ទឹកលិចក្នុងវត្ត កាលពីឆ្នាំមុន
ប៉ៃលិនៈ ជំនន់ទឹកភ្លៀងបានជន់លិចផ្ទះប្រជាពលរដ្ឋចំនួន៦៩ខ្នង និងធ្វើឲ្យខូចខាតដំណាំពោតចំនួនជិត៥ហិកតា ក្នុងភូមិចំនួនបីស្ថិតនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បន្ទាប់ពីភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេលជិតមួយសប្ដាហ៍។
ថ្វីបើនៅមិនទាន់មានអ្នករងគ្រោះថ្នាក់ ដោយសារគ្រោះទឹកជំនន់ទឹកភ្លៀងនេះ ប៉ុន្តែក្រុមអាជ្ញាធរមូលដ្ឋាននៅក្នុងតំបន់នោះ កំពុងសម្ដែងក្ដីព្រួយកង្វល់ជុំវិញបញ្ហាអាកាសធាតុ ខណៈភ្លៀងនៅតែបង្អុលធ្លាក់ និងបង្កភាពលិចលុងកាន់តែខ្លាំងឡើង។
អភិបាលរងស្រុកសាលាក្រៅ លោក សំ សារ៉េត បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន ដែលយ៉ាងហោចណាស់លំនៅដ្ឋាន ប្រជាពលរដ្ឋចំនួន៦៩ខ្នង និងផ្លូវលំមួយចំនួន ក្នុងភូមិចំនួនបី រួមមានភូមិកូនដំរី ផ្ទះស្បូវ និងភូមិព្រៃសន្ទះ ត្រូវបានជន់លិច ។
លោកបានថ្លែងថា៖«ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់មិនឈប់បែបនេះ យើងបារម្ភថាការលិចលង់និងការខូចខាតនិងមានទំហំធំជាងនេះ»។
លោក កែវ រំដេត មេឃុំស្ទឹងត្រង់ បានឲ្យដឹងថា ក្រៅពីជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ ជំនន់ទឹកភ្លៀងក្នុងមួយសប្ដាហ៍នេះ ក៏បានធ្វើឲ្យខូចខាត ដំណាំពោត ជិត៥ហិកតា និងខូចខាតស្រូវ អង្ករក្នុងជង្រុករបស់ប្រជាកសិករសរុបប្រមាណជិត២,៥តោន ផងដែរ។
មកទល់ពេលនេះអាជ្ញាធរកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើស្ថានភាពទឹកជំនន់ និងកំពុងត្រៀមលក្ខណៈដើម្បីជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព ប្រសិនបើទឹកជំនន់កាន់ឡើងតែខ្លាំងនោះ។
No comments:
Post a Comment
yes