សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 16, 2012

ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ធ្វើ​ឲ្យ​មាន​វិបត្តិ

120816_02
រោង​ចក្រ​អា​រឈើ​ នៅ​កណ្តាល​តំបន់​ព្រៃ​ឡង់​ដែល​ក្រុម​អ្នក​ភូមិ​រក​ឃើញ​
កាល​ពី​ខែ​មីនា​ដើម​ឆ្នាំ​នេះ​។ រូបថត ថា​រ៉ា​

រដ្ឋាភិបាល​កម្ពុជា​ កាល​ពី​ថ្មីៗ​នេះ បាន​ប្រកាស​លុប​ចោល​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន​បួន ​ដែល​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម ​ដែល​បាន​គំរាម​កំហែង និង​បង្ក​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង ​ទៅ​ដល់​តំបន់​ព្រៃឡង់ ដែល​ជា​ព្រៃ​ដ៏​សំខាន់ និង​ធំ​មួយ​នៅ​ឧបទ្វីប​ឥណ្ឌូចិន។
ដោយ​សារ​តែ​បញ្ហា​លំបាក ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​គ្នា​ រវាង​គោលដៅ​បង្កើន​កំណើន​សេដ្ឋកិច្ច របស់​កម្ពុជា ​និង​ការ​អភិវឌ្ឍ​ ហើយ​ដែល​ជំរុញ​ឲ្យ​មាន​ស្ថិរភាព​សង្គម​មួយ​ ជា​ចាំបាច់ សម្រាប់​ប្រជាជន​របស់​ខ្លួន​រដ្ឋាភិបាល ស័ក្តិសម​ទទួល​បាន​ការ​អបអរសាទរ ចំពោះ​សេចក្តី​សម្រេច​នេះ​។ ការ​ដែល​រដ្ឋាភិបាល បាន​កំណត់​គោល​ដៅ​របស់​ខ្លួន​ជាមួយ​នឹង​ការ​អនុម័ត​ច្បាប់​ភូមិ បាល​ឆ្នាំ​២០០១ ដែល​រួម​បញ្ចូល​ឲ្យ​អាជ្ញាធរ ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច បាន​ធ្វើ​ឲ្យ​មាន​នូវ​បញ្ហា​ស្មុគ​ស្មាញ​ ដូច​ជា​អំពើ​ពុករលួយ​ ពាក់​ព័ន្ធ​ការ​ផ្តល់​ដី​សម្បទាន និង​ជម្លោះ​ ដែល​កើត​មាន​ ពី​បញ្ហា​សម្បទាន​ដី​សេដ្ឋកិច្ច ហើយ​វា​ជា​ក្តី​សង្ឃឹម​តិច​តួច​ប៉ុណ្ណោះ ​ដែល​ថា រដ្ឋាភិបាល​ នឹង​អាច​ដោះស្រាយ​បាន​យ៉ាង​ជោគជ័យ​ចំពោះ​ជម្លោះ​របស់​ប្រជាជន ដែល​ពឹង​ផ្អែក​លើ​ដី​របស់​ខ្លួន សម្រាប់​ជីវភាព​រស់នៅ ជា​មួយ​ក្រុម​ហ៊ុន​ឯក​ជន​ ដែល​បាន​កេង​ចំណេញ និង​បំពាន​លើ​ដី​ធ្លី​របស់​ប្រជាជន​ទាំង​នោះ​។

ជា​ញឹកញាប់ រដ្ឋាភិបាល មាន​ការ​លម្អៀង​សម្រាប់​អត្ថប្រយោជន៍​ពាណិជ្ជករ ជាង​អត្ថ​ប្រយោជន៍​របស់​ប្រជាជន នៅ​ពេល​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច ហើយ​ដែល​ទំនង​ជា​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច កសិ-ឧស្សាហកម្ម​ទ្រង់ទ្រាយ​ធំ។ ខណៈ​គោលដៅ​នេះ​ល្អ​ នៅ​ក្នុង​ទ្រឹស្តី តែ​ការ​អនុវត្ត​ជាក់ស្តែង នៃ​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច បាន​បរាជ័យ មិន​អាច​​ធ្វើ​ឲ្យ​មាន​តុល្យភាព រវាង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ជាមួយ​នឹង​ការ​អភិវឌ្ឍ​សង្គម និង​បរិស្ថាន​ទេ​។
អង្គការ​ដើម្បី​សិទ្ធិ​មនុស្ស និង​ការ​អភិវឌ្ឍ​កម្ពុជា បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់ ដី​ចំនួន ២ លាន​ហិកតា ឬ​ជាង​ ១០ ភាគរយ​នៃ​ផ្ទៃ​ដី​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​បរទេស សម្រាប់​កាប់​ឈើ​ខុស​ច្បាប់ យក​រ៉ែ ធ្វើ​កសិកម្ម និង​ការ​អភិវឌ្ឍ​ដទៃៗ​ទៀត។
បើ​យោង​តាម​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ឲ្យ​ដឹង​ថា ​៥០​ ភាគ​រយ ​នៃ​ដី​ដាំ​ដំណាំ របស់​ប្រទេស​កម្ពុជា ឥឡូវ​នេះ ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បរទេស​។ ជាង​នេះ​ផង​ដែរ អង្គការ​ស្បៀង​អាហារ​ និង​កសិកម្ម​របស់​អង្គការ​សហប្រជា​ជាតិ បាន​អះអាង​ថា ចន្លោះ​ពី​ឆ្នាំ​ ១៩៩០ ​និង​ឆ្នាំ​ ២០១០ ​កម្ពុជា បាន​បាត់​បង់​ព្រៃឈើ​របស់​ខ្លួន​ ចំនួន​ ២២ ភាគរយ។ ហេតុ​ដូច្នេះ ​វា​មិន​អាច​ទៅ​រួច​ទេ ដែល​ថា ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច ដែល​មិន​មាន​ការ​ពិនិត្យ​​ត្រឹម​ត្រូវ សម្រាប់​អត្ថប្រយោជន៍​ពាណិជ្ជ​កម្ម ​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ធម្មតា​។ ជា​ឧទាហរណ៍​ យុទ្ធសាស្រ្ត​កាត់​ស្បែក​ខ្លា របស់​រដ្ឋាភិបាល​ ដែល​គ្មាន​ប្រសិទ្ធភាព មិន​អាច​កាត់​ដី​ជូន​ប្រជាជន ដែល​រងគ្រោះ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​វា​នៅ​តែ​ជា​បញ្ហា​។
ក្រៅ​ពី​យុទ្ធ​សាស្រ្ត​នេះ ដែល​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ សម្រាប់​ប្រជាជន​បាន ប្រជាជន​មួយ​ចំនួន​ ប្រឈម​មុខ នឹង​ការ​រស់នៅ​ក្នុង​តំបន់​មួយ​ ដែល​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​សម្បទាន​ដី​សេដ្ឋកិច្ច ​ដែល​គ្មាន​សាលារៀន​មណ្ឌល​សុខភាព ទឹក​ប្រើ​ប្រាស់​គ្រប់​គ្រាន់ ​និង​លទ្ធភាព​ប្រកប​របរ​ចិញ្ចឹម​ជីវិត​សមស្រប។
ជា​ជាក់​ស្តែង ដូច​ករណី​ថ្មីៗ​នេះ ប្រជាជន​មួយ​ចំនួន ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង បាន​ក្លាយ​ជា​អ្នក​ទោស នៅ​លើ​ដី​របស់​ខ្លួន​ ដែល​ត្រូវ​បាន​កាត់​ទាំង​ស្រុង ដោយ​សម្បទាន​ដី​សេដ្ឋកិច្ច​ ទៅ​ឲ្យ​ក្រុម​ហ៊ុន​វៀតណាម និង​ក្រុម​ហ៊ុន​ចិន​ ​ហើយ​ធ្វើ​ឲ្យ​ប្រជាជន​ទាំង​នោះ​ បាត់បង់​ជីវភាព​រស់​នៅ​ដូច​ពី​មុន​។  ​ហេតុ​ដូច្នេះ​ហើយ​ គេ​សង្ឃឹម​ថា ​ការ​លុប​ចោល​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន​បួន នៅ​តំបន់​ព្រៃ​ឡង់ គឺជា​ឧទាហរណ៍​មួយ នៃ​គោល​នយោបាយ រំដោះ​ឲ្យ​មាន​សេរីភាព ដែល​ប្រកាស​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន កាល​ពី​ថ្ងៃទី ៧ ឧសភា​កន្លង​ទៅ នៅ​​ពេល​ដែល​លោក​ធ្វើ​ការ​ធានា​ថា ​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច ​នា​ពេល​អនាគត ​នឹង​ត្រូវ​បាន​ត្រួត​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​។
ប្រសិន​បើ​ដូច្នេះ​មែន​ការ​អភិវឌ្ឍ​នេះ ​នឹង​ជា​ការ​បង្ហាញ​គួរ​ឲ្យ​ស្វាគមន៍​មួយ ដែល​រដ្ឋាភិបាល យល់​ដឹង​អំពី​សេចក្តី​ត្រូវ​ការ​យ៉ាង​ចាំបាច់ ដើម្បី​កែ​លម្អ​ គោល​នយោបាយ​របស់​ខ្លួន។
ប៉ុន្តែ​ ទោះ​យ៉ាង​នេះ​ក្តី កំណែ​ទម្រង់​បន្ថែម​ទៀត នៅ​តែ​ត្រូវ​ការ​ឲ្យ​មាន​ជា​ចាំបាច់ ពោល​គឺៈ
១- បង្កើត​យន្ត​ការ​តម្លាភាព​មួយ​ សម្រាប់​ការ​អនុម័ត ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច ដោយ​មាន​ការ​ត្រួត​ពិនិត្យ​ពេញ​លេញ និង​ត្រឹមត្រូវ លើ​ផល​ប៉ះពាល់​សង្គម​ សេដ្ឋកិច្ច​ និង​បរិស្ថាន និង​​ត្រូវ​ឲ្យ​មាន​នូវ​បញ្ជី​សម្បទាន​ដី​សេដ្ឋកិច្ច ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​មាន​លក្ខណៈ​តម្លាភាព ​សាធារណៈ​ជន​ អាច​ចូល​មើល​បាន ​ហើយ​ក្នុង​នោះ​ផង​ដែរ​ ដី​សម្បទាន​សេដ្ឋកិច្ច​មុនៗ ដែល​មាន​រួច​ហើយ អាច​ត្រូវ​បាន​ពិនិត្យ​យ៉ាង​ម៉ត់ចត់។
២-ត្រួត​ពិនិត្យ​រាល់​សម្បទាន​ដី​សេដ្ឋកិច្ច ដែល​មាន​ស្រាប់​នោះ​ឡើង​វិញ​ និង​លុប​ចោល​ដី​ណា​ ដែល​ខុស​ច្បាប់​ ដែល​នៅ​ក្រោម​ច្បាប់​ភូមិ​បាល​ឆ្នាំ​ ២០០១។
៣- ជំរុញ​ដំណើរ​ការ​ប្រគល់​ប័ណ្ណកម្ម​សិទ្ធ​ដី​ធ្លី ដ៏​សមរម្យ​ ដើម្បី​ទប់​ស្កាត់​ នឹង​ទំនាស់​ដីធ្លី និង​ចលាចល​ស៊ីវិល មិន​ឲ្យ​កើត​មាន​ឡើង​។ ​ប្រការ​នេះ​ ពាក់ព័ន្ធ​ជាមួយ​ការ​កំណត់​ខណ្ឌ​សីមា​ដី​ធ្លី​ឲ្យ​បាន​ជាក់​លាក់ ​ នៃ​អី្វ​ដែល​ជា​ដី​ឯកជន​របស់​រដ្ឋ​ ដី​សាធារណៈ​របស់​រដ្ឋ​ ដី​ឯកជន​របស់​ប្រជា​ពលរដ្ឋ ដី​សហគមន៍​ និង​ដី​ក្នុង​តំបន់​ការ​ពារ ហើយ​ត្រូវ​ធានា​ដាច់​ខាត​ ឲ្យ​មាន​ការ​ការពារ​សហគមន៍​ប្រជា​ពលរដ្ឋ​ក្រីក្រ​ និង​ជីវ​ភាព​រស់​នៅ​សមរម្យ​របស់​ពួក​គាត់ ព្រម​ទាំង​តំបន់​ព្រៃ​សំខាន់ៗ​ទាំង​ឡាយ ដែល​ជិត​ផុត​ពូជ​ ជីវចំរុះ​ ការ​អភិរក្ស និង​សត្វ​ព្រៃ។
៤-​បោះបង់​ចោល​«យុទ្ធសាស្រ្ត​កាត់​ស្បែក​ខ្លា»​ដ៏​ចម្រូង​ចម្រាស និង​គ្មាន​ប្រសិទ្ធភាព ហើយ​ធ្វើ​វិសោធនកម្ម​ច្បាប់​ភូមិ​បាល​ឆ្នាំ​២០០១ ​ដើម្បី​ទប់​ស្កាត់​ក្រុមហ៊ុន​មួយ​ចំនួន ​មិន​ឲ្យ​យក​ដី​បន្ថែម​ទៀត លើស​ពី​ចំនួន​កំណត់ ១ ម៉ឺន ហិកតា នៅ​តំបន់​ជិត​ៗ​នោះ។​
៥-​ធ្វើ​កំណែ​ទំរង់​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​ឲ្យ​ភាគី​ទាំង​អស់​ អាច​មាន​ការ​ជឿជាក់​ លើ​សមត្ថភាព​​របស់​ប្រទេស​ ក្នុង​ការ​ដោះស្រាយ​ទំនាស់​ក្នុង​លក្ខណៈ​តម្លាភាព និង​យុត្តិធម៌​ពេញ​លេញ​។​
ការ​លុប​ចោល ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ​៤ នៅ​តំបន់​ព្រៃឡង់​ គឺជា​ជំហាន​ប្តេជ្ញា​ដំបូង​មួយ​ លើ​គន្លង​អតីតកាល ដែល​ពោរពេញ​ទៅ​ដោយ​ល្បិចកល ប៉ុន្តែ​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ ​នៅ​ត្រូវ​ការ​ឲ្យ​មាន​ទៀត ពី​មុន​ពេល​ដែល​រដ្ឋាភិបាល​ អាច​អះអាង​ថា ខ្លួន​បាន​ដោះស្រាយ​បញ្ហា​សម្បទាន​ដី​សេដ្ឋកិច្ច។​

No comments:

Post a Comment

yes