សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 4, 2012

ពៅ បញ្ញា​ពេជ្រ គ្រោង​មក​កម្ពុជា​វិញ

121004_20a

ភ្នំពេញៈ តារា​ចម្រៀង ពៅ បញ្ញា​ពេជ្រ ដែល​ធ្លាក់​ខ្លួន​ពិការ​អស់​រយៈ​ពេល​៧​ឆ្នាំ ក្រោយ​ទទួល​រង​ការ​បាញ់​ប្រហារ​ពី​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ ហើយ​កំពុង​ជួល​ផ្ទះ​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ​នោះ នឹង​វិល​មក​កាន់​ប្រទេស​កំណើត​ក្នុង​ពេល​ឆាប់ៗ​នេះ ដោយ​សារ​តែ​រូប​នាង និង​ក្រុម​គ្រួសារ​គ្មាន​លទ្ធភាព​បន្ត​សម្រាក​ព្យាបាល ហើយ​ជំនួយ​ពី​សប្បុរស​ជន​ក៏​ត្រូវ​កាត់​ផ្តាច់​។
គួរ​បញ្ជាក់​ថា ខណៈ​ពេល​ដែល​កំពុង​តែ​ទទួល​បាន​ភាព​ល្បីល្បាញ​ជាច្រើន​ឆ្នាំ​ជាប់​ៗ​គ្នា លើ​វិថី​តារា និង​កំពុង​លេច​ចេញ​នូវ​សម្រស់​កាន់​តែ​ក្មេង​ខ្ចី តារា​ចម្រៀង ពៅ បញ្ញា​ពេជ្រ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​លួច​បាញ់​ប្រហារ​មក​លើ​ រូប​នាង​យ៉ាង​សាហាវ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០០៧ នៅ​វេលា​ម៉ោង​៦ និង​២០​នាទី​ព្រឹក​នៅ​មុខ​សាលា​ភាសា​អង់គ្លេស​មួយ​ក្បែរ​របង​ក្រសួង​ ឧស្សាហកម្ម​រ៉ែ និង​ថាមពល ​បាន​បណ្តាល​ឲ្យ​តារា​រូប​នេះ​ទទួល​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ។
តារា​ចម្រៀង​សំឡេង​រៃក​ណ្តឹង ​ក្មួយ​ស្រី​កវី​ជើង​ចាស់​ ពៅ ស៊ីផូ​ នាង​ពៅ បញ្ញាពេជ្រ បន្ទាប់​ពី​ទទួល​រង​ការ​បាញ់​ប្រហារ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ ព្យាបាល​នៅ​ប្រទេស​វៀតណាម ហើយ​ក្រោយ​មក​ក៏​បាន​បញ្ជូន​នាង​បន្ត​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ យ៉ាង​តក់​ក្រហល់​បំផុត​ ខណៈ​ដែល​ស្រមោល​ឃាតក​នៅ​តែ​តាម​យាយី​នាង​ដល់​ទីនោះ​។

ក្រោយ​ធ្លាក់​ ខ្លួន​ក្លាយ​ជា​ជន​ពិការ ក្តី​សង្ឃឹម​ដែល​អាច​ជួយ​សង្គ្រោះ​តារា​ចម្រៀង​សំឡេង​ស្រួយ​ស្រែស​នាង ពៅ បញ្ញា​ពេជ្រ ឲ្យ​រួច​ផុត​ពី​ការ​អង្គុយ​លើ​រទេះ​ នឹង​បាន​វិល​មក​ច្រៀង​បម្រើ​អារម្មណ៍​ទស្សនិកជន​បាន​នោះ​ត្រូវ​បាន​ក្រុម គ្រួសារ​ដាក់​ការ​សង្ឃឹម​តែ​មួយ​គត់​នោះ​គឺ «សូម​ឲ្យ​សប្បុរសជន​ជួយ»​។ ប៉ុន្តែ​ការ​ដង្ហោយ​រក​សប្បុរសជន​ជួយ​ជ្រោម​ជ្រែង​ឲ្យ​នាង​អាច​មាន​លទ្ធភាព​ដើរ​ឡើង​វិញ​នេះ​ ហាក់​មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ឡើយ​ ខណៈ​ដែល​បង​ស្រី​នាង​សម្តែង​ភាព​អស់​សង្ឃឹម​ថា៖«​មក​ទល់​ពេល​នេះ​ពុំ មាន​សប្បុរសជន ឬ​អង្គការ​ណា​មួយ​ចាប់​អារម្មណ៍ និង​ចង់​ជួយ​ឧបត្ថម្ភ​ដល់​ការ​ទទូច​សុំ​ការ​សង្គ្រោះ​នាំ​ប្អូន​ ស្រី​ខ្ញុំ​ទៅ​ព្យាបាល​នៅ​ប្រទេស​ចិន​នោះ​ទេ»។
បង​ស្រី​បង្កើត​តារា​ចម្រៀង ពៅ បញ្ញា​ពេជ្រ គឺ​អ្នក​ស្រី សុធារី បាន​លើក​ឡើង​ថា៖​ «គ្រា​កន្លង​មក បញ្ញាពេជ្រ នាង​បាន​បញ្ចេញ​ខ្សែ​អាត់​វីដេអូ ទៅ​ដល់​សហរដ្ឋ​អាមេរិក ក្នុង​បំណង​អំពាវ​នាវ ស្វែងរក​ជំនួយ​មក​ព្យាបាល​នាង​ដែរ នៅ​តែ​មិន​មាន​គេ​ចាប់​អារម្មណ៍»។
ដោយ​សារ​តែ​ជំនួយ​ដែល​ធ្លាប់​មាន​ត្រូវ​កាត់​ផ្តាច់ ពេល​នេះ ក្រុម​គ្រួសារ​ នាង​ពៅ បញ្ញាពេជ្រ បាន​សម្តែង​ការ​អស់​សង្ឃឹម​យ៉ាង​ខ្លាំង​ថា ពេល​នេះ​បើ​មិន​មាន​សប្បុរសជន ឬ​សមាគម​ណា​ជួយ​ទេ​នោះ​ ពៅ បញ្ញាពេជ្រ នឹង​មិន​មាន​ថ្ងៃ​អាច​ជា​សះស្បើយ​ រួច​ផុត​ពី​អង្គុយ​លើ​រទេះ​រុញ​នោះ​ឡើយ។
ជាមួយ ភាព​អស់​សង្ឃឹម​នេះ អ្នក​ស្រី​សុធារី ​ក៏​បាន​បញ្ជាក់​ថា៖​ «បញ្ញា​ពេជ្រ​ប្អូន​ស្រី​ខ្ញុំ​ ប្រហែល​មិន​យូរ​ទេ​ នាង​នឹង​ត្រូវ​វិល​ត្រឡប់​មក​រស់​នៅ​ និង​ព្យាបាល​នៅ​ក្នុង​ស្រុក​ខ្មែរ​វិញ​ នា​ពេល​ខាង​មុខ​ឆាប់ៗ​ជា​មិន​ខាន​ ព្រោះ​ថវិកា​ដែល​បង​ប្អូន​ក្រុម​គ្រួសារ​បាន​ចំណាយ​ គឺចង់​អស់​លទ្ធភាព​ទៅ​ហើយ​»​។ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ពេល​វេលា​កំណត់​ឲ្យ​ច្បាស់​ថា​នឹង​មក​នៅ​ពេល​ណា អ្នក​ស្រី​មិន​បាន​បញ្ជាក់​ឡើយ។ ដោយ​ឡែក​ទាក់​ទិន​សុវត្ថិភាព​អ្នក​ស្រី​ក៏​សម្តែង​ក្តី​បារម្ភ​ដែរ តែ​គ្មាន​ជម្រើស​អ្វី​ល្អ​ជាង​នេះ​។
សំណុំ​រឿង​របស់​តារា​ចម្រៀង​ ពៅ បញ្ញា​ពេជ្រ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មក​ទល់​នឹង​ពេល​នេះ​នៅ​មិន​ទាន់​​ស្វែង​រក​មុខ​ឃាតក​ឃើញ​នៅ​ឡើយ មិន​ខុស​ពី​សំណុំ​រឿង​តារា​ចម្រៀង ទូច ស៊ុននិច តារា​សម្តែង ពិសិដ្ឋ ពិលីកា នោះ​ទេ​។ បញ្ហា​នេះ​ជា​ក្តី​កង្វល់​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​។
ជុំវិញ​ក្តី​កង្វល់​នេះ ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក គៀត ច័ន្ទ​ថារិទ្ធ អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ និង​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​ទេ​កាល​ពី​ម្សិលមិញ។
លោក ប៉ុល ភិធេយ្យ អតីត​ស្នងការ​រង​រាជធានី​ភ្នំពេញ​ដែល​ទើប​ទទួល​តំណែង​ជា​ប្រធាន​នាយក​ដ្ឋាន ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ហើយ​ដែល​ធ្លាប់​កាន់​សំណុំ​រឿង​នេះ​ បាន​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ ខ្ញុំ​អត់​មាន​កាន់​សំណុំ​រឿង​នោះ​ទៀត​ទេ ខ្ញុំ​ត្រូវ​បាន​ផ្លាស់​ទៅ​នាយក​ដ្ឋាន​ក្រសួង​មហាផ្ទៃ​ហើយ​»។
ដោយ​ឡែក លោក ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឲ្យ​ដឹង​ថា ខាង​លោក​មិន​ធ្លាប់​ធ្វើ​ការ​លើ​រឿង​នេះ​ទេ តែ​លោក​នឹង​ពិនិត្យ​បន្ថែម​។
មុន​នេះ បង​ស្រី​បង្កើត​របស់​នាង អ្នក​ស្រី ពៅ ច័ន្ទ​សុធារី ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា គាត់​បាន​​ដឹង​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ពី​ប្រទេស​ចិន​ថា មាន​មន្ទីរពេទ្យ​មួយ​ អាច​ព្យាបាល​ជំងឺ​ខួរ​ឆ្អឹង​បញ្ញាពេជ្រ បាន។ បន្ថែម​លើ​ភាព​ភ្ញាក់​ផ្អើល​នោះ​អ្នក​ស្រី ​សុធារី​ ក៏​បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹម​យ៉ាង​មុត​មាំថា​ ដំណឹង​នោះ​វា​ជា​ក្តី​សង្ឃឹម​មួយ​គត់ ​ដែល​អាច​ព្យាបាល​ជំងឺ​ បញ្ញា​ពេជ្រ ឲ្យសះ​ជា រួច​ផុតពី​ស្ថានភាព​ អង្គុយ​លើ​រទេះ​នោះ​។
ប៉ុន្តែ​ក្តី សង្ឃឹម​នេះ​ បែរ​ជា​បន្ថែម​បន្ទុក​នៃ​ក្តី​កង្វល់​ ដល់​ក្រុម​គ្រួសារ​យ៉ាង​ធ្ងន់​ មួយ​ទៀត​ ខណៈ​ដែល​ជីវភាព​​ក្រុម​គ្រួសារ​ទាំង​មូល​ក៏​ខ្សត់​ខ្សោយ​នោះ។ អ្នក​ស្រី ​ពៅ ​ច័ន្ទ​សុធារី បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​ពេល​នេះ​មិន​មាន​លទ្ធភាព​ណា​ អាច​នាំ​យក​ប្អូន​បញ្ញា​ពេជ្រ​ ទៅ​ព្យាបាល​បាន​នៅ​ប្រទេស​ចិន​នោះ​បាន​ទេ​ ព្រោះ​ថា​ការ​ព្យាបាល​នោះ ត្រូវ​ការ​លុយ​ច្រើន​ លើស​ពី​ថ្លៃ​ព្យាបាល​រាល់​ថ្ងៃ​ដល់​ទៅ​២០​ទៅ​៣០​ដង​ឯ​ណោះ​។
អ្នក​ស្រី​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា៖​«ការ​ព្យាបាល​នោះ ត្រូវ​ចំណាយ​ប្រាក់​ច្រើន​មែន​ទែន​ ខណៈ​ដែល​ថ្នាំ​ត្រូវ​ព្យាបាល ប្អូន​ស្រី​ បញ្ញា​ពេជ្រ មួយ​ម្ជុល​មាន​តម្លៃ​ថ្លៃ​ដល់​ទៅ​ ៣៥ ០០០​ដុល្លារ​អាមេរិក​ឯណោះ​។ ការ​ព្យាបាល​នោះ​ទៀត​សោធ​ មិន​ដឹង​ថា​ត្រូវ​ចាក់​ប៉ុន្មាន​ម្ជុល​នោះ​ដែរ»។
ភាព​ស្ងាត់​ស្ងៀម​មិន​មាន ​សប្បុរសជន​ឬ​សមាគម​ចាប់​អារម្មណ៍ នឹង​ការ​អំពាវ​នាវ​របស់​តារា​ចម្រៀង​ ដែល​រង​គ្រោះ ព្រោះ​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ​ក្នុង​គោល​ដៅ​ផ្តាច់​ជីវិត​នោះ ​ត្រូវ​បាន​អ្នក​ស្រី​សុធារី និយាយ​ថា ពៅ ​បញ្ញា​ពេជ្រ​ នាង​បាន​ឃ្លាត​ឆ្ងាយ​ពី​ឆាក​សិល្បៈ​យូរ​ហើយ គេ​ភ្លេច​មុខ​នាង​ហើយ រហូត​មាន​អ្នក​ខ្លះ​មិន​ដឹង​ថា​ពៅ បញ្ញាពេជ្រ ជា​នរណា​ គាត់​ជា​អ្វីពី​មុន​មក។
យ៉ាង​ណា​មិញ​ អ្នក​ស្រី សុធារី បាន​ថ្លែង​ថា កាល​ពី​ដំបូងៗ​នាង​ទទួល​បាន​ការ​ជួយ​ជ្រោម​ជ្រែង​ និង ក្តី​អាណិត​អាសូរ​ពី​សប្បុរសជន​គ្រប់​ទិសទី ចូល​រួម​ជួយ​ឧបត្ថម្ភ​នាង​ច្រើន​មែន​ តែ​ពេល​នោះ​យើង​មិន​ទាន់​បាន​ដឹង​ថា ​ពេទ្យ​នៅ​ប្រទេស​ណា​ពូកែ​ ហើយ​មាន​ថ្នាំ​ព្យាបាល​ជំងឺ​នាង​នោះ​ទេ​។ ប៉ុន្តែ​ពេល​នេះ ​ខណៈ​ដំណឹង​ថា​ នៅ​ប្រទេស​ចិន​មាន​ថ្នាំ​អាច​ជួយ​សង្គ្រោះ​នាង​បាន​ តែ​បែរ​ជា​មិន​មាន​លទ្ធភាព​ ក្នុង​ការ​នាំ​នាង​ទៅ​ទទួល​ការ​ព្យាបាល ចំណែក​ឯ​សប្បុរសជន​ក៏​លែង​មាន​អ្នក​ចាប់​អារម្មណ៍​ដែរ។
ពៅ បញ្ញាពេជ្រ នៅ​ពេល​ថ្មីៗ​នេះ ក្រៅ​ពីសរ​សេរ​សូម​អរគុណ​ដល់​បង​ប្អូន​ទាំង​អស់​គ្នា​ទាំង​នៅ​ទី​ជិត ទីឆ្ងាយ នាង​ក៏​បាន​ត្អូញត្អែរ ប្រាប់​មិត្ត​ភក្ដិតាម​បណ្តាញ​ហ្វេសប៊ុក​ឲ្យ​ដឹង​ពី​សុខភាព​នាង​ផង​ដែរ ដោយ​នាង​ប្រាប់​ថា៖​«នាង​ខ្ញុំ​សុខ​សប្បាយ​ទេ តែ​សុខភាព​មិន​សូវ​ទៀង​ទាត់ ហើយ​ក៏​មិន​ទាន់​ដើរ​បាន​ដែរ​។ ដូច្នេះ​ការ​ជូនពរ​របស់​អ្នក​រាល់​គ្នា គឺជា​កម្លាំង​ចិត្ត​ដ៏​សំខាន់​ជួយ​ជំរុញ​ឲ្យ​នាង​ខ្ញុំ​មាន​ការ​តស៊ូ​តទៅ ទៀត»៕

No comments:

Post a Comment

yes