សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 21, 2012

អ្នក​ជំនាញ​អចលនទ្រព្យ​សម្តែង​ការ​ព្រួយ​បារម្ភ​ទាក់​ទង​ទឹក​ជំនន់​នៅ​ភ្នំពេញ

120920_02
សកម្ម​ភាព​នៃ​ការ​បូប​ខ្សាច់​ចាក់​លុប​បឹង​មួយ​កន្លែង​ក្នុង​រាជ​ធានី​ភ្នំពេញ​ នាពេល​កន្លង​មក​

ភ្នំពេញៈ ក្រុមអ្នក​ជំនាញ​អចលនទ្រព្យ​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​នឹង​ហានិភ័យ នៃ​ការ​ជន់​លិច​រាជធានី​ភ្នំពេញ នៅ​ពេល​ទឹក​ចាប់​ផ្តើម​ជន់​ឡើង​ជា​បណ្តើរៗ​។
លោក ឌឹត ចណ្ណា​ នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន​អចលនទ្រព្យ​ VMC បាន​ប្រាប់​​ថា ​យើង​មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​ទឹក​ជំនន់​លិច​រាជ​ធានី​ភ្នំពេញ​ ព្រោះ​តំបន់​ភាគ​ខាង​ជើង ​និង​ខាង​លិច​រាជ​ធានី ដែល​ដី​នៅ​តំបន់​ទាំង​នោះ​ភាគ​ច្រើន​ជា​ដី​ទំនាប និង​បឹង​ធំ​ៗ​ដូច​ជា​បឹងកក់​ បឹង​ពោងពាយ​ កំពុង​ត្រូវ​ក្រុម​ហ៊ុន​ឯក​ជន​បូម​ខ្សាច់​បំពេញ​មួយ​ផ្នែក​ធំ​ ដែលជា​​ហេតុ​ធ្វើ​ឲ្យ​ភ្នំពេញ​ប្រឈម​មុខ​នឹង​គ្រោះ​ទឹក​ជំនន់ ព្រោះ​កន្លែង​រំដោះ​ទឹក​មួយ​ចំនួន​ធំ​ត្រូវ​ចាក់​ដី​បំពេញ​។ ទោះ​បី​ជា​យ៉ាង​ណា​លោក​លើក​លើក​ឡើង​ថា បញ្ហា​ទាំង​អស់​នេះ​អាច​ដោះ​ស្រាយ​បាន​ប្រសិន​បើ​អាជ្ញាធរ​រាជ​ធានី​លើក​ ច្រាំង​ទន្លេ​ឲ្យ​ខ្ពស់​ និង​សាងសង់​​ទំនប់​ការពារ​ទឹក​ជំនន់​ឲ្យ​បាន​រឹង​មាំ​។
លោក​បញ្ជាក់​ថា​ ៖​«​ស្ថាន​ភាព​សព្វ​​ថ្ងៃ​នេះ​មិន​ទាន់​មាន​បញ្ហា​ទេ​ ប៉ុន្តែ​ទឹក​ជំនន់​បាន​បង្ក​ផល​ប៉ះ​ពាល់​ខ្លះៗ​រួច​មក​ហើយ​នៅ​ភាគ​ខាង​ជើង​ ភ្នំពេញ​។ បើ​ទោះ​បី​ជា​វា​មិន​ទាន់​មាន​បញ្ហា​ធំ តែ​បើ​រដ្ឋាភិ​បាល​ធ្វេស​ប្រហែស​នឹង​មាន​បញ្ហា​ធំ​ជា​មិន​ខាន​»​។ លោក​បន្ថែម​ទៀត​ថា​៖​«​ប្រសិន​បើ​​មាន​ទឹក​ជំនន់​លិច​ភ្នំពេញ យើង​នឹង​ខាត​បង់​ច្រើន​ណាស់​ ដូច​ទីក្រុង​បាងកក​ជា​គំរូ​ស្រាប់​ដែល​អ្នក​វិនិយោគ​មួយ​ចំនួន​ចង់​រើ​ចាក​ ចេញ​ ហេតុ​នេះ​ប្រសិន​បើ​ទឹក​ជំនន់​លិច​រាជធានី​ភ្នំពេញ​នោះ នឹង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ដែល​ចង់​ចូល​មក​វិនិយោគ​នៅ​ប្រទេស​យើង​ពួក​គេ​ នឹង​មាន​ការ​រួញ​រា​ជា​មិន​ខាន​»​។

កាល​ពី​ឆ្នាំ​២០១១​កន្លង​មក បើ​ទោះ​បី​ជា​ទឹក​ជំនន់​មិន​ទាន់​លិច​ចូល​កណ្តាល​ភ្នំពេញ​ក៏​ដោយ​ ប៉ុន្តែ​មាន​សង្កាត់​នៅ​ជាយ​ក្រុង​មួយ​ចំនួន​បាន​ទទួល​រងគ្រោះ​ដោយ​សារ​ បញ្ហា​ទឹក​ជំនន់​រួច​ទៅ​ហើយ​។
លោក ស៊ឹង ​ប៊ុណ្ណា​ អគ្គ​នាយក​ក្រុមហ៊ុន ​ប៊ុណ្ណា​ រៀល​ធី​គ្រុប​ និង​ជា​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់​ងារ​អចលនវត្ថុ​កម្ពុជា​ បាន​និយាយ​ថា ដោយ​សារ​សណ្ឋាន​ដី​រាជធានី​ភ្នំពេញ​សម្បូរ​​បឹង​ និង​សណ្ឋានដី​របៀប​ជា​បាត​ខ្ទះ ព្រម​ទាំង​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​(ប្រព័ន្ធ​លូ​បង្ហូរ​ទឹក) ក្នុង​ទីក្រុង​មិន​សូវ​ល្អ​ផង​នោះ​ យើង​ពិត​ជា​ព្រួយ​បារម្ភ​អំពី​ហានិភ័យ​ទឹក​ជំនន់​​នៅក្នុង​ទីក្រុង​នេះ។
លោក ​ថ្លែង​ថា​៖​«​សូម្បី​តែ​ផ្ទះ​ប្រជាជន​មួយ​កាល​ណា​មាន​ទឹក​ជំនន់​លិច​ពួក​ គាត់​ត្រូវ​រង​ការ​ខាត​បង់​ទ្រព្យ​សម្បត្តិ​ និង​ជួប​ការ​លំបាក​ច្រើន ចុះ​ទម្រាំ​លិច​រាជធានី​​នោះ គឺ​ពិត​ជា​មាន​ការ​ខាត​បង់​ធ្ងន់​ធ្ងរ​ណាស់​»​។ លោក​បាន​បន្ត​ទៀត​ថា៖​«​ប្រទេស​យើង​អាច​មាន​ហានិភ័យ​ខ្ពស់​ជាង​ប្រទេស​ដទៃ ព្រោះ​ប្រទេស​យើង​មិន​មាន​ប្រាក់​បម្រុង​ច្រើន​ដើម្បី​ទុក​ជួយ​សង្គ្រោះ​ ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់ទេ​»​។
លោក សេន ច័ន្ទរាត្រី​ អគ្គ​នាយក​ក្រុមហ៊ុន​​អចលន​ទ្រព្យ​ស៊ីអ៊ីអេ​ មាន​លើក​ឡើង​ថា​ភ្នំពេញ​នៅ​ជិត​ទន្លេ​មាន​ទាំង​គុណ​សម្បត្តិ និង​គុណវិបត្តិ​ព្រម​គ្នា​ ហេតុ​នេះ​ភ្នំពេញ​ពិត​ជា​ប្រឈម​នឹង​ការ​លិច​ដោយ​ទឹក​ជំនន់​ ប្រសិនបើ​អាជ្ញាធរ​រាជ​ធានី​រៀបចំ​ហេដ្ឋា​រចនា​​សម្ព័ន្ធ​មិនបានល្អ​។
លោក​បាន​និយាយ​ថា​៖​«​ប្រសិន​បើ​ធ្វេស​ប្រហែស​យើង​នឹង​​រង​គ្រោះ​ខ្លាំង​ជាង​គេ​ព្រោះ​ប្រទេស​យើង​ក្រីក្រ»។
លោក ឡុង ឌីម៉ង់​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ពិសេស​លោក​អភិបាល​រាជ​ធានី​បាន​កោះ​ប្រជុំ​ មន្ត្រីមក​ពី​មន្ទីរ​ពាក់​ព័ន្ធ និង​អភិបាល​ខណ្ឌ​ទាំង​៩​រួច​ហើយ ដើម្បី​ត្រៀម​ទប់​ទល់​គ្រោះ​ទឹក​ជំនន់​ជាយថា​ហេតុ​ណា​មួយ​ ដោយ​​អាជ្ញាធរ​ក្រុង​បាន​ធ្វើ​ការ​ស្តារ​ប្រឡាយ​ទឹក​នានា​ និង​ពិនិត្យ​ស្ថានីយ៍​បូម​ទឹក​ទំនប់​កប់​ស្រូវ​ដើម្បី​ត្រៀម​បូមទឹក​ចេញ​ពី​ រាជ​ធានី​ផង​ដែរ។
លោក​បញ្ជាក់​ថា៖​«​យើង​សង្ឃឹម​ថា​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​យើង​ត្រៀម​បម្រុង​អាច​ដោះ​ស្រាយ​បញ្ហា​​បាន ​ប៉ុន្តែក៏​ទាមទារ​ការ​សហការ​ពី​មន្ត្រី និង​ប្រជាជន​ផង​ដែរ​ ទើប​យើង​អាចទប់​ស្កាត់​គ្រោះ​ទឹកជំនន់​លិច​ភ្នំពេញ​បាន​»៕

No comments:

Post a Comment

yes