ប្រជាពលរដ្ឋកម្ពុជា ស្ទើរគ្រប់ទីកន្លែងសម្ដែងក្ដីបារម្ភអំពីអនាគតរបស់មន្ទីរពេទ្យគន្ធបុប្ផា។ ពួកគាត់ព្រួយខ្លាចក្រែងមន្ទីរពេទ្យនេះមិនអាចដំណើរការបានតទៅទៀត ដោយសារកង្វះថវិកា។
ទន្ទឹមនឹងការព្រួយបារម្ភ ក្រុមប្រជាពលរដ្ឋ មានទាំងយុវជន សិស្ស និស្សិត មន្ត្រីរាជការ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងបុគ្គលិកក្រុមហ៊ុនមួយចំនួន បាននាំគ្នារៃអង្គាសប្រាក់ ដើម្បីជួយផ្គត់ផ្គង់មន្ទីរពេទ្យគន្ធបុប្ផា ដោយមានទាំងការប្រគំតន្ត្រីសប្បុរសធម៌ផង។
ការប្រឹងប្រែងរៃអង្គាសប្រាក់ដើម្បីជួយឲ្យមន្ទីរពេទ្យគន្ធបុប្ផាបន្តដំណើរការសង្គ្រោះកុមារកម្ពុជា តទៅទៀត កំពុងតែផុលផុសទាំងនៅរាជធានីភ្នំពេញ និងនៅក្នុងខេត្តក្រុងមួយចំនួន។
មន្ទីរពេទ្យគន្ធបុប្ផាជាមន្ទីរពេទ្យតែមួយគត់ដែលផ្ដល់សេវាព្យាបាលសម្រាប់កុមារដោយឥតគិតថ្លៃនៅកម្ពុជា។
ចាប់តាំងពីពេលដំណើរការឡើងវិញ នៅឆ្នាំ១៩៩១ រហូតមកដល់ពេលនេះ មន្ទីរពេទ្យគន្ធបុប្ផាមានសាខាសរុបចំនួន ៥សាខាហើយ គឺទី១ ស្ថិតនៅក្នុងបរិវេណព្រះបរមរាជវាំង សាខា ៣ទៀត នៅម្ដុំវត្តភ្នំ និងសាខាចុងក្រោយនៅក្រុងសៀមរាប គឺមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ដែលសាខាទាំងអស់នៅក្រោមការគ្រប់គ្រងរបស់វេជ្ជបណ្ឌិតជនជាតិស្វីស ឯកទេសផ្នែកជំងឺកុមារ គឺលោកវេជ្ជបណ្ឌិត បេអាត រិឆណឺរ (Beat Richner) ជាប្រធាន។
អត្ថបទនៅលើគេហទំព័ររបស់មន្ទីរពេទ្យគន្ធបុប្ផា បង្ហាញថា រហូតមកដល់ពេលនេះ តម្រូវការថវិកាសម្រាប់ដំណើរការមន្ទីរពេទ្យគឺ ៣០លានដុល្លារក្នុងមួយឆ្នាំ។
នៅក្នុងឆ្នាំ២០១០ កុមារជិត ១,៥លាននាក់ បានចូលសម្រាកព្យាបាលនៅក្នុងសាខាទាំង ៥ នៃមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងបានទទួលសេវាព្យាបាលសេវាវះកាត់ និងទទួលវ៉ាក់សាំងពីមន្ទីរពេទ្យនេះ។ ដោយឡែកស្ត្រីមានផ្ទៃពោះជាង ១០ម៉ឺននាក់បានទទួលសេវាពិនិត្យ និងសម្រាលកូន។
អត្ថបទនៅលើគេហទំព័របញ្ជាក់ថា បើគ្មានមន្ទីរពេទ្យគន្ធបុប្ផាទេ កុមារចំនួន ៣.២០០នាក់នៅកម្ពុជា នឹងត្រូវបាត់បង់ជីវិតជារៀងរាល់ខែ។
កន្លងទៅ ថវិកាសម្រាប់ដំណើរការមន្ទីរពេទ្យ គឺបានមកពីការខិតខំរបស់លោកវេជ្ជបណ្ឌិត បេអាត រិឆណឺរ តាមរយៈការអំពាវនាវសុំជំនួយពីសប្បុរសជន ដោយលោកកូដវីយោឡុង ក្នុងការប្រគំតន្ត្រីផង ប៉ុន្តែពេលនេះលោកមានអាយុ ៦៥ឆ្នាំហើយ។
ទាក់ទិននឹងបញ្ហានេះ តំណាងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) លោក សុរិយវង្ស ទេវ័ន្ត មានប្រសាសន៍ថា ក្រោយរូបលោក និងមិត្តភ័ក្ដិបានទទួលដំណឹងដែលលោកវេជ្ជបណ្ឌិត បេអាត រិឆណឺរ បានប្រកាសតាមហ្វេសប៊ុក អំពីវិបត្តិថវិកា ក្រុមរបស់លោកក៏បានចាប់ផ្ដើមរួបរួមគ្នាដើម្បីរៃអង្គាសប្រាក់ជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលមកដល់ពេលនេះក្រុមរបស់លោកមានសមាជិកជិត ២ពាន់នាក់ហើយ។
ក្រុមរបស់លោកមានទាំងមន្ត្រីរាជការ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល បុគ្គលិកក្រុមហ៊ុន សិស្ស និស្សិត និងប្រជាពលរដ្ឋសុទ្ធសាធ ដោយពួកគេនាំគ្នាពាក់អាវយឺតសដែលសរសេរថា យើងរួមគ្នាដើម្បីគន្ធបុប្ផា រួមចំណែកថែទាំសុខភាពកុមារនៅកម្ពុជា។ នៅថ្ងៃអាទិត្យ ទី១ ខែកញ្ញា ពួកគេបានប្រគំតន្ត្រីសប្បុរសធម៌នៅក្នុងភូមិមួយនាក្រុងតាខ្មៅ។
លោក សុរិយវង្ស ទេវ័ន្ត បន្តថា កាលពីពួកលោកយកថវិកាពីសប្បុរសជនចំនួនជិត ៤ពាន់ដុល្លារទៅប្រគល់ជូនលោកវេជ្ជបណ្ឌិត បេអាត រិឆណឺរ នៅឯក្រុងសៀមរាប កាលពីពេលកន្លងទៅថ្មីៗនេះ លោកវេជ្ជបណ្ឌិតបានប្រាប់ពួកគេថា មន្ត្រីរដ្ឋាភិបាលឡាវ និង ភូមា បានមកទាក់ទងសុំឲ្យវេជ្ជបណ្ឌិតជួយសាងសង់មន្ទីរពេទ្យដូចមន្ទីរពេទ្យគន្ធបុប្ផា នៅប្រទេសគេដែរ ប៉ុន្តែលោកឆ្លើយថា លោកត្រូវជួយពង្រីកមន្ទីរពេទ្យគន្ធបុប្ផា ឲ្យបាន ៧សាខាសិន និងបន្តដំណើរការរយៈពេល ២០ឆ្នាំទៀត។
សមាជិកបណ្ដាញហ្វេសប៊ុកម្នាក់ ដែលបានទៅដល់មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ នាក្រុងសៀមរាប កញ្ញា ទៀង សោភា កោតសរសើរចំពោះការតស៊ូរបស់លោកវេជ្ជបណ្ឌិត បេអាត រិឆខណឺរ៖«គាត់ឡើងមកលើវេទិកាដើម្បីលេងវីយោឡុងរបស់គាត់។ ខ្ញុំឃើញសភាពរាងកាយរបស់គាត់ដូចចាស់ខ្លាំង ប៉ុន្តែគាត់នៅតែតស៊ូមកផ្សព្វផ្សាយដើម្បីឲ្យទស្សនិកជនជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាហ្នឹង»។
នៅកន្លែងប្រកាសរកជំនួយសប្បុរសធម៌មួយនាក្រុងសៀមរាប ប្រធានផ្នែកចាក់ផ្សាយនៃស្ថានីយទូរទស្សន៍ខ្សែកាបរស្មីស្តារ លោក ទេស សុខា បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងបានយកចិត្តទុកដាក់នឹងអនាគតមន្ទីរពេទ្យគន្ធបុប្ផា ហើយពួកគាត់បានបរិច្ចាគថវិកាសម្រាប់ជួយមន្ទីរពេទ្យ ដោយមានថ្ងៃខ្លះក្រុមរបស់លោកទទួលបានថវិកាចំនួនជាង ២ពាន់ដុល្លារ។
លោក ខៀវ សុធារ៉ា រស់នៅសង្កាត់សាលាកម្រើក ក្រុងសៀមរាប ដែលបានជិះម៉ូតូឌុបប្រពន្ធមកបរិច្ចាគថវិកា គិតថា បើមន្ទីរពេទ្យគន្ធបុប្ផាត្រូវបិទ ឬឈប់ផ្ដល់សេវាព្យាបាលដោយឥតគិតថ្លៃដូចសព្វថ្ងៃ កុមារកម្ពុជា រាប់សែននាក់ ជាពិសេសកុមារក្រីក្រនឹងរងគ្រោះ៖ «ចំណាយថវិកាបន្តិចបន្តួចដើម្បីជួយដល់មន្ទីរពេទ្យ ដើម្បីជួយកុមារក្រីក្រកម្ពុជា បន្តទៅមុខទៀត»។
ចំណែកឯយុវជននិងកុមារនៃក្រុមតន្ត្រីបងប្អូន ដែលជីវិតរបស់ពួកគេចំនួន ៤នាក់ ក្នុងចំណោមសមាជិកក្រុមទាំង ៨នាក់ ត្រូវបានសង្គ្រោះដោយមន្ទីរពេទ្យគន្ធបុប្ផា បានផលិតចម្រៀងមួយបទដើម្បីបង្ហាញនូវភាពកតញ្ញូរបស់ពួកគេ ដែលទំនុកច្រៀងនៃបទនេះនិពន្ធដោយ លោក ស៊ុំ សារឿន។
អ្នកវាយស្គរនៃក្រុមតន្ត្រីបងប្អូន កញ្ញា សោម ស្រីនា ថ្លែងថា កាលពីកញ្ញាស្ថិតក្នុងវ័យកុមារ នាងមានជំងឺស្អិតពោះវៀន ហើយត្រូវវះកាត់ពោះវៀនចំនួន ៣កំណាត់។ កញ្ញាបន្ថែមថា រាល់ពេលដែលកញ្ញាធ្វើដំណើរក្បែរមន្ទីរពេទ្យគន្ធបុប្ផា កញ្ញាតែងនឹកដល់គុណក្រុមគ្រូពេទ្យដែលបានសង្គ្រោះជីវិតនាង។
គេហទំព័ររបស់មន្ទីរពេទ្យគន្ធបុប្ផាបានឲ្យដឹងថា រហូតមកដល់ពេលនេះ មន្ទីរពេទ្យទទួលប្រាក់បរិច្ចាគចំនួន ២លានដុល្លារពីរដ្ឋាភិបាលកម្ពុជា ៤លានដុល្លារពីរដ្ឋាភិបាលស្វីស និង ២២លានដុល្លារពីសប្បុរសជននានាជារៀងរាល់ឆ្នាំ ហើយក្នុងរយៈពេលពេល ២០ឆ្នាំកន្លងទៅនេះ ថវិកាចំនួន ៤០០លានដុល្លារត្រូវបានចំណាយសម្រាប់ដំណើរការមន្ទីរពេទ្យ៕
No comments:
Post a Comment
yes