សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 17, 2012

បរទេស​ចូល​រួម​សម្ដែង​មរណទុក្ខ​ចំពោះ​ការ​សោយ​ទិវង្គត


នៅ​គ្រា​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​នៅ​ក្នុង និង​ក្រៅ​ប្រទេស​កម្ពុជា កំពុង​តែ​សម្ដែង​ការ​សោកស្ដាយ និង​ក្រៀមក្រំ ចំពោះ​ការ​សោយ​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ មេដឹកនាំ​នៃ​ប្រទេស​មហា​អំណាច​មួយ​ចំនួន និង​ប្រទេស​ខ្លះ​នៅ​តំបន់​អាស៊ី ក៏​ចូល​រួម​មរណទុក្ខ​ដែរ។
RFA/Hang Savyuoth
១-មេសា-២០១២៖ ប្រធានាធិបតី​ចិន លោក ហ៊ូ ជិនតាវ (Hu Jintao) នៅ​​អាកាសយានដ្ឋាន​អន្តរជាតិ​​ខេត្ត​សៀមរាប។
អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី វីកថូរៀ ណូឡែន (Victoria Nuland) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្ទាន់​មួយ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ថា សហរដ្ឋ​អាមេរិក​សំដែង​ការ​ក្រៀមក្រំ​ចំពោះ​ការ​ចូល​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ នៃ​ប្រទេស​កម្ពុជា។
អ្នកស្រី​បាន​បន្ត​ថា យើង​សូម​រំលែក​ទុក្ខ​ក្រៀមក្រំ ថ្វាយ​ចំពោះ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​ព្រះ​រាជ​អគ្គ​មហេសី នរោត្តម មុនីនាថ សីហនុ ព្រម​ទាំង​ព្រះ​រាជ​វង្សានុវង្ស​ទាំង​អស់ និង​ប្រជាពលរដ្ឋ​ខ្មែរ​នានា ដែល​កាន់​មរណទុក្ខ​ក្រៀមក្រំ​នេះ។

ចំណែក​ឯ​រដ្ឋាភិបាល​ប្រទេស​សិង្ហបុរី បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្ទាន់​មួយ​ដែរ​ថា ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ គឺ​ជា​វីរក្សត្រ​ដែល​បាន​ធ្វើ​ពលីកម្ម​ក្នុង​ឆាក​ជីវិត​សម្រាប់​ភាព​ប្រសើរ​ឡើង​នៃ​ប្រទេស​កម្ពុជា និង​ប្រជារាស្ត្រ​ខ្មែរ។
សេចក្ដី​ថ្លែងការណ៍​បន្ត​ថា ព្រះ​មហា​វីរក្សត្រ​ខ្មែរ​នឹង​ត្រូវ​បាន​ចងចាំ និង​គោរព​ទាំង​នៅ​កម្ពុជា និង​អន្តរជាតិ​ចំពោះ​ការ​ដឹក​នាំ​ដោយ​គ្មាន​ការ​នឿយ​ហត់ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​កាន់​ការ​ផ្សះផ្សា​ជាតិ និង​ភាព​រុងរឿង។ ព្រះ​រាជ​កិច្ច​ដឹកនាំ​របស់​ព្រះ​មហា​វីរក្សត្រ​កន្លង​មក បាន​ចាក់​គ្រឹះ​សំរាប់​មិត្តភាព​ជិតស្និទ្ធ និង​យូរ​អង្វែង​រវាង​កម្ពុជា និង​ប្រទេស​សិង្ហបុរី។
មួយ​វិញ​ទៀត មន្ត្រី​ជាន់​ខ្ពស់​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ក្រសួង​ព័ត៌មាន បាន​បង្ហើប​ឲ្យ​ដឹង​ថា ប្រធានាធិបតី​ចិន លោក ហ៊ូ ជិនតាវ (Hu Jintao) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្ទាន់​មួយ ដើម្បី​រំលែក​ទុក្ខ​ក្រៀមក្រំ​ចំពោះ​ការ​ចូល​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ថ្មីៗ​នេះ។
ចំណែក​សមាជិក​ទាំង​អស់​នៃ​គណៈកម្មការ​អចិន្ត្រៃយ៍​គណបក្ស​កុម្មុយនិស្ត​ចិន ក៏​បាន​មក​សម្ដែង​ការ​គោរព​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។
អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) បាន​មាន​ប្រសាសន៍​ថា លោក​ទទួល​ស្គាល់​ថា ព្រះរាជ​កិច្ច​ដឹកនាំ និង​ពលីកម្ម​យូរ​អង្វែង​កន្លង​មក​ចំពោះ​ប្រទេស​ជាតិ និង​មរតក​នៃ​ការ​បង្រួបបង្រួម​ជាតិ បាន​នាំ​មក​នូវ​ការ​គោរព​ពី​ប្រជារាស្ត្រ​ខ្មែរ និង​អន្តរជាតិ។ លោក​បាន​សង្ឃឹម​ថា មរតក​ទាំង​នេះ​នាំ​ឲ្យ​កម្ពុជា ឆ្ពោះ​ទៅ​កាន់​ការ​ផ្សះផ្សា​ជាតិ និង​ការ​ឈាន​ឆ្ពោះ​ទៅ​រក​យុត្តិធម៌​ដែរ។
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍​ថា កាល​ពី​សម័យ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​មហា​វីរក្សត្រ​នោះ កេរ្តិ៍ឈ្មោះ​កម្ពុជា និង​កេរ្តិ៍ឈ្មោះ​របស់​ព្រះអង្គ​ត្រូវ​បាន​អន្តរជាតិ​ទទួល​ស្គាល់​សុះសាយ​ទាំង​នៅ​តំបន់​អាស៊ី និង​ពិភពលោក៖ «ឥឡូវ​យើង​បាត់បង់​អ៊ីចឹង​ទៅ តើ​អ្នក​ដឹកនាំ​ក្រោយៗ គួរ​ថែ​រក្សា ហើយ​និង​ធ្វើ​តាម ឬ​យក​តាម​ស្មារតី​សាមគ្គី​ជាតិ ផ្សះផ្សា​ជាតិ ឯកភាព​ជាតិ ហើយ​ជា​ពិសេស​នៅ​ក្នុង​បរិបទ​នយោបាយ ​ជា​ពិសេស​នៅ​តំបន់​អាស៊ី​នេះ ដែល​មាន​ភាព​តានតឹង»
ចំពោះ​ការ​ចូល​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ​នេះ រដ្ឋាភិបាល​កម្ពុជា កំពុង​យក​ចិត្ត​ទុក​ដាក់​រៀបចំ​ការ​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​សព៕

No comments:

Post a Comment

yes