សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 29, 2012

បញ្ហា​យុវជន​​បញ្ចប់​​ការ​​សិក្សា​ ដែល​​មិន​​មាន​​ការ​​ងារ​ធ្វើ ​នៅ​កម្ពុជា​​


ក្នុង​មួយ​ឆ្នាំៗ​ មាន​និស្សិត​រាប់ម៉ឺននាក់ មក​​ពី​​បណ្តា​​ខេត្ត​​នានា ក្នុង​​ប្រទេស​​កម្ពុជា ​បាន​​បញ្ចប់​​ថ្នាក់​​វិទ្យា​​ល័យ និង​​បាន​​បន្ត​ការ​សិក្សា​​ទៅ​មហា​​វិទ្យា​​ល័យ​ នៅ​​រាជ​ធានី និង​​ក្រុង​​នានា នៅ​តាម​​បណ្តា​​ខេត្ត​​។ ពួក​គេ​​ទាំង​​នោះ​​ត្រូវ​​ធ្វើ​​ចំណាក​ស្រុក​ ដើម្បី​​រៀន​​សូត្រ ក្នុង​​រយៈ​ពេល​​៤​ឆ្នាំ ដោយ​ពួក​គេ​ត្រូវ​​ចំណាយ​​ថវិ​កា​​ជា​​ច្រើន​ក្នុង​​មួយ​​ឆ្នាំ​ៗ ដូចជាទៅ​លើ​ឈ្នួល​ផ្ទះ​ ការ​​ហូប​​ចុក ការ​ចំណាយ​​ប្រ​ចាំ​ថ្ងៃផ្សេង​ និង​បង់​ថ្លៃ​សិក្សា​ជា​ដើម។
បើ​ទោះ​ជា​យ៉ាង​នេះ ​ក្នុង​ចំណោម​​ក្រុម​និស្សិត ដែល​បាន​បញ្ចប់​​ការ​សិក្សាទាំង​នោះ មាន​មួយ​ចំនួនមាន​ការ​ងារ​ធ្វើ​ មួយ​ចំនួន​មិន​មាន​ការ​ងារ​ធ្វើ​នោះ​ទេ និង​​​អ្នក​ខ្លះ​ទៀត​ធ្វើ​ការ​ខុស​ជំ​នាញ។
​ករណី​នេះ​និ​ស្សិត​ផ្នែក​សង្គម​វិទ្យា នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទភ្នំ​​ពេញ កញ្ញា សែ សេងលន បាន​ត្អូញ​ត្អែរ​​ថា គាត់​ជា​កូន​កសិករ​មក​ពី​ស្រុក​ស្អាង​ខេត្ត​កណ្តាល ​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​​ផ្នែក​​សង្គម​​វិទ្យា ដែល​​ជា​​មុខ​​វិជ្ជា​​​គ្រូថ្មី។ កញ្ញា​បន្ត​​ថា រហូត​​មក​ដល់​ពេល​នេះ មុខ​ជំ​នាញ​ដែល​កញ្ញារៀន​​នោះ​ ក្រ​សួង​មិន​ទាន់​​បញ្ចូល​​ទៅ​ក្នុង​​កម្មវិធី​​អប់​រំ​​របស់​ក្រ​សួង​​​នៅ​​ឡើយ ដូច្នេះធ្វើ​ឲ្យ​ពួកគាត់ ​ដែល​រៀន​ចប់ប្រ​មាណ ​​២០នាក់​ មិន​មាន​ការ​ងារ​ធ្វើ​ត្រូវ​ជំនាញ​នោះទេ ៖ “មុខ​​ជំនាញ​​ហ្នឹង​ ​ភាគ​​ច្រើន​​ទាក់ទង​​នឹង​​ការ​​ធ្វើ​អង្គការ​​ ប៉ុន្តែ​​ភាគ​​ច្រើន​​ពួក​​ខ្ញុំ​ចង់​​ធ្វើ​​គ្រូដែរ​​ ព្រោះអី​មុខ​​ជំនាញ​​វាថ្មី ​​ច​ង់​​ផ្ស​ព្វផ្សា​យ​មុខ​​ជំនាញ​​ហ្នឹ​ង​ឲ្យគេ​ដឹង​​ដែរ។ ​ខ្ញុំចង់​សួរទៅ​​ក្រសួង​យុវជន​ និង​កីឡាថា ​តើក្រសួង​គិត​យ៉ាងម៉េច ​ដែរ​ ឬ​ក៏​គិត​មាន​ទំនួល​ខុស​ត្រូវ​អ្វីខ្លះ​ចំពោះ ​ចំពោះ​ដេប៉ាតេប៉ង ​ឬក៏មុខ​វិជ្ជាសង្គ​មកិច្ច ​ដែល​ទើប​បើក​ថ្មីនៅប្រទេស​កម្ពុជា​យើង ​ហើយ​នៅពេល​ដែល​ពួក​គាត់​ប្រលង​ចប់​ហើយ ពុំ​មានឈ្មោះទៅ​ប្រលង​គ្រូហ្នឹ​ង​គេ ​តើ​ក្រសួង​គិត​យ៉ាងម៉េច​ដែរ​ចំពោះប​ញ្ហាហ្នឹ​ង។​”

និស្សិត​​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ ផ្នែក​​ទស្សនៈវិទ្យា​ លោក គៀន ថាល់ បាន​​លើក​​ឡើង​​ពី​ផល​​លំ​បាក​​នៃការ​​មិនមាន​​ការ​ងារ​​ធ្វើយ៉ាង​ដូច្នេះថា​ ៖ “ផល​ប៉ះ​ពាល់ហ្នឹ​ង​មិន​មែន​ប៉ះពាល់​តែ​និស្សិត​ខ្លួ​នឯង​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ទេ ​និស្សិត​នៅសកល​វិទ្យាល័យ​មួយ​ចំនួន​ទៀត​ក៏គាត់​ប៉ះពាល់​ដូចគ្នា​អញ្ចឹង​ដែរ​ ហើយ​ពិសេស​ ដូច​​ឳពុក​ម្តាយ​នៅតាម​បណ្តារ​ខេត្ត ​គាត់​បញ្ជូន​កូន​គាត់​ឲ្យម​ករៀន​អញ្ចឹង​ គាត់​សង្ឃឹម​ថា ​ពេល​ដែល​កូនគាត់​បញ្ចប់ ​កូនគាត់​ហ្នឹង​មាន​ការងារ​ធ្វើហើយ ​ប៉ុន្តែ​ដល់​ពេល​បាន​បញ្ចប់​ហើយ​ ពួក​គាត់​បែរ​ជាអត់​មាន​ការងារ​ធ្វើ។”​
ជា​មួយ​​គ្នា​នោះលោក គឹម រតនា ​និស្សិត សាកលវិទ្យា​ល័យ​​អាស៊ីអឺរ៉ុប​ បាន​ឲ្យ​ដឹង​ដែរ​ថា ៖​ “ដឹងថា​ខ្លួន​ឯង​ឥលូវ ​ការ​រៀន​ គឺអត់ថយ អត់​មាន​ពេលបា​នអាន​សៀវភៅ ​បាទ!​ ទីមួយ​គឺយើង​រវល់​ពេក ​បាទ!​ អញ្ចឹង​ទៅកំពុង​ ចង់​បញ្ឈប់​ការងារ​មួយក​ន្លែង ​ប៉ុន្តែ​បើ​យើង​ឈប់​ទៅ ​គឺ​ធ្វើ​ឲ្យយើ​ង​ពិបាក​ទប់ទល់​បញ្ហាជី​វភាព​របស់​យើង​ទៀត ​ព្រោះដឹ​ងស្រាប់​ហើយ ​ព្រោះអី​យើង​នៅខេត្ត​ទេ ​តែយើង​មក​រស់​នៅភ្នំពេញអ​ញ្ចឹង ទីមួយ​ថ្លៃផ្ទះ ​ថ្លៃទឹក​ ថ្លៃភ្លើង​ គឺ​គ្រប់​បែប​យ៉ាង​ទាំងអស់​។ បាទ! គាត់​អត់​មាន​លទ្ធភាព​ជំនួយ។”​
ករណី​នេះប្រ​ធាន​ការិយាល័យសិក្សា និងជាសាស្រ្តាចារ្យផ្នែកនិតិសាស្រ្ត នៅ​សាកល​វិទ្យា​ល័យភូមិន្ទនិតិ​សាស្រ្ត និង​វិទ្យា​សាស្រ្តសេដ្ឋ​កិច្ច​ (​សាលាច្បាប់) លោកស្រី ប៊ួយ ធីតា មាន​ប្រ​សាសន៍​ថា ក្រុម​និស្សិត​មាន ​៣​ក្រុម គឺ​ក្រុម​និស្សិត​ពូកែ និស្សិត​មធ្យម និងនិស្សិត​ខ្សោយ ហើយ​​​ក្រុម​​​និសិ្សត ​ដែល​​ទទួល​បាន​​ឱកាស​ការ​​ងារ​ល្អ​ គឺ​សិស្សពូកែ។ លោក​ស្រី​បន្ត​ថា ​នៅ​ពេល​បច្ចុ​ប្បន្ន​នេះ​​ទី​ផ្សារ​​ការ​​ងារ ត្រូវ​​ការ​​និស្សិត​ ដែល​​មាន​​សមត្ថ​ភាព​ ដោយ​​ត្រូវ​​មាន​​ចំ​ណេះ​ដឹង​​ផ្នែក​​ជំ​នាញ ភា​សា បច្ចេក​​វិទ្យា​ថ្មី សមត្ថ​​ភាព​ទំ​នាក់​​ទំ​នង និង​​អាកប្ប​កិរិយា ៖ “ពីព្រោះថា ​វាទាម​ទារ​ចំណេះដឹង ចំណេះធ្វើ និងការរស់​នៅក្នុង​សង្គម ហើយ​ក្នុង​នោះ កា​រ​ដែល​យើង​អាច​ក្លាយ​ទៅជា ​មន្ត្រី​នៅក្នុង​សហគមន៍​ មួយ​នៅក្នុង​អាស៊ីអាគ្នេយ៍​នេះ វា​ត្រូ​វ​មាន​ភាសា​អន្តរ​ជាតិមួយ ​គឺភាសាអង់​គ្លេស ដែល​គេប្រើនាំមុ​ខគេហើយ​ បច្ចុប្បន្ន​ ដែល​គេប្រើ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​យើង​នេះ អ​ញ្ចឹង​ប្រសិន​អ្នក​ដែល​មិន​បាន​ សិស្សា​ឲ្យបា​ន​ជ្រៅជ្រះ​ទៅលើ​ភាសា​អង់គ្លេស​  ក៏ដូចជា​ផ្នែក​ព័ត៌មានវិទ្យា ​អាកំរិ​តប្រកួតប្រជែង​ទីផ្សាយ​អន្តរជាតិ​ហ្នឹង វា​អាច​ជួប​បញ្ហាដែ​រ។​”
ជា​មួយ​​គ្នា​​នោះ​ មន្រ្តី​​ទី​​ផ្នែក​ងារ​ផ្តល់​​សេវាការ​​ងារ​​ដល់​​និ​ស្សិត​ HRIOC Cambodia Co Ltd ដែល​​សុំ​មិ​ន​​បញ្ចេញ​​ឈ្មោះ​​​បាន​​ឲ្យ​​ដឹង​​ដែរ​ថា ​ក្រុម​​ហ៊ុន​​របស់​គាត់​ដំណើរ​​ការ​​រយៈ​ពេល​​ជាង ៥​ឆ្នាំ​មក​ហើយ ភាគ​​ច្រើន​​​និស្សិត​​បញ្ចប់​បរិញ្ញា​បត្រ​ បាន​​ទៅ​​ដាក់​​ពាក្យ​​រក​​ការ​ងារ​​ធ្វើ​​នៅ​​ភ្នាក់​​ងារ​​របស់​​គាត់។ មន្រ្តី​រូប​នោះ​បន្ត​ទៀត​ថា ភាគ​ច្រើន​និស្សិត មាន​សមត្ថ​ភាព​សមទៅ​នឹង​ទី​ផ្សារ​ការងារ​ពេល​បច្ចុប្បន្ន ហើយ​ថា និស្សិត​ភាគ​ច្រើន ខ្វះ​ចំណេះ​ដឹង​ផ្នែក​ភាសា និង​បច្ចេក​វិទ្យា​ផ្សេងៗ ៖ “តាម​ពិត​ទៅនៅក​ន្លែង​ខ្ញុំអត់​សូវ​មាន​អ្នក​ដែរ​កំពុង​រៀន​គាត់​ដាក់​មកទេ ​ច្រើតែ​គាត់​ចប់​ឆ្នាំទី៤ ​អីក៏​ ភាគតិ​ចឆ្នាំទី ៣ គាត់ដាក់មក ប៉ុន្តែភាគ​ច្រើនអ្នក​ដែល​អាប់​ភ្លាយម​ក ​(Apply)​ ច្រើន​តែពួក​អ្នក​ដែលគាត់​មាន​ការងារ​ធ្វើហើយ ​ហើយ​គាត់ចង់​ផ្លាស់​ប្តូរ​ការងារ​ គាត់​ចង់​ផ្លាស់​ប្តូររក​ផូស៊ីសសិ​ន (Possession) ថ្មីអីអញ្ចឹង​ទៅ ហើយ​អ្នកខ្លះ ​គាត់ចង់​ទើប​ហ្នឹង​ចប់ ​ហ្គេដ​យូតអាត​(Graduate) មកពី​ស្រុកក្រៅ ឬ​ទើប​បញ្ចប់​នៅស្រុក​ខ្មែរ​យើងក៏​គាត់​ អាភ្លាយ​​(Apply) មកដែរ។”
សម្រាប់​ប្រ​ធាន​បណ្តាញ​យុវជន លោក ​ទឹម ​ម៉ាឡៃ​ មាន​ប្រ​សាសន៍​ថា ទី​ផ្សារ​ការ​ងារ​សម្រាប់​​យុ​វជន​ គឺ​ចង្អៀត ដោយ​សារ​ទី​ផ្សារ​ការ​ងារ មាន​ចំនួន​តិច យុវជនរៀន​ចប់​នៅ​លើ​ជំនាញ​តែ​មួយ​មាន​ចំនួន​ច្រើន។
ទោះ​​ជា​​យ៉ាង​​ណា​ នៅ​​រសៀល​​ថ្ងៃ​​ព្រ​ហស្បតិ៍​​នេះ VOD មិន​​អាច​​សុំ​​ការ​អធិប្បាយ​ពី​ក្រ​សួង​ការ​ងារ និង​​មន្រ្តី​គណកម្ម​ការ​ទទួល​​ស្គាល់​​គុណ​​ភាព​អប់​​​រំ​​នៅ​កម្ពុជា លោក ប៉ែន ស៊ី​ថុល បាន​​នៅ​​ឡើយ​​ទេ ដោយ​​លោក​អះ​អាង​​ថា ជាប់​​រវល់​។
បើ​ទោះ​ជា​គេ​សង្កេត​ឃើញ​ថា ការ​​អប់​រំ​​នៅ​​កម្ពុជា មាន​​ការ​​រីក​​ចំរើន​​ជាង​​មុន តែ​​មិន​​ទាន់​​អាច​​ចាត់​​ទុក​​ជា​​ស្តង់​​ដារ​​អន្តរ​ជាតិ​បាន​​នៅ​ឡើយ​​ទេ ដូច្នេះ​​និស្សិត​ អាច​​នឹង​​មាន​​បញ្ហា ​​នៅពេ​ល​​កម្ពុជា​ចូល​​​ជា​​សហគមន៍​​នៅ​​ឆ្នាំ​​២០១៥ ខាង​​មុខ។
យ៉ាង​ណាមិញ​ ​ប្រធាន​​ក្រុម​​អ្នក​ស្រាវ​ជ្រាវ​​ឯករាជ្យ​ លោក កែម ឡី មាន​​ប្រសាសន៍​​ថា ​មូល​ហេតុ​​ដែល​​យុវជន​​មិន​​មាន​កា​រ​​ងារ​ធ្វើ​ ព្រោះ​​ពួក​​គាត់​​រៀន​​តែ​មួយ​មុខ​​ជំនាញ ​ហើយ​ថា ប្រព័ន្ធ​​អប់រំ​​នៅ​កម្ពុជា​​​មាន​​លក្ខណៈទូ​​ទៅ​​មិន​​មាន​​បង្ហាត់​​ជំនាញ​ពិត​​ប្រាកដ។ លោក​ថា ផល​​​វិបាក​​​នៃ​ភាព​គ្មាន​ការងារ​ធ្វើ​របស់​​យុវជន ​អាច​ធ្វើ​អោយ​មាន​ចំណាក​ស្រុក ​សេដ្ឋកិច្ច​អន់ថយ យុវ​ជន​​ងាយ​នឹង​ប្រព្រឹត្ត​អំពើប្រឆាំង​សង្គម​ដូច​ជាចោរ​កម្ម ​និង​ការ​សេព​គ្រឿងញៀន និង​​បាតុ​​កម្ម​​​ជាដើម ៖ “ចលនា​ចំណាក​ស្រុក​ហ្នឹង ​ក៏នៅតែ​កើន​ឡើង​បន្ត​ទៀត​ ហើយ​កាល​ណាចល​នា​ចំណាក់​ស្រុក​នេះកើន​ឡើង ​វិស័យ​សេដ្ចកិច្ច​ក៏អន់​ថយដែ​រ​ ដោយសារ​អី ប្រទេស​យើងវា​ក្លាយ​ជាប្រទេស​អ្នក​ទទួលទិញ ​មិនមែន​ជាប្រទេស​ដែលជា​អ្នកផលិត ​ឬក៏អ្នក​ចែកចាយផ​លិតផល ​ឬក៏ផលិត​ផលិត​កម្មទេ អ​ញ្ចឹង​ហើយបាន​ជាចលនា​ទាំង​អស់​នេះ ​រដ្ឋា​ភិបាល​គួរ​តែសិក្សា​ស្រាវជ្រាវ​ វិភាគ និង​​ឆ្លើយ​តប​លក្ខណ​ទាំងអស់​ហ្នឹងតាម​លក្ខណ​វិទ្យាសាស្ត្រ។”​
របាយ​ការណ៍របស់ក្រុមអ្នកស្រាវជ្រាវឯករាជ្យកន្លង​មក​ បាន​ឲ្យ​ដឹង​ថា  យុវ​ជន​​កម្ពុជា​​អាយុពី​១៥ ទៅ​៣០​ឆ្នាំ ៤០​ភាគ​រយ មិន​បាន​រៀន ឬ​បាន​បញ្ចប់​ត្រឹម​កម្រិត​បឋម ៤៤​ភាគ​រយ ត្រឹម​អនុ​វិទ្យា​ល័យ ឬ​ថ្នាក់​វិទ្យា​ល័យ និង​៥​ទៅ​៦​ភាគ​រយ​ ​បាន​ឈាន​ចូល​មហា​វិទ្យា​ល័យ។ ក្នុ​ង​នោះ​​យុវជន ២២​ភាគ​រយ គ្មាន​ការ​ងារ​ធ្វើ ៤០​ភាគ​រយ ប្រកប​មុ​ខ​របរ​ដោយ​ខ្លួន​ឯង ៣០​​ភា​គ​​រយ​បម្រើ​ការ​ងារ​សេវា​កម្ម សិប្ប​កម្ម និង​២ភាគ​រយ ទទួល​​បាន​​មុខ​ងារ​​ខ្ពស់​​ដូច​​ជា​ប្រធាន​ក្រុម​​ហ៊ុន។
បើ​ទោះ​​ជា​យ៉ាង​​នេះ​​ក្តី រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មិន​ទាន់​មាន​ការ​សិក្សា​ស្វែង​​យល់​​ពី​​ទី​​ផ្សារ​ការ​​ងារ ដើម្បី​​ផ្គត់​​ផ្គង់​​ឲ្យ​សម​ទៅ​នឹង​​កំណើន​​និស្សិត​នៅ​ឡើយ​ទេ៕​ 

No comments:

Post a Comment

yes