សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 27, 2012

តុលាការ​កំពូល​​​​ជម្រះ​រឿង​ក្តី​លោក​ហេង ឈាង​និង​ភរិយា​ថ្ងៃ​សុក្រ​នេះ ​

Heng-Chheang-42yrs-1
លោកហេង ឈាងអតីត​អគ្គ​នាយក​ក្រុម​ហ៊ុន Brothers Co, LTD

ភ្នំពេញៈលោកឡុង ដារ៉ា ​មេធាវី​ការពារ​ក្ដី​លោក​ឧកញ៉ា​ កុក អាន ​បាន​ឲ្យ​ដឹង​ថា តុលាការ​កំពូល​នឹង​ធ្វើ​ការ​ជំនុំ​ជម្រះ​លើ​បណ្ដឹង​សារ​ទុក្ខ​ព្រហ្ម​ទណ្ឌ​របស់​លោក​ ហេង ឈាង អតីត​អគ្គ​នាយក​ក្រុម​ហ៊ុន Brothers Co, LTD ​និង​ភរិយា​របស់​លោក​គឺ​អ្នក​ស្រី​ ទេព កូលាប ​សាកល​វិទ្យា​ធិការ​សាកល​វិទ្យា​ល័យ​ភ្នំពេញ​អន្តរ​ជាតិ​(PPIU)​នៅ​ថ្ងៃទី​២៨​កញ្ញា​២០១២​ ​នេះ។
លោក​មេធាវី​បាន​បាន​បញ្ជាក់​ថា សវនាការ​លើ​បណ្ដឹង​សារ​ទុក្ខ​​ព្រហ្ម​ទណ្ឌ​របស់​លោក​​ហេង ឈាង និង​អ្នក​ស្រី​ ទេព កូលាបនេះ ​នឹង​ត្រូវ​​ធ្វើ​ដោយ​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម ដែល​ដឹក​នាំ​ដោយ​​ឯក​ឧត្ដម​ ឃឹម ប៉ុណ្ណ​ ​ដែល​ជា​អនុ​ប្រធាន​តុលាការ​កំពូល​ និង តំណាង​មហា​អយ្យការ ​​ឯក​ឧត្ដម​ ឈួន ចាន់​ថា។
លោក​ឡុង ដារ៉ាបានថ្លែងថា៖«ខ្ញុំ​មាន​ភស្តុ​តាង​និង​ឯកសារ​រឹង​មាំ​​នៅ​ក្នុង​ករណី​នេះ។ ខ្ញុំ​សង្ឃឹម​ថា តុលាការ​កំពូល​​នឹង​​រក​យុត្តិ​ធម៌​ដល់​កូន​ក្ដី​ខ្ញុំ​ ហើយ​នឹង​តម្កល់​ការ​សមេ្រច​ចិត្ត​របស់​តុលាការ​ជាន់​ក្រោម​»។

លោក​ឡុង ដារ៉ាបាន​បន្ថែម​ថា កូន​ក្ដី​លោក​ គឺ​លោ​កឧកញ៉ា​ កុក​អាន​ ​សមា​ជិក​ព្រឹទ្ធសភា​ ​នឹង​ចូល​រួម​នៅ​ក្នុង​សវនាការ​ចុង​ក្រោយ​របស់​តុលាការ​កំពូល​នៅ ព្រឹក​ថ្ងៃ​សុក្រ​នេះ។
លោក អ៊ន ហ៊ីង ​មេ​ធាវី​ការ​ពារ​ក្ដី​លោក ហេង ឈាង ​និង​អ្នក​ស្រី ទេព កូលាប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​កូន​ក្តី​របស់​លោក​​ទាំង​ពីរ ក៏​នឹង​មាន​វត្តមាន​នៅ​ក្នុង​សវនាការ​លើ​បណ្តឹង​សារទុក្ខ​របស់​ពួក​គាត់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដែរ។
លោក​មេធាវី​ អ៊ន ហ៊ីង ​បាន​មាន​ប្រសាសន៍​ថា៖«កូន​ក្ដី​ខ្ញុំ​គឺ​លោក​ ហេង ឈាង និង​អ្នក​ស្រី ទេព កូលាប ​ត្រូវ​បាន​​តុលាការ​ជាន់​ទាប​​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ដោយ​សារ​តែ​មាន​របាយ​ការណ៍​លម្អៀង​ដែល​ធ្វើ​​ឡើង​ដោយ​លោក​ កាក់ កី នាយក​ក្រុម​ហ៊ុន​​ Morison & Accessories ។ ខ្ញុំ​សង្ឃឹម​ថា ក្នុង​សវនាការ​ចុង​ក្រោយពួកគាត់​​នៅ​ថ្ងៃ​សុក្រ​​នេះ​ តុលាការ​កំពូល​នឹង​រក​ការពិត​ និង​យុត្តិ​ធម៌​ឲ្យ​​ពួកគាត់»។
លោក​បន្ថែម​ថា៖«យោង​តាម​ភស្តុ​តាងជាក់​ស្ដែង និង​លិខិត​បញ្ជាក់​ថ្មី​បំផុត​​​របស់​ក្រុម​ប្រឹក្សាជាតិ ​គណ​នេយ្យ​​​ និង ​ឯក​សារ​ពាក់​ព័ន្ធទាំង​អស់​ដែល​កូន​ក្ដី​ខ្ញុំ​បាន​ដាក់​ជូន​តុលាការ ប្រសិន​បើ​តុលាការ​កំពូល បាន​អាន និង ពិនិត្យ​ដោយ​ម៉ត់​ចត់ និង យក​មក ពិចារណា​នោះ តុលាការ​កំពូល​នឹង​យល់​ឃើញ​ថា កូន​ក្ដី​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ដូច​ការ​ចោទ​ប្រកាន់​របស់​ពួកគាត់​នោះ​ឡើយ​»។
លោក ហេង ឈាង បាន​និយាយ​ថា៖​«តុលាការ​ថ្នាក់​ក្រោម​ទាំង​ពីរ សំអាង​លើ​របាយ​ការណ៍​មិន​ពេញ​លេញ​របស់​លោក​កាក់ កី បាន​សម្រេច​ផ្តន្ទា​ទោស ខ្ញុំ​បាទ និង ភរិយា​ឲ្យ​ជាប់​ពន្ធនាគារ ម្នាក់ៗ​ចំនួន​បីឆ្នាំ និង បង្គាប់​ឲ្យ​ភាគី​ខ្ញុំ​បាទ សង​ប្រាក់​ជាង ៥៨ លាន​ដុល្លារ​ទៅ​ភាគី​លោក​ឧកញ្ញ៉ា កុក អាន ដែល​តាម​ការ​ពិត ភាគី​លោក​ ឧកញ្ញ៉ា កុក អាន មិន​បាន​បាត់​បង់​ប្រាក់ សូម្បី​តែ​មួយ​ដុល្លារ ដូច​មាន​បញ្ជាក់​ក្នុង​លិខិត លេខ UCB12/ចុះ ថ្ងៃទី ២២ ខែ កក្កដា ២០១២ របស់​ធនាគារ UCB ស្រាប់»។
«បច្ចុប្បន្ន​នេះ ខ្ញុំ​បាទ និង​ភរិយា​បាន​ជាប់​ក្នុង​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌ អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ មក​ហើយ ហើយ​ក្រុម​គ្រួសារ​ខ្ញុំ​បាទ​បាន​ទទួល​រង​គ្រោះ យ៉ាង​អនោចអាធម បាត់​បង់​កិត្តិយស ប្រាក់​កាស ព្រាត់​ប្រាស់ និរាស​គ្រួសារ ជា​ពិសេស​កូន​តូចៗ ដែល​មិន​ទាន់​ដឹង​ក្តី»។
«ខ្ញុំ​សង្ឍឹម​ថា ក្រោយ​ពី​បាន​ទទួល​លិខិត​របស់ ក្រុម​ប្រឹក្សា​ជាតិ​គណនេយ្យ​នេះ​ហើយ តុលាការ​កំពូល​នឹង​មាន មូល​ដ្ឋាន​ច្បាស់​លាស់ ក្នុង​ការ​សម្រេច​សេចក្តី ហើយ​ភាគី ខ្ញុំ​បាទ​នឹង​ទទួល​បាន​ភាព​យុត្តិធម៌ ក្នុង​នាម​ ជាអ្នក វិនិយោគ ជា​ពាណិជ្ជករ និង ជា​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ប្រទេស ដែល​ប្រកាន់ នូវ នីតិរដ្ឋ និង កំពុង​មាន​ការ​រីក​ច្រើន ស្ទើរ​គ្រប់​វិស័យ»។
គួរ​បញ្ជាក់​ថា លោក​ហេង ឈាង និង ​អ្នកស្រី ទេព កូលាប  ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពី​បទ​រំលោភ​សេចក្តី​ទុក​ចិត្ត ក្នុង​ថ្នាក់​អភិបាល និង ត្រូវ​បាន​ប្តឹង​ដោយ លោក​ឧកញ្ញ៉ា កុក អាន​ ​អគ្គ​នាយក​ក្រុម​ហ៊ុន Brothers Co, LTD និង ជា​សមាជិក​ព្រឹទ្ធ​សភា។ ពួក​គាត់​ត្រូវ​បាន​ចាប់ ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ ព្រៃស នៅថ្ងៃទី ១៨ មិថុនា ឆ្នាំ ២០១១។​
កាល​ពី​ថ្ងៃទី​១២​មីនា​២០១២ សាលា​ឧទ្ធរណ៍​បាន​កាត់​ទោស​លោក ហេង ឈាង និង​អ្នកស្រី ទេព កូលាប ​ឲ្យ​ជាប់​ពន្ធ​នាគារ​ម្នាក់ៗ​រយៈពេល​៣​ឆ្នាំ​ និង​បង់​ប្រាក់​ជំងឺ​ចិត្ត​៥​ម៉ឺន​ដុល្លារ​ដល់​លោក​សមា​ជិក​ព្រឹទ្ធ​សភា​ឧកញ៉ា​ កុក អាន​ ដែល​ជា​ដើម​បណ្ដឹង​។

No comments:

Post a Comment

yes