សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 29, 2012

គម្រោង​គ្មាន​ភាព​ច្បាស់​លាស់​ធ្វើ​ឲ្យ​បាត់​បង់​ទំនុក​ចិត្ត​ពី​អតិ​ថិជន

121025_9a
អគារ​ហ្គោលថើវើ ៤២​ជាន់ បាន​ផ្អាក​ដំណើរ​ការ​សាងសង់ បន្ទាប់​ពី​ពិភពលោក​
ជួប​វិបត្តិ​សេដ្ឋកិច្ច កាល​ពី​ឆ្នាំ​២០០៨

ភ្នំពេញៈ គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​គ្មាន​ភាព​ប្រាកដ​ប្រជា​នឹង​ធ្វើ​ឲ្យ​មាន​ការ​បាត់​បង់​ការ​ទុក​ចិត្ត​ពី​អតិ​ថិជន នេះ​បើ​តាម​ការ​អះ​អាង​របស់​មន្ត្រី​រាជរដ្ឋា​ភិបាល​និង​អ្នក​ជំនាញ​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​។
លោក​ឌឹត​ចណ្ណា​អគ្គ​នាយក​ក្រុម​ហ៊ុន​អច​លន​ទ្រព្យ​វី​អឹម​ស៊ី​មាន​ប្រសាសន៍​ថា​បើ​ក្រឡេក​មើល​ស្ថាន​ភាព​វិស័យ​សំណង់​នៅ​ប្រទេស​កម្ពុជា​យើង​ឃើញ​ថា​មាន​ការ​រីក​ចម្រើន​ច្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ជាក់​ស្តែង​អគារ​ខ្ពស់ៗ​ជា​ច្រើន​បាន​កើត​ជា​បន្ត​បន្ទាប់​នៅ​រាជ​ធានី​ភ្នំពេញ​ហើយ​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ផ្សេងៗ​ទៀត​ក៏​កើត​មាន​ច្រើន​ដែរ​នៅ​តាម​បណ្តា​ខេត្ត​ ដែល​ការ​រីក​ចម្រើន​ទាំង​នេះ​ក៏​បាន​បង្កើត​ឱកាស​ការ​ងារ​យ៉ាង​ច្រើន​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​។ តែ​ទោះ​ជា​យ៉ាង​ណា​គម្រោង​ខ្លះ​បាន​បញ្ចប់​តាម​ផែន​ការ និង​ខ្លះ​ទៀត​ត្រូវ​ជាប់​គាំង​មិន​ដំណើរ​ការ​រីឯ​គម្រោង​ខ្លះ​ទៀត​គ្រាន់​តែ​ឮ​ឈ្មោះ​បាន​មួយ​រយៈ​ពេល​ខ្លី​ក៏​បាន​បាត់​ឈ្មោះ​ទៅ​វិញ​ដែល​ធ្វើ​ឲ្យ​អតិថិជន​បាត់​សេចក្តី​ទុកចិត្ត​សម្រាប់​ការ​វិនិយោគ​នៅ​ថ្ងៃ​អនាគត​។

ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ​លោក​អូស្មាន់ ​ហាស្សាន់​រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​លើក​យក​គម្រោង​ធំៗ​ចំនួន​បី​មក​ធ្វើ​ជា​ឧទាហរណ៍​បញ្ជាក់​។​គម្រោង​វិនិយោគ​River Star ចាប់​ផ្តើម​ដំបូង​មាន​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្លាំង​ទាំង​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​ប៉ុន្តែ​នៅចុង​បញ្ចប់​គម្រោង​នេះ​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ​។ មុន​ដំបូង​លោក​មិន​ជឿ​ថា​គម្រោង​នេះ​បរាជ័យ​ទេ​ព្រោះ​ជា​ក្រុមហ៊ុន​ធំ​ឈ្មោះ​ថា​Posco​លំដាប់​ទី២​នៅ​ឯ​ប្រទេស​កូរ៉េ​ខាង​ត្បូង​។ ទី​២​ក្រុម​ហ៊ុន​GS​ដែល​ជា​ក្រុម​ហ៊ុន​ធំ​ជាង​គេ​នៅ​ប្រទេស​កូរ៉េ​គ្រាន់​តែ​ចាប់​ផ្តើម​បើក​ការ​ដ្ឋាន​សាង​សង់​មិន​បាន​ប៉ុន្មាន​ផង​ក៏​ត្រូវ​បាន​បិទ​ទ្វារ​រួច​លក់​ដី​ទៅ​ឲ្យ​អ្នក​ផ្សេង​វិញ​។​លោក​បញ្ជាក់​ថា​៖«​មាន​ករណី​ច្រើន​ដែល​គម្រោង​បើក​ហើយ​ត្រូវ​បាន​បិទ​វិញ​តួ​យ៉ាង​គម្រោង​វិនិ​យោគ​អគារ​ហ្គោល​ថើរវើ​៤២​ជាន់​សង់​បាន​ចំនួន​៣០​ជាន់​ត្រូវ​ជាប់​គាំង​ដែរ​»​។
តែ​ទោះ​ជា​យ៉ាង​ណា​លោក ឌឹត​ចណ្ណា​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា គម្រោង​ដែល​ជាប់​គាំង​មិន​ដំណើរ​ការ​មាន​ចំនួន​តិច​តួច​តែ​ប៉ុណ្ណោះ​លោក​បាន​លើក​ឡើង​ថា ជាក់​ស្តែង​គម្រោង​ដែល​ចាប់​ផ្តើម​កាល​ពី​អំឡុង​ឆ្នាំ​២០០៧​បញ្ចប់​ច្រើន​ជាង​គម្រោង​ដែល​មិន​បាន​បញ្ចប់​។
លោក​ចេង​ខេង​អគ្គ​នាយក​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ស៊ី​ភី​អិល​បាន​ថ្លែង​ថា​ជា​ធម្មតា​គម្រោង​វិនិយោគ​នីមួយៗ​តែង​មាន​ភាព​ច្បាស់​លាស់​ទើប​អាច​ដំណើរ​ការ​លក់​បាន​ប៉ុន្តែ​ប្រសិន​បើមាន​គម្រោង​ណា​មួយ​មិន​ច្បាស់​លាស់​ទំនុក​ចិត្ត​របស់​អតិថិជន​ក៏​បាត់​បង់​ទៅ​តាម​នោះ​ដែរ​។
លោក​លើក​ឡើង​ថា​រាល់​គម្រោង​ទាំង​អស់​គ្រាន់​តែ​ចេញ​គម្រោង​ភ្លាម​អតិថិជន​បាន​សម្រុក​មក​ទិញ​ដោយ​មិន​សូវ​បាន​ពិចារ​ណា​នោះ​ទេ ពី​ព្រោះ​ពួក​គាត់​គិត​ថា​គម្រោង​មួយៗ​ម្ចាស់​គម្រោង​មាន​ទុន​គ្រប់​គ្រាន់​ប៉ុន្តែ​គម្រោង​មួយ​ចំនួន​បន្ទាប់​ពី​អនុវត្ត​គម្រោង​បាន​បន្តិច​និង​ក្រោយ​ពី​បាន​ទទួល​ប្រាក់​ពី​អ្នក​ទិញ​ហើយ ពួក​គេ​បែរ​ជា​បញ្ឈប់​គម្រោង​នោះ​ទៅ​វិញ​បញ្ហា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អតិថិជន​មាន​ភាព​ខ្លាច​រអា​និង​បាត់​ទំនុក​ចិត្ត​។ ការ​ធ្វើ​បែប​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​គម្រោង​វិនិយោគ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​ទាំង​មូល​ទៀត​ផង​។​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​រាជរដ្ឋា​ភិបាល​កម្ពុជា​មាន​វិធាន​ការ​ដើម្បី​ការ​ពារ​នូវ​រាល់​បញ្ហា​ទាំង​អស់​នេះ​ដែរ​ពោល​គឺ​រាល់​អ្នក​វិនិយោគ​ទាំង​ឡាយ​ណា​មុន​នឹង​ចង់​អភិវឌ្ឍ​គម្រោង​អី្វ​មួយ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​មាន​ប្រាក់​តម្កល់​នៅ​ក្នុង​ធនាគារ​២​ភាគរយ​ទៅ​លើ​គម្រោង​ទាំង​មូល​ដែរ​។
លោក​ចេង​ខេង​បាន​បន្ថែម​ទៀត​ថា​ដើម្បី​ឲ្យ​ការ​ទិញ​ដូរ​កាន់​តែ​មាន​ទំនុក​ចិត្ត​អតិថិជន​គួរ​តែ​ឆ្លង​កាត់​ជា​មួយ​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ដែល​បម្រើ​សេវាកម្ម​នេះ​ផ្ទាល់​ព្រោះ​ពួក​គេ​មាន​សមាគម និង​មាន​ជំនាញ​ច្បាស់​លាស់​ហើយ​អាច​ដឹង​ថា​គម្រោង​ណា​ដំណើរ​ការ​ល្អ​និង​គម្រោង​ណា​មួយ​មិន​ដំណើរ​ការ​ល្អ​។
លោក​អ៊ូច​ពិសាល​ជំនួយ​ការ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​បុរី​វិមាន​ភ្នំពេញ​បាន​និយាយ​ថា​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​របស់​លោក​បាន​ធ្វើ​កិច្ច​សន្យា​កំណត់​ការ​វិនិយោគ​ជា​មួយ​អតិថិជន​យ៉ាង​ច្បាស់​លាស់​។​ជា​ទូ​ទៅ​អតិថិជន​ដែល​មក​ទិញ​លំនៅ​ដ្ឋាន​ក្នុង​បុរី​វិមាន​ភ្នំពេញ​តែ​ទទួល​បាន​ការ​បញ្ជាក់​ពី​ក្រុម​ហ៊ុន​លើ​ការ​ងារ​សាង​សង់​។​លោក​បន្ថែម​ថា​នៅ​ក្នុង​កិច្ច​សន្យា​បញ្ចប់​សំណង់​គឺ​មិន​ឲ្យ​លើស​រយៈ​ពេល​១៨​ខែ​គិត​ចាប់​ពី​ថ្ងៃ​ចុះ​កិច្ច​សន្យា​ទិញ-លក់​យើង​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ឲ្យ​អតិថិ​ជន​មាន​ទំនុក​ចិត្ត​ហើយ​មក​ទិញ​លំនៅ​ដ្ឋាន​យើង​កាន់​ច្រើន​ថែម​ទៀត​។
លោក​ប្រាប់​ទៀត​ថា គម្រោង​វិនិ​យោគ​នីមួយៗ​មិន​ថា​តែ​គម្រោង​វិនិយោគ​របស់​យើង​ទេ​គឺ​គ្រប់​គម្រោង​ទាំង​អស់​ត្រូវ​មាន​ប្រាក់​តម្កល់​ក្នុង​ធនាគារ​ចំនួន​២​ភាគ​រយ​តាម​ការ​កំណត់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដើម្បី​ធានា​នូវ​ហានិភ័យ​ផ្សេងៗ​ចំពោះ​ការ​ជាប់​គាំង​។ លោក​បាន​បញ្ជាក់​ថា​គ្រប់​អតិថិជន​មុន​នឹង​សម្រេច​ចិត្ត​ទិញ​លំនៅ​ដ្ឋាន​គួរ​តែ​ពិនិត្យ​មើល​កិច្ច​សន្យា​ទិញ-លក់​ឲ្យ​បាន​ច្បាស់​ថា​តើ​ក្រុម​ហ៊ុន​ឬ​ម្ចាស់​គម្រោង​មាន​កំណត់​រយៈពេល​នៃ​ការ​សាង​សង់​ដែរ​ឬ​ទេ​បើ​គ្មាន​ត្រូវ​សុំ​ឲ្យ​ម្ចាស់​គម្រោង​ធ្វើ​ឲ្យ​ជា​ដាច់​ខាត​៕

No comments:

Post a Comment

yes