សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 21, 2012

រួមរិទ្ធ ជនទីពីរយ៉ាងអាថ៌កំបាំង របស់នរោត្ដម សីហនុ

រូបកំប្លែងរបស់ សក្រវាទិ៍ ដែលនិយាយពីអតីតព្រះមហាក្សត្រ
 និងមិត្តបិតមុខរបស់ទ្រង់

គាត់ជា «មិត្តពីកុមារ» របស់អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ។ គាត់មានឈ្មោះថា «រួមរិទ្ធ» ជាជនម្នាក់ដែលអតីត ព្រះមហាក្សត្រអះអាងថា រស់នៅតំបន់ «ពីរេណេ» ប្រទេសបារាំង។ តែអ្វីដែលអ្នកកាសែតធ្លាប់ដឹងពី «រួមរិទ្ធ» គឺត្រឹមតែ ជាអត្ថបទនយោបាយ ដែល លោក«រួមរិទ្ធ» នេះ សរសេរ ហើយចេញផ្សាយជាបន្តបន្ទាប់ នៅលើព្រឹត្តិប័ត្ររបស់ព្រះរាជវាំង ឬនៅលើគេហទំព័រ របស់អតីតព្រះមហាក្សត្រ។ ប៉ុន្ដែនៅរយះពេលចុងក្រោយនេះ សំលេងរបស់លោក«រួមរិទ្ធ» បាន បាត់ សោះសូន្យឈឹង ជាមួយនឹងព្រះរាជសំណេររបស់អតីតព្រះមហាក្សត្រ ថានឹងលែង ចុះផ្សាយ អត្ថបទរបស់លោក«រួមរិទ្ធ» នៅក្នុងព្រឹត្តិប័ត្រ ឬគេហទំព័ររបស់ព្រះអង្គទៀតហើយ ហើយដោយ សារតែអតីតព្រះមហាក្សត្រ មិនចង់ប្រឈមមុខនឹង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ទោះគេមិនអាចដឹងថា តើលោក«រួមរិទ្ធ»ជាមនុស្សពិត ឬជាមិត្តពីកុមារ របស់សម្ដេចសីហនុក៏ដោយ តែអ្វីដែលគេបានដឹង ពីលោក«រួមរិទ្ធ» គឺរបៀបរបបសរសេររបស់លោក «រួមរិទ្ធ» មានលក្ខណៈ ដូច  ទៅនឹង របៀបរបបសរសេររបស់សម្ដេច សីហនុ រហូតធ្វើអោយមានគេគិតថា លោក«រួមរិទ្ធ» គឺ សម្ដេច នរោត្ដម សីហនុ នេះខ្លួនព្រះអង្គតែម្ដង។


«ជនផ្ដាច់ការ»

នៅក្នុងអត្ថបទរបស់លោក«រួមរិទ្ធ» លោកបានវាយតំលៃលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាចំហរ និងជារឿយៗ ថាជា «ជនផ្ដាច់ការ» ហើយលោក«រួមរិទ្ធ»និយាយថា ក្រុមអ្នករាជា និយមត្រូវ លោក ហ៊ុន សែន ធ្វើបាប​ក្នុងសភាពដ៏ឃោឃៅ មិនអាចគិតស្មានដល់។
លោក«រួមរិទ្ធ» ធ្លាប់សរសេរ តាមបែបកំសាន្ដសប្បាយ ពីជីវិតនយោបាយរបស់«កៀពូចាំ» (ឬកម្ពុជា) - ព្រះរាជាណាចក្រ របស់ព្រះរាជា ស៊ុហានី (ឬសីហនុ) - និងតំណាងរាស្រ្ត ស៊ី សំរាំង (ឬសម រង្សី) ឬក៏ធ្លាប់ជជែកពី ព្រះអង្គម្ចាស់ ស៊ីហីម៉ូណា (ឬសីហមុន្នី) ថាមិនមាន សកម្មភាព ខ្លាំង ដូចកាលពីជំនាន់ឪពុក។ល។

លោកលាង ដឺលុច អ្នកកាសែតខ្មែរម្នាក់ ធ្លាប់បានលើកឡើងថា «អ្នកសារពត៌មានយល់ថា លោករួមរិទ្ធ ជាសម្ដេចសីហនុ ខ្លួនព្រះអង្គ នៅពេលដែលទ្រង់ចង់បញ្ចេញមតិយោបល់ផ្សេងៗ ខុសពីធម្មតា។» គ្រប់អត្ថបទរបស់លោក«រួមរិទ្ធ» បាន បង្ហាញពីរបៀបរបបសរសេរ កំប្លុកកំប្លែងយ៉ាងឆ្លាតវៃមួយ ហើយមានបញ្ជាក់ឈ្មោះ«រួមរិទ្ធ» នៅពីក្រោម ធ្វើដូចជាមនុស្ស ពិតយ៉ាងដូច្នេះ។

គ្រប់អ្នកនយោបាយដែលពាក់ព័ន្ធទាំងឡាយ មិនសូវជាបានខ្វល់ខ្វាយ និងយកចិត្តទុកប៉ុន្មានជាមួយ នឹងលោក«រួមរិទ្ធ» នេះទេ ដែលខុសប្លែកពីលោកហ៊ុន សែន។ លោកហ៊ុនសែនធ្លាប់បញ្ចេញប្រតិកម្មខ្លាំងៗ ប្រឆាំងលោក«រួមរិទ្ធ» ហើយបាន សុំអោយ «សម្ដេចឪ»កាលនោះ អោយបញ្ចេញអាស័យដ្ឋានរបស់ «មិត្តពីកុមារ» របស់ព្រះអង្គ ដើម្បីលោកហ៊ុន សែន អាចឆ្លើយតបទៅវិញ។ តែព្រះរាជាក្នុងពេលនោះ បានបដិសេធ ដោយលើកហេតុផលពីសុវត្ថិភាពរបស់ មិត្តទ្រង់។

នៅក្រោមសំពាធ ជាពិសេសពីបុរសខ្លាំង ហ៊ុន សែនផងនោះ លោក«រួមរិទ្ធ»បានសម្រេចបឈ្ឍប់ ការបញ្ចេញមតិយោបល់​របស់លោក ជាបន្ដទៅទៀត។
«រួមរិទ្ធ»ក្លែងក្លាយ?

ដោយសារភាពល្បីល្បាញរបស់លោក«រួមរិទ្ធ» នៅក្នុងជីវិតនយោបាយកម្ពុជា លោក«រួមរិទ្ធ»ហៀបតែនឹងត្រូវគេយកទៅ​ប្រើប្រាស់ នៅក្នុងកម្មវត្ថុផ្សេងទៀត។ កាលពីខែមករាឆ្នាំ២០១០ ពោលគឺ៦ឆ្នាំក្រោយ ការដាក់រាជ្យរបស់អតីតព្រះរាជា​នរោត្ដម សីហនុ គេហទំព័រមួយរបស់ក្រុមគណបក្សប្រឆាំង ថាបានជួបសម្ភាសផ្ទាល់ជាមួយ នឹងលោក«រួមរិទ្ធ» ហើយ​ដែលនៅក្នុងកិច្ចសម្ភាសនោះ បាននិយាយខ្លាំងៗ រិះគន់លោកនាយករដ្ឋមន្ត្រីហ៊ុន​ សែន។
ភ្លាមៗនោះ អតីតព្រះរាជាបានសរសេរពីទីក្រុងប៉េកាំង ទីកន្លែងដែលព្រះអង្គពិនិត្យព្រះសុខភាព មានន័យជាអាថ៌ថា មិត្តពីកុមារ របស់ព្រះអង្គ កំពុងមានជំងឺជាទំងន់ ហើយមិនមានសមត្ថភាពសរសេរឬផ្ដល់កិច្ចសម្ភាសណាមួយ ជូន សារធារណជនឡើង។

«រួមរិទ្ធ»អាចត្រឡប់មកវិញទេ?

អតីតព្រះមហាក្សត្របានចូលទីវង្គតកាលពីព្រឹកថ្ងៃច័ន្ទទី១៥តុលា ដោយបានបន្សល់ទុកនូវភាពអាឡោះអាល័យដ៏ធំធេង និងក្រៀមក្រំដល់ប្រជាជនខ្មែរគ្រប់ៗរូប។ ទោះមានអ្នកខ្លះយល់ថា លោក«រួមរិទ្ធ»ជាមនុស្សតែមួយ នឹងអតីតព្រះវីរក្សត្រ ក៏ដោយ ក៏លោក«រួមរិទ្ធ»នៅតែដើរតួរយ៉ាងសំខាន់ ក្នុងជីវិតនយោបាយកម្ពុជាកន្លងមកដែរ។ គេអាចនិយាយថា លោក​«រួមរិទ្ធ» ជាមតិយោបល់ ឬជាការយល់ឃើញ បែបផ្សេងមួយទៀត របស់សម្ដេចនរោត្ដម សីហនុ បើទោះជាលោក«រួមរិទ្ធ» ជាមនុស្សពិតឬ មនុស្សសិប្បនិមិត្តក៏ដោយ។ ខណៈដែលអតីតព្រះមហាក្សត្រ ទ្រង់លាចាកលោកទៅហើយនេះ ក្ដីទន្ទឹង នឹងនៅតែមាន ក្រែងលោលោក«រួមរិទ្ធ» នឹងមានមហិទ្ធិរិទ្ធអាចចេញមកនិយាយ ជំនួសព្រះរាជាបានជាថ្មីទៀត៕
----------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២
ប្រភព៖ កាសែត LeMonde.fr របស់បារាំង
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

No comments:

Post a Comment

yes