សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 17, 2012

ទស្សនៈ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជុំវិញ​ការ​បាត់​បង់​ព្រះ​មហា​វីរក្សត្រ


ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស បាន​សម្ដែង​ទុក្ខ​ក្រៀមក្រំ និង​សោកស្ដាយ​ក្រៃលែង ចំពោះ​ការ​យាង​ចូល​ទិវង្គត​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ។
RFA/Tin Zakariya
៣០-តុលា-២០១១៖ អ្នក​ទេសចរណ៍​ដើរ​កាត់​ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​មហា​វីរក្សត្រ​សម្ដេច​ព្រះ នរោត្តម សីហនុ។
ព្រះតេជព្រះគុណ​បណ្ឌិត ហុក សុវណ្ណ គង់​នៅ​វត្ត​ខ្មែរ​កាណាដា មាន​ថេរ​ដីកា​រំលឹក​នូវ​ស្នា​ព្រះហស្ដ​ដឹកនាំ​របស់​ព្រះអង្គ ដែល​បាន​បន្សល់​ទុក​ឲ្យ​ប្រជាជាតិ​ខ្មែរ ពលរដ្ឋ​ខ្មែរ៖ «ព្រះពរ បាន​ជួប​នឹង​ព្រះអង្គ​ញឹកញាប់​ដែរ ជាពិសេស​ជួប​នៅ​សហរដ្ឋ​អាមេរិក។ ហើយ​នៅ​វត្ត​អាត្មា​នេះ ព្រះអង្គ​បាន​ជួយ​វត្ត​អាត្មា ២ពាន់​ដុល្លារ។ ស្ដាយ របស់​អី​ក៏ដោយ​ដែល​មាន​ប្រយោជន៍​ដល់​ជាតិ កាល​ណា​រស់នៅ​ទៅ​វា​មាន​ប្រយោជន៍​ត​ទៅ​ទៀត។ ស្ដាយ​សម្ដេច​ហ្នឹង មាន​ស្នាដៃ​ល្អៗ​ច្រើន​ណាស់ ដូច​ជា​ការ​ទាមទារ​ឯករាជ្យ​ពី​បារាំង រឿង​ក្តី​ព្រះវិហារ ក៏​ឈ្នះ​ដោយ​ស្នាដៃ​របស់​សម្ដេច​ហ្នឹង​ដែរ។ ហើយ​ការ​បង្រួប​បង្រួប​ជាតិ​ធ្វើ​សកម្មភាព​ឲ្យ​ខ្មែរ​ជានា​គ្នា​វិញ​ហ្នឹង ក៏​ដោយ​សារ​សម្ដេច។ ហើយ​បើ​លោក​នៅ​បន្ត​ទៅ​ទៀត​ទៅ អាច​ជួយ​ឲ្យ​ខ្មែរ​មាន​ឯកភាព​ជាតិ​ត​ទៅ​ទៀត ជា​បង្គោល​ជាតិ។ ដល់​សោយ​ទិវង្គត​ទៅ អស់​ហើយ បើ​លោក​គង់​នៅ​ទៅ...»

ចំណែក​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក ស៊ាន ប៉េងសែ បាន​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​បាត់​បង់​អតីត​ព្រះមហាក្សត្រ​ខ្មែរ​អង្គ​នេះ។ លោក​អះអាង​ថា  លោក​ចងចាំ​មិន​ភ្លេច​នូវ​សារ​បណ្ដាំ​សំខាន់​ពីរ​របស់​ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ដែល​លោក​ទទួល​បាន​ពី​ព្រះអង្គ នៅ​ពេល​ដែល​លោក​បាន​ចូល​គាល់​ព្រះអង្គ​ផ្ទាល់៖ «មិន​ទទួល​ស្គាល់​សន្ធិសញ្ញា​ដែល​លោក ហ៊ុន សែន ចុះ​ហត្ថលេខា​ជាមួយ​នឹង​យួន នៅ​ក្នុង​ទសវត្សរ៍​ទី៨០ នោះ​ទេ ពីព្រោះ​ថា សន្ធិសញ្ញា​ហ្នឹង​ជា​សន្ធិសញ្ញា​ខុស​ច្បាប់ នៅ​ពេល​ដែល​យួន​ត្រួតត្រា។ ហើយ​ទី២ ព្រះអង្គ​បាន​ប្រាប់​ខ្ញុំ ប្រាប់​គណៈកម្មការ​យើង​ហ្នឹង​ថា មិន​ចុះ​ហត្ថលេខា​ជា​ដាច់​ខាត​នូវ​សន្ធិសញ្ញា​បន្ថែម​នេះ បើ​ទុក​ជា​មាន​វិបត្តិ​យ៉ាង​ណា​នៅ​ស្រុក​ខ្មែរ​ហ្នឹង ក៏​ព្រះអង្គ​មិន​ចុះ​ហត្ថលេខា​ទេ»
ពី​ប្រទេស​ន័រវែស (Norway) ឯណោះ​វិញ លោក អៀ ចាន់ណា ក៏​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់​បង់​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ផង​ដែរ៖ «ខ្ញុំ អៀ ចាន់ណា មាន​ការ​សោកស្ដាយ​ជា​ទី​បំផុត ចំពោះ​ការ​សោយ​ទិវង្គត​របស់​ព្រះ​សម្ដេច​តា សម្ដេច​ព្រះមហាក្សត្រ នរោត្តម សីហនុ ដែល​យើង​ទាំង​អស់​គ្នា​គោរព​យ៉ាង​ជ្រាលជ្រៅ ដែល​បាន​ជួយ​ជ្រោមជ្រែង​ដល់​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​និស្សិត​ជា​យុវជន​ដែល​ខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ដើម្បី​ការពារ​នូវ​បូរណភាព​ទឹកដី មិន​ឲ្យ​មាន​ការ​ឈ្លាន​ពាន​ពី​សំណាក់​បរទេស​ឈ្លាន​ពាន​ដទៃ​ទៀត។ ហើយ​សម្ដេច​តា មាន​ការ​ជ្រោមជ្រែង​ជា​ខ្លាំង​នូវ​សកម្មភាព​របស់​ខ្ញុំ...»
ចំណែក​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ខ្មែរ​ម្នាក់​ពី​សហរដ្ឋ​អាមេរិក លោក គុជ ចាន់លី ក៏​មាន​ប្រសាសន៍​ថា លោក​មាន​ការ​សោកស្ដាយ​ណាស់​ដែរ។ លោក​ថា បើ​ទោះ​បី​ជា​មាន​មតិ​រិះគន់​ពី​សកម្មភាព​អវិជ្ជមាន​ខ្លះ​របស់​ព្រះអង្គ​ក៏ដោយ ប៉ុន្តែ​ព្រះ​មហា​វីរក្សត្រ នៅ​តែ​ទទួល​បាន​ព្រះនាម​ជា​ព្រះបិតា​ឯករាជ្យ​ជាតិ​របស់​ពលរដ្ឋ​ខ្មែរ៖ «សោកស្ដាយ​ទាំង​ប្រជាជន​ក្នុង និង​ក្រៅ​ប្រទេស។ ស្នាដៃ​របស់​ព្រះអង្គ​មួយ​ចំនួន​ដែល​ខ្មែរ​យើង​យល់​ឃើញ​ថា​ល្អ ដែល​ព្រះអង្គ​បាន​ទាមទារ​យក​ឯករាជ្យ គេ​ទ្រង់​ព្រះហស្ដ​ព្រះនាម​ថា ជា​បិតា​ឯករាជ្យ​ជាតិ ទោះ​បី​មាន​មតិ​ខ្វែង​គ្នា​ថា ការ​ទាមទារ​ឯករាជ្យ​ជាតិ​នោះ​ជា​កាក​សំណល់​ពួក​យួន​គេ​បាន​ទាមទារ​ឯករាជ្យ​ឲ្យ​យួន...ជា​មតិ​មួយ​ចំនួន​ខ្មែរ​យើង​នៅ​ក្រៅ​ដែល​បាន​ស្រាវជ្រាវ​នោះ​ថា ព្រះអង្គ​មាន​ភាព​អវិជ្ជមាន​នៅ​ក្នុង​នយោបាយ​ខ្មែរ មាន​ច្រើន​ជាង​ល្អ ដូច​ជា​ព្រះអង្គ​ព្រម​ឲ្យ​យៀកណាម យៀកកុង​ខាង​ជើង... ចូល​មក​បញ្ជូន​ទ័ព​គ្រឿង​អាវុធ​ផ្សេងៗ មក​ដាក់​ទីតាំង​នៅ​ក្នុង​ប្រទេស​ខ្មែរ​យើង...»
ចំណែក​ស្ត្រី​ខ្មែរ​អាមេរិកាំង​ម្នាក់ ពី​រដ្ឋ​វីជីញៀ (Virginia) អ្នកស្រី ជា ម៉ារី បាន​សម្ដែង​ភាព​ក្រៀមក្រំ​ចំពោះ​ការ​ចូល​ទិវង្គត​របស់​ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ។ ប៉ុន្តែ អ្វី​ដែល​អ្នកស្រី​មាន​ការ​សោកស្ដាយ​ដែរ​នោះ គឺ​ព្រះអង្គ​មិន​បាន​មាន​ព្រះរាជ​បន្ទូល​ការ​ពិត​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើត​មាន​នៅ​កម្ពុជា។ លោកស្រី​បញ្ជាក់​ថា ព្រះអង្គ​គួរ​តែ​លាត​ត្រដាង និង​បង្ហាញ​ការ​ពិត​ពី​ប្រវត្តិសាស្ត្រ ឬ​កំហុស​ដែល​ព្រះអង្គ​មាន ទោះ​ចេតនា​ក្តី អចេតនា​ក្តី ដូច​ជា​នយោបាយ​ពាក់ព័ន្ធ​នឹង​រឿង​ខ្មែរ​ក្រហម ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​ដឹង​ផង មុន​នឹង​ពលរដ្ឋ​កម្ពុជា​បាត់​បង់​ព្រះអង្គ​ពី​លោក​នេះ​ទៅ៖ «មាន​ការ​សោកស្ដាយ​ដែល​សម្ដេច សីហនុ ចូល​ទិវង្គត​នៅ​ស្រុក​ចិន។ យើង​ទាំង​អស់​គ្នា​ជា​ខ្មែរ ឈាម​ខ្មែរ មនុស្ស​ធម្មតា​ក៏ដោយ ព្រះមហាក្សត្រ​ក៏ដោយ ក៏​មាន​ផ្លូវ​ទៅ​តែ​មួយ។ ប៉ុន្តែ មនុស្ស​យើង​ពាក្យ​ថា​មនុស្ស​មាន​ធ្វើ​ខុស​មាន​ធ្វើ​ត្រូវ។ ខ្ញុំ​ស្ដាយ​ត្រង់​ថា ព្រះអង្គ​បាន​ធ្វើ​ច្រើន​ល្អ​ខ្លះ​ដែរ ប៉ុន្តែ​ក៏​មាន​កំហុស​ខ្លះ​ដែរ ស្ដាយ​ត្រង់​ថា ព្រះអង្គ​មិន​សារភាព​លោក​ធ្វើ​អី​ខ្លះ ដែល​ធ្វើ​ឲ្យ​ខ្មែរ​យើង​បាក់​បែក​គ្នា​ហើយ​ត​រហូត​ដល់​ឥឡូវ»
ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ បាន​សោយ​ទិវង្គត កាល​ពី​យប់​ថ្ងៃ​ចន្ទ ទី១៥ ខែ​តុលា នៅ​ប្រទេស​ចិន ដោយ​ព្រះរោគពាធ។
ព្រះ​បរម​សព​របស់​ព្រះអង្គ នឹង​ត្រូវ​យាង​និវត្ត​មក​កម្ពុជា នៅ​ថ្ងៃ​ពុធ នេះ។ កម្ពុជា​នឹង​យក​ពេល​ចំនួន ៧ថ្ងៃ គឺ​ថ្ងៃ​ទី១៧ ដល់​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០១២ ដើម្បី​ប្រារព្ធ​ពិធី​កាន់​ទុក្ខ​ជា​ផ្លូវ​ការ ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះ​បរម​សព ព្រះករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ៕

No comments:

Post a Comment

yes