ក្រុមប្រជាពលរដ្ឋមួយចំនួន រស់នៅក្នុងឃុំស្វាយលើ និងឃុំតាសៀម ស្រុកស្វាយលើ ចម្ងាយប្រមាណជាង ៧០គីឡូម៉ែត្រ ភាគឦសានពីទីរួមខេត្តសៀមរាប កំពុងនាំគ្នាដើរចូលព្រៃរកជីកមើមក្ដួច ដើម្បីចំអិនបរិភោគជំនួសបាយ នៅក្នុងរដូវវស្សាឆ្នាំ២០១២។
ពួកគេបានឱ្យដឹងថា ទឹកជំនន់ដែលបំផ្លាញផលស្រូវ កាលពីឆ្នាំ២០១១ កន្លងទៅ បានធ្វើឱ្យក្រុមគ្រួសាររបស់ពួកគេ កំពុងជួបប្រទះនឹងបញ្ហាខ្វះស្បៀងប្រចាំថ្ងៃយ៉ាងខ្លាំង។
ស្ត្រីឈ្មោះ ឃុត រិន រស់នៅក្នុងភូមិអង្កាញ់ ឃុំស្វាយលើ នាភូមិសាស្ត្រតំបន់ក្បាលប្រើស ដែលក្នុងខ្ទមរបស់គាត់ មាននៅសល់ចំណិតមើមក្ដួចមួយចង្អេរនៅឡើយ។ គាត់បានមានប្រសាសន៍ថា គាត់មានដីស្រែទំហំប្រមាណ ១,៥ហិកតារ ក៏ប៉ុន្តែ ទឹកជំនន់បានបំផ្លាញផលស្រូវរបស់គាត់អស់ កាលពីឆ្នាំ២០១១ កន្លងទៅ បណ្ដាលឱ្យឆ្នាំនេះគ្រួសាររបស់គាត់ត្រូវខ្វះស្បៀង។
ស្ត្រីដដែលបានបញ្ជាក់ថា គាត់បានខ្ចីប្រាក់ពីធនាគារចំនួន ២០០ដុល្លារហើយ ដើម្បីយកមកទិញអង្ករ ក៏ប៉ុន្តែ ស្បៀងរបស់គាត់នៅតែមិនគ្រប់គ្រាន់៖ «អូយ! បង្ខំចិត្តនុះហើយ ខ្ញុំវាមិនសូវស្ម័គ្រហូបដែរទេ ប្រសិនបើមានបាយ ខ្ញុំមិនហូបទេ។ ហូប២ខែមកហើយ ខែអត់បាយក៏ខ្ញុំដើររកខ្ចីបងប្អូន អ្នកស្រុក ទៅយកលុយ អេ.ស៊ី.លី.ដា (ACLEDA) អីទិញជំនួសខ្លះទៅ ដល់បានស្រូវបន្តិចបន្តួចទៅ ក៏សងគេអស់។ ជីវភាពក្រុមគ្រួសារខ្ញុំ វាធ្លាប់តែអត់បាយហូបអីចេះឯង។ បើមានបាយក៏ខ្ញុំមិនដែលហូបទេក្ដួច។ បងប្អូនណាគេចំអកអីក៏ចំអកទៅ ខ្ញុំគ្មានចាប់អារម្មណ៍ថាគេចំអកអីឱ្យទេ»។
ចំណែកលោកស្រី យ៉ែម ថយ នៅភូមិអង្កាញ់ដែរ បានមានប្រសាសន៍ថា គ្រួសាររបស់គាត់ដែលមានសមាជិកចំនួន ៧នាក់ បានដើរជីកមើមក្ដួចមកចំអិនលាយបាយហូបរយៈពេលចំនួន ២ខែមកហើយដែរ។ គាត់បានមានប្រសាសន៍ថា បច្ចុប្បន្ន នៅលើផ្ទះរបស់គាត់នៅសល់អង្ករមិនដល់ ១០គីឡូក្រាមទេ ហើយប្រសិនបើគាត់មិនដើរជីកមើមក្ដួចចំអិនលាយបាយហូបទេ គឺគ្រួសារគាត់នឹងគ្មានអង្ករហូបគ្រប់គ្រាន់ឡើយ៖ «ស្រូវខ្ញុំរលួយអស់ ដល់ស្បើយអង្ករ ក៏ខ្ញុំជីកក្ដួចហូបផង។ នោះអង្ករនៅក្នុងធុងបន្តិច។ ខ្ញុំទើបតែជីកហូបឆ្នាំនេះឯង ស្បើយដែរទឹកលិចណាស់ពេក។ ទាល់តែដល់ស្រូវបែក ស្រូវទុំហ្នឹង បានខ្ញុំឈប់ហូបក្ដួចជំនួសបាយ។ ដើរជីកតាមដុបមូសខាំវ៉ៃ»។
គេដឹងថា មានប្រជាពលរដ្ឋប្រហែល ៦០គ្រួសារ រស់នៅឃុំតាសៀម និងឃុំស្វាយលើ ស្រុកស្វាយលើ កំពុងនាំគ្នាដើរចូលព្រៃ ដើម្បីជីកក្ដួចមកចំអិនហូបជំនួសបាយនាពេលបច្ចុប្បន្ននេះ។
លោក ញឹក រ៉ែម ជាមេឃុំតាសៀម បានមានប្រសាសន៍ថា នៅក្នុងឃុំរបស់លោកបច្ចុប្បន្ន គឺមានប្រជាពលរដ្ឋជាង ៥.៩០០នាក់ ហើយក្នុងនោះមានប្រជាពលរដ្ឋប្រមាណ ២៥គ្រួសារ កំពុងខ្វះខាតខ្លាំង ដោយនាំគ្នាដើរជីកក្ដួចមកចំអិនហូបជំនួសបាយ៖ «អាហ្នឹងគាត់ចាប់ផ្ដើមហូបពីខែកញ្ញា ទៅទល់គ្នានឹងខែវិច្ឆិកា។ មានស្រូវស្រាលខ្លះៗហើយ ដែលគាត់ហូបហ្នឹង មកអំពីទីមួយ ខ្វះថវិកាទិញស្បៀងអាហារ ដីក៏ខ្វះ។ ជាក់ស្ដែង ដូចនៅភូមិត្រពាំងទឹម គឺ៥គ្រួសារនោះអត់ដីទទេ។ ដល់ខ្ញុំក៏អត់មានលទ្ធភាពជួយ។ ចុងបញ្ចប់ ថាសុំដីជួយសម្រាប់គាត់ ដល់មិនចែកគាត់ ទៅចែកតែអ្នកមាន អ្នកអត់នៅតែអត់ដដែល»។
កាលពីថ្ងៃទី២៣ ខែកញ្ញា កន្លងទៅ សាខាកាកបាទក្រហមខេត្តសៀមរាប បាននាំយកស្បៀងអាហារទៅចែកឱ្យប្រជាពលរដ្ឋ ដែលចំអិនក្ដួចហូបទាំងនោះ ក៏ប៉ុន្តែជំនួយមនុស្សធម៌ គឺមានតិចតួច ដោយចែកបានទៅឱ្យអ្នកភូមិអូរប្រាំព្យាម ចំនួនតែ ៩គ្រួសារប៉ុណ្ណោះ។
លោក ចៅ សែន ជាអភិបាលស្រុកស្វាយលើ បានមានប្រសាសន៍ថា ថ្មីៗនេះលោកបានបញ្ជូនមន្ត្រីរបស់លោក ទៅធ្វើការស្រាវជ្រាវនៅក្នុងឃុំស្វាយលើ និងឃុំតាសៀម ដើម្បីរកចំនួនប្រជាពលរដ្ឋដែលហូបក្ដួច ឱ្យដឹងពិតប្រាកដ។ លោកអភិបាលស្រុកបានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលខ្វះស្បៀងទាំងនោះ អាចបណ្ដាលមកពីផលស្រូវខូចខាតកាលពីឆ្នាំមុន៖ «ឥឡូវនេះ កំពុងចុះពិនិត្យទៀត ឃើញមាន ៣៧គ្រួសារទៀតនៅឯក្នុងភូមិអង្កាញ់ (ឃុំស្វាយលើ) កំពុងតែធ្វើពាក្យស្នើសុំទៅកាកបាទក្រហមខេត្ត។ នៅតាសៀម ខ្ញុំឱ្យគេចុះស្រាវជ្រាវហើយ តែគេអត់ទាន់បានផ្តល់ព័ត៌មាន»។
កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅ អង្គការក្រៅរដ្ឋាភិបាលចំនួន៤ គឺអង្គការឃែរ (CARE) អង្គការអុកស្វាម (OXFAM) អង្គការផាក (PACT) និងអង្គការសេវាសង្គ្រោះកាតូលិក (CATHOLIC RELIEF SERVICE) បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា ទឹកជំនន់កាលពីឆ្នាំ២០១១ បានធ្វើឱ្យកសិករខ្មែររាប់ពាន់នាក់ ប្រឈមមុខកាន់តែធ្ងន់ធ្ងរទៅលើបំណុល។ តាមធម្មតា កសិករខ្ចីដើមទុនទាំងនោះ សម្រាប់រដូវដាំដុះខាងមុខ។ ក៏ប៉ុន្តែ គេរកឃើញថា ស្ទើរតែមួយភាគបួន នៃកម្ចីទាំងនោះ ត្រូវបានយកទៅប្រើប្រាស់សម្រាប់ការចំណាយជាបន្ទាន់ទៅលើចំណីអាហារ សុខភាព និងការអប់រំ ជាដើម។
កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងទៅ ប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា បានអះអាងថា កម្ពុជាអាចសម្រេចកាត់បន្ថយភាពក្រីក្រឲ្យចុះនៅត្រឹម ១៩,៤% នៅឆ្នាំ២០១៣ ខាងមុខ។ កម្ពុជាគិតថា នេះជាជោគជ័យមុនកាលកំណត់របស់អង្គការសហប្រជាជាតិ ដែលបានកំណត់ទិសដៅអភិវឌ្ឍន៍សហស្សវត្សថ្មីឲ្យកម្ពុជា មុនរយៈពេលពីរឆ្នាំ។
រដ្ឋាភិបាលបញ្ជាក់ថា កម្ពុជាសម្រេចកាត់បន្ថយអត្រាភាពក្រីក្រ ឱ្យចុះមកត្រឹម ២០% ក្នុងឆ្នាំ២០១២ នេះ ហើយនឹងអាចធ្លាក់ចុះមកត្រឹម ១៩,៤% ក្នុងឆ្នាំ២០១៣ ខាងមុខ។ ការរំពឹងទុកនេះ ដោយផ្អែកលើកំណើនសេដ្ឋកិច្ចប្រមាណ ៧,១% កាលពីឆ្នាំ២០១១ បើទោះបីជាមានគ្រោះទឹកជំនន់ក៏ដោយ។ ក៏ប៉ុន្តែ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១១ កន្លងទៅ អង្គការយូនីសេហ្វ (UNICEF) ធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយនិយាយថា កម្ពុជាពេលបច្ចុប្បន្ន នៅខ្វះប្រព័ន្ធការងារផ្នែកសង្គម ដែលមានដំណើរការល្អ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ នៃគ្រោះធម្មជាតិទៅលើជនក្រីក្រ និងជនងាយរងគ្រោះនៅឡើយ។ បញ្ហាមួយទៀត គឺគម្លាតកាន់តែមានធំឡើង រវាងអ្នកមាន និងអ្នកក្រ ដែលកំពុងបង្កើននូវឧបសគ្គដល់សេវាកម្មនានា សម្រាប់ជនក្រីក្របំផុតនៅកម្ពុជា។
អង្គការយូនីសេហ្វ បានបញ្ជាក់ថា គម្លាតធំរវាងអ្នកមាន និងអ្នកក្រនៅកម្ពុជា កំពុងធ្វើឱ្យគ្រួសារក្រីក្របំផុត ស្ថិតនៅក្រោមគំនូសកំណត់ នៃគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា៕
No comments:
Post a Comment
yes