មេឃុំមួយចំនួនដែលទើបតែឈ្នះឆ្នោតថ្មី មកពីគណបក្សផ្សេងក្រៅពីបក្សកាន់អំណាច បានត្អូញត្អែរថា ពួកគេនឹងមិនអាចធ្វើការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ឱ្យបានដូចការសន្យានៅក្នុងពេលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតបានទេ។
ការមិនអាចបំពេញទៅតាមការសន្យានោះ ត្រូវគេអះអាងថា បណ្ដាលមកពីអាជ្ញាធរថ្នាក់លើ ដូចជាស្រុក និងខេត្ត ដែលជាមន្ត្រីគណបក្សប្រជាជនកម្ពុជា ហាក់មានការរើសអើងខាងនយោបាយ ហើយបង្កឱ្យមានការយឺតយ៉ាវនូវគម្រោងអភិវឌ្ឍន៍នានា និងការបង្វែរទិសដៅអភិវឌ្ឍន៍ទៅកាន់ឃុំផ្សេងទៀតជាដើម។
តើបញ្ហានេះ ជាការពិតដែរឬទេ?
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣ កាលពីដើមខែមិថុនា ឆ្នាំ២០១២ កន្លងទៅ មានគណបក្សចំនួន៣ គឺគណបក្ស សម រង្ស៊ី គណបក្ស សិទ្ធិមនុស្ស និងគណបក្សហ៊្វុនស៊ិនប៉ិច បានទទួលតំណែងមេឃុំចំនួន៣៩ នៅក្នុងចំណោមឃុំទាំងអស់ចំនួន១.៦៣៣។ ក្រៅពីនោះ ដំណែងមេឃុំចំនួន១.៥៩៤ ទៀត គឺបានទៅលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាចក្នុងរដ្ឋាភិបាល។
មេឃុំថ្មីខ្លះ ដែលតែងតាំងកាលពីពេលថ្មីៗ ត្អូញត្អែរថា ពួកគេនឹងមិនអាចធ្វើការអភិវឌ្ឍនៅក្នុងភូមិ-ឃុំរបស់ពួកគេឱ្យដូចការសន្យានៅក្នុងពេលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតបានទេ។ ឧបសគ្គនេះ ដោយសារតែអាជ្ញាធរថ្នាក់ស្រុក និងខេត្ត មកពីគណបក្សប្រជាជនកម្ពុជា ហាក់មានការរើសអើងខាងនយោបាយ ហើយព្យាយាមបង្កមិនឱ្យមានភាពងាយស្រួលទៅលើគម្រោងអភិវឌ្ឍន៍ក្នុងភូមិណា ឃុំណា ដែលគ្រប់គ្រងដោយមេឃុំមិនមែនជាគណបក្សកាន់អំណាច។
នៅខេត្តសៀមរាប មានឃុំចំនួនពីរ គឺសង្កាត់អំពិល ក្រុងសៀមរាប និងឃុំតាសៀម ស្រុកស្វាយលើ ដែលគណបក្ស សម រង្ស៊ី បានឈ្នះឆ្នោតធ្វើជាមេឃុំ។
លោក ញឹក រ៉ែម គឺជាមេឃុំតាសៀម មកពីគណបក្ស សម រង្ស៊ី លោកបានមានប្រសាសន៍ថា ចាប់តាំងពីលោកបានទទួលដំណែងជាមេឃុំជាង ៤ខែមកនេះ លោកមិនទាន់បានធ្វើការអភិវឌ្ឍអ្វីឱ្យបានធំដុំទៅតាមកិច្ចសន្យានៅឡើយទេ។ លោកមេឃុំដដែល បានមានប្រសាសន៍ថា អ្វីដែលលោកធ្វើបាន គឺត្រឹមតែបោះត្រាលិខិតស្នាម ធ្វើសំបុត្រកំណើត ដោយមិនយកលុយកាក់ ព្រមទាំងជួយដោះស្រាយជុំវិញរឿងអំពើហិង្សាក្នុងគ្រួសារ ជូនប្រជាពលរដ្ឋប៉ុណ្ណោះ។ ក៏ប៉ុន្តែ មានបញ្ហាធំៗជាច្រើនទៀត ដូចជារកដីចែកជូនប្រជាពលរដ្ឋ និងគម្រោងអភិវឌ្ឍន៍មួយចំនួនដែលត្រូវឆ្លងកាត់អាជ្ញាធរថ្នាក់ស្រុក ខេត្ត និងថ្នាក់ជាតិជាដើម គឺពិបាក។
លោក ញឹក រ៉ែម៖ «ធ្វើមិនបាន ដូចជាបញ្ហាបងប្អូនអត់ឃ្លាន បងប្អូនប្រជាពលរដ្ឋខ្វះដី ហើយខ្ញុំអត់មានសិទ្ធិចែកដីទេ គឺប៉ះពាល់ទៅនឹងនីតិវិធីច្បាប់។ គេថា ខ្លួនហ្នឹងនៅក្រោមជាតិទេ អត់មានសិទ្ធិសម្រេច។ លំបាកខ្លះ ទៅប្រជុំជាការធម្មតាទេ ប៉ុន្តែគេប្រើភាសាក្រៅ គេថាជាប់ទៅ តា រ៉ែម។ ប៉ុន្តែមេឃុំ គេនៅ។ គេប្រើភាសាអីចឹងប្រើទៅ ខ្ញុំក៏មិនថាអី មិនទោមនស្សទេ។ ខ្ញុំចេះតែសុំអង្គការណាមកជួយ ក៏ខ្ញុំត្រេកអរទៅ។ បើមិនមកជួយ ក៏ខ្ញុំមិនដឹងធ្វើម៉េច បើខ្ញុំគ្មានថវិកា ហិរញ្ញវត្ថុនៅលើគេ។ ប៉ុន្តែ បងប្អូនប្រជាពលរដ្ឋថាជាប់ហើយ ម្ដេចក៏មិនធ្វើ ខ្ញុំធ្វើអី ហិរញ្ញវត្ថុនៅលើរាជរដ្ឋាភិបាល។ បានមិនបាន ខ្ញុំចេះតែធ្វើសុំទៅ អត់តូចចិត្តទេ»។
ទោះយ៉ាងណា ក្រុមប្រជាពលរដ្ឋដែលនៅចាំពាក្យសន្យារបស់គណបក្សនយោបាយ ក្នុងពេលឃោសនារកសំឡេងឆ្នោត នៅតែទាមទារឱ្យមេឃុំជាប់ឆ្នោត បំពេញតាមការសន្យារបស់គេកន្លងទៅ។
អ្នកស្រី ទូច លួន គឺជាអ្នកភូមិតាសៀម នៃឃុំតាសៀម បានមានប្រសាសន៍ថា កាលពីអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត គឺគណបក្សនយោបាយបានសន្យាផ្តល់ការអភិវឌ្ឍជាច្រើន ទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ ហើយអ្នកស្រីចង់បានអណ្ដូង ស្រះទឹក មណ្ឌលសុខភាព និងសាលាអនុវិទ្យាល័យជាដើម។ល។ ដូច្នេះ អ្នកស្រីនឹងជំរុញឱ្យមេឃុំថ្មី ខំប្រឹងប្រែងដើម្បីធ្វើការអភិវឌ្ឍឱ្យបានដូចការសន្យា៖ «ឱ្យគាត់ប្រឹងប្រែងធ្វើម៉េច អភិវឌ្ឍឃុំនេះ ឱ្យបានប្រសើរឡើងលើសពីមេឃុំមុនៗទៀត។ ក្នុង១អាណត្តិនេះ ចង់ឱ្យគាត់អនុវត្តគម្រោងអភិវឌ្ឍន៍យ៉ាងហោចណាស់ ឱ្យបានមួយ។ ជាផ្លូវ ដូចជាមន្ទីរពេទ្យ សាលារៀន»។
មានការអះអាងថា ឃុំណាដែលគ្រប់គ្រងដោយមេឃុំមិនមែនមកពីគណបក្សប្រជាជនកម្ពុជា គឺមិនអាចទទួលបានការអភិវឌ្ឍសមរម្យឡើយ ដោយសារតែអាជ្ញាធរថ្នាក់ស្រុក និងខេត្តដែលជាមន្ត្រីគណបក្សប្រជាជនកម្ពុជា មានការរើសអើងខាងនយោបាយ។
លោក សុខ គឹមសេង គឺជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប មកពីគណបក្ស សម រង្ស៊ី បានមានប្រសាសន៍ថា កន្លងទៅលោកមើលឃើញថា គម្រោងអភិវឌ្ឍន៍មួយចំនួន គឺអាជ្ញាធរស្រុក និងខេត្ត មិនបានទម្លាក់ទៅឱ្យឃុំណាដែលមានមេឃុំមកពីគណបក្សផ្សេងនោះទេ។ លោកអះអាងទៀតថា កាលពីអាណត្តិទី២ គណបក្ស សម រង្ស៊ី បានធ្វើជាមេឃុំសំរោង នៃស្រុកសូទ្រនិគម ក៏ប៉ុន្តែ ពេញមួយអាណត្តិ គឺរូបភាពនៃការអភិវឌ្ឍទីនោះ មិនធ្វើឡើងតាមគម្រោងរដ្ឋាភិបាល ឬក៏ថ្នាក់ខេត្តទេ គឺគេប្រើរូបភាពអភិវឌ្ឍន៍របស់គណបក្សប្រជាជនកម្ពុជា វិញ។ លោក សុខ គឹមសេង បានអះអាងថា ឃុំណាដែលមេឃុំផ្សេងពីគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត គឺពេលដែលដាក់គម្រោងអភិវឌ្ឍន៍ទៅ តែងតែមានការយឺតយ៉ាវ និងបង្កការលំបាកពីមន្ត្រីសម្របសម្រួលនៅតាមស្រុក និងខេត្ត ជាដើម។
ក៏ប៉ុន្តែ ការអះអាងបែបនេះ ត្រូវមន្ត្រីនៃគណបក្សកាន់អំណាចទាត់ចោល និងថា ជាការមើលឃើញមិនត្រឹមត្រូវមួយ។
លោក ប៊ុន ថាឫទ្ធិ ជាអភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា អ្វីដែលគណបក្សប្រឆាំងចោទប្រកាន់បែបនោះ វាមិនពិតទេ គឺគ្រាន់តែកេងយកចំណេញខាងប្រជាប្រិយភាពនយោបាយប៉ុណ្ណោះ។ មន្ត្រីដដែល បានបញ្ជាក់ថា ក្នុង១ឆ្នាំៗ កញ្ចប់ថវិកាសម្រាប់ឃុំនិមួយៗយកទៅអភិវឌ្ឍ គឺមានប្រហែលមិនតិចជាង ៣ម៉ឺនដុល្លារទេ ហើយលុយទាំងនោះ មិនមានថ្នាក់ណាលូកដៃចាត់ចែងឡើយ។ ចំណែកការអភិវឌ្ឍផ្សេងៗ ដែលថ្នាក់ស្រុកបន្ថែម គឺវាអាស្រ័យទៅលើថ្នាក់ស្រុករៀបចំ ហើយចំពោះអង្គការក្រៅរដ្ឋាភិបាលទៀតសោត គឺរឹតតែជាសិទ្ធិទូលំទូលាយរបស់គេ ដែលចង់ជ្រើសរើសតំបន់អភិវឌ្ឍន៍។ អាជ្ញាធរស្រុក ខេត្ត មិនអាចបង្វែរទិសដៅនៃគម្រោងរបស់គេបានឡើយ ពីព្រោះបើគេមិនពេញចិត្ត គេនឹងមិនធ្វើឡើយ។
លោក ប៊ុន ថាឫទ្ធិ បានហៅការរិះគន់របស់មេឃុំគណបក្សផ្សេងថា គឺមកពីខ្លួនឯងមិនមានសមត្ថភាពធ្វើការងារប៉ុណ្ណោះ បែរជាមកបន្ទោសគេឯងទៅវិញ៖ «ថវិកាឃុំ អត់មានអ្នកណាលូកដៃទេ អាស្រ័យដោយក្រុមប្រឹក្សាឃុំ ជាអ្នករៀបចំទេតើ។ ចង់ធ្វើអភិវឌ្ឍកន្លែងណាធ្វើទៅ គឺមេឃុំជាប្រធានស្រាប់ហើយ។ ចុះលុយខ្លួនឯងចាយខ្លួនឯង ក្រែងខ្លួនឯង អត់ចេះដឹងអីសោះនោះ អត់ដឹងមកធ្វើការងារត្រូវធ្វើយ៉ាងម៉េច»។
ទោះយ៉ាងណា លោក សន ជ័យ ជាមន្ត្រីសម្របសម្រួលបណ្ដាញរួបរួម ដើម្បីគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ជាច្រើនឆ្នាំកន្លងទៅ លោកធ្លាប់បានឮមេឃុំ ដែលមិនមែនមកពីគណបក្សកាន់អំណាច តែងតែរអ៊ូរទាំអំពីភាពលំបាកលើការងារអភិវឌ្ឍន៍នៅក្នុងអាណត្តិរបស់គេ ដោយសារតែគណបក្សកាន់អំណាចរើសអើងទៅលើនិន្នាការគណបក្សនយោបាយនេះ ក៏ប៉ុន្តែ ទោះយ៉ាងណា លោកពុំមានរបាយការណ៍ណាមួយច្បាស់លាស់ អំពីបញ្ហានេះទេ៕
No comments:
Post a Comment
yes