បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់នៅតែបន្តកើតមានទាំងនៅក្នុងរដូវហាមឃាត់នេសាទ និងនៅក្នុងរដូវបើកឲ្យប្រជានេសាទធ្វើការនេសាទ។
ដោយឡែក ប្រជានេសាទនៅក្នុងខេត្តកំពង់ចាម បានចោទប្រកាន់មន្ត្រីជលផលថា ជាអ្នកនៅពីក្រោយបើកឲ្យអ្នកនេសាទប្រើឧបករណ៍នេសាទខុសច្បាប់នេះ។
ប្រជាពលរដ្ឋនៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បានចោទប្រកាន់មន្ត្រីជលផលខេត្តថា បានទទួលសំណូកជាថ្នូរនឹងការបើកឲ្យប្រជានេសាទប្រើឧបករណ៍នេសាទខុសច្បាប់ នៅក្នុងព្រែកពាមជីលាំង យ៉ាងអានាធិបតេយ្យ។
ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងនៅថ្ងៃទី២៨ តុលា ថា មានឧបករណ៍នេសាទខុសច្បាប់ជាង៦០ ហៅថាដៃ ដែលគេរាយទទឹងព្រែកធ្វើអំពីអួនក្រឡាញឹក ឬអួនស្បៃ ដើម្បីទ្រយកត្រីពីខ្សែទឹកហូរខ្លាំង នៅក្នុងព្រែក។ ប្រជាពលរដ្ឋដដែល បានអះអាងថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ឃើញមន្ត្រីជលផលខេត្តចុះទៅបង្ក្រាប ប៉ុន្តែនៅពេលគេចាប់បានដៃ និងរឹបអូសយកទាំងទូក ស្រាប់តែគេដោះលែងមកវិញភ្លាមៗ បន្ទាប់ពីម្ចាស់ដៃបានបង់លុយឲ្យក្នុងម្នាក់ ២០០ដុល្លារ។
ប្រជាពលរដ្ឋមួយរូបទៀត ឈ្មោះ ឌៀប គ្រី បានអះអាងថា ការដាក់ដៃខុសច្បាប់នេះ បានបង្កឲ្យប្រជាពលរដ្ឋដទៃទៀតពិបាកធ្វើដំណើរតាមទូក ដោយសារគ្មានផ្លូវសម្រាប់ធ្វើចរាចរណ៍តាមទឹក ពីព្រោះថា គេចងខ្សែដៃកាត់ទទឹងព្រែក ហើយទឹកហូរខ្លាំង ប្រសិនពេលធ្វើដំណើរមិនប្រយ័ត្នប្រយែងទេ ខ្សែទឹកហូរនឹងនាំទូកទាក់ខ្សែដៃក្រឡាប់ទូកក៏ថាបាន។
នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម លោក គង់ សុធារិទ្ធិ បានអះអាងថា បញ្ហានេះមន្ត្រីជលផលរបស់លោកបានចុះទៅបង្ក្រាបជារៀងរាល់ថ្ងៃ។ ប៉ុន្តែលោកបានលើកឡើងថា ការទទួលសំណូកណាមួយនោះ លោកមិនបានដឹងនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមប្រជាពលរដ្ឋបានបំភ្លឺថា ក្រុមមន្ត្រីជលផលខេត្តចុះទៅនោះ មិនមែនទៅបង្ក្រាបទេ គឺពួកគេចុះទៅប្រមូលយកលុយទៅវិញទេ។
ទាក់ទងទៅនឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីខែកក្កដា កន្លងទៅ ដោយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋត្រូវហ៊ានងើបឡើងតស៊ូមតិប្រឆាំងនឹងប្រធានសហគមន៍នេសាទ ឬមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលទទួលសំណូកបើកឲ្យមានការនេសាទខុសច្បាប់នោះ។
ទោះបីជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សអាដហុក លោក នាង សុវ៉ាត មានប្រសាសន៍ថា នៅក្នុងបឹងធំ ក្នុងស្រុកព្រៃឈរ ក៏មានករណីក្រុមឈ្មួញប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដែរ។ លោកបញ្ជាក់ថា បញ្ហាទាំងនេះកើតមកពីការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីជលផលទាំងនោះ ហើយស្ថាប័នប្រឆាំងអំពើពុករលួយមិនបានចុះស្រាវជ្រាវ និងចាប់ផ្ដន្ទាទោសមន្ត្រីជលផលនោះទេ។ លោកបញ្ជាក់ថា ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសិទ្ធភាពតែក្នុងរយៈពេលខ្លីទេ។
របាយការណ៍ពីមន្ត្រីជលផលខេត្តកំពង់ចាម បានសរសេរថា គិតពីខែកញ្ញា ដល់ខែតុលា ឆ្នាំ២០១២ មន្ត្រីជលផលខេត្តបានបង្ក្រាបបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ មានចំនួន ១៤០ករណី ក្នុងនោះចាប់ខ្លួនបានម្នាក់បញ្ជូនទៅតុលាការដើម្បីកាត់ទោស តែត្រូវបានគេលើកលែងទោសវិញ៕
No comments:
Post a Comment
yes