សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 20, 2012

ប្រជាប្រិយភាព​សម្តេចឳ​ហៀរ​ពី​មនុស្សចាស់ ដល់​យុវវ័យ​ស្រករក្រោយ

ប្រជាប្រិយភាព​សម្តេចឳ​ហៀរ​ពី​មនុស្សចាស់ ដល់​យុវវ័យ​ស្រករក្រោយ
ប្រជាប្រិយភាព​សម្តេចឳ​ហៀរ​ពី​មនុស្សចាស់ ដល់​យុវវ័យ​ស្រករក្រោយ

ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​នៃ​ការ​ទទួល​ដំណឹង​អំពី​ការ​សោយ​ទិវង្គត​របស់​អតីត​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេចព្រះនរោត្តមសីហនុ​មក​ម្ល៉េះ ពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី​បាន​នាំ​គ្នា​ចូលរួម​មរណៈទុក្ខ​ប្រកប​ដោយ​ក្តី​សោកសង្រេង​ជាទីបំផុត។ ការ​ចូលរួម​មរណៈទុក្ខ​សម្តេចឳ​មិនមែន​មាន​តែ​មនុស្ស​វ័យ​ចំណាស់​ដែល​បាន​ឆ្លង​កាត់​សម័យ​សង្គមរាស្ត្រនិយម​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ យុវវ័យ​ស្រករ​ក្រោយ​យ៉ាង​ច្រើន​កុះករ​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ពិធី​នេះ​ដែរ។ នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា ប្រជាប្រិយភាព​របស់​ព្រះអង្គ​បាន​ជ្រាប​ចូល​ដល់​ស្រទាប់​យុវវ័យ​ថែម​ទៀត។ តើ​ហេតុអ្វី​បាន​ជា​ដូច្នេះ ?

ក្នុង​ចំណោម​ហ្វូង​មនុស្ស​ដែល​ប្រជ្រែត​គ្នា​ណែនណាន់តាន់តាប់​ចាប់​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ រហូត​ដល់​ព្រះបរមរាជវាំង​ក្នុង​ថ្ងៃ​ដង្ហែ​ព្រះរាជបរមសព​របស់​អតីត​ព្រះមហាក្សត្រ ក៏​ដូច​ជា​ក្នុង​ចំណោម​អ្នក​ដែល​កំពុង​បន្ត​ឡើង​មក​ភ្នំពេញ​ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ​នៅមុខ​ព្រះបរមរាជវាំង​រហូត​មក​ដល់​ថ្ងៃ​នេះ មិនមែន​មាន​តែ​មនុស្ស​វ័យ​ចំណាស់​ទេ ប៉ុន្តែ ក៏​មាន​យុវវ័យ​ស្រករ​ក្រោយ​យ៉ាងច្រើន​កុះករ​ផង​ដែរ។ នេះ​ពិត​ជា​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ។ ជា​ការ​ពិត ប្រជាប្រិយភាព​របស់​ស​ម្តេចឳ​ក្នុង​ចំណោម​មនុស្ស​វ័យ​ចំណាស់​ជា​រឿង​ដែល​មិន​អាច​ប្រកែក​បាន និង​មិនមែន​ជា​រឿង​ចម្លែក​ទេ។ ប៉ុន្តែ ការ​ចូលរួម​យ៉ាង​សកម្ម​របស់​យុវវ័យ​សម័យថ្មី​ដែល​ជា​ទូទៅ​មិន​សូវ​ខ្វល់ខ្វាយ​អំពី​បញ្ហា​នយោបាយ​ប្រទេសជាតិ​ទាល់​តែ​សោះ​នោះ ទើប​ជា​រឿង​ចម្លែក​ដែល​គួរ​លើក​មក​ពិចារណា។

 
តាំង​ពី​ថ្ងៃ​ដំបូង​នៃ​ការទទួល​ដំណឹង​អំពី​ការ​សោយ​ទិវង្គត​របស់​ព្រះករុណា​ព្រះមហាវីរក្សត្រ យុវវ័យ​ជា​ច្រើន (ទាំងស្រី ទាំងប្រុស) បាន​នាំ​គ្នា​ទៅ​ដុត​ធូប និង​យំសោក​នៅ​ពី​មុខ​ព្រះបរមរាជវាំង។ អ្នកខ្លះ​ថែម​ទាំង​បាន​កោរ​សក់​ដើម្បី​ចូលរួម​មរណៈទុក្ខ​ដោយ​ស្មោះ​ស្មគ្រ័​ទៀត​ផង។ មាន​មូលហេតុ​មួយ​ចំនួន​ដែល​គេ​អាច​លើក​យក​មក​ពន្យល់​អំពី​ព្រឹត្តិការណ៍​នេះ​បាន។
 
មូលហេតុទី១៖ ការ​ជំរុញ​របស់​ឳពុក​ម្តាយ។ ពិតណាស់ ការ​គោរព​ចំពោះ​សម្តេចឳ​ពី​សំណាក់​មនុស្ស​វ័យ​ចំណាស់​មាន​សភាព​ជ្រាលជ្រៅ​ខ្លាំង​ណាស់ ​ពោល​គឺ​ពួក​គេ​ចាត់​ទុក​ព្រះអង្គ​ជាទី​សក្ការៈ។ នេះ​ជា​ហេតុផល​ដែល​ពួកគេ​ត្រូវ​ជំរុញ​កូនចៅ​ឲ្យ​ចូលរួម​មរណៈទុក្ខ​ព្រះ​បរមសព​របស់​សម្តេចឳ​ដែរ ពីព្រោះ​ពួក​គេ​ជឿ​ថា នេះ​ជា​បុណ្យ​កុសល​ធំធេង​ដែល​មិនគួរ​រំលង​ឡើយ។
 
មូលហេតុទី២៖ ការ​ទទួល​រង​ឥទ្ធិពល​ពី​រលក​ចលនា​សង្គម​ដ៏​ធំ​ដែល​ពួក​គេ​មិន​ធ្លាប់​ដែល​ឃើញ ។ ជា​ការ​ពិតណាស់ យុវវ័យ​ដែល​កើត​ក្រោយ​សម័យ​សង្គ្រាម​ពិត​ជា​មិន​ដែល​បាន​ជួបប្រទះ​នូវ​ព្រឹត្តិការណ៍​បែបនេះ​ទេ ពោល​គឺ​ព្រឹត្តិការណ៍​ដែល​មនុស្ស​ទូទាំង​នគរ (រាប់​ទាំង​ឳពុក​ម្តាយ និង​ជីដូន ជីតា​របស់​ពួក​គេ​ផង) បាន​ចូលរួម​កាន់​មរណៈទុក្ខ​អតីត​មេដឹកនាំ​ដ៏​មាន​ប្រជាប្រិយភាព។ ក្នុង​ស្ថានភាព​ដូច​ទឹកបាក់​ទំនប់​បែប​នេះ យុវវ័យ​ទាំងឡាយ​ពិត​ជា​ពិបាក​ទប់ចិត្ត​ខ្លាំង​ណាស់។
 
មូលហេតុទី៣៖ យុវវ័យ​សម័យថ្មី ថ្វី​ត្បិត​តែ​មិន​សូវ​រវីរវល់​រឿង​សង្គម និង​នយោបាយ​ក៏​មែន​ពិត ក៏​ប៉ុន្តែ ពួក​គេ​បាន​ស្គាល់​សម្តេចតា សម្តេចតាទួត​របស់​ពួក​គេ តាមរយៈ​ប្រព័ន្ធ​​ផ្សាយ​ព័ត៌មាន និង​តាមរយៈ​ការ​និយាយ​ប្រាប់​ពី​ឳពុក​ម្តាយ។ ម្យ៉ាងទៀត ដោយហេតុ​ថា សម្តេចតា​មាន​កាយវិការ​​ទន់ភ្លន់​រាក់ទាក់​យ៉ាង​ពិសេស​ជាមួយ​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ ក្នុង​នោះ​ក៏​មាន​ស្រទាប់​យុវវ័យ​ដែរ​នោះ ព្រះអង្គ​ពិត​ជា​ងាយ​នឹង​ធ្វើ​ឲ្យ​យុវវ័យ​ទាំងនោះ​ចាប់​អារម្មណ៍ និង​នឹក​ឃើញ​នៅ​ពេល​ដែល​ទ្រង់​សោយ​ទិវង្គត។
 
ទាំង​នេះ​ជា​ហេតុផល​ដែល​នាំ​ឲ្យ​យុវវ័យ​មាន​សកម្មភាព​យ៉ាង​ខ្លាំង​ក្លា​នៅ​ក្នុង​ការ​ចូលរួម​កាន់​មរណៈទុក្ខ​ព្រះ​បរមសព​របស់​អង្គ​សម្តេច​ឳ។ សម្រាប់​ក្រសែ​ភ្នែក​ក្រុម​អ្នកវិភាគ បើ​ទោះ​ជា​ក្នុង​ហេតុផល​ណា​មួយ​ក៏​ដោយ​ចុះ ក៏​នេះ​គឺ​ជា​សញ្ញា​ល្អ​មួយ​ដែរ។ ល្អ​នៅ​ត្រង់​ថា គេ​ពិត​ជា​អាច​ធ្វើ​ឲ្យ​យុវវ័យ​សម័យថ្មី​បច្ចុប្បន្ន​ចូលរួម​ក្នុង​សកម្មភាព​សង្គម ឬ​នយោបាយ​បាន ប្រសិន​បើ​មនុស្ស​វ័យ​ចំណាស់​នាំ​គ្នា​ផ្តល់​ជា​គំរូ និង​ជំរុញ​ពួក​គេ​ឲ្យ​ធ្វើ​តាម មាន​ន័យ​ថា យុវវ័យ​គឺ​ជា​ក្រុម​មនុស្ស​ដែល​អាច​ពុត​បាន ប្រសិន​បើ​មនុស្ស​ចាស់​ផ្តល់​គំរូ និង​តម្រង់ទិស​ពួក​គេ។
 
ការ​តម្រង់​ទិស​យុវវ័យ​អាច​ធ្វើ​ឡើង​តាមរយៈ​ការ​បង្ហាញ​ពី​គំរូល្អៗ​របស់​មេដឹកនាំ​ប្រទេស ដើម្បី​ជំរុញ​ឲ្យ​ពួក​គេ​ចេះ​សាង​អំពើ​ល្អ និង​ចេះ​សាង​កេរ្តិ៍ឈ្មោះ​ឲ្យ​ប្រទេសជាតិ​នៅ​ពេល​ក្លាយ​ខ្លួន​ជា​អ្នកនយោបាយ ឬ​អ្នកដឹកនាំ​ប្រទេស​ទៅ​ថ្ងៃ​អនាគត។ មាន​ទស្សនៈវិជ្ជា​ច្រើន​ណាស់​ដែល​គេ​គួរ​តែ​ទាញ​យក​ពី​អតីត​ព្រះមហាក្សត្រ​សម្តេច​ព្រះ នរោត្តម សីហនុ។ ដូច​ជា នយោបាយ​ផ្សះផ្សារ​បង្រួបបង្រួមជាតិ ការ​ធ្វើ​ឲ្យ​មាន​ឯកភាពជាតិ និង​ឯករាជ្យជាតិ​ជា​ដើម។ នៅ​ពេល​ដែល​យុវវ័យ​ស្រករ​ក្រោយ​ទទួល​ជ្រួតជ្រាប​អំពី​បញ្ហា​ទាំង​នេះ ពួក​គេ​នឹង​ក្លាយ​ជា​អ្នកដឹកនាំ​ដ៏​ល្អ​ម្នាក់ ឬ​យ៉ាង​ហោច​ណាស់​ក៏​អាច​ធ្វើ​ខ្លួន​ឲ្យ​ទៅ​ជា​ពលរដ្ឋ​ល្អ​ម្នាក់​របស់​ប្រទេស​ដែរ។ ផ្ទុយ​ទៅ​វិញ ការ​បណ្តែតបណ្តោយ​ឲ្យ​យុវវ័យ​វក់វី​នឹង​វប្បធម៌​ពាលា ក្លាយ​ជា​ក្មេង​ទំនើង ឬ​ជា​មនុស្ស​ដែល​គ្មាន​អត្តសញ្ញាណ​ច្បាស់លាស់ គឺ​ជា​គ្រោះថ្នាក់​យ៉ាង​​ធំ​សម្រាប់​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត៕

No comments:

Post a Comment

yes