សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 26, 2012

នំ​ព្រះ​ខែ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម

120926_20
អាជីវករ ណាវ វួចឃីម​ លក់​នំព្រះខែ​អប្សរា ដែលផលិត​សម្រាប់​
មនុស្ស​មាន​ជំងឺ​ទឹកនោម​ផ្អែម

ភ្នំពេញៈ ខណៈ​ថ្ងៃ​បុណ្យ​សែន​ព្រះខែ​តាម​ប្រពៃណី​ចិន​កំពុង​តែ​ខិត​ជិត​មក​ដល់​នោះ នៅ​តាម​បណ្ដា​មហាវិថី និង​ដង​ផ្លូវ​នានា​ចាប់​ផ្ដើម​មាន​វត្តមាន​តូប​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ ដែល​ដាក់​តាំង​លក់​នំ​ព្រះខែ​ជា​ច្រើន​ប្រភេទ​ ជាមួយ​នឹង​ចង្កៀង​គោម​សម្រាប់​តាំង​លម្អ​ផ្ទះ​ផង​ដែរ។
ជាមួយ​នឹង​វត្តមាន​ម៉ាកយីហោ​នំ​ជា​ច្រើន នៅ​លើ​ទីផ្សារ អ្នក​ផលិត​នំ​កាន់​តែ​បង្កើន​ភាព​ច្នៃ​ប្រឌិត​លើ​អាជីវកម្ម​របស់​ខ្លួន ជាមួយ​នឹង​ការ​បង្កើត​ប្រភេទ​នំ​ថ្មីៗ កែច្នៃ​រូបមន្ត​ផ្សំ​គ្រឿង និង​ការ​រចនា​ប្រអប់​នំ​ឲ្យ​កាន់តែ​មាន​ភាពទាក់ទាញ​ដល់​អតិថិជន​សែ​ស្រឡាយ​ ចិន​ផង​ដែរ។
នំ​សែន​ព្រះ​ខែ​មាន​ជា​ច្រើន​ប្រភេទ​ណាស់ ប៉ុន្តែ​ជា​ទូទៅ​រសជាតិ​របស់​វា​គឺ​ផ្អែម​ល្មួត​តែ​ម្ដង មិនថា​ចំពោះ​នំ​ផ្អែម​ស្នូល​សណ្ដែក ឬ​ស្នូល​ចម្រុះ​គ្រប់​មុខ​នោះទេ។ រសជាតិ​ផ្អែម​នេះ​ហើយ បាន​ធ្វើ​ឲ្យ​អតិថិជន​មួយ​ចំនួន​ខ្លាច​រអា​នឹង​ បរិភោគ​ ដោយ​សារ​តែ​ការ​បារម្ភ​ដល់​សុខភាព ជា​ពិសេស​គឺ​មនុស្ស​វ័យ​មជ្ឈិម​ដែល​រង​ជំងឺ​ទឹក​នោម​ផ្អែម​តែ​ម្ដង។
ដោយ ហេតុ​ដូច្នេះ​ហើយ ទើប​ហាង​នំ​ដ៏​ធំមួយ​នៅ​រាជធានី​ភ្នំពេញ​បាន​ផលិត​នំ​ព្រះខែ​ពិសេស​ តម្រូវ​សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ខកខាន​ទទួល​ទាន​ចំណី​នេះ​ជួប​ជុំ​គ្រួសារ​នា​រដូវ​ កាល​បុណ្យ​សែន​ព្រះខែ។

កញ្ញា​ ចាន់ ​អង្គារា​ ជា​អនុ​ប្រធាន​គ្រប់​គ្រង់​នៅ​ក្នុង​ហាងនំ​អប្សារា ​បាន​ឲ្យ​ដឹង​ថា ហាង​របស់​ខ្លួន​បាន​ផ្ដួច​ផ្ដើម​គំនិត​ផលិត​នំ​ព្រះខែ​សម្រាប់​អ្នក​ជំងឺ​ ទឹក​នោម​ផ្អែម​នេះ​តាំង​ពី​៥-៦​ឆ្នាំ​មុន​មក​ម្ល៉េះ។
កញ្ញា​បាន​បន្ត​ ថា៖ «ដោយ​សារ​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​ឃើញ​មាន​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ ច្រើន ហើយ​អ្នក​ទាំង​នោះ​គាត់​ចង់​ញ៉ាំ​នំ​ហាង​របស់​ខ្ញុំ ជា​ពិសេស​ចាស់ៗ​គាត់​ចង់​ពិសា​នំ​ព្រះខែ តែ​កូន​របស់​គាត់​មិន​ចង់​ឲ្យ​បរិភោគ ពីព្រោះ​នំ​មាន​រសជាតិ​ផ្អែម​។ អ៊ីចឹង​ហើយ​បាន​ជា​ហាង​នំ​ខ្ញុំ មាន​គំនិត​ផលិត​នំ​នេះ​ឡើង​ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​គាត់»។
យោង​តាម​កញ្ញា ចាន់ ​អង្គារា​ លក្ខណ​ពិសេស​នៃ​នំ​ដែល​ផលិត​សម្រាប់​អ្នក​ទឹក​នោម​ផ្អែម​នោះ​គឺ​ស្ថិត​នៅ​លើ​ ប្រភេទ​ស្ករ​ដែល​ជា​គ្រឿង​ផ្សំ​ចម្បង​តែ​ម្ដង។
អនុ​ប្រធាន​គ្រប់​គ្រង់​នៅ​ក្នុង​ហាងនំ​អប្សរា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «​នំ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​​ផ្អែម​នេះ​ផ្សំ​ឡើង​ពី​ស្ករ​ពិសេស ​ដែល​កុម្ម៉ង់​មក​ពី​ប្រទេស​សិង្ហបុរី។ ស្ករ​នេះ​គឺ​សម្រាប់​អ្នក​ដែល​កើត​ទឹក​នោម​ផ្អែម​ តែ​អ្នក​ដែល​មិន​កើត​ទឹក​នោម​ផ្អែម​ក៏​អាច​ញ៉ាំ​បាន​ដែរ។​ សម្រាប់​តម្លៃ​វិញ​គឺ​មិន​ថ្លៃ​ជាង​នំ​ធម្មតា​នោះ​ទេ»។
នំ​សែន​ ព្រះខែ​ទូទៅ​គឺ​មាន​តម្លៃ​ចាប់​ពី​២​ម៉ឺន​រៀល​ ទៅ​តាម​សណ្ឋាន ​និង​ប្រភេទ​នំ។ នំ​ស្នូល​សណ្តែក​ស្លឹក​តើយ​សម្រាប់​អ្នក​ទឹក​នោម​ផ្អែម ​គឺ​មាន​តម្លៃ​ប្រមាណ​ជា​៣៩៥០០​រៀល​ក្នុង​មួយ​ប្រអប់​។
កញ្ញា​បាន ឲ្យ​ដឹង​ថា៖ «ការ​ផលិត​នំ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​នេះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន ពី​អតិថិជន ចាប់​តាំង​ពី​ចេញ​លក់​ដំបូង​ម្ល៉េះ»។
លោក ស៊ុង លាភ ជា​អាជីវករ​លក់​ដូរ និង​ជា​អតិថិជន​ម្នាក់​របស់​ហាង​នំ​អប្សរា​បាន​ឲ្យ​ដឹង​ថា ដើម​ឡើយ​ឪពុក​វ័យ​៦៩​ឆ្នាំ​របស់​លោក​មិន​ហ៊ាន​ទទួលទាន​នំ​ព្រះខែ​ឡើយ ដោយ​សារ​តែ​គាត់​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ប៉ុន្តែ​ចាប់​តាំង​ពី​មាន​នំ​ព្រះខែ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​នេះ​មក គាត់​ក៏​អាច​ទទួលទាន​នំ​នេះ​ក្លែម​ជាមួយ​ទឹកតែ​ក្រោយ​សែន​ព្រះខែ​ហើយ។
លោក ​បាន​និយាយ​ថា៖ «ស្រុក​យើង​ឥឡូវ​មាន​អ្នក​កើត​ជំងឺ​នេះ​ច្រើន​ណាស់ បើ​មាន​គេ​ផលិត​នំ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អ៊ីចឹង គាត់​អ្នក​ឈឺ​ក៏​អាច​ហូប​នំ​លោក​ខែ​បាន​ដូច​យើង​ដែរ​ណា៎»។
ដោយ​ឡែក​កញ្ញា លន់​ រស់​ ដែល​ជា​អតិថិជន​ប្រចាំ​របស់​ហាង​នំ​នេះ​​ហាក់​មិន​ទាន់​ដឹង​ថា មាន​នំ​ព្រះខែ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ឡើយ។
អតិថិជន​រូប​នេះ បាន​និយាយ​ថា៖ «​ខ្ញុំ​អត់​ដែល​ដឹង​ថា​ ឥឡូវ​មាន​នំ​សម្រាប់​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​ទេ​ តែ​ប្រសិន​ជា​មាន​ ខ្ញុំ​នឹង​ទិញ​ជូន​បង​ប្អូន​របស់​ខ្ញុំ​នៅ​ថ្ងៃ​បុណ្យ​សំពះ​ព្រះខែ​ខាង​មុខ នេះ»៕

No comments:

Post a Comment

yes