សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 6, 2012

នាយក​រដ្ឋ​មន្ត្រី​ចូល​ទៅ​សភា​បំភ្លឺ​ពី​បញ្ហា​ព្រំ​ដែន​នៅ​ថ្ងៃ​ព្រហស្បតិ៍

120806_03 
លោក ​ហ៊ុន សែន និង​សម​ភាគី​វៀត​ណាម សម្ពោធ​​បង្គោល​​ព្រំ​ដែន​​
នៅ​​​ខេត្ត​​កំពត កាល​ពី​​ខែ​​មិថុនា​
ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នឹង​ចូល​ទៅ​ឆ្លើយ​សំណួរ នៅ​រដ្ឋ​សភា​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំ​ដែន​ កម្ពុជា វៀតណាម ដែល​នៅ​តែ​ចម្រូង​ចម្រាស។ គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​ ចង់​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ចូល​ទៅ​ឆ្លើយ​សំណួរ ​របស់​សមាជិក​សភា ជា​ជាង​ការ​ចូល​ទៅ​ថ្លែង​សុន្ទរ​កថា​តែ​ម្នាក់​ឯង ដែល​មិន​បាន​ឆ្លើយ​តប​ ទៅ​នឹង​អ្វី​ ដែល​ជា​ការ​មន្ទិល​សង្ស័យ​ និង​ជា​កង្វល់​ពិត​ប្រាកដ ពាក់ព័ន្ធ​នឹង​ការ​កំណត់​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម ដែល​មជ្ឈដ្ឋាន​មួយ​ចំនួន​ គិត​ថា បាន​ធ្វើ​ឲ្យ​កម្ពុជា បាត់​បង់​ទឹក​ដី​។
អគ្គលេខាធិការ ​ដ្ឋាន​របស់​សភា លោក ឡេង ប៉េងឡុង បាន​កោះ​ហៅ​សមាជិក​សភា ឲ្យ​ត្រឡប់​មក​ចូល​រួម​សម័យ​ប្រជុំ​រដ្ឋ​សភា នៅ​ថ្ងៃ​ព្រសហ្បតិ៍​សប្តាហ៍​នេះ បន្ទាប់​ពី​សម្រាក​វិសម​កាល​បី​ខែ​។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ដែល​ចេញ​ផ្សាយ​ ដោយ​អគ្គលេខាដ្ឋាន​រដ្ឋ​​សភា កាល​ពី​ថ្ងៃ​សុក្រ​ បាន​សរសេរ​ថា ក្នុង​អំឡុង​សម័យ​ប្រជុំ​នេះ នឹង​មាន​ការ​ឆ្លើយ​ផ្ទាល់​ ទៅ​សភា​ជាតិ​ អំពី​ការ​កំណត់​បង្គោល​ព្រំដែន រវាង​កម្ពុជា​និង​វៀតណាម​។

លោក​យឹម សុវណ្ណ អ្នក​នាំ​គណបក្ស សម រង្ស៊ី (SRP) បាន​ថ្លែង​ថា តំណាង​រដ្ឋាភិបាល ត្រូវ​តែ​ចូល​មក​ឆ្លើយ​បំភ្លឺ នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​រដ្ឋ​សភា ទៅ​តាម​ការ​កោះ​ហៅ​របស់​រដ្ឋសភា។
តំណាង​រាស្ត្រ SRP លោក សុន ឆ័យ កាល​ពី​ខែ​មិថុនា បាន​សរសេរ​លិខិត​មួយ​ច្បាប់ តាម​រយៈ លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា កោះ​អញ្ជើញ​លោក​នាយក​រដ្ឋ​មន្រ្តី មក​ឆ្លើយ​សំណួរ​ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​ជា​ពិសេស​ គម្រោង​នៃ​ការ​ដោះ​ដូរ​ភូមិ​ខ្មែរ​​ពីរ គឺ​ភូមិ​ថ្លុក​ត្រាច និង​ភូមិ​អន្លង់​ជ្រៃ ដែល​ជា​ភូមិ​កំណើត​របស់​លោក​ហេង សំរិន នៅ​ក្នុង​​ស្រុក​ពញា​ក្រែក​ ខេត្ត​កំពង់ចាម ទៅ​ឲ្យ​វៀតណាម។ លិខិត​នេះ ក៏​បាន​អំពាវ​នាវ​ ដល់​​លោក ហ៊ុន សែន ឲ្យ​បំភ្លឺ ពី​ការ​បោះ​បង្គោល​ព្រំដែន​លេខ ៣១៤ ​ចន្លោះ​ពី​ខេត្ត​កំពត និង​ប្រទេស​វៀតណាម ផង​ដែរ ដែល​ SRP អះ​អាង​ថា បាន​កាត់​ផ្តាច់​ពល​រដ្ឋ​ខ្មែរ​ចេញ​ពី​ដី​របស់​ពួក​គេ​។
លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​បន្ត​ថា​៖«យើង​សូម​ស្វាគមន៍​ ចំពោះ​លោក​នាយក​រដ្ឋ​មន្រ្តី ដើម្បី​ថ្លែង​ពី​បញ្ហា​ការ​កំណត់​បង្គោល​ព្រំដែន ទៅ​កាន់​សមាជិក​សភា​ជាតិ ​ប៉ុន្តែ​ស្រប​ពេល​នេះ​ដែរ យើង ចង់​ឲ្យ​តំណាង​រដ្ឋាភិបាល​ ផ្លាស់​ប្តូរ​ទម្លាប់​ចាស់ ពី​ការ​គ្រាន់​តែ​អាន​សុន្ទរកថា មក​ជា​ការ​រង់ចាំ​ឆ្លើយ​សំណួរ របស់​អ្នក​តំណាង​រាស្ត្រ។ ​ធ្វើ​ដូច្នេះ សមាជិក​សភា​ម្នាក់​ៗ នឹង​មាន​ឱកាស​សួរ​សំណួរ​ ដែល​ពួក​គេ មាន​ចម្ងល់»។
លោក ហ៊ុន សែន បាន​ថ្លែង​សុន្ទ​រកថា ​របស់​លោក​ភាគ​ច្រើន កាល​ពី​សប្តាហ៍​មុន​ទៅ​កាន់​និស្សិត បញ្ចប់​ការ​សិក្សា ចំនួន​ ២៥០០ នាក់ នៅ​ឯ​វិទ្យាស្ថាន​ជាតិ​អប់រំ ដោយ​គូស​បញ្ជាក់ ពី​ការ​ទទួល​យក ការ​អញ្ជើញ​របស់​គណបក្ស​សម រង្ស៊ី ​ដើម្បី​ថ្លែង​ទៅ​កាន់​សភា​ជាតិ​ អំពី​បញ្ហា​ព្រំ​ដែន​កម្ពុជា វៀតណាម​។ លោក ហ៊ុន សែន បាន​និយាយ​ថា​៖ «ខ្ញុំ បាន​សុំ​ពេល ៤ ​ម៉ោង​ដើម្បី​ថ្លែង​អំពី​ការ​កំណត់​បង្គោល​ព្រំដែន​ ប៉ុន្តែ​វា មិន​មាន​បញ្ហា​ទេ ប្រសិន​បើ​ខ្ញុំ ចំណាយ​ពេល​ ៧​ ម៉ោង​ឥត​ឈប់»។
លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក​នាយក​រដ្ឋ​មន្រ្តី ឬ​តំណាង​របស់​លោក ​ត្រូវ​តែ​ចូល​រួម​សម័យ​ប្រជុំ​សភា​ម្តង ក្នុង​មួយ​សប្តាហ៍​ ដើម្បី​ឆ្លើយ​សំណួរ របស់​សមាជិក​សភា ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​។ លោក ម៉ុងហៃ ថ្លែង​បន្ត​ថា​៖​«រដ្ឋាភិបាល មិន​បាន​គោរព​រដ្ឋ​ធម្មនុញ្ញ​របស់​យើង ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ ព្រោះរដ្ឋ​ធម្មនុញ្ញ បាន​​តម្រូវ​ឲ្យ​នាយក​រដ្ឋ​មន្រ្តី ឬ​តំណាង​របស់​គាត់ ចូល​ទៅ​ឲ្យ​សមាជិក​សភា​សាក​សួរ​ម្តង​ក្នុង​មួយ​សប្តាហ៍។ ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៣ មក ខ្ញុំ​រក​ឃើញ​ថា លោក​នាយក​រដ្ឋ​មន្រ្តី បាន​ចូល​ទៅ​​ឆ្លើយ​សំណួរ​ក្នុង​សភា​ មិន​ដល់​ ១០ ​ដង​ទេ ហើយ​ភាគ​ច្រើន​នៃ​ការ​ឆ្លើយ​សំណួរ​ទាំង​នោះ​ គឺ​គ្រាន់​តែ​អាន​សេចក្តី​ថ្លែងការណ៍​ដែល​មិន​មាន​ការ​បើក​ចំហ សម្រាប់​ការ​សាក​សួរ​ទេ​»៕

No comments:

Post a Comment

yes