សកម្មភាពប្រណាំងរវាងទូកបុប្ផាក្បាលជ្រោយ (១៩) និងទូកសុវណ្ណចំប៉ា ស សែនជ័យ
ភ្នំពេញៈ ក្រោមអាកាសធាតុដ៏អំណោយផល និងមានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ សិស្សានុសិស្ស អ្នករត់ម៉ូតូឌុប និងអ្នកធ្វើដំណើរផ្សេងៗទៀតនោះ ការប្រកួតប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកកានូកាយ៉ាក់ ជ្រើសរើសជើងឯកទូទាំងប្រទេសប្រចាំឆ្នាំ២០១២ បានដំណើរការប្រកួតថ្ងៃដំបូងប្រកបដោយភាពរីករាយ នៅលើដងទន្លេក្រុងតាខ្មៅ កាលពីម្សិលមិញនេះ។
សម្រាប់ការប្រកួត ដែលផ្តោតសំខាន់ទៅលើការសម្រិតសម្រាំងរកក្រុមកីឡាករ-ការិនីឆ្នើម ត្រៀមចេញទៅប្រកួតនៅលើឆាកអន្តរជាតិមួយនេះ បានបែងចែកការប្រកួតជា៤ដាច់ដោយពីគ្នា គឺការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិបុរស-នារីចំណុះ២២នាក់ ចម្ងាយ៥០០ម៉ែត្រនិង១០០០ម៉ែត្រ ខ្នាតអន្តរជាតិបុរសចំណុះ១២នាក់ចម្ងាយ៥០០ម៉ែត្រ និង១០០ម៉ែត្រ ការប្រកួតទូកកានូ និងកាយ៉ាក់ ដែលត្រូវធ្វើក្នុងរយៈចម្ងាយ២០០ម៉ែត្រនិង៥០០ម៉ែត្រដូចគ្នា។
សម្រាប់ ការប្រកួតថ្ងៃបើកឆាក កាលពីថ្ងៃអង្គារម្សិលមិញនេះ គឺមានការប្រកួតតែលើប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិបុរសចំណុះ ២២នាក់ លើចម្ងាយ១០០០ម៉ែត្រតែប៉ុណ្ណោះ ហើយវិញ្ញាសាមួយនេះមានទូកចំនួន១៦ បានចូលរួមនិងបានកំណត់ការប្រកួតជា៤ស៊េរី ដោយ១ស៊េរីមាន៤ទូក។
លោក បឹង គឹមតោ អនុប្រធាននាយកដ្នានអប់រំកាយ និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រណាំងទូកកម្ពុជា បានពន្យល់ពីរូបមន្តនៃការប្រកួត កាលពីព្រឹកម្សិលមិញ ថា ទូកទាំង៤ក្នុងសេរីនីមួយៗត្រូវចេញដំណើរប្រកួតក្នុងពេលដំណាលគ្នា ទៅតាមខ្សែទឹកដែលបានកំណត់ ហើយក្រោយការប្រកួតទាំង២ជើងបានបញ្ចប់ គឺយើងបូកសរុបថិរវេលាសម្រេចជាលទ្ធផលផ្លូវការតែម្តង។
លោកបាន បញ្ជាក់ថា៖«ក្រុមទទួលបានចំណាត់ថ្នាក់លេខ១ នៅតាមស៊េរីនីមួយៗ នឹងឡើងទៅប្រកួតនៅវគ្គ១/២ផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។ចំណែកទូក ១២ផ្សេងទៀត ដែលមិនបានជាប់ក្នុងការប្រកួតនៅតាមស៊េរីនោះ មាន៤ទូកត្រូវបានជ្រើសរើសឲ្យឡើងទៅប្រកួតនៅវគ្គនេះដែរដោយយោង លើការប្រើថិរវេលាបានតិចជាងគេ»។
បើគិតត្រឹមរសៀលថ្ងៃអង្គារ ម្សិលមិញ ការប្រកួតបានបញ្ចប់ទាំង៤ស៊េរីហើយ។ លទ្ធផលនៃការប្រកួតនោះ ទូកសុវណ្ណចំប៉ាសសែនជ័យខេត្តព្រៃវែង ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងស៊េរីទី១ ដោយពួកគេបានប្រើពេល ០៧:៤៤.៤១នាទី រីឯទូករង្សីសេរីបញ្ញាខេត្តកណ្តាល បានលេខ១ក្នុងស៊េរីទី២ ជាមួយថិរវេលា ០៧:៥២.៤៧ នាទី។ ចំណាត់ថ្នាក់លេខ១ក្នុងស៊េរីទី៣ បានទៅលើទូកសជ័យបារមីកំចាយមារខេត្តបាត់ដំបង ដោយប្រើពេលសរុប ០៧:៣០.០៦នាទី ខណៈចំណាត់ថ្នាក់លេខ១ក្នុងស៊េរីទី៤ បានលើទូករស្មីព្រែករាំងព្រះគង្គាសែនមានរិទ្ធខេត្តកំពង់ឆ្នាំង ក្នុងថិរវេលា ០៧:៤៨.៣១នាទី។
ទូកបុប្ផាក្បាលជ្រោយខេត្តកណ្តាល( ក្នុងស៊េរីទី១) ទូកជើងឯកឆ្នាំចាស់ព្រែករាំងឧត្តមម៉ារីមសែនជ័យខេត្តកំពង់ឆ្នាំង និងទូក៧មករាមហានាគរាជរាជធានីភ្នំពេញ(លេងនៅស៊េរីទី៣) និងទូកព្រះនាមគីងម៉យ របស់រាជធានីភ្នំពេញ(លេងក្នុងស៊េរីទី៤) ក៏ត្រូវបានជ្រើសរើសឲ្យឡើងទៅប្រកួតនៅវគ្គ១/២ព្រ័ត្រ តាមរយៈការប្រើថិរវេលាបានល្អផងដែរ។
ផ្ទុយទៅវិញ ទូកបារមីកងប្រាំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទូកអធិការសុវណ្ណរី សជ័យខេត្តព្រៃវែង ទូកមង្គលរង្សីបារមីនាគសខេត្តព្រៃវែង ទូកហោះសែនជ័យបារមីដីដុះខេត្តក្រចេះ ទូកហត្ថាបារាយណ៍សែនជ័យខេត្តព្រៃវែង និងទូក៧មករា៧៩ របស់រាជធានីភ្នំពេញ បានធ្លាក់ពីការប្រកួតដូចៗគ្នា ខណៈទូកសិរិរ័ត្នសែនជ័យខេត្តព្រៃវែង និងទូកតេជោមង្គលខេត្តកណ្តាល បានបោះបង់ការប្រកួត៕
No comments:
Post a Comment
yes