គំនូសប្លង់ផ្លូវក្រោមដីលើកទី១ ដែលមានផលប៉ះពាល់
ភ្នំពេញៈ គម្រោងសង់ផ្លូវក្រោមដីនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្ស៊ី ក្បែរអគារធនាគារកាណាឌីយ៉ា ដែលលូនកាត់ក្រោម មហាវិថីព្រះមុនីវង្ស នៅពេលនេះត្រូវពន្យារពេលដោយសារតែផលប៉ះពាល់ទាក់ទងប្រព័ន្ធទឹក ស្អាត និងប្រព័ន្ធខ្សែរកាបអុបទិកនៅមិនទាន់បានដោះស្រាយរួចរាល់។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ថា បច្ចុប្បន្នមន្ត្រីជំនាញសាលារាជធានីភ្នំពេញកំពុងធ្វើការសិក្សាលើ ជម្រើសជាច្រើនដើម្បីបញ្ចៀសបញ្ហាកកស្ទះចរាចរណ៍នៅតំបន់នេះបន្ទាប់ ពីគំរូប្លង់ទី១ត្រូវបានគេលុបចោល។ លោកបន្តថា យើងកំពុងសិក្សា និងរកជម្រើសឲ្យបានច្រើនមុនធ្វើការគូរប្លង់ និងវាយតម្លៃអំពីការចំណាយពិតប្រាកដ។
លោកថ្លែងថា៖«ផ្លូវ ក្រោមដីនឹងត្រូវធ្វើបន្ទាប់ពីស្ពានអាកាសស្ទឹងមានជ័យ ចំណែកថវិកាសម្រាប់សាងសង់ផ្លូវក្រោមដីនេះបានមកពីការជួលដីនៅ តំបន់ជ្រោយចង្វារឲ្យក្រុមហ៊ុន OCIC ធ្វើការអភិវឌ្ឍទីក្រុងរណបជ្រោយចង្វារ»។
គួររំឭកថា តាមគម្រោងដំបូងផ្លូវក្រោមដីនេះត្រូវសាលារាជធានីភ្នំពេញគ្រោង នឹងបើកការដ្ឋាននៅចុងឆ្នាំ២០១២នេះ ហើយគំរូប្លង់ផ្លូវវាងក្រោមដីនេះធ្លាប់ត្រូវគេគូសចេញជារូប រាងម្តងរួចហើយ ប៉ុន្តែត្រូវបានលុបចោលវិញ បន្ទាប់ពីការសិក្សាស្រាវជ្រាវបានរកឃើញថា គម្រោងប្លង់នោះប៉ះពាល់ដល់ទុយោមេទឹក និងប្រព័ន្ធខ្សែកាបជាច្រើន។ ក្នុងគំរូប្លង់ទី១ ផ្លូវមួយនេះមានប្រវែងជាង៣០០ម៉ែត្រដោយមានផ្លូវរថយន្តពីរខ្សែ និងពុះចែកជាពីរ (មួយទៅមួយមក)។
លោក ទូច សំណាង ប្រធានគម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះពេជ្រ មាននិយាយថា គម្រោងប្លង់ទី១ពិតជាត្រូវគេលុបចោលដោយសារតែមានផលប៉ះពាល់ដូច ការលើកឡើងខាងលើមែន។ លោកបន្តថា ឥទ្បូវយើងមិនទាន់ដឹងការសាងសង់នឹងចាប់ផ្តើមនៅពេលណាទេ ព្រោះរង់ចាំសាលារាជធានីភ្នំពេញសិក្សាបញ្ចប់សិន។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបដិសេធមិនធ្វើអត្ថាធិប្បាយដោយលោកប្រាប់ថា កំពុងជាប់រវល់។
លោក ឌឹត ចណ្ណា នាយកក្រុមហ៊ុនអចលនទ្រព្យវីអឹមស៊ី បានប្រាប់ថា ការកសាងស្ពានអាកាស និងផ្លូវក្រោមដីនៅរាជធានីភ្នំពេញជាដំណោះស្រាយល្អមួយសម្រាប់ បញ្ចៀសការស្ទះចរាចរណ៍ ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលក៏ត្រូវខិតខំបន្ថែមទៀតផងដែរទៅ លើការអប់រំច្បាប់ចរាចរណ៍ដល់ប្រជាជនទាំងអស់ ព្រោះប្រសិនបើមានតែស្ពានអាកាស និងផ្លូវក្រោមដី ក៏មិនអាចដោះស្រាយបញ្ហាចរាចរណ៍បានទាំងស្រុងដែរ បើប្រជាជនមិនសូវគោរពច្បាប់ចរាចរណ៍នោះ។
លោក ចណ្ណា ថ្លែងថា៖«ទោះបីជាការធ្វើចរាចរណ៍នៅរាជធានីប្រសើរជាងមុនក្តី ប៉ុន្តែការអប់រំច្បាប់ និងការដាក់ពិន័យដល់ជនល្មើសច្បាប់ចរាចរណ៍ ក៏គួរតែរឹតបន្តឹងដែរសម្រាប់ប្រជាជនគ្រប់រូប ដោយមិនមែនធ្វើបានតែអ្នកក្រីក្រនោះទេ»។ លោកបានបន្ថែមទៀតថា៖«បច្ចុប្បន្ននេះអ្នកបើកបរម៉ូតូ រថយន្ត ជាពិសេសម៉ូតូកង់បី បានបើកពេញថ្នល់ និងមិនដឹងថាផ្លូវណាដែលខ្លួនគួរប្រកាន់យកនោះទេ ដែលជាហេតុធ្វើឲ្យការបើកបរគ្មានសណ្តាប់ធ្នាប់ និងមានភាពអានាធិបតេយ្យយ៉ាងខ្លាំង»៕
No comments:
Post a Comment
yes