ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ
ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ និងជាអតីតលេខាផ្ទាល់របស់ព្រះមហាវីរក្សត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោបានអំពាវនាវទៅដល់រដ្ឋាភិបាលកម្ពុជាគួរតែពិចារណាធ្វើការដោះលែងអ្នកទោសនយោបាយនៅខណៈដែលប្រជាជាតិកម្ពុជាទាំងមូលកំពុងចូលរួមកាន់មរណៈទុក្ខចំពោះព្រះបរមសពរបស់ព្រះមហាវីរក្សត្រសម្តេចឪព្រះបាទនរោត្តមសីហនុ ដើម្បីជាការផ្សះផ្សា និងបង្រួមបង្រួមជាតិ។ ប៉ុន្តែការលើកឡើងនេះត្រូវបានមន្ត្រីរដ្ឋាភិបាលសម្តែងប្រតិកម្មប្រឆាំងផងដែរ។
ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្របានមានបន្ទូលអំពាវនាវទៅដល់រាជរដ្ឋាភិបាលកម្ពុជាគួរតែធ្វើការលើកលែងទោសដល់អ្នកទោសនយោបាយនៅខណៈដែលប្រជាជាតិកម្ពុជាទាំងមូលកំពុងចូលរួមកាន់មរណៈទុក្ខចំពោះព្រះបរមសពរបស់ព្រះមហាវីរក្សត្រសម្តេចឪព្រះបាទនរោត្តមសីហនុ ដើម្បីជាការផ្សះផ្សា និងបង្រួមបង្រួមជាតិ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ និងជាអតីតលេខាផ្ទាល់របស់ព្រះមហាវីរក្សត្របានមានបន្ទូលថា រាជរដ្ឋាភិបាលកម្ពុជាគួរណាតែឆក់យកឱកាសដ៏មហាឡោរិកនេះដើម្បីលើកលែងទោសដល់អ្នកទោសនយោបាយដើម្បីជាការផ្សះផ្សារ និងបង្រួបបង្រួមជាតិ។
ព្រះអង្គម្ចាស់មានបន្ទូលថា ប្រសិនបើរាជរដ្ឋាភិបាលសម្រេចធ្វើការលើកលែងទោសដល់អ្នកនយោបាយនៅក្នុងឱកាសនេះ គឺធ្វើឲ្យចម្រើនជាតិ ច្រើនជាងខាត។ ហើយការលើកលែងទោសអ្នកនយោបាយនោះ គឺធ្លាប់ធ្វើនាពេលកន្លងមក មិនមែនទើបតែធ្វើឥឡូវនេះទេ។ ដូចជានៅពេលសមារណកម្មជាមួយខ្មែរក្រហម ក៏បានលើកលែងទោសជូនលោកអៀង សារីផងដែរ។ ដូច្នេះវាពុំមានរឿងអ្វីថ្មីដែលគួរឲ្យភ្ញាក់ផ្អើលទេ។ ហើយតាមការយល់ឃើញរបស់ព្រះអង្គម្ចាស់ គឺគ្មានឱកាសណា ល្អជាងឱកាសនេះទេ។
បើតាមការអះអាងរបស់អ្នកវិភាគឯករាជ្យ អ្នកស្រីជា វណ្ណាតបានលើកឡើងថា រាជរដ្ឋាភិបាលគួរតែធ្វើការដោះលែងអ្នកទោស នៅក្នុងឱកាសដ៏ពិសេសសំរាប់ព្រះវិញ្ញាណក្ខន្ធព្រះបាទនរោមត្តម សីហនុ នេះជាឱកាសដ៏ល្អសំរាប់សម្តែងនូវការដឹងគុណដល់អតីតព្រះមហាវីរក្សត្រ។ អ្នកស្រីថា ការដោះលែងអ្នកទោសនេះ គឺជាអ្វីដែលអតីតព្រះមហាវីរក្សត្រតែងតែធ្វើនៅក្នុងឱកាសបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ ឬក៏បុណ្យចូលឆ្នាំខ្មែរ។ ដូច្នេះនៅក្នុងឱកាសពិសេសនេះ អ្នកស្រីស្នើសុំទៅរដ្ឋាភិបាលគួរតែពិចារណានៅត្រង់ចំណុចនេះ។
រីឯលោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានសម្តែងប្រតិកម្មថា លោកមានការសោកស្តាយចំពោះការលើកឡើងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ។ អ្វីដែលព្រះអង្គម្ចាស់បានលើកឡើង គឺក្នុងនាមបុគ្គលផ្ទាល់ខ្លួនពុំមែនក្នុងនាមព្រះបរមរាជវាំងទេ។ ហើយពេលនេះ គឺជាពេលវេលាកំពុងធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា មិនគួរយកព្រះបរមសពរបស់ព្រះមហាវីរក្សត្រមកលេង ជារឿងនយោបាយនោះទេ៕
No comments:
Post a Comment
yes