលែងតែអនុប្រធានមន្ទីរមួយរូបធ្លាប់ត្រូវបានលោក សូ សំណាង បន្ដក់ឱ្យរស់ស្ថិតនៅក្នុងការគាំទ្រប្រធានមន្ទីរ មិនប្រតិកម្មទៅនឹងការដឹកនាំរបស់លោក សូ សំណាង នោះ ធ្វើឱ្យប្រធានមន្ទីររូបនេះព្រួយបារម្ភផងដែរ ខ្លាចថ្នាក់លើសើរើចុះធ្វើអធិការកិច្ចឈានទៅរកការដកមុខតំណែង ប៉ុន្ដែលោក សូ សំណាង បានចំណាយប្រាក់យ៉ាងច្រើនទិញម៉ូតូថ្មីៗ ផ្ដល់ឱ្យមន្ដ្រីមួយចំនួនដែលគាត់ចាត់ទុកថា ជាអ្នកដែលកំពុងចាត់ទុករូបគាត់ជាផ្ទាំងស៊ីប នៃអំពើពុករលួយ ជាការលើកទឹកចិត្ដឬក៏លុបលាងនូវកំហុសរបស់ខ្លួនដែលបានប្រព្រឹត្ដមិនគប្បីក្នុងការដឹកនាំ ។ មន្ដ្រីបានបញ្ជាក់ថា លោក សូ សំណាង មិនបានយកគម្រោងនីមួយៗទៅដាក់ដេញថ្លៃរបៀបលទ្ធកម្មនោះទេ ក្នុងនោះគាត់ថែមទាំងប្រើប្រាស់អំណាចជាប្រធានមន្ទីរផងដែរ ក្នុងការប្រើប្រាស់មន្ដ្រីខុសទិសដៅ។
មន្ដ្រីនៅក្នុងអង្គភាពពេលដែលទៅបំពេញតួនាទីជាអ្នកបច្ចេកទេស វិស្វករ កម្មករ រួមទាំងបុគ្គលិករដ្ឋបាលធ្វើគម្រោងនីមួយៗ ដូចជាការស្ថាបនាផ្លូវគមនាគមន៍តែម្ដងពុំបានដឹងថា ការបំពេញកាតព្វកិច្ចរបស់ខ្លួនជា ការបម្រើការងារឱ្យលោក សូ សំណាង ជាលក្ខណៈបុគ្គលនោះឡើយ ដឹងតែអនុវត្ដន៍ទៅតាមគោលការណ៍របស់ក្រសួងសាធារណការតែប៉ុណ្ណោះ។ ផ្ទុយទៅវិញលោកប្រធានមន្ទីររូបនេះ យកគម្រោងទៅធ្វើជាលក្ខណៈឯកជន រួចហើយពឹងផ្អែកទៅលើមន្ដ្រីនៅក្នុងអង្គភាព ដើម្បីកាត់បន្ថយទៅលើការចំណាយ បញ្ហាពលកម្ម អ្នកបច្ចេកទេសកម្មករដែលតម្រូវឱ្យអ្នកទាំងនោះទទួលបានត្រឹមតែប្រាក់បៀវត្សរ៍ក្នុងនាមជាមន្ដ្រីរាជការតែប៉ុណ្ណោះ ។ ការស្ថាបនាផ្លូវដែលធ្វើឡើង ដោយលោក សូ សំណាង ដែលដេញថ្លៃពីរដ្ឋក្នុងនាមជាក្រុមហ៊ុនឯកជន សូម្បីតែបញ្ហាក្រួសថ្ម ក៏ត្រូវចំណាយក្នុងលក្ខណៈទាបបំផុត ដោយសារតែលោក សូ សំណាង គាត់បានបង្កើតនូវអាជីវកម្មថ្មក្រួស។
ដូច្នេះប្រសិនបើគម្រោងខ្លះជា របស់អង្គភាពធ្វើផ្ទាល់ គាត់នឹងបំប៉ោងចំពោះតម្លៃសម្រាប់ការទិញថ្ម បានន័យថា រាល់ការគ្រប់គ្រងចំណូលនិងចំណាយ ស្ថិតនៅលើអំណាចរបស់គាត់ជាមួយអនុប្រធានមន្ទីរទទួលផែនរដ្ឋបាលហិរញ្ញវត្ថុតែប៉ុណ្ណោះ។ មន្ដ្រីក្រោមឱវាទបានលើកឡើងថា កាលពីមុនលោក សូ សំណាង រកតែឡានកញ្ចាស់មួយជិះស្ទើរមិនបាន ប៉ុន្ដែបើប្រៀបធៀបបច្ចុប្បន្នគឺជាអ្នកមានទ្រព្យសម្បត្ដិ ស្ដុកស្ដម្ភមួយរូបក្នុងខេត្ដរតនគិរីដែលភាពមានបាននេះមិនអាចតុល្យភាពគ្នាទៅនឹងចំណូលនៃប្រាក់បៀវត្សរ៍របស់គាត់នោះទេ។ ត្រង់ចំណុចនេះហើយដែលមន្ដ្រីអះអាងថា លោក សូ សំណាង កាន់តែពុករលួយកាន់តែមានការគាំទ្រពីថ្នាក់លើ ពីព្រោះពេលដែលថ្នាក់ដឹកនាំក្រសួងបានដឹងរាល់ការងារដឹកនាំកន្លងមកលោក សូ សំណាង មិនបានយកគម្រោងស្ថាបនាទៅដក់ឲ្យដេញថ្លៃ ក៏ដូចជាការប្រើប្រាស់មន្ដ្រីនៅក្នុងអង្គភាពដើម្បីជាប្រយោជន៍បុគ្គល បូករួមនឹងការយកគ្រឿងចក្រនៅក្នុងអង្គភាពទៅបម្រើឱ្យការដ្ឋានថ្មរបស់ខ្លួនក៏ថ្នាក់លើមើលមិនឃើញដែរ។
ដូច្នេះមន្ដ្រីថ្នាក់ដឹកនាំការិយាល័យ អនុប្រធានមន្ទីរខ្លះមិនសប្បាយចិត្ដនិងអស់កម្លាំងចិត្ដក្នុងការបំពេញការងារ បន្ទាប់ពីបានមើលឃើញរាល់ការដឹកនាំរបស់លោក សូ សំណាង ផ្ដោតសំខាន់ទៅលើការកេងប្រវ័ញ្ចពីអង្គភាពទាំងសម្ភារៈ ទាំងការប្រើប្រាស់ពលកម្មមន្ដ្រី រួចហើយយកប្រាក់បៀវត្សរ៍សម្រាប់ចាត់ចែងឱ្យមន្ដ្រីទាំងនោះទៅវិញ ។ របបបេសកកម្ម របបប្រេងឥន្ធនៈរួមទាំងការចំណាយសម្រាប់គ្រឿងបន្លាស់គ្រឿងចក្រ មិនអាចមន្ដ្រីណាមួយបានដឹងក្រៅ ពីការបំប៉ោងការកិបកេងដែលធ្វើឡើងដោយលោក សូ សំណាង ប្រធានមន្ទីរនិងអនុប្រធានរបស់គាត់មួយរូបដែលកំពុងមានទំនុកចិត្ដក្នុងករណីឃុបឃិតគ្នារឿងប្រព្រឹត្ដអំពើពុករលួយនៅក្នុងអង្គភាពនេះ ដែលមន្ដ្រីរិះគន់ថា ថ្នាក់ដឹកនាំក្រសួងមិនបានធ្វើអធិការកិច្ចជុំវិញភាពមិនប្រក្រតីដែលកំពុងកើតមានក្រោមការដឹកនាំរបស់លោក សូ សំណាង ហើយគម្រោងនីមួយៗយ៉ាងហោចណាស់ក៏លោកប្រធានមន្ទីរត្រូវទាញយកផលចំណេញពី៤០ទៅ៦០ភាគរយដែលធ្វើឱ្យគុណភាពចំពោះបច្ចេកទេសសុទ្ធតែពុំមានតុល្យភាពគ្នាទៅនឹងការចំណាយខ្ពស់កប់ពពកនោះទេ៕
No comments:
Post a Comment
yes