មានការចោទប្រកាន់ទៅលើក្រុមប្រឹក្សា ឃុំកំពង់ភ្លុក នៃស្រុកប្រាសាទបាគង ខេត្តសៀមរាបថា ប្រើប្រាស់ជំនួយសម្រាប់ការអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់នោះ មិនបានត្រឹមត្រូវ។
ក្រុមអ្នករិះគន់ បាននិយាយថា អាជ្ញាធរឃុំនោះ បានយកកាណូតចំនួន ៣ គ្រឿង ដែលជាជំនួយ របស់អង្គការក្រៅរដ្ឋាភិបាល ទៅប្រើប្រាស់ដូចជារបស់ឯកជន ព្រមទាំងចែកចាយទឹកស្អាត ទៅឱ្យអ្នកភូមិប្រើប្រាស់មិនបានគ្រប់គ្រួសារជាដើម។
ប្រជាពលរដ្ឋមួយចំនួន ដែលកំពុងរស់នៅក្នុងឃុំកំពង់ភ្លុក តំបន់បឹងទន្លេសាប បានសំដែងការមិនសប្បាយចិត្ត ចំពោះអាជ្ញាធរឃុំ ដោយចោទថា មានការប្រើប្រាស់ជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើគម្រោងទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្នុងបឹងទន្លេសាប មិនមានតម្លាភាពត្រឹមត្រូវទេ។
អ្នកភូមិខ្លះ ឱ្យដឹងថា ពួកគាត់ធ្លាប់តស៊ូមតិ ជុំវិញបញ្ហានេះ ជាច្រើនលើកមកហើយ។ ក៏ប៉ុន្តែ អាជ្ញាធរមិនបានយកចិត្តទុកដាក់ឡើយ។
លោក ម៉ៅ ស៊ីណាត គឺជាក្រុមចលនាយុវជន នៅក្នុងភូមិក្ដុល នៃឃុំកំពង់ភ្លុក។ លោកមានប្រសាសន៍ថា លោកសង្កេតឃើញអាជ្ញាធរឃុំ កំពុងមានភាពមិនត្រឹមត្រូវលើការបែងចែកជំនួយនានា និងការគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ទាំងឡាយ សម្រាប់សហគមន៍នៅតំបន់នោះ។
បុរសដដែលបន្តថា ក្រុមលោក ដែលជាយុវជន ធ្លាប់បានចូលរួមស្ដាប់ការប្រជុំម្ដងៗ ហើយធ្លាប់បានតវ៉ា ចំពោះការគ្រប់គ្រង ដែលគ្មានតម្លាភាពនោះ។ ក៏ប៉ុន្តែ រាល់ការបញ្ចេញមតិ មិនត្រូវបានគេយកចិត្តទុកដាក់ទេ។
លោក ម៉ៅ ស៊ីណាត៖ «ពុករលួយដល់កំណត់ហើយ សូម្បីតែចែកអំណោយ អ្នកមានផ្ទះធំៗ បានអំណោយដល់អង្ករ២-៣ការ៉ុង ចំណែករកតែផ្ទះនៅមិនបានមានប័ណ្ណហើយទៅយកអំណោយ ក៏គ្មានឱ្យផង។ ឥឡូវគាត់យកជំនួយរបស់ (ADB) តាមរយៈក្រសួងមហាផ្ទៃ ទ្រទ្រង់បឹងទន្លេសាបហ្នឹង ក្នុងតម្លៃកាណូតមួយជាង ៤ ពាន់ដុល្លារ។ កាណូតទាំងអស់វា ២ គ្រឿង ជាមធ្យោបាយសម្រាប់សហគមន៍ហ្នឹង គាត់យកទៅបំរើផលប្រយោជន៍ក្រុមគ្រួសារ។ មេឃុំ យកទៅប្រើប្រាស់ ១ គ្រឿង ហើយនិងស្មៀន ១ គ្រឿង។ ស្មៀន បានយកកាណូតហ្នឹងទៅធ្វើជាកម្មសិទ្ធិឯកជនតែម្ដង»។
មន្ត្រីក្រុមប្រឹក្សាឃុំកំពង់ភ្លុក បានច្រានចោលការចោទប្រកាន់ ដែលថា អាជ្ញាធរមិនមានតម្លាភាព ក្នុងការគ្រប់គ្រងជំនួយទាំងនោះ។
លោក នឹង នី ជាមេឃុំកំពង់ភ្លុក មានប្រសាសន៍ថា លោកបានព្យាយាមគ្រប់គ្រងយ៉ាងត្រឹមត្រូវបំផុត ដូចជា បញ្ហាចែកចាយទឹកស្អាត ទៅឱ្យអ្នកភូមិប្រើប្រាស់ជាដើម។ ក៏ប៉ុន្តែបញ្ហា គឺនៅត្រង់ថា អ្នកភូមិជាច្រើនគ្រួសារ មានធុងច្រោះទឹកស្អាតនៅតាមផ្ទះ ហើយមិនបានប្រើប្រាស់ទឹកស្អាត ដែលផលិតនិងចែកចាយដោយស្ថានីយសហគមន៍ទៀតទេ។
ទោះជាយ៉ាងណាក្ដី លោកមេឃុំបានទទួលស្គាល់ថា ចំពោះកាណូតមួយគ្រឿង ជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលលោកកំពុងកាន់កាប់ គឺលោកធ្លាប់បានយកទៅស៊ីឈ្នួលដឹកជញ្ជូនអ្នកដំណើរ ដើម្បីរកប្រាក់មែន ពីព្រោះតែលោកមិនមានថវិកាគ្រប់គ្រាន់សម្រាប់ថ្លៃចាក់ប្រេង នៅពេលដែលត្រូវការដឹកជញ្ជូនគណៈប្រតិភូ ឬអង្គការម្ដងៗ ដោយមិនគិតកម្រៃនោះ។
លោក នឹង នី៖ «ទូកនោះវា យើងអត់ចំណូល ហើយខ្ញុំយកមកដឹកភ្ញៀវដឹកអីទៅបានចំណូលចាក់ប្រេងទៅធ្វើការងាររួម។ អង្គការក៏ដោយ អីក៏ដោយខ្ញុំតែងដឹកទៅ ខ្ញុំមិនបានយកលុយកាក់ពីគាត់ទេ។ អានេះថា បើទុករបស់ហ្នឹងចោល វាអត់ចំណូល។ ខ្ញុំចង់ឱ្យនរណាម្នាក់ទទួលខុសត្រូវលើមធ្យោបាយដឹកជញ្ជូនរាល់អង្គការស្ថាប័ន គឺទូកនោះខ្ញុំអាចដកឱ្យគេបាន»។
ចំណែកលោក ឱម ឈឹម ជាតំណាងអ្នកនេសាទ នៅក្នុងឃុំកំពង់ភ្លុក ថ្លែងថា តាមលោកសង្កេតមើល ឃើញថា ការគ្រប់គ្រងផ្នែកខ្លះរបស់អាជ្ញាធរឃុំ គឺមិនទាន់មានតម្លាភាពត្រឹមត្រូវឡើយ។ លោក ឱម ឈឹម បានបញ្ជាក់ថា នៅក្នុងឃុំកំពង់ភ្លុកពេលបច្ចុប្បន្ន មានប្រជាពលរដ្ឋជាង ៦០០ គ្រួសារ។ ក៏ប៉ុន្តែ ស្ថានីយផលិតទឹកស្អាត ដែលជាជំនួយរបស់អង្គការបានសាងសង់ កាលពី ២ ឆ្នាំមុននោះ បានផ្ដល់ទឹកស្អាតឱ្យអ្នកភូមិប្រើប្រាស់តែមួយរយៈប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ គឺស្ថានីយបានផ្អាកការផលិតទឹកស្អាត និងមិនបានផ្ដល់ឱ្យអ្នកភូមិបានប្រើប្រាស់ទៀតទេ៕
No comments:
Post a Comment
yes