អ្នកស្រី ទូច កញ្ញា មានអាយុ ៣០ឆ្នាំ មានកូនតូចៗ៤នាក់។ នាងជាស្រ្តីម្នាក់ក្នុងចំណោមស្ត្រីជាង១០នាក់ បានប្រាប់ថា ពួកគាត់ជាអ្នកលក់សក់ឲ្យឈ្មួញកណ្ដាល ដែលបានមកទិញដល់ទីជើងភ្នំបាត។ នាងនិយាយមួយមាត់ណា គឺមានយំរហូតព្រោះនាងថា ទីបំផុតកាលមករស់នៅជើងភ្នំបាត ដែលតាមការជម្លៀសចេញកាលពីខែមករា ធ្វើឡើងដោយក្រុមហ៊ុនផានអ៊ីម៉ិច ដូចយកមនុស្សមកបំបោះចោលដូចនេះដែរ ។
ភាពក្ដុលក្ដួលរបស់នាង ទូច កញ្ញា បានធ្វើអោយស្រ្តីម្នាក់ទៀត ដែលអង្គុយជាប់គ្នាបានសម្រង់ទឹកភ្នែកមួយរំពេចន៍។ នេះគឺនាង រស់ សុគា អាយុ២៤ឆ្នាំ ដែលមានកូនពីរនាក់ក្នុងបន្ទុក ហើយជាស្ត្រីមេម៉ាយ ប្ដីដើរចាកចោល ៖”ខ្ញុំវេទនាណាស់ ខ្ញុំមកទី នេះខ្ញុំវេទនាខ្លាំងមែនទែន ជួយឲ្យក្រុមហ៊ុនដោះស្រាយឲ្យខ្ញុំចាប់ៗមក” ។
ជីវិតកាន់តែអភ័ព្វទៀតនោះ មានស្ត្រីពិការភ្នែកម្ខាងដោយសារតែប៉ូលីសវាយត្រូវកែវភ្នែករបស់គាត់ ហើយមេម៉ាយទៀតនោះ គឺអ្នកស្រី ខៀវ ឡៃ អាយុ ៣៨ឆ្នាំ បានគេចមុខមិនចង់និយាយរឿងប្រាប់ អ្នកសារព័ត៌មានទេពីជីវិតគ្រួសាររបស់គាត់ ប៉ុន្តែគាត់និយាយថា ការមករស់នៅជើងភ្នំបាត ឬភ្នំព្រះរាជ្យទ្រព្យរយៈពេល៩ខែមកនេះ អ្វីដែលសេសសល់ ពីការរស់នៅបុរីកីឡា គឺគ្មានសល់ក្រៅពីសក់នោះទេ។ ហេតុនេះហើយបានជាអ្នកស្រីដាច់ចិត្តកាត់សក់លក់ឲ្យឈ្មួញ ដែលឡើងមកទិញដល់ទីនេះ។ អ្នកស្រី ខៀវ ឡៃ បានបង្ហាញអារម្មណ៍ដូចនេះថា ៖”យើងត្រូវតែបង្ខំចិត្តលក់ដើម្បីជីវភាពយើង ដើម្បីក្រពះយើង។ យើងត្រូវតែតស៊ូគ្រប់ឧបសគ្គ។ យើងត្រូវតែលក់។ បើយើងមិនលក់យើងដាច់ពោះហើយ។យើងអត់មានអីដោះដូរ។ យើងអត់មានរបស់អីនឹងលក់ដូរតទៅទៀត យើងមានតែសក់” ។
បើតាមអ្នកភូមិ និងស្ត្រី ដែលបានលក់សក់ក្បាលរបស់ខ្លួនឲ្យឈ្មួញ ឲ្យដឹងថា ឈ្មួញដែលចុះមកទិញដល់ជើងភ្នំបាត គឺជាឈ្មួញជនជាតិវៀតណាម។ ស្ត្រីអតីតបុរីកីឡា ដែលកាត់សក់លក់ គឺត្រឹមកញ្ចឹងក បើសក់វែងជិតដល់ចង្កេះហើយ ច្រើនគឺអាចលក់បាន២០ដុល្លារ និង ខ្លីជាងនេះបានត្រឹម១០ដុល្លារ ។
ស្តី្រដែលបានកាត់សក់ក្បាលខ្លួនលក់ និយាយដូចគ្នាថា ទំនងជាជៀសមិនរួចទេ រយៈពេល ៥ខែទៀត សក់របស់ពួកគាត់ និងត្រូវឈ្មួញវៀតណាមមកសុំគាត់ទិញម្ដងទៀត ប៉ុន្តែពួកគាត់និយាយថា បើប្ដីពួកគាត់មានមុខរបរជាប់ ទោះជាធ្វើស្រែស៊ីឈ្នួលរាស់ដីឲ្យគេ ឬជាងសំណង់រកប្រាក់បានគ្រាន់តែទប់ទល់ ល្ងាចដល់ព្រឹកពួកគាត់លែងកាត់សក់លក់ទៀតហើយ។
បុរសម្នាក់ ដែលនិយាយពោលពាក្យស្ដាយសក់ប្រពន្ធ និយាយដោយភាពខ្មាស់អៀនថា ត្រកូលរបស់គាត់ ដើមឡើយជាអ្នកប្រកាន់ការរឿងអបិយជំនឿ តែឥឡូវនេះ ពេលវេលាជាអ្នកកំណត់ថាមិនចេះបត់បែន គឺកូនតូចក្នុងបន្ទុកនឹងដាច់ពោះស្លាប់ នៅថ្ងៃណាមួយ ដោយសារតែរឿងអត់បាយទទួលទាន។ បុរសនេះមានឈ្មោះថា កែវ ស្រាវ ៖”អាណិតប្រពន្ធហើយខ្មាស់គេទៀតអារឿងលក់សក់។ ប៉ុន្តែធ្វើម៉េចណាហ្នឹងវារងគ្រោះ ដោយសារដោះទាល់ម្ដងកាល។ ជាពិសេសខ្ញុំទឹកដោះគោកូនខ្ញុំកើតមកអត់មានទឹកដោះ។ អញ្ចឹងទៅបានជាលក់សក់លក់អីទៅ។ទិញទឹកដោះគោឲ្យកូនបៅ” ។
បើតាមតួលេខគ្រួសារអតីតអ្នកបូរីកីឡា ដែលអត់បាយទទួលទាន គឺមានជាង ១៣៤គ្រួសារ គឺខ្វះទាំងព្រឹកខ្វះទាំងល្ងាច ហើយអ្នកដែលកំពុងរស់នៅក្រោមតង់លិចមុខលិចក្រោយ មានជាង៣០គ្រួសារ ។
បុរសម្នាក់ដែលត្រូវបានប្រជាពលរដ្ឋចាត់ទុកថា ជាតំណាងសហគមន៍ គឺលោក ជា នី និយាយថា ឥឡូវនេះសហគមន៍របស់គាត់លំបាកខ្លាំងណាស់លំបាក គឺការរកប្រាក់ទទួលទានជាប្រចាំថ្ងៃដោយសារតែមករស់នៅទីនេះ គ្មានផ្សារគ្មានសាលារៀន គ្មានមុខរបរដែលអាចឲ្យកូនតូចជួយ ដើរលក់ដុំ រើសអេតចាយដូចនៅភ្នំពេញនោះទេ ។
លោក ជានី ទទូចសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយរកមុខរបរ និងជួយឲ្យបានដីមួយឡូ ដើម្បីមានផ្ទះនៅពិតបា្រកដ និងមានដីធ្វើចម្ការ ៖”រាជរដ្ឋាភិបាលសូមគិតពីប្រជាពលរដ្ឋផង។ ហើយពួកគាត់នៅកន្លែងនេះគឺគាត់ទាមទារតែជម្រក ខុសពីជម្រកគាត់អត់ទាមទារទេ ។សម័យនេះទៅធ្វើអ្វីក៏បានប្រាក់ដែរ គ្រាន់តែតិចឬច្រើន ហូបគ្រាន់ឬមិនគ្រាន់”។
បើតាមស្ថិតិក្រៅផ្លូវការ មានប្រជាពលរដ្ឋកម្ពុជាស្ថិតនៅក្រោមខែ្សបន្ទាន់ក្រីក្រប្រហែល៣០ភាគរយ នៅឆ្នាំ២០១១។ ពួកគេរកប្រាក់បានមួយដុល្លារក្នុងមួយថ្ងៃ។ បើនិយាយពីប្រទេសជិតខាងទំនងមានតែកម្ពុជាទេ មានវិបត្តិដីធ្លីខ្លាំងជាងគេ ហើយភាពក្រីក្រមកពីវិបត្តិដីធ្លីនេះដែរ។
តែយ៉ាងនេះក្ដី នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន តែងតែប្រកាសថា នឹងមិនបណ្ដោយឲ្យពលរដ្ឋកម្ពុជាណាម្នាក់ស្លាប់ដោយអត់បាយទទួលទានឡើយ ។
ប៉ុន្តែការដែលសហគមន៍មួយចាប់ផ្ដើមលក់សក់ក្បាលរបស់ខ្លួនដូចនេះ ត្រូវបានអ្នកវិភាគ និងអ្នកស្រាវជ្រាវពីវិបត្តិសង្គម គឺលោក កែម ឡី និយាយថា ទំនងជាលើកដំបូងហើយ ដែលលោកបានលឺថា មានស្ត្រីខ្មែរចាប់ផ្ដើមលក់សក់ក្បាលដើម្បីកូនដើម្បីចៅដែលករណីនេះលោកថា អ្នកក្រីក្រកម្ពុជាកំពុងប្រើប្រាស់មុខរបរមួយដែលកម្រគេធ្វើបានដូចនេះ ៖”របៀបប្រជាជនលក់សក់ខ្លួនឯងនេះខ្ញុំគិតថា ជារួមសក់គេច្រើនតែកាត់ចោលតាមប្រពៃណីទំនៀមទំលាប់ខ្មែរ។ បើយើងយកទៅលក់ទៅអីអាចរកស៊ីដាក់។ខ្ញុំគិតថាប្រហែលជាប្រជាជនយើងទាល់មែនទែនហើយ”។
ទោះជាយ៉ាងនេះ តាមផ្លូវពុទ្ធចក្រក៏មិនជាធ្ងន់ធ្ងរទេ គឺឲ្យតែអ្នកទាំងនោះគាត់ បូជាសក់ពួកគាត់ ដោយភាពបរិសុទ្ធ គឺប្រយោជន៍ឲ្យកូនចៅបានរស់ទៅមុខទៀត ពោលគឺកុំឲ្យតែដើរឆក់ដើរប្លន់មានមុខរបរទុច្ចរិត គឺមិនជាការអ្វីទេ។ ព្រះសង្ឃ វ៉ង់ សុភ័ស្ដ ដែលគង់នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ មានសង្ឃដីកាបញ្ជាក់ថា ៖” បើតាមផ្នែកពុទ្ធសាសនាអត់មានអីផង។អត់មាននិយាយថា មាននិយាយថាគ្រោះកាចគ្រោះអីទេ។ គ្រាន់បើសិនថា នៅក្នុងសង្គមហ្នឹងគេនិយមសក់។ ហើយយើងកាត់សក់អញ្ចឹងទៅ យើងមើលទៅមិនស្អាត។ តែថាឲ្យមានជាចង្រៃ ឧបទ្រប់ អមង្គលអីមិនមែនទេ ជាប់ទាក់ទងនឹងព្រះ ពុទ្ធសាសនា”។
នៅកម្ពុជា មានហាងលក់សក់ទិញសក់ក្បាលមនុស្សធំៗមាន ៥កន្លែង ភាគច្រើននៅរាជធានីភ្នំពេញ។ ផលិតផលសក់លក់ចេញមួយគីឡូក្រាមមានតម្លៃជាង២០០ដុល្លារ។ វាត្រូវនាំទៅប្រទេសដូចជាហុងកុង ឥណ្ឌា អាមេរិក និងក្នុងស្រុក ។
មករកទីតាំងរបស់អតីតអ្នកបុរីកីឡា ដែលត្រូវជន្លៀសទៅនៅជើងភ្នំបាត ក្នុងស្រុកពញាឮ ខេត្តកណ្ដាល ខណៈនេះម៉ោងប្រហែលជាង៩ព្រឹកកុមារតូចៗ ខ្លះមានអាយុ ជាង១០ឆ្នាំ ជាច្រើននាក់បានរត់លេងប្រសេកប្រសាច។ ពួកគេមិនបានទៅសាលារៀនទេ។ ម្តាយៗរបស់ពួកគេនិយាយថា អនាគតកូនរបស់ពួកគេនឹងទៅជាយ៉ាងម៉េចទេ បើសូម្បីម្ដាយរបស់ពួកគេចាប់ផ្ដើមលក់សក់ក្បាល ដើម្បីពួកគេទៅហើយនោះ៕
No comments:
Post a Comment
yes