សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 31, 2012

យុទ្ធនាការ​បញ្ចប់​និទណ្ឌភាព​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី១ ដល់ទី២៣ ខែវិច្ឆិកា

ពិធី​បុណ្យ​សព​លោក​ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃឈើ ដែល​ត្រូវ​គេ​បាញ់​សម្លាប់
ពិធី​បុណ្យ​សព​លោក​ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃឈើ ដែល​ត្រូវ​គេ​បាញ់​សម្លាប់

ដៃគូ​អន្តរជាតិ របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ធ្វើការ​ផ្តោត​លើ​បញ្ហា​សេរីភាព​បញ្ចេញមតិ ដែល​មានឈ្មោះ​ថា ដៃគូ​សន្ទនា​អន្តរជាតិ ស្តីពី សេរីភាព​បញ្ចេញមតិ ហៅ​កាត់​ថា IFEX នឹង​ចាប់ផ្តើម​យុទ្ធនាការ​បញ្ចប់​និទណ្ឌភាព ប្រចាំឆ្នាំ​២០១២ នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ស្អែក​នេះ​។ សេចក្តីថ្លែងការណ៍ របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បង្ហាញថា ក្នុង​យុទ្ធនាការ​បញ្ចប់​និទណ្ឌភាព រយៈពេល ២៣ ថ្ងៃនេះ នឹង​មាន​ការលើកឡើង​នូវ​ករណី​ចំនួន ២៣ របស់​អ្នកកាសែត សិល្បករ អ្នកនិពន្ធ មេធាវី និង​អ្នកការពារ​សិទ្ធិមនុស្ស ដែល​ត្រូវបាន​គេ​បាញ់សម្លាប់ និង​គំរាមកំហែង ដូចជា ករណី​របស់​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី និង​ករណី​របស់​លោក ម៉ម សូណង់ដូ ជាដើម​។​

សេចក្តីថ្លែងការណ៍ របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចុះ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១២ បង្ហាញថា ដើម្បី​ចូលរួម​ក្នុង​ទិវា​អន្តរជាតិ ដើម្បី​បញ្ចប់​និទណ្ឌភាព​ឆ្នាំនេះ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១២ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នឹង​លើកយក​ករណី​ចំនួន ២៣ របស់​អ្នកសារព័ត៌មាន សិល្បករ អ្នកនិពន្ធ មេធាវី និង​អ្នកការពារ​សិទ្ធិមនុស្ស ដែល​ត្រូវបាន​គេ​សម្លាប់ គំរាមកំហែង និង​សម្លុត​បំភ័យ ដោយសារ​តែ​បាន​អនុវត្ត​នូវ​សិទ្ធិសេរីភាព​បញ្ចេញមតិ​របស់​ពួកគេ​។

 
​ករណី​ឃាតកម្ម និង​ការរំលោភបំពាន​ទាំង ២៣ ករណី​នោះ នឹងត្រូវ​លើក​មក​ដាក់​បង្ហាញ​ជា​ករណី​សិក្សា ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​អំពាវនាវ​ឲ្យមាន​ការចាត់វិធានកា​រដោះ​ស្រាយ​។​
 
​សេចក្តីថ្លែងការណ៍ របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បង្ហាញថា វប្បធម៌​និទណ្ឌភាព រាប់បញ្ចូល​ទាំង​អំពើពុករលួយ ការគំរាមកំហែង និង​សូម្បីតែ​អំពើ​ឃាតកម្ម ដែល​មិន​ត្រូវបាន​យក​មក​ផ្តន្ទាទោស គឺ​កើនឡើង​ជា​លំដាប់​នៅ​កម្ពុជា​។ អ្វី​ដែល​ជំរុញ​ឲ្យមាន​វប្បធម៌​នេះ កើនឡើង គឺ​ការគាបសង្កត់ និង​ការបង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការបញ្ចេញមតិ​ដោយ​សេរី ពី​សំណាក់​បុគ្គល​ទាំងឡាយ ដែល​មិន​ចង់​ទទួលខុសត្រូវ ចំពោះ​សកម្មភាព​របស់​ខ្លួន​។​
 
​សេចក្តីថ្លែងការណ៍ បាន​គូសបញ្ជាក់ថា ក្នុងអំឡុង ត្រឹមតែ​ឆ្នាំ​២០១២ និទណ្ឌភាព​នៅ​កម្ពុជា បាន​កើនឡើង​ជុំវិញ​ករណី​អំពើ​ឃាតកម្ម មក​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ដ៏​ល្បីឈ្មោះ លោក ឈុត វុទ្ធី ករណី​ក្មេងស្រី​អាយុ ១៤ ឆ្នាំ ឈ្មោះ ហេង ចន្ថា ដែល​ត្រូវបាន​បាញ់សម្លាប់​ដោយ​កងកម្លាំង​រដ្ឋាភិបាល ក្នុងពេល​ការបណ្តេញចេញ​ដោយ​បង្ខំ នៅ​ខេត្ត​ក្រចេះ និង​អ្នកកាសែត លោក ហង្ស សេរី​ឧត្តម ដែល​បាន​សរសេរ​អត្ថបទ ស្តីពី ការកាប់​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត​រតនគិរី ដោយ​គ្មាន​ភាពភ័យខ្លាច ដើម្បី​បើក​កកាយ​ពី​បុគ្គល ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ជនល្មើស។
 
​ជុំវិញ​យុទ្ធនាការ​នេះ មន្ត្រី​សម្របសម្រួល​គម្រោង​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា បាន​លើកឡើង​ថា "​យុទ្ធនាការ​អន្តរជាតិ បញ្ចប់​និទណ្ឌភាព​នេះ គឺ​ត្រូវ​ពេល​ខ្លាំងណាស់ សម្រាប់​ប្រទេស​កម្ពុជា ដែល​យើង​បាន​ឃើញ​នូវ​ការបង្ក្រាប​ជា​បន្តបន្ទាប់ មកលើ​សេរីភាព​បញ្ចេញមតិ និង​ការជួបប្រជុំ ក្នុង​ឆ្នាំ​២០១២​។ ចាប់តាំងពី​ដើម​ឆ្នាំ​មក ករណី​ជា​ច្រើន យើង​ឃើញថា កងកម្លាំង​យោធា ដែល​បាន​បាញ់ប្រហារ​មកលើ​អ្នក​តវ៉ា​ប្រឆាំង ដែល​គ្មាន​អាវុធ​ក្នុង​ដៃ មិន​ត្រូវ​បាន​ប្រឈមមុខ​នឹង​វិធានការ​ផ្នែក​ច្បាប់​នោះឡើយ ខណៈ​ដែល​អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នកសារព័ត៌មាន​មួយរូប គឺ​លោក ម៉ម សូណង់ដូ ដែល​ទើប​នឹង​ត្រូវបាន​កាត់ទោស និង​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ២០ ឆ្នាំ បើទោះបីជា​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ក៏ដោយ ហើយ​មាន​បុគ្គល​បី​រូប ត្រូវបាន​សម្លាប់​ជា​លទ្ធផល​នៃ​ការបញ្ចេញមតិ​ដោយ​សេរី​”​។
 
​តាម​អ្នក​រៀបចំ យុទ្ធនាការ​នេះ នឹង​សង្កត់ធ្ងន់​ពី​ស្ថានភាព​នៅ​កម្ពុជា ដែល​អ្នក​រំលោភ​សិទ្ធិមនុស្ស មិន​ត្រូវបាន​យកមក​ផ្តន្ទាទោស ចំណែកឯ​អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​ដែល​ហ៊ាន​បញ្ចេញមតិ ត្រូវ​គំរាម​សម្លុត ដាក់ពន្ធនាគារ ឬ​សូម្បីតែ​ត្រូវបាន​សម្លាប់​ទៀត​ផង​។​
 
​កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១២ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​ចេញ​ផ្សាយ​នូវ​កំណត់ត្រា​សង្ខេប ស្តីពី ទិដ្ឋភាព​រួម នៃ​ច្បាប់​កម្ពុជា ពាក់ព័ន្ធ​នឹង​សេរីភាព និង​ការ​សង្ខេប​ករណី​សិក្សា​ថ្មីៗ ដើម្បី​បង្ហាញ​ពី​របៀប​អនុវត្ត​ច្បាប់ និង​ការអនុវត្តន៍​ច្បាប់ ទាំង​បំពាន​ក្នុង​ការបង្ក្រាប​សំឡេង​ជំទាស់​។
 
​សេចក្តីប្រកាស បាន​លើកឡើង​ថា កំណត់ត្រា​សង្ខេប​នោះ វិភាគ​អំពី​ភាពស៊ីចង្វាក់​គ្នា រវាង​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០០៩ ក្រមព្រហ្មទណ្ឌ​អ៊ុនតាក់ និង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ឆ្នាំ​១៩៩៥ ដែល​អាច​ប្រើប្រាស់​ជំនួស​គ្នា​បាន និង​ពិនិត្យ​មើល​បញ្ញត្តិ​សិទ្ធិ​មនុស្ស​ទាំងអស់ រួមមាន​ទាំង​អ្នកសារព័ត៌មាន សកម្មជន​សិទ្ធិមនុស្ស បុគ្គលិក​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល មេធាវី និង​អ្នកនយោបាយ ក៏​ដូចជា​ត្រូវ​បាន​ប្រើប្រាស់ សម្រាប់​លើកកម្ពស់​ការយល់ដឹង អំពី​របៀប​ដែល​សេរីភាព​បញ្ចេញមតិ ត្រូវបាន​ការពារ​តាម​ទ្រឹស្តី ប៉ុន្តែ​ត្រូវបាន​រំលោភបំពាន ក្នុង​ការអនុវត្តន៍​ជាក់ស្តែង នៅ​ប្រទេស​កម្ពុជា សម័យ​បច្ចុប្បន្ន​។​
 
​កញ្ញា សន រ៉ា​មណា ជា​មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សេរីភាព នៃ​ការបញ្ចេញមតិ របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែងថា ការវិភាគ​ក្នុង​កំណត់ត្រា​នោះ បាន​បញ្ជាក់ឲ្យ​ឃើញច្បាស់​ថា កម្ពុជា​កំពុង​ក្លាយទៅជា​ប្រទេស ដែល​អនុវត្ត​ការគាបសង្កត់​ដោយ​ប្រើ​ច្បាប់ ជា​ជាង​ប្រទេស​គោរព​នីតិរដ្ឋ ដែល​កម្ពុជា ពិត​ជា​ចាំបាច់ ត្រូវ​ដោះស្រាយ​បញ្ហា​ដ៏​រាំ​រ៉ៃ​នេះ​។​
 
​ក៏​ប៉ុន្តែ​លោក ទិត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុក​របាយការណ៍ និង​ការលើកឡើង​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ថា លម្អៀង និង​មាន​ចរិក​នយោបាយ ដោយ​មិន​បាន​ពិនិត្យ​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​នៃ​អង្គហេតុ និង​អង្គច្បាប់ លើ​ករណី​និមួយៗ​ឡើយ​។​
 
​តាម​មន្ត្រី​រដ្ឋាភិបាល របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​មិន​បាន​រាប់​បញ្ចូល​នូវ​ចំណាត់ការ​របស់​ប្រព័ន្ធតុលាការ និង​សមត្ថកិច្ច ទៅលើ​មន្ត្រី ដែល​មាន​បុណ្យស័កិ្ត​ជាច្រើន នៅក្នុង​ជួរ​រដ្ឋាភិបាល ចៅក្រម ព្រះរាជអាជ្ញា ដែល​ប្រព្រឹត្ត​ល្មើស​ពុករលួយ និង​គ្រឿងញៀន ហើយ​ត្រូវបាន​តុលាការ​កាត់ទោស​៕

No comments:

Post a Comment

yes