សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 26, 2012

បទ​ល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​បង្វែរ​ទិសដៅ​ទៅ​កាប់​ឈើ​នៅ​តំបន់​ផ្សេង


តំណាង​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ ឃុំ​សៀមបូក ថ្លែង​ថា បទ​ល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ នៅ​ខែ​សីហា នេះ មាន​ការ​ថមថយ ដោយ​សារ​តែ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ ក្នុង​ខេត្ត​ស្ទឹងត្រែង លែង​សូវ​សម្បូរ ហើយ​ប្រជា​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ល្បាត​ព្រៃ​ជា​ប្រចាំ​ទៀត ទើប​ឈ្មួញ​ឈើ​បង្វែរ​ទិសដៅ​ទៅ​កាប់​ឈើ​នៅ​តំបន់​ផ្សេង។
RFA/Vann Vicha
២៥-សីហា-២០១២៖ ឈើ​ដែល​ឈ្មួញ​លាក់​ទុក​ក្នុង​ឃុំ​តាឡាត នៅ​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។
ចំណែក​ឯ​ពលរដ្ឋ​នៅ​ក្រុង​ស្ទឹងត្រែង វិញ អះអាង​ថា ឈ្មួញ​ឈើ​កំពុង​តែ​ដឹក​ឈើ​ចុះ​ទៅ​វៀតណាម បាន​ជា​ធម្មតា ដោយ​មិន​មាន​ការ​រាំងស្ទះ​នោះ​ឡើយ។
អនុប្រធាន​សហគមន៍​ការពារ​ព្រៃ​ឡង់ ឃុំ​សៀមបូក អ្នកស្រី ខា ស្រស់ នៅ​ថ្ងៃ​ទី​២៦ សីហា មាន​ប្រសាសន៍​ថា កាល​ពី​ខែ​មុន មាន​បទ​ល្មើស​ព្រៃ​ឈើ​ច្រើន​ណាស់ ដោយ​មាន​ឈ្មួញ​ឈើ​មក​ពី​ខេត្ត​ផ្សេង​ចំណាយ​លុយ​ឲ្យ​កម្មករ​ចូល​កាប់​ឈើ រួច​ដឹក​ជញ្ជូន​តាម​ទូក។ អ្នកស្រី​បន្ត​ថា នៅ​ក្នុង​ខែ​សីហា នេះ ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ ឃុំ​សៀមបូក និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ល្បាត​ព្រៃ​ចំនួន​ពីរ​ដង ប៉ុន្តែ​មិន​មាន​ឃើញ​បទ​ល្មើស​កើត​ឡើង​ឡើយ។
អ្នកស្រី ខា ស្រស់ បញ្ជាក់​ថា សហគមន៍​ការពារ​ព្រៃ​ឡង់ ឃុំ​សៀមបូក យល់​ថា ការ​ថយ​ចុះ​នៃ​ចំនួន​បទ​ល្មើស ជា​ការ​សន្សំ​កម្លាំង​ទុក​របស់​ឈ្មួញ​ជួញ​ឈើ​ប៉ុណ្ណោះ៖ «នៅ​ខេត្ត​ក្រចេះ អ៊ីចឹង គេ​យក​សម្ភារៈ​មក​ទាំង​អស់ កម្មករ​មក​ទាំង​អស់ គេ​កាប់​ឈើ​ចេញ​ពី​ព្រៃ​ឡង់ ហើយ​ដាក់​ទូក​ទៅ​ខេត្ត​ក្រចេះ វិញ»

អ្នកស្រី ខា ស្រស់ បន្ត​ថា កន្លង​មក​អ្នក​ដែល​រក​ស៊ី​ឈើ ច្រើន​តែ​សហការ​ជាមួយ​មន្ត្រី​មាន​អំណាច ចូល​កាប់​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ ដោយ​សមត្ថកិច្ច​មូលដ្ឋាន​មិន​ហ៊ាន​បង្ក្រាប​ឡើយ។
យ៉ាង​ណា​ក៏​ដោយ ពលរដ្ឋ​រស់នៅ​ម្តុំ​អូរពងមាន់ លោក វ៉ាន់ ធី មាន​ប្រសាសន៍​ថា នៅ​ខែ​សីហា មាន​រថយន្ត​ដឹក​ឈើ​ជាច្រើន​គ្រឿង ដឹក​កាត់​ចំណុច​អូរពងមាន់។ លោក​បន្ត​ថា នៅ​សប្ដាហ៍​មុន មាន​រថយន្ត​យីឌុប ចំនួន​៥គ្រឿង ផ្ទុក​ទៅ​ដោយ​ឈើ​ពេញ ដឹក​កាត់​មុខ​ផ្ទះ​លោក​ពេល​យប់ តាម​ផ្លូវ​ជាតិ​ឆ្ពោះ​ទៅ​ខេត្ត​ក្រចេះ សំដៅ​ទៅ​ប្រទេស​វៀតណាម។ លោក វ៉ាន់ ធី បញ្ជាក់​ថា ក្នុង​រយៈពេល​មួយ​ខែ​ចុង​ក្រោយ​នេះ មាន​រថយន្ត​ដឹក​ឈើ​ធំៗ​រាប់​សិប​គ្រឿង​ឆ្លង​កាត់​ជា​ធម្មតា មិន​ដែល​ឃើញ​សមត្ថកិច្ច​បង្ក្រាប​នោះ​ទេ។
វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ និង​មន្ត្រី​បរិស្ថាន ខេត្ត​ស្ទឹងត្រែង ដើម្បី​សុំ​ការ​បកស្រាយ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១២។
ទោះ​ជា​យ៉ាង​នេះ​ក្តី អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ឡូយ សុផាត នៅ​សប្ដាហ៍​មុន ក្នុង​កិច្ច​ប្រជុំ​ជាមួយ​មេ​ឃុំ ចៅ​សង្កាត់​ទូទាំង​ខេត្ត លោក​បាន​បញ្ជា​ឲ្យ​មេឃុំ​គ្រប់​ឃុំ រួម​គ្នា​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ។ លោក​បន្ត​ថា ឈ្មួញ​ដឹក​ឈើ​បាន​ជា​រៀងរាល់​ថ្ងៃ ស្រប​ពេល​ដែល​សមត្ថកិច្ច​ជំនាញ​រាប់​សិប​នាក់ បណ្ដាក់​គ្នា​ដូច​ខ្យង​ចាំ​យក​លុយ។
លោក ឡូយ សុផាត បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​ត្រូវ​ដោះស្រាយ​បញ្ហា​បទ​ល្មើស​ព្រៃ​ឈើ​នេះ​ជា​បន្ទាន់ ពិសេស​ចាត់​ការ​ចំពោះ​មន្ត្រី​ដែល​ពុក​រលួយ​ក្នុង​សំណុំ​រឿង​ព្រៃ​ឈើ៖ «អ្នក​បទ​ល្មើស​មុន​គេ មេ​ព្រៃ ប៉ូលិស ប៉េអិម យោធា ត្រូវ​គ្នា​ពី​លើ​ដល់​ក្រោម  អំពើ​ពុក​រលួយ​ក្នុង​បទ​ល្មើស​ព្រៃ​ឈើ ប្រជាពលរដ្ឋ​វិញ មើម​គ្រញូង គាត់​គាស់​ពី​ក្នុង​ដី​ក៏​ពួក​វា​ចាប់​ដែរ»
ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ក្នុង​ខេត្ត​ស្ទឹងត្រែង កើត​មាន​ការ​កាប់​ឈើ​នៅ​ស្ទើរ​តែ​គ្រប់​តំបន់ រាប់​ទាំង​ព្រៃ​ឡង់ និង​មាន​អ្នក​ទិញ​ទៅ​លក់​បន្ត ដូច​ជា អ្នក​រត់​តាក់ស៊ី អ្នក​ដឹក​តាម​ម៉ូតូ តាម​រថយន្ត​ទំនើប តាម​ទូក និង​មាន​ឈ្មួញ​ធំៗ​ដឹក​តាម​រថយន្ត​យីឌុប ទៀត​ផង។
ក្រុម​ប្រជាពលរដ្ឋ​សហគមន៍​ព្រៃ​ឡង់​លើក​ឡើង​ថា បើ​សិន​ជា​រដ្ឋាភិបាល​មិន​កំចាត់​អំពើ​ពុក​រលួយ​ក្នុង​បទ​ល្មើស​ព្រៃ​ឈើ ឲ្យ​មាន​ប្រសិទ្ធភាព​ទេ​នោះ ព្រៃ​ឡង់​នឹង​វិនាស​ឆាប់ៗ​នៅ​ពេល​ខាង​មុខ៕

No comments:

Post a Comment

yes