សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 16, 2012

សមត្ថកិច្ច​ចម្រុះ​ខេត្ត​ស្ទឹង​ត្រែង​ចុះ​បង្ក្រាប​ឈើ​ប្រណីត បាន​ជាង ១០០ ម៉ែត្រ​គូប

120816_04a
គំនរ​ឈើ​ហុប ដែល​គេ​កាប់​គរ​ទុក នៅ​កណ្តាល​ព្រៃ​ នៃ​​ខេត្ត​រតន​គិរី​ 
ត្រូវ​បាន​សហ​គមន៍​​​រក​ឃើញ​ កាល​ពី​ពេល​កន្លង​មក​​។ រូបថត សហការី​

ស្ទឹងត្រែងៈឈើ​ប្រណីត ចំនួន ៦៥១ កំណាត់ ស្មើ​នឹង​ជាង ១០០ ម៉ែត្រ​គូប និង​គោយន្ត​ចំនួន ៤ គ្រឿង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ស្រុក​សេសាន បង្ក្រាប​និង​រឹប​អូស​បាន ពី​ក្នុង​ព្រៃ​ជ្រៅ​ស្ថិត​នៅ​ក្នុង​ឃុំ​ចំនួន​បី ដែល​ក្រុម​ឈ្មួញ​ទុច្ចរិត បាន​កាប់ និង​លាក់​ទុក ដើម្បី​នាំ​ចេញ​ទៅ​លក់​នៅ​ទី​ផ្សារ​ដោយ​ខុស​ច្បាប់។ នេះ​បើ​តាម​ការ​ឲ្យដឹង ពី​សមត្ថ​កិច្ច​កាល​ពី​ម្សិល​មិញ។
លោក អន សំអាត អធិការ​ស្រុក​សេ​សាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​ថា នៅ​ក្នុង​ប្រតិបត្តិ​ការ​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​រយៈ​ពេល​មួយ សប្តាហ៍​មក​នេះ សមត្ថកិច្ច​បាន​រក​ឃើញ និង​រឹបអូស​បាន​ឈើ​ប្រណីត​ចំនួន​ជាង ៦៥០​កំណាត់ និង​គោយន្ត​កែ​ច្នៃ​ចំនួន​បួន​គ្រឿង ដែល​ក្រុម​ឈ្មួញ​ទុច្ចរិត បាន​កាប់ និង​លាក់​ទុក​នៅ​ក្នុង​ព្រៃ​ជ្រៅ ស្ថិត​ក្នុង​ឃុំ​ចំនួន​បី រួម​មាន​ឃុំ​តា​ឡាត ឃុំ​ស្រែគ និង​ឃុំ​ផ្ដៅ។
លោក​បន្ត​ថា​៖«បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​របស់​យើង កំពុង​រក​មធ្យោ​បាយ ដឹក​ជញ្ជូន ឈើ​ទាំង​នោះ​ចេញ​ពីព្រៃ ដើម្បី​យក​មក​រក្សា​ទុក​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ»។

លោក​បន្ត​ថា៖​«ដោយ​ភូមិ​សាស្ត្រ​នៅ​តំបន់​នោះ​ជា​ព្រៃ​ស្រោង​គ្មាន ផ្លូវ និង​ជា​តំបន់​ទឹក​លិច ដូច្នេះ​ការ​ដឹក​ជញ្ជូន​ឈើ​ទាំង​នោះ​មក​រក្សា​ទុកមាន​ការ​លំបាក»។
លោក រាជ សុខុន ស្នង​ការ​នគរ​បាល​ខេត្ត​ស្ទឹង​ត្រែង បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិល មិញ​ថា ឈើ​ប្រណីត​ចំនួន​ជាង​១៨ ម៉ែត្រ​គូប ក្នុង​ចំណោម​ឈើ ទាំង​អស់​ដែល​បាន​រក​ឃើញ​និង​បង្ក្រាប​បាន រួម​ទាំង​គោយន្ត​ចំនួន​បួន​គ្រឿង ត្រូវ​បាន​កម្លាំង​នគរ​បាល នាំ​យក​មក​រក្សា​ទុក​នៅ​ក្នុង​សាលា​ខេត្ត និង​កំពុង​បន្ត​ធ្វើ​ការ​ដឹក​ជញ្ជូន​ឈើ ដែល​នៅ​សេស​សល់។
លោក​បាន​និយាយ​ថា​៖«​គោយន្ត​ចំនួន​បួន​គ្រឿង​នោះ និង​ឈើ​ជាង ១៨ ម៉ែត្រ​គូប ត្រូវ​បាន​ក្រុម​សមត្ថ​កិច្ច​យើង រឹប​អូស​មក​រក្សា​ទុក​ជា​បណ្ដោះ​អាសន្ន នៅ​សាលា​ខេត្ត ហើយ​យើង​ កំពុង​រក​មធ្យោ​បាយ ដើម្បី​ស្រង់​យក​កំណាត់​ឈើ​មួយ​ចំនួន​ទៀត​ដែល​ក្រុម​ឈ្មួញ បាន​លាក់​ទុក​នៅ​ក្នុង​ទឹក​ ដែល​មាន​ជម្រៅ​ជាង​៣ ម៉ែត្រ ជា​បន្ត​ទៀត»។ លោក​បាន​បន្ថែម​ថា៖«​ប្រតិបត្តិ​ការ​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​របស់ យើង​នឹង​នៅ​តែ​បន្ត»។
សកម្ម​ជន សហគមន៍ ការ​ពារ​ព្រៃ​ឈើ បាន​អះ​អាង​ថា បទ​ល្មើស​ព្រៃ​ឈើ​ ដែល​នៅ​តែ​បន្ត​កើត​ឡើង រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ភាគ​ច្រើន មាន​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​នឹង​មេព្រៃ និង​មន្ត្រី​មាន​សមត្ថ​កិច្ច​ដទៃ​ទៀត៕

No comments:

Post a Comment

yes