ភ្នំពេញ៖ទីតាំងសិប្បកម្មផលិតក្រដាសបោះពុម្ពខ្នាតមួយកន្លែងស្ថិតនៅភូមិទ្រាសង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ បានរងនូវការឆាបឆេះដោយគ្រោះអគ្គីភ័យកាលពីវេលាម៉ោង៤និង៣០ នាទីទៀប ភ្លឺថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០១២ ។
ក្នុងគ្រោះមហន្តរាយខាងលើនេះគេបានសង្កេតឃើញវត្តមានលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យមានបានដឹកនាំសមត្ថកិច្ចនគរបាលមូលដ្ឋានសហការជាមួយនគរបាលការិយាល័យ បង្កានិងពន្លត់អគ្គីភ័យរាជធានីភ្នំពេញចុះអន្តរាគមន៍បាញ់ទឹកពន្លត់អស់ចំនួន ៤ រថយន្តទើបអណ្ដាតភ្លើងរលត់ សូន្យសុងទៅវិញ។ មានការកត់សម្គាល់ថាបើសិនជាគ្មានកិច្ចប្រតិបត្តិការចុះអន្តរាគមន៍ទាន់ពេលវេលាពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចជំនាញទេម្ល៉េះអណ្ដាតភ្លើងមិនដឹងឆាបឆេះរាលដាលខូចខាតទីតាំងសិប្បកម្មខាងលើនេះដល់កម្រិត ណាឡើយ។
តាមប្រភពព័ត៌មានពីលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា គ្រោះអគ្គីភ័យ ខាងលើនេះបង្កឡើងដោយសារឆ្លងចរន្តអគ្គិសនី ដែលបណ្ដាលមកពីការ ធ្វេសប្រហែសរបស់ម្ចាស់ សិប្បកម្មបានយកគំនរកំណាត់ក្រដាសជាច្រើនដាក់គរលើម៉ូទ័រភ្លើងទើបបណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។ ក្រុមសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ការខូចខាតដោយសារអគ្គីភ័យខាងលើនេះបានបំផ្លាញក្រដាសជជុះគ្រប់ប្រភេទ នៅក្នុងទីតាំងសិប្បកម្មអស់ ចំនួន ១០ ម៉ែត្រគុប ។
សូមបញ្ជាក់ថា ទីតាំងខាងលើនេះគឺជាទីតាំងមួយទទួលទិញក្រដាសជជុះគ្រប់ប្រភេទដើម្បីយក មកកែច្នៃធ្វើជាក្រដាសបោះពុម្ពតាមតម្រូវការផ្សេង ៗ ។ ក្នុងហេតុការណ៍ខាងលើនេះម្ចាស់ទីតាំងបានរារាំងអ្នកកាសែតមិនឲ្យចូលថតរូបភាពនៃសកម្មភាពឆេះដែលបណ្ដាលមកពីការធ្វេសប្រហែសរបស់ម្ចាស់ទីតាំងឡើយ។ បញ្ហានេះមន្ត្រីមូលដ្ឋានបានបង្ហើបថាទីតាំងសិប្បកម្មខាងលើនេះគ្មានច្បាប់អនុញ្ញាតធ្វើអាជីវកម្មនិងបញ្ហាម្យ៉ាងគឺមិនចង់មហាជនដឹងអំពីបរិស្ថាននៅក្នុងទីតាំងសិប្បកម្មរបស់ខ្លួនដែលកំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ភូមិជិតខាង៕
No comments:
Post a Comment
yes