សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 6, 2012

សិស្ស​ជាង ១១ ម៉ឺន​នាក់ ត្រូវ​ចូល​រួម​ប្រឡង​បាក់​ឌុប ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ

120806_04
សិស្ស​​ដែល​ត្រូវ​ប្រឡង​ថ្ងៃ​នេះ សុំ​ពរ​ជ័យ​ពី​ព្រះ​សង្ឃ​ នៅ​វត្ត​សំរោង​អណ្តែត
 កាល​ពី​ម្សិល​មិញ​

ភ្នំពេញៈ ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ (បាក់​ឌុប) សម្រាប់​សិស្សថ្នាក់​ទី ១២ នឹង​ចាប់​ផ្ដើម នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ខណៈ​ដែល​មាន​កង្វល់​ពី​ការ​ចែក​ចាយ​ចម្លើយ​វិញ្ញាសា នៅ​តាម​មណ្ឌល​ប្រឡង​នានា។
កាល​ពី​ម្សិល​មិញ គេ​សង្កេត​ឃើញ​សិស្សា​នុ​សិស្ស​មួយ​ចំនួន នៅ​រាជ​ធានី​ភ្នំពេញ បាន​នាំ​គ្នា​ស្វែង​រក​ទិញ​វិញ្ញា​សា ដើម្បី​ទុក​ជា​ទុន ក្នុង​ការ​លួចច​ម្លង​ក្នុង​ពេល​ប្រឡង ខណៈ​សិស្ស​មួយ​ចំនួន​ទៀត បាន​នាំ​គ្នា​ទៅ​វត្ត ដើម្បី​ឲ្យ​ព្រះ​សង្ឃ​ស្រោច​ទឹក​និង​ប្រទាន​ពរ​ជ័យ​ឲ្យ​ពួក​គេ​បាន​ប្រឡង ជាប់។
យុវ​សិស្ស តាន់ សុខ​សាន្ត មក​ពី​វិទ្យា​ល័យ​ឫស្សី​កែវ ដែល​ត្រូវ​ប្រឡង​នៅ​មណ្ឌល​វត្ត​ភ្នំ និយាយ​ថា រូប​គេ បាន​ត្រៀម​ខ្លួន​ជា​ស្រេច សម្រាប់​ការ​ប្រឡង​នេះ ​និង​មាន​ជំនឿ​លើ​ខ្លួន​ឯង​ថា នឹង​ប្រឡង​ជាប់។ សុខ​សាន្ត និយាយ​ដោយ​អំនួត​ថា៖ «នៅ​ក្នុង​សាលា​រៀន ខ្ញុំ​ក៏​មាន​ឈ្មោះ​ជា​សិស្ស​ល្អ និង​ពូកែ​ម្នាក់​ដែរ ខ្ញុំ​រៀន​មិន​ដែល​ធ្លាក់​ចំណាត់​ថ្នាក់ ក្នុង​មុខ​វិជ្ជា​ណា​មួយ​នោះ​ទេ ដូច្នេះ​ការ​ប្រឡង​នេះ ខ្ញុំ​មាន​សង្ឃឹម ៨៥ ភាគ​រយ​ថា ខ្ញុំ​នឹង​ជាប់»។
ចំណែក​ឯ​យុវសិស្ស ដាញ់ ថាវី នៅ​វិទ្យា​ល័យ​ឫស្សី​កែវ​ដែរ​នោះ និយាយ​ថា គេ​ហាក់​ដូច​ជា​ភ័យ​ខ្លាច បើ​ទោះ​ជា​គេ​បាន​ទៅ​ឲ្យ​ព្រះ​សង្ឃ ស្រោច​ទឹក ដើម្បី​បំបាត់​ភាព​ភ័យ​ខ្លាចក្នុង​ពេល​ប្រឡង​រួច​ហើយ​ក្ដី។ ថាវី បាន​ប្រាប់​នៅ​ពេល​ដែល​រូបគេ បាន​មក​ពិនិត្យ​មើល​ឈ្មោះ នៅ​មណ្ឌល​វិទ្យា​ល័យ​វត្ត​ភ្នំ​ថា៖ «​ពេល​នេះ ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា ញាប់​ញ័រ និង​ភ័យ​ខ្លាច»។ យុវសិស្ស​រូប​នេះ បន្ត​ថា គេ​បាន​ទិញ​វិញ្ញា​សាមេ​រៀន​មួយ​ចំនួន ពី​កន្លែង​ថត​ចម្លង​ឯក​សារ​លក់ ដើម្បី​ទុក​លួច​កត់​ចម្លង នៅ​ពេល​ប្រឡង។ ថាវី​បញ្ជាក់​ថា៖​ «ជា​ការ​ពិត ចំណេះ​ដឹង​ពិត គឺ​ស្ថិត​នៅ​លើ​ការ​ប្រឹង​ប្រែង​រៀន​សូត្រ និង​ការ​អនុវត្ត​ធ្វើ​លំហាត់ មេរៀន ប៉ុន្តែ​ពេល​ប្រឡង យើង​ក៏​ត្រូវ​ការ​ឯកសារ​ជំនួយ​ខ្លះ សម្រាប់​លួចកត់​ចម្លង​ដែរ ព្រោះ​យើង​មិន​អាច​ចាំ ទាំង​អស់​នោះ​ទេ»។

ជាមួយ​គ្នា​នេះ លោក​រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ កាល​ពី​ថ្ងៃ​សុក្រ បាន​ស្នើ​ទៅ​ក្រសួង​អប់រំ ឲ្យ​មាន​វិធាន​ការ​ ទប់​ស្កាត់​ចំពោះ​អ្នក​គ្រប់​គ្រង​ មណ្ឌល​ប្រឡង​មួយ​ចំនួន ដែល​មាន​ផែន​ការ​ធ្វើ​ចម្លើយ​លក់ នៅ​ក្នុង​មណ្ឌល​ប្រឡង។ នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​ក្រសួង​អប់រំ លោក រ៉ុង ឈុន ឲ្យ​ដឹង​ថា តាម​ប្រភព​ព័ត៌មាន ពី​សកម្ម​ជន​សមាគម​របស់​លោក បាន​រាយ​ការណ៍​ថា មាន​អ្នក​គ្រប់​គ្រង​មណ្ឌល​ប្រឡង​មួយ​ចំនួន កំពុង​រៀបចំ​ផែន​ការ សហ​ការ​ជាមួយ​គ្រូ​បង្រៀន​ថ្នាក់​ទី ១២ ដោយ​មាន​ភ្ជាប់​សម្ភារមក​ជាមួយ ដូច​ជា កុំព្យូទ័រ និង​ម៉ាស៊ីន​កូពី ដើម្បី​ធ្វើ​ចម្លើយ​លក់​ឲ្យ​បេក្ខ​ជន​ប្រឡង។
លិខិត​បន្ត​ថា ករណី​នេះ ធ្លាប់​កើត​មាន នៅ​តាម​មណ្ឌល​ប្រឡង​មួយ​ចំនួន កាល​ពី​ឆ្នាំ​កន្លង​មក ហើយ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ក៏​បាន​លើក​បញ្ហា​ទាំង​នេះ​ ដាក់​ជូន​ក្រសួង​អប់រំ ពេល​ប្រឡង​ឆ្នាំ​មុន​ផង​ដែរ។ លោក​បាន​បន្ត​ថា​៖«ដើម្បី​ឲ្យ​ការ​ប្រឡង ប្រព្រឹត្ត​ទៅ មាន​លក្ខណៈ​ត្រឹម​ត្រូវ យុត្តិ​ធម៌ និង​ទទួល​យក​បាន យើង​សូម​ស្នើ​ឲ្យ​ក្រសួង​អប់រំ មាន​វិធាន​ការ​ទប់​ស្កាត់​ រាល់​បញ្ហា​ទាំង​ឡាយ ដែល​អាច​នឹង​ប៉ះពាល់​ដល់​ដំណើរ​ការ​ប្រឡង។ ម្យ៉ាង​ទៀត ​ជា​ការ​លើក​កម្ពស់​គុណ​ភាព​ធនធាន​មនុស្ស និង​អប់រំ ដើម្បី​រៀបចំ​លក្ខណៈ​មុន​ពេល​កម្ពុជា​ ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ចូល​ក្នុង​តំបន់​អាស៊ាន»។
លោក​ម៉ក់ វ៉ាន់ រដ្ឋលេខា​ធិការ ក្រសួង​អប់រំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ម្សិល​មិញ​ថា សិស្សា​នុសិស្ស​ប្រមាណ​ជាង ១១ ម៉ឺន​នាក់ នៅ​ទូទាំង​ប្រទេស នឹង​ត្រូវ​ចូល​រួម​ការប្រឡង​នេះ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​ពុធ។ លោក​បាន​ថ្លែង​ថា៖ «ជា​គោល​ការណ៍ ក្រសួង តែង​តែ​គិត​គូរពី​គុណ​ភាព នៃ​ការ​អប់រំ​ជា​ចម្បង​ហើយ​ក្រសួង ចង់​បាន​ឲ្យ​សិស្ស​ប្រឡង​ប្រជែង​គ្នា ដោយ​ផ្អែក​លើ​សមត្ថភាព ចំណេះ​ដឹង​ផ្ទាល់​ខ្លួន​ពិត​ប្រាកដ​របស់​ពួក​គេ»។
លោក​បាន​បន្ត​ថា ក្រសួង​ បាន​ចេញ​សេចក្ដី​បម្រាម និង​ការ​ព្រមាន​ជា​ច្រើន​ដល់​សិស្ស​ និង ​អាណា​ព្យាបាល​របស់​ពួក​គេ ព្រម​ទាំង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់ ធ្វើ​យ៉ាង​ណា កុំ​ប្រព្រឹត្តនូវ​អំពើ​សូក​ប៉ាន់ ឃុប​ឃិត ឲ្យ​មាន​ការ​លួច​ចម្លង​គ្នា​ក្នុង​ពេល​ប្រឡង។ លោក​ថ្លែង​ថា​៖«​អំពើ​សូក​ប៉ាន់ ការ​លួច​ចម្លង​គ្នា​ទៅ​វិញ​ទៅ​មក ​គឺជាក្ដី​កង្វល់​ដ៏ធំ​របស់​ក្រសួង​»។
កាល​ពី​ឆ្នាំ​មុន គ្រូ​បង្រៀន​មួយ​ចំនួន​នៅ​ខេត្ត កោះ​កុង និង​បាត់​ដំបង បាន​រង​នូវ​ការ​ដាក់​ពិន័យ​រដ្ឋ​បាល​ បន្ទាប់​ពី​ក្រសួង​រក​ឃើញ​ថា​ បាន​ធ្វើ​កំណែ​វិញ្ញា​សា​មួយ​ចំនួន ហើយ​លួច​ផ្ដល់​ឲ្យ​សិស្ស​ក្នុង​ពេល​កំពុងប្រឡង​៕

No comments:

Post a Comment

yes