សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 27, 2012

អ្នក​វិភាគ៖ មន្ត្រី​រាជការ​មិន​ហ៊ាន​រិះគន់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល


សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន ជា​គន្លឹះ​ដ៏​សំខាន់​នៅ​ក្នុង​របប​ប្រជាធិបតេយ្យ ពីព្រោះ​សេរីភាព​ទាំង​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​យ៉ាង​ពិត​ប្រាកដ។
ផ្ទុយ​ទៅ​វិញ ប្រទេស​កម្ពុជា ជា​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​មាន​កម្រិត​នៅ​ឡើយ ពិសេស​ក្រុម​មន្ត្រី​ធ្វើការ​បំរើ​ការងារ​នៅ​ស្ថាប័ន​រដ្ឋ ពួកគាត់​មិន​ហ៊ាន​បញ្ចេញ​មតិ​អំពី​ភាព​មិន​ប្រក្រតី​នៅ​ស្ថាប័ន​របស់​ខ្លួន ឬ​ទង្វើ​របស់​រដ្ឋាភិបាល​ដែល​ធ្វើ​ខុស​នោះ​ទេ។
ថ្វី​ត្បិត​តែ​ប្រទេស​កម្ពុជា មាន​ប្រព័ន្ធ​ផ្សាយ​ច្រើន​នៅ​ពេល​បច្ចុប្បន្ន​ក្ដី ប៉ុន្តែ​ការ​បញ្ចេញ​មតិ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ គេ​កម្រ​ឃើញ​មន្ត្រី​រដ្ឋាភិបាល​និយាយ​រិះគន់​អំពី​បញ្ហា​មិន​ប្រក្រតី​ដែល​កើត​មាន​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​នោះ​ទេ។

ផ្ទុយ​ទៅ​វិញ​ក្រុម​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ក្រុម​អ្នក​វិភាគ​ដែល​ធ្វើ​ការ​ឃ្លាំមើល​សកម្មភាព​ការងារ​របស់​រដ្ឋាភិបាល និង​បាន​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​ដើម្បី​ស្ថាបនា​នោះ ត្រូវ​បាន​រដ្ឋាភិបាល​លាប​ពណ៌​អ្នក​ទាំង​នោះ ថា​ជា​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ទៅ​វិញ។
អ្នក​វិភាគ និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​លើក​ពី​ក្ដី​កង្វល់​អំពី​ស្ថានភាព​ប្រទេស​កម្ពុជា ថា​កំពុង​ស្ថិត​នៅ​ក្នុង​កម្រិត​រឹតត្បិត​ផ្នែក​បញ្ចេញ​មតិ ពិសេស​មន្ត្រី​រាជការ​សាធារណៈ ពួក​គាត់​មិន​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​តាម​វេទិកា​សាធារណៈ ឬ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល ឬ​អំពី​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​តាម​ស្ថាប័ន​របស់​ខ្លួន​នោះ​ឡើយ។
អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា អ្នក​ដែល​ដឹង​រឿង​ក្នុង​សង្គម​ច្រើន​នោះ គឺ​ជា​មន្ត្រី​រាជការ តែ​ពួកគាត់​មិន​ហ៊ាន​បញ្ចេញ​ឲ្យ​សាធារណជន​ដឹង​នោះ​ទេ។ លោក​បញ្ជាក់​ថា មាន​ហេតុផល​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល ក្រៅ​ពី​អ្នក​នាំ​ពាក្យ​តាម​ស្ថាប័ន​នីមួយៗ​មិន​ហ៊ាន​បញ្ចេញ​មតិ​នោះ ដោយសារ​ថា គាត់​ខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ខ្លាច​ថ្នាក់​លើ​គាប​សង្កត់ និង​ខ្លាច​បាត់បង់​តួនាទី​ជាដើម។
ក្រុម​អ្នក​វិភាគ​បាន​ពន្យល់​ថា សិទ្ធិ​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន ត្រូវ​បាន​ធានា​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ មន្ត្រី​រដ្ឋាភិបាល មិន​មាន​សិទ្ធិ​ពេញលេញ​នៅ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន ឬ​ការ​បញ្ចេញ​មតិ​នោះ​ឡើយ។
លើស​ពី​នេះ​ទៀត នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ លំហូរ​សេរី​នៃ​ព័ត៌មាន ជា​គន្លឹះ​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​ជា​តួនាទី​សំខាន់​ចំពោះ​ការ​គោរព​សិទ្ធិ​មនុស្ស។ សេរីភាព​បញ្ចេញ​មតិ​ត្រូវ​បាន​រឹតត្បិត ដូចជា​សិទ្ធិ​ស្វែង​រក ទទួល​បាន និង​សិទ្ធិ​ចែក​រំលែក​ព័ត៌មាន​នោះ មិន​អាច​ជំរុញ​ឲ្យ​ការ​អនុវត្ត​សិទ្ធិ​បោះ​ឆ្នោត​បាន​ត្រឹមត្រូវ​នោះ​ឡើយ ហើយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នឹង​កើត​មាន​យ៉ាង​ស្ងៀមស្ងាត់។ ម្យ៉ាង​ទៀត​ក៏​គ្មាន​មធ្យោបាយ​លាត​ត្រដាង​រដ្ឋាភិបាល​ពុករលួយ និង​អសមត្ថភាព​ឡើយ។
ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ លោក កែម ឡី បាន​បន្ថែម​ថា ការ​ដឹក​នាំ​ប្រទេស​ទៅ​បាន​ល្អ​របស់​រដ្ឋាភិបាល​នោះ អាស្រ័យ​លើ​រដ្ឋាភិបាល​នោះ​ទទួល​យក​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ទោះ​បី​ជា​ព័ត៌មាន​នោះ​ជា​ព័ត៌មាន​រិះគន់​ក៏ដោយ ដើម្បី​យក​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ទាំង​នោះ ទៅ​ពិចារណា​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត។
ម្យ៉ាង​វិញ​ទៀត ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថា មាន​ហេតុផល​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មន្ត្រី​រាជការ​សាធារណៈ និង​ប្រជាពលរដ្ឋ​មិន​បញ្ចេញ​មតិ​នោះ ដោយសារ​តែ​រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ក្រមព្រហ្មទណ្ឌ​ថ្មី តួ​យ៉ាង​ច្បាប់​បរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត។
ជា​ទូទៅ​រដ្ឋាភិបាល​បាន​បង្ក្រាប​អ្នក​រិះគន់​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដូចជា​ករណី​ថ្មីៗ​នេះ អ្នក​សារព័ត៌មាន លោក ម៉ម សូណង់ដូ តុលាការ​បាន​កាត់​ទោស ហើយ​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​១ តុលា។ ករណី​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត ដែល​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ និង​ករណី​ប្រធាន​មូលនិធិ​​ទ្រទ្រង់​អរិយធម៌​ខ្មែរ ត្រូវ​បាន​រដ្ឋាភិបាល​ប្ដឹង​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ញុះញង់ ដោយសារ​តែ​លោក​បញ្ចេញ​មតិ​ទាក់ទង​នឹង​ការ​ព្រួយ​​បារម្ភ​ពី​បញ្ហា​ដាក់​អំពូល​ភ្លើង​តាម​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត កាល​ពី​ឆ្នាំ​២០០៩ រហូត​មក​ទល់​ពេល​នេះ លោក មឿន សុន កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​នៅ​ឡើយ។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​ថ្លែង​ថា សេរីភាព​បញ្ចេញ​មតិ​ទាំង​អស់​មិន​មែន​មាន​ន័យ​ថា ត្រូវ​ទាំង​អស់​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ រដ្ឋាភិបាល​ត្រូវ​បើក​ចំហ​នូវ​ការ​បញ្ចេញ​មតិ ដែល​ជា​មធ្យោបាយ​មួយ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​បាន​ដឹង​នូវ​អ្វី​ដែល​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន ឬ​ប្រជាពលរដ្ឋ​មិន​សប្បាយ​ចិត្ត។ ម្យ៉ាង​វិញ​ទៀត កម្ពុជា​មិន​ទាន់​មាន​វេទិកា​រវាង​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​នៅ​ឡើយ។
មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​បំភ្លឺ​ថា កម្ពុជា​កំពុង​តែ​ដើរ​លើ​ផ្លូវ​ត្រឹមត្រូវ។ លោក​បញ្ជាក់​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា ល្អ​ជាង​ប្រទេស​ជិត​ខាង។ លោក ផៃ ស៊ីផាន អះអាង​ថា រដ្ឋាភិបាល​ក៏​មាន​យន្តការ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ដែរ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ការ​បញ្ចេញ​មតិ ឬ​ការ​ផ្ដល់​ព័ត៌មាន​ពី​មន្ត្រី​រាជការ​សាធារណៈ មាន​សារសំខាន់​ណាស់​សម្រាប់​មហាជន​ទូទៅ ដែល​ជា​មូលដ្ឋាន​ដ៏​សំខាន់ ដើម្បី​ធានា​នូវ​លំហូរ​សេរី​នៃ​ព័ត៌មាន និង​គំនិត។ យ៉ាងណាមិញ ស្ថាប័ន​រដ្ឋ​នីមួយៗ ជា​បណ្ដុំ​នៃ​ព័ត៌មាន ប៉ុន្តែ​បើ​សិន​ជា​ព័ត៌មាន​ត្រូវ​បាន​រក្សា​ទុក​ជា​សម្ងាត់ ដូច​ជា​ករណី​ពុករលួយ សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ដែល​ធានា​ដោយ​ច្បាប់​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ​ភាគ​ច្រើន​បំផុត​នោះ នឹង​ត្រូវ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ។
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ សុផាន បាន​ឆ្លើយ​តប​ថា ការ​បញ្ចេញ​នូវ​ព័ត៌មាន​ពី​ស្ថាប័ន​រដ្ឋ​នីមួយៗ គឺ​មាន​ពីរ។ ទី​១ ជា​ព័ត៌មាន​ទូទៅ ដែល​គេ​អាច​បញ្ចេញ​ជា​សាធារណៈ​បាន និង​ទី​២ ជា​ព័ត៌មាន​ផ្ទៃ​ក្នុង ដូច្នេះ​គេ​មិន​អាច​បញ្ចេញ​ជា​សាធារណៈ​បាន​ទេ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ វប្បធម៌​ស្ងៀមស្ងាត់​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​កម្ពុជា ជា​ពិសេស​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម ដែល​ប្រជាពលរដ្ឋ​គ្រប់​រូប​នៅ​ពេល​នោះ​បាន​លាក់បាំង​នូវ​ប្រវត្តិ​របស់​ខ្លួន និង​មិន​ហ៊ាន​បញ្ចេញ​មតិ​ប្រឆាំង​នឹង​ការ​ដឹកនាំ​នៅ​ក្នុង​របប​នោះ​ទេ។
ភ្ជាប់​នឹង​បញ្ហា​នេះ វប្បធម៌​ស្ងៀមស្ងាត់​នេះ​នៅ​តែ​បន្សល់​ទុក​នៅ​ដល់​សម័យ​កាល​បច្ចុប្បន្ន ទោះ​បី​ជា​សង្គម​សព្វថ្ងៃ ប្រជាពលរដ្ឋ​ហ៊ាន​បញ្ចេញ​មតិ​ជាង​ពី​ពេល​មុន​ក៏ដោយ ពីព្រោះ​ថា ពួកគេ​ហ៊ាន​បញ្ចេញ​មតិ​នៅ​ពេល​ពួកគាត់​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន ឬ​ពី​ដីធ្លី​ទេ រី​ឯ​មន្ត្រី​នៅ​ក្នុង​ស្ថាប័ន​ពាក់ព័ន្ធ​វិញ មិន​ហ៊ាន​បញ្ចេញ​ទស្សនៈ​ចំពោះ​ទង្វើ​បណ្ដេញ​ចេញ​នេះ​ទេ។
របាយការណ៍​របស់​កម្មវិធី​អភិវឌ្ឍន៍​នៃ​អង្គការ​សហប្រជាជាតិ (UNDP) មាន​ចំណង​ជើង​ថា តារាង​ចង្អុល​បង្ហាញ​អំពី​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស កាល​ពី​ឆ្នាំ​២០១១ បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​ចូលរួម​បញ្ចេញ​មតិ​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល​គ្រប់​លំដាប់​ថ្នាក់ មាន​ប្រមាណ ១៤% ទេ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំង​អស់ ។ ដោយ​ឡែក​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ លោក កែម ឡី បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ដែល​បាន​ចូលរួម​បញ្ចេញ​មតិ​តាម​រយៈ​ការ​ចូល​រួម​ប្រជុំ​ក្នុង​ភូមិ ឃុំ​នោះ មាន​ប្រមាណ ៤% នៅ​ក្នុង​ឆ្នាំ​២០១១៕

No comments:

Post a Comment

yes