អ្នកវិភាគព្រឹត្តិការណ៍សង្គមមួយចំនួន បានអះអាងថា ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់មនុស្ស ផ្អែកលើការកសាងមូលដ្ឋាននីតិរដ្ឋ។
ប៉ុន្តែ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអះអាងផ្ទុយវិញថា សេរីភាពរបស់មនុស្ស អាចកើតមានទៅបាន ត្រូវចាប់ផ្ដើមពីការអភិវឌ្ឍជាតិ ជាមូលដ្ឋានមុនសិន។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល បានអះអាងថា សង្គមមានប្រជាធិបតេយ្យពិតប្រាកដ ទាមទារការចូលរួម និងការគោរពតាមមតិភាគច្រើន ដែលកំពុងដឹកនាំរដ្ឋាភិបាល។ ដូច្នេះ មតិភាគតិចត្រូវតែជៀសវាងការបង្កើតឧបសគ្គ ឬមិនគោរពឆន្ទៈនៃការដឹកនាំរបស់មតិភាគច្រើន។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់មនុស្ស ត្រូវផ្ដើមចេញពីការអភិវឌ្ឍ ការគោរពសិទ្ធមនុស្ស និងការគ្រប់គ្រងរបស់មតិភាគច្រើន៖ «និយាយពីសិទ្ធិសេរីភាពនៅក្នុងបរិបទរបស់កម្ពុជា សិទ្ធិសេរីភាព គឺស្ថិតនៅលើការអភិវឌ្ឍ គោរពសិទ្ធិមនុស្ស ការទទួលនៃកាតព្វកិច្ចរបស់ខ្លួនក្នុងការគោរព និងការអនុវត្តអ្វីដែលជាប្រតិបត្តិកិច្ចការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ លទ្ធិប្រជាធិបតេយ្យ គឺយកមតិភាគច្រើនជាធំ ហើយនិងការចូលរួមជាធំ។ ដូច្នេះ ពហិការមិនគួរមានក្នុងបរិបទនយោបាយ នៃព្រះរាជាណាចក្រកម្ពុជា នោះទេ»។
ប៉ុន្តែ ក្រុមអ្នករិះគន់បានបកស្រាយថា ដើម្បីឲ្យមានការគោរពមតិភាគច្រើនទៅបាន លុះត្រាមតិភាគច្រើននោះ កើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មិនមានការបំភិតបំភ័យ និងលួចបន្លំសន្លឹកឆ្នោត។
មេដឹកនាំគណបក្សប្រឆាំង និងជាប្រធានចលនាសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសក្នុងប្រទេសបារាំង លោក សម រង្ស៊ី បានចោទប្រកាន់គណបក្សប្រជាជនថា បានបំបិទសិទ្ធិនយោបាយរបស់ក្រុមមតិភាគតិច៖ «លទ្ធិប្រជាធិបតេយ្យមានន័យថា មតិភាគច្រើនធ្វើការសម្រេចកិច្ចការធំៗ ប៉ុន្តែត្រូវតែគោរពសិទ្ធិមតិភាគតិច។ ត្រូវតែស្តាប់យោបល់ ឬមួយឲ្យមតិភាគតិចមានឱកាសផ្តល់យោបល់ គោរពសិទ្ធិសេរីភាពរបស់មតិភាគតិច។ ទោះមានមតិភាគច្រើនមែន តែមតិភាគច្រើននេះ មិនអាចសម្រេចជិះជាន់សម្លាប់មតិភាគតិច ដូចនៅប្រទេសកម្ពុជា គឺបិទសម្លាប់សិទ្ធិនយោបាយរបស់មតិភាគតិច ដូចនៅប្រទេសកម្ពុជា។ ដូច្នេះ ប្រទេសកម្ពុជាយើងសព្វថ្ងៃ ក្រោមការដឹកនាំរបស់គណបក្សប្រជាជន គឺមិនមែនជាលទ្ធិប្រជាធិបតេយ្យ»។
ជុំវិញទស្សនៈវិស័យនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនេះដែរ អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) មេដឹកនាំគណបក្សប្រឆាំងនៅប្រទេសមីយ៉ាន់ម៉ា (ភូមា) បានបកស្រាយថា សិទ្ធិសេរីភាពរបស់មនុស្ស នឹងមិនអាចកើតមានទៅបានទេ ដរាបណាសង្គមនោះគ្មានយុត្តិធម៌៖ «សម្រាប់ខ្ញុំ ខ្ញុំយល់ថា សង្គមដែលអាចមានប្រជាធិបតេយ្យខ្លាំង និងល្អទៅបាន លុះត្រាណាសន្តិសុខ និងសិទ្ធិសេរីភាពរបស់មនុស្ស ត្រូវបានធានាដោយនីតិរដ្ឋ។ អ្នកមិនអាចមានសន្តិសុខទៅបានដោយគ្មានសេរីភាពនោះឡើយ។ ដូចអ្នកដឹងហើយថា ជនផ្តាច់ការតែងលើកឡើងអំពីបញ្ហាសន្តិសុខ ហើយគេបានយកបញ្ហាសន្តិសុខនេះ ជាលេសក្នុងការដកហូតសិទ្ធិសេរីភាពរបស់មនុស្ស»។
អ្នកស្រីមានប្រសាសន៍បន្តថា សេរីភាពរបស់មនុស្ស ត្រូវមានការទទួលខុសត្រូវ ហើយសេរីភាពត្រូវចាកឲ្យផុតការភ័យខ្លាច និងធានាដោយនីតិរដ្ឋ។ ដូច្នេះ បើគ្មាននីតិរដ្ឋទេ ក៏គ្មានយុត្តិធម៌ សន្តិភាព និងការរស់នៅប្រកបដោយសុខដុមរមនារបស់ពលរដ្ឋនោះដែរ។
ប្រធានគណបក្សសម្ព័ន្ធប្រជាធិបតេយ្យដែលមានវ័យ ៦៧ឆ្នាំ រូបនេះ ធ្លាប់ត្រូវបានរដ្ឋាភិបាលយោធាភូមា ចាប់ឃុំខ្លួនក្នុងផ្ទះ អស់រយៈពេលជាង ២០ឆ្នាំ ចាប់ពីឆ្នាំ១៩៨៨ ដល់ឆ្នាំ២០១០ ដោយសារមេបក្សជំទាស់ដ៏ធំមួយនេះ បានឈ្នះសំឡេងឆ្នោត ៥៩% ហើយទទួលបានអាសនៈក្នុងសភាជាង ៨០% ថែមទៀត។
ទាក់ទិននឹងចក្ខុវិស័យប្រកបដោយសន្តិភាព ក្នុងការកសាងប្រជាជាតិរបស់ភូមា តាមយន្តការប្រជាធិបតេយ្យនេះដែរ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ និងជាអ្នកឃ្លាំមើលដំណើរការអនុវត្តនីតិរដ្ឋនៅកម្ពុជា បានយល់ស្របនឹងទស្សនៈវិស័យរបស់អ្នកស្រី អ៊ុង សានស៊ូជី។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្ថែមថា ទាំងប្រទេសភូមា ទាំងកម្ពុជា ហាក់មានជំងឺតែមួយ គឺជំងឺមិនគោរពអំណាចច្បាប់ជាធំ និងការយកបញ្ហាសន្តិសុខជាតិ មកគំរាមគាបសង្កត់សេរីភាពក្នុងការបញ្ចេញមតិរបស់មនុស្ស៖ «ប្រទេសខ្លះ គេមានច្បាប់អំពីសន្តិសុខជាតិហ្នឹង គេប្រើប្រាស់ថា អាហ្នឹងវាប៉ះពាល់ដល់សន្តិសុខជាតិ ឬក៏ប៉ះពាល់ដល់សណ្ដាប់ធ្នាប់ក្នុងសង្គមអីអ៊ីចឹងទៅ។ ហ្នឹង គេក៏មានច្បាប់មួយ ដើម្បីដាក់ទណ្ឌកម្ម ហើយយកច្បាប់សន្តិសុខហ្នឹង ដាក់ទណ្ឌកម្មដល់អ្នកតវ៉ាថា អាហ្នឹងប៉ះពាល់ដល់សន្តិសុខជាតិ ម៉្លោះគេចាប់អ្នកនោះដាក់ឃុំឃាំង ហើយប្រទេសខ្លះដែលមានច្បាប់ខ្លះអត់កំណត់ថា ឃុំឃាំងរយៈពេលប៉ុន្មានទេ តែរហូតអ៊ីចឹងទៅ»។
ចំពោះបរិបទនៃការប្រើប្រាស់សន្តិសុខជាតិ មកគំរាមកំហែង និងដកហូតសិទ្ធិសេរីភាពរបស់ពលរដ្ឋនេះដែរ លោក ចាន់ សុវេត មន្ត្រីផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) មានប្រសាសន៍ថា ប្រទេសរីកចម្រើនជឿនលឿនក្នុងពិភពលោកជាច្រើន អាចប្រើប្រាស់យន្តការសន្តិសុខជាតិ ដើម្បីដកហូតសិទ្ធិរបស់មនុស្សបានតែក្នុងពេលដែលប្រទេសមានភាពអាសន្ន។
លោកបញ្ជាក់ថា រដ្ឋាភិបាលនៃប្រទេសជឿនលឿនទាំងនេះ តែងផ្តល់លទ្ធភាពគ្រប់គ្រាន់ និងថែមទាំងមានការពារសន្តិសុខដល់ក្រុមអ្នកតវ៉ា ឬសកម្មជនការពារសិទ្ធិមនុស្សថែមទៀត៖ «ប្រសិនបើយើងពិនិត្យឆ្លុះបញ្ចាំងប្រទេសកម្ពុជា យើងឃើញថា បញ្ហាសណ្ដាប់ធ្នាប់សាធារណៈនេះ គឺជារឿងចាំបាច់ ដោយសារតែប្រទេសនេះកំពុងស្ថិតក្នុងដំណើរការមួយឈានឆ្ពោះទៅរកការអភិវឌ្ឍ និងកំពុងតែបំពេញកាតព្វកិច្ចខ្លះសម្រាប់ការពារនូវអំណាចខ្លះទៀត ដើម្បីធ្វើឲ្យប្រជាជននោះ គឺបញ្ឈប់ការតវ៉ា ឬក៏ធ្វើឲ្យប៉ះពាល់ដល់ដំណើរការក្នុងការអភិវឌ្ឍប្រទេសជាដើម។ ក្នុងនាមខ្ញុំជាមន្ត្រីសិទ្ធិមនុស្ស ខ្ញុំមើលឃើញថា ការដកហូតសិទ្ធិសេរីភាព ដែលគ្មានដែនកំណត់ វាធ្វើឲ្យប៉ះពាល់ដល់ដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។
នាយកប្រតិបត្តិនៃអង្គការការពារសិទ្ធិមនុស្ស (Human Rights Watch) លោក ប្រែត អាដាម (Brad Adams) ធ្លាប់មានប្រសាសន៍ថា ក្នុងរយៈពេល ២១ឆ្នាំក្រោយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រួចមក ដំណើរប្រជាធិបតេយ្យនៅកម្ពុជា កំពុងបោះជំហានថយក្រោយ ដោយសារកម្ពុជា ខកខានមិនបានបំពេញកាតព្វកិច្ចក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ឲ្យបានត្រឹមត្រូវ ហើយដែលអាចនាំឲ្យការអភិវឌ្ឍប្រទេសមិនបានជោគជ័យ។
ក្រុមអ្នកឃ្លាំមើលខ្លះឲ្យដឹងថា ក្រៅពីកម្ពុជា បានរំលោភដល់ឆន្ទៈនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នោះ រដ្ឋាភិបាលទីក្រុងភ្នំពេញ ក៏បានរំលោភលើរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលមានអាយុ ១៩ឆ្នាំ យ៉ាងធ្ងន់ធ្ងរផងដែរ។ ការរំលោភទាំងនោះ មានដូចជាការរំលោភសិទ្ធិមនុស្ស ការបង្កើតច្បាប់ដែលផ្ទុយពីស្មារតីនៃរដ្ឋធម្មនុញ្ញ ដូចជា ច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធី។
ជាមួយគ្នានេះ គេឃើញក្រមព្រហ្មទណ្ឌដែលមានមាត្រាជាច្រើន បង្កប់នូវការគាបសង្កត់សិទ្ធិសេរីភាព ដូចជាបទញុះញង់ បទអត្ថាធិប្បាយលើសេចក្តីសម្រេចរបស់តុលាការ បទប្រឆាំងអាជ្ញាធរសាធារណៈ បទបរិហារកេរ្តិ៍ និងបទផ្សាយព័ត៌មានមិនពិតជាដើម។
ប៉ុន្តែ មន្ត្រីគណបក្សកាន់អំណាច តែងអះអាងថា ស្ថិរភាពនយោបាយរបស់កម្ពុជា កំពុងមានភាពល្អប្រសើរជាលំដាប់ ខណៈពលរដ្ឋខ្មែរទូទៅមានសិទ្ធិសេរីភាពពេញលេញ។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ធ្លាប់មានប្រសាសន៍ថា ពលរដ្ឋខ្មែរមានសេរីភាពគ្រប់បែបយ៉ាង ដូចជាសេរីភាពខាងជំនឿសាសនា សេរីភាពក្នុងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការប្រជុំជាដើម ដរាបណាសេរីភាពទាំងនោះមិនប៉ះពាល់អ្នកដទៃ ឬសណ្ដាប់ធ្នាប់សង្គម៖ «មានសេរីភាពគ្រប់បែបយ៉ាងទាំងអស់ ប៉ុន្តែអ្នកដែលមានសេរីភាពមិនអាចយកសិទ្ធិដែលច្បាប់ឲ្យនោះ ធ្វើឲ្យមានការប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។ សេរីភាពហ្នឹង គឺកុំឲ្យប៉ះពាល់ដល់គេ អ្នកឯងមានសេរីភាព មានៗទៅ កុំឲ្យតែប៉ះពាល់គេ គេអាចប្ដឹងតវ៉ា ប្ដឹងបរិហារកេរ្តិ៍ត្រលប់មកវិញបាន»។
ក្រុមសិទ្ធិមនុស្សបានសង្កេតឃើញថា រយៈពេលចុងក្រោយនេះ សមត្ថកិច្ចទីក្រុងភ្នំពេញ តែងចាប់ខ្លួន និងចោទប្រកាន់ក្រុមអ្នកតវ៉ាអំពីបញ្ហាដីធ្លី សិទ្ធិការងារ និងការបំផ្លាញធនធានធម្មជាតិ។ សមត្ថកិច្ច តែងចោទសកម្មជនទាំងនោះពីបទប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ បំផ្លាញសន្តិសុខសាធារណៈ បំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងការបង្កើតតំបន់អបគមន៍ជាដើម។ រហូតមកទល់ពេលនេះ គេដឹងថា មានសកម្មជនដីធ្លី សកម្មជនការពារសិទ្ធិមនុស្ស អ្នកនយោបាយ និងអ្នកសារព័ត៌មានជាច្រើននាក់ កំពុងរស់នៅនិរទេសគេចចេញពីការតាមចាប់ខ្លួនរបស់អាជ្ញាធរកម្ពុជា៕
No comments:
Post a Comment
yes