ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ចូលខ្លួនទៅបំភ្លឺតាមដីកាកោះហៅជាលើកទី២ របស់តុលាការខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១២។
លោក រ៉ុង ឈុន រងការចោទប្រកាន់ថា បានដឹកនាំកម្មករធ្វើកូដកម្មខុសច្បាប់ និងបរិហារកេរ្តិ៍ ដែលប្ដឹងដោយថៅកែរោងចក្រកាត់ដេរតៃណាន។ ក្នុងរយៈពេលផ្តល់ចម្លើយនៅចំពោះមុខតំណាងអយ្យការ លោក រ៉ុង ឈុន បដិសេធថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ និងបានស្នើសុំឲ្យអយ្យការលើកលែងការចោទប្រកាន់ទាំងស្រុង ដោយគ្មានលក្ខខណ្ឌ។
សវនាការសាកសួរនៅសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី២៧ កញ្ញា ក្នុងសំណុំរឿងដឹកនាំកូដកម្មខុសច្បាប់ និងបទបរិហារកេរ្តិ៍ ដែលរោងចក្រតៃណាន ប្ដឹងលោក រ៉ុង ឈុន ធ្វើឡើងអស់រយៈពេលជាង ៣ម៉ោង ប៉ុន្តែតុលាការមិនទាន់សម្រេចថា លើកលែងចោលការចោទប្រកាន់ ឬយ៉ាងណានៅឡើយ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា លោកជួបនឹងកម្មករក្នុងនាមជាសហជីពប៉ុណ្ណោះ ហើយមិនមានបំណងបំផុសឲ្យកម្មករធ្វើបាតុកម្ម ឬបរិហារកេរ្តិ៍លើនិយោជកទេ។ លោកបន្តថា តុលាការខេត្តកណ្ដាល សាកសួរលោកដើម្បីបំភ្លឺទាក់ទងនឹងពាក្យបណ្ដឹងរបស់ថៅកែរោងចក្រតៃណាន អតីតរោងចក្រតៃយៀន (Tai Yean) ប៉ុន្តែតុលាការមិនទាន់សម្រេចយ៉ាងណានោះទេ។
លោក រ៉ុង ឈុន៖ «ព្រះរាជអាជ្ញា គាត់សរសេរឲ្យតាមអ្វីដែលយើងលើកឡើង។ អត់មានការឆ្លើយតបយ៉ាងណានោះទេ។ យើងធ្វើការងារតាមការស្នើសុំរបស់កម្មករ តាមនីតិវិធី ខ្ញុំគិតថា តុលាការនឹងទម្លាក់ចោលការចោទប្រកាន់មកលើសហជីព»។
លោក រ៉ុង ឈុន បន្តថា ថៅកែហាក់ដូចជាមានបំណងប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបន្លាចទៅសហជីព និងគាបសង្កត់កម្មករ។
ទន្ទឹមនឹងនេះ តំណាងកម្មកររោងចក្រតៃណាន លោកស្រី ផូ ហាន មានប្រសាសន៍ថា ក្រុមកម្មករបានផ្ទុះការតវ៉ា កាលពីខែមិថុនា ដោយសារតែក្រុមហ៊ុនមិនគោរពច្បាប់ការងារ។ លោកស្រីបន្តថា ភាគីរោងចក្រមានបំណងកេងប្រវ័ញ្ចប្រាក់បំណាច់របស់ក្រុមកម្មករ តាមរយៈការប្ដូរឈ្មោះរោងចក្រ ពីខេមវែល (Camwell) និងតៃយៀន ទី១ ទី២ ទៅតៃណាន ហើយកម្មករក៏ផ្ទុះការតវ៉ាជាបន្តបន្ទាប់។ លោកស្រី ផូ ហាន បញ្ជាក់ថា ភាគីកម្មករជាអ្នកពឹងសហជីពដែលដឹកនាំដោយលោក រ៉ុង ឈុន ឲ្យជួយរកយុត្តិធម៌ប៉ុណ្ណោះ។
លោកស្រី ផូ ហាន៖ «ពីដើមដំបូងមក ពួកខ្ញុំចេញធ្វើកូដកម្មហ្នឹង ដោយខ្លួនឯង មិនមានអ្នកដឹកនាំ។ ពេលថ្ងៃក្រោយទៅ រកគាត់ឲ្យជួយ។ តុលាការហៅតែគាត់ អត់ហៅពួកខ្ញុំមកបំភ្លឺផងហ្នឹង ដឹងថាពួកគាត់ឡើងថ្ងៃហ្នឹង ស្ម័គ្រចិត្តមកតែម្តង»។
តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល លោក ទេព មុនិន្ន បានចេញដីកាកោះជាលើកទី២ ឲ្យលោក រ៉ុង ឈុន ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្ដាល នៅព្រឹកម៉ោង៩ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១២ ដើម្បីសាកសួរពីដំណើររឿង ដែលអគ្គនាយកនៃសហគ្រាសតៃណាន ឈ្មោះ ជេក លូ (JACK LIU) ប្ដឹងពីបទញុះញង់ឲ្យកម្មករធ្វើកូដកម្មដោយខុសច្បាប់ និងបទបរិហារកេរ្តិ៍ជាសាធារណៈ។ ដីកាកោះហៅឲ្យចូលបំភ្លឺលើកទី១ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ វេលាម៉ោង ៩ព្រឹក តែត្រូវលោក រ៉ុង ឈុន សុំលើកពេល ព្រោះថា លោកជាប់រវល់ការងារ និងមិនទាន់រកមេធាវីការពារក្តីបាន។
កន្លងមក កម្មកររោងចក្រតៃណាន អតីតរោងចក្រតៃយៀន ទី១ ទី២ និងខេមវែល បានធ្វើកូដកម្មទាមទារជាច្រើនដងច្រើនសារ ទៅកាន់រដ្ឋាភិបាល និងភាគីរោងចក្រ ប៉ុន្តែមិនមានលទ្ធផលជាវិជ្ជមានជូនពួកគេវិញឡើយ។ ភាគីសហជីព ដែលចូលរួមតវ៉ានៅទីលានប្រជាធិបតេយ្យ ក៏ធ្លាប់ត្រូវបានកងនគរបាលវាយបែកក្បាលហូរឈាមរបួសធ្ងន់ទៀតផង៕
No comments:
Post a Comment
yes