សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 1, 2012

មនុស្ស​២​ពាន់​នាក់​នឹង​ទៅ​ស្វាគមន៍​អ្នក​ស្រី ទេព កុលាប

121001_09
លោក ហេង ឈាង និងអ្នក​ស្រី ទេព កុលាប​ ពេល​ជួប​គ្នា​នៅ​តុលាការ​កំពូល​​​

ភ្នំពេញៈ យ៉ាង​ហោច​មាន​និស្សិត​សាស្ត្រា​ចារ្យ ប្រមាណ ២០០០​នាក់ នឹង​ទៅ​ស្វាគមន៍​អ្នក​ស្រី ទេព កុលាប ​ដែល​ជា​សាកល​វិទ្យា​ធិការ​សាកល​វិទ្យា​ល័យ​ភ្នំពេញ​អន្តរ​ជាតិ​(PPIU)​ដែល​នឹង​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-​សូវៀត នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​តុលាការ​កំពូល បាន​លុប​ចោល​ការ​ចោទ​ប្រកាន់​អ្នក​ស្រី និង​បញ្ជា​ឲ្យ​ដោះ​លែង​គាត់​ពី​ពន្ធនាគារ​ជា​បន្ទាន់ បន្ទាប់ពី​ការ ជំនុំ​ជម្រះ​ជាង​៥​ម៉ោង​កាល​ពី​ថ្ងៃ​សុក្រ។
សាច់ញាតិ​ស្និទ្ធ​នឹង​អ្នក​ស្រី ទេព កុលាប បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ និស្សិត​សាស្ត្រា​ចារ្យ​សាកល​វិទ្យា​ល័យ​ភ្នំពេញ​អន្តរ​ជាតិ យ៉ាង​តិច​ក៏ ២០០០ នាក់ នឹង​មក​ជួប​ជុំ​គ្នា​ក្នុង​ពិធី​ស្វាគមន៍​អ្នក​ស្រី​នាយិកា ដែល​ត្រូវ​បាន​ដោះ​លែង​ពី​ការ​ឃុំ​ឃាំង និង​ចេញ​ពី​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-​សូវៀត ដែល​អ្នក​ស្រី​ស្នាក់​ព្យាបាល​ជំងឺ ក្រោម​ការ​យាម​ការពារ​ពី​សំណាក់​ឆ្មាំ​ពន្ធនាគារ។
តាមប្រភព​ដដែល​នេះ​ថា៖ «នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ចន្ទ នឹង​មាន​ពិធី​ស្វាគមន៍​សំណេះ ​សំណាល ជាមួយ អ្នក​ស្រី​នាយិកា ទេព កុលាប រៀប​ចំ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​រុស្ស៊ី។ និស្សិត សាស្ត្រា​ចារ្យ​ ប្រមាណ​២ពាន់​នាក់​នឹង​ជួប​ជុំ​គ្នានៅ​ទី​នោះ ខណៈ​ដែល​គាត់​ទើប​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​កំពូល​ពី​ថ្ងៃ​សុក្រ»។

លោក ហេង ឈាង វ័យ​៤៣​ឆ្នាំ អតីត​អគ្គនាយក​រង​នៃ​ក្រុម​ហ៊ុន អានកូ និង​ភរិយា​គឺ​អ្នក​ស្រី ទេព កុលាប ត្រូវ​បាន​ជំនុំ​ជម្រះ​ដោយ​ក្រុម​ប្រឹក្សា​ចៅ​ក្រម​ដែល​មាន​សមាជិក​៥​រូប ដែល​ដឹក​នាំ​ដោយ​អនុ​ប្រធាន​តុលាការ​កំពូល​លោក ឃឹម ប៉ុណ្ណ ​ដែល​ជា​ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ និង​លោក ចាន់ ដារ៉ា​រស្មី ជា​តំណាង​មហា​អយ្យការ​អម​តុលាការ​កំពូល។
លោក ឃឹម ប៉ុណ្ណ បាន​ថ្លែង​ថា​៖ «ផ្អែក​តាម​សវនាការ និង​អង្គ​ច្បាប់ តុលាការ​កំពូល​យល់​ថា ការ​សម្រេច​ចិត្ត​របស់​សាលា​ដំបូង​រាជធានី និង​សាលា​ឧទ្ធរណ៍​សម្រាប់ ហេង ឈាង និង ទេព កុលាប គឺ​មិន​ត្រឹម​ត្រូវ​ទេ ព្រោះ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​របាយ​ការណ៍​សវនកម្ម​របស់​លោក កាក់ កី ដែល​បញ្ជាក់​តែ​ប្រតិបត្តិ​ការ​ចំណូល​តែ​ភាគី​ម្ខាង ហើយ​របាយ​ការណ៍​លោក កាក់ កី ត្រូវ​បាន​បដិសេធ​ពី​ក្រុម​ប្រឹក្សា​ជាតិ​គណនេយ្យ»។
លោកបញ្ជាក់​ថា​៖ «តុលាការ​កំពូល​ពិនិត្យ​ឃើញ​ថា អ្នក​ស្រី ទេព កុលាប ពុំ​មាន​ទោស​នៅ​ក្នុង​រឿង​ក្តី​នេះ​ទេ។ ដូច្នេះ ​តុលាការ​សម្រេច​លុប​ការ​ចោទ​ប្រកាន់​ទាំងអស់​ប្រឆាំង​នឹង​អ្នក​ស្រី ​និង​បញ្ជា​ឲ្យ​ដោះ​លែង​ពី​ពន្ធនាគារ​ជា​បន្ទាន់»។ តុ​លាការ​យល់​ឃើញ​ថា ហេង ឈាង ​មាន​តម្រុយ​នៃពិរុទ្ធ​ភាព​ ដូច្នេះ តុលា​ការ សម្រេច​បន្ត​ឃុំ​ខ្លួន ហេង ឈាង ​នៅ​ក្នុង​ពន្ធនាគារ​ ដើម្បី​ធានា​ពី​វត្ត​មាន​គាត់ ​សម្រាប់​សវនាការ​នៅ​ពេល​ខាង​មុខ ហើយរឿង​ក្តី​នេះ ត្រូវ​បង្វែរ​ទៅ​ឲ្យ​សាលា​ឧទ្ធរណ៍​ធ្វើ​ការ​ស៊ើប​អង្កេត​ឡើង​វិញ ​និង​ស្រាវ​ជ្រាវ អំពី​ចំនួន​ទឹក​ប្រាក់​លម្អៀង​ចំនួន​ប្រាក់ ៦៣៣ ៣៤៥​ដុល្លារ នៅ​ក្នុង​ក្រុម​ហ៊ុន អានកូ»។
តុលាការ កំពូល ក៏​បានបិទ​ផ្លូវ​តវ៉ា​ប្រាក់​របស់​(ឧកញ៉ា កុក អាន) ជា​ដើម​បណ្តឹង​ពី​លោក ហេង ឈាង និង​អ្នក​ស្រី ទេព កុលាប ព្រោះ​លោក កុក អាន ​បាន​ដក​បណ្តឹង​រដ្ឋ​ប្បវេណី​របស់​គាត់​តាំង​ពី​ឆ្នាំ​២០១១ មក។
លោក អ៊ន ហ៊ីង មេធាវី​ចុង​ចោទ​របស់​លោក ហេង ឈាង និង​អ្នក​ស្រី ទេព កុលាប បាន​សាទរ​ជាមួយ​នឹង​សេច​ក្តី​សម្រេច​របស់​តុលាការ​កំពូល ហើយ​ថា សេចក្តី​សម្រេច​នេះ មាន​យុត្តិធម៌ និង​បាន​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់។
លោក​ប្រាប់​​ក្រុម​អ្នក​កាសែត​ថា​៖«ខ្ញុំ គិត​ថា សេចក្តី​សម្រេច​របស់​តុលាការ​នេះ នឹង​ជួយ​ពង្រឹង​ការ​ជឿ​ទុក​ចិត្ត​របស់​ក្រុម​វិនិយោគិន ឲ្យ​មាន​ទំនុក​ចិត្ត​នៅ​កម្ពុជា»។
អ្នកស្រី ទេព កុលាប បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌​មាន បន្ទាប់​ពី​ការ​ប្រកាស​សាល​ក្រម​របស់​តុលាការ​កំពូល​ថា អ្នក​ស្រី​រីករាយ​ណាស់ ចំពោះ​ការ​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​វិញ​នេះ។ អ្នកស្រី​បន្ត​ថា សេចក្តី​សម្រេច​របស់​តុលាការ​កំពូល គឺ​មាន​យុត្តិធម៌​សម្រាប់​អ្នក​ស្រី​និង​គ្រួសារ។
អ្នកស្រីបន្តថា ៖ «យ៉ាងណា ខ្ញុំ មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង ព្រោះខ្ញុំ ជា​មនុស្ស​ស្លូត​ត្រង់ ប៉ុន្តែ​ខ្ញុំ ត្រូវ​បាន​ចាប់​ខ្លួន​និង​ដាក់​គុក​ជាង​មួយ​ឆ្នាំយ៉ាង​អយុត្តិ​ធម៌»។ អ្នក​ស្រី ឲ្យ​ដឹង​ថា​៖ «​ស្វាមី​ខ្ញុំ មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស ដូចគេ​ចោទ​ទេ។ គាត់ ក៏​ជា​មនុស្ស​ស្លូត​​ក្នុង​រឿង​ក្តី​នេះ។ ខ្ញុំសង្ឃឹម​ថា​គាត់ នឹង​ត្រូវ​ដោះ​លែង​ឆាប់ៗ​នេះ បន្ទាប់​ពី​បញ្ចប់​ការ​ស៊ើប​អង្កេត​របស​សាលា​ឧទ្ធរណ៍»។
សាច់​ញាតិអ្នក​ស្រី ទេព កុលាប ​ម្នាក់​និយាយ​ថា ​ អ្នក​ស្រី នឹង​ត្រូវ​គេ​ដោះ​លែង​ពី​មន្ទីរ​ឃុំ​ឃាំង​និង​ចេញ​ពី​មន្ទីរ​ពេទ្យ​នៅ​ ថ្ងៃ​ចន្ទ​នេះ។ បន្ទាប់​មក​លោក​ស្រី​ នឹង​ឡើង​យន្ត​ហោះ​ទៅ​ប្រទេស​សិង្ហបុរី​ដើម្បី​ពិនិត្យ​សុខ​ភាពនៅ​ទី​នោះ​ ១សប្តាហ៍។
លោក ឡុង ដារ៉ា ​មេធាវី​ការពារ​ក្តី​លោក​ឧកញ៉ា កុក អាន ​បាន​ថ្លែង​ថា សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​មិន​យុត្តិធម៌​ទេ​ សម្រាប់​កូន​ក្តី​របស់លោក​ ពី​ព្រោះ​វា​មិន​បាន​​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់​។
លោកប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា៖ «ខ្ញុំ​មិន​អាច​ទទួល​យក​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​នេះ​បាន​ទេ។ ឥឡូវ​នេះ​ខ្ញុំ​កំពុង​ពិចារណា​លើ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល ដើម្បី​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​សេចក្តី​សម្រេច​នេះ»។
លោក ហេង ឈាង និង​អ្នក​ស្រី ទេព កុលាប ​ត្រូវ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១០ ​ក្រោម​បណ្តឹងចោទ​ពី​បទ​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត​ពី​លោក​ឧកញ៉ា កុក​ អាន។ នៅថ្ងៃ​ទី​១២ ​មីនា ឆ្នាំ​២០១២ តុលាការ​ឧទ្ធរណ៍​បាន​កាត់​ទោស​លោក ហេង ឈាង ​និង​អ្នក​ស្រី ទេព កុលាប ឲ្យ​ជាប់​ពន្ធនាគារ​៣​ឆ្នាំ​ម្នាក់​ៗ​ ហើយ​បញ្ជា​ឲ្យ​ប្រគល់​ ប្រាក់​សរុប​ចំនួន ៥៨ ៩៧៣ ២៦៥,២៨ ដុល្លារ​និង​ប្រាក់​សំណង​ជំងឺ​ចំនួន​ ៥ម៉ឺន​ដុល្លារ​អាមេរិក ទៅ​ឧកញ៉ា កុក អាន ជា​ដើម​បណ្តឹង៕

No comments:

Post a Comment

yes