ឈ្មួញមកទិញស្រូវនៅកន្លែងវាលស្រែរបស់កសិករនៅខេត្តបាត់ដំបងខណៈកំពុងប្រមូលផល។
ថវិកាជាតិឆ្នាំ ២០១៣ នឹងយកមកជួយជំរុញដល់វិស័យកសិកម្មជាវិស័យអាទិភាពមួយ
ភ្នំពេញៈ រដ្ឋាភិបាលបានអនុម័តបង្កើនការចំណាយថវិកាជាតិជិត១៣ភាគរយសម្រាប់២០១៣ ដើម្បីឆ្លើយតបនឹងការរីកចម្រើនសេដ្ឋកិច្ចនិងការពង្រីកទីផ្សារ ប៉ុន្តែបក្សប្រឆាំងអះអាងថា អត្រាកំណើននេះមិនស្របនឹងការរកប្រាក់ចំណូលជាតិហើយនៅតែមិនអាចជួយបង្កើនប្រាក់ខែមន្ត្រីរាជការបានដដែល។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពិភាក្សាអំពីការចំណាយរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំក្រោយ ដោយបានអនុម័តបង្កើនថវិកាពី១១ ០៩៦ ៣៦៨លានរៀល នៅឆ្នាំ២០១២ រហូតដល់១២ ៥២៧ ៨០០លានរៀល សម្រាប់ឆ្នាំក្រោយ ដែលស្មើនឹង១៩,៨១ភាគរយនៃផលិតផលសរុបនៅក្នុងស្រុក។
សេចក្តីប្រកាសដែលចេញផ្សាយក្រោយកិច្ចប្រជុំ បានលើកឡើងថា៖ «សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០១៣ ត្រូវបានរៀបចំនៅក្នុងបរិបទដែលថា សេដ្ឋកិច្ចកម្ពុជា មានការងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចពិភពលោក ហើយវាកំពុងបង្ហាញអំពីភាពខ្លាំងឆ្ពោះទៅសម្រេចបានគោលដៅ គោលនយោបាយកំណើនប្រចាំឆ្នាំ៧ភាគរយ ទោះបីសេដ្ឋកិច្ចត្រូវទទួលការខូចខាត និងហានិភ័យខ្ពស់ក៏ដោយ»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្សីបានអះអាងថា កំណើននេះនៅតែមានអត្រាតិចតួចដដែល បើធៀបនឹងអ្វីដែលរដ្ឋាភិបាល បានយកពន្ធពីប្រជាជន។ លោកថ្លែងថា៖ «ខ្ញុំគិតថា អត្រាកំណើននេះ មិនអាចជួយធ្វើឲ្យប្រាក់ខែមន្ត្រីរាជការកើនឡើង ដើម្បីជាការឆ្លើយតបនឹងកំណើនសេដ្ឋកិច្ចនាពេលថ្មីៗនេះបានឡើយ ពីព្រោះអ្វីៗគ្រប់យ៉ាងកំពុងឡើងថ្លៃ។ ប្រាក់ខែនោះ មិនអាចទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេបានឡើយ ពីព្រោះបច្ចុប្បន្នកត្តាចាំបាច់ គឺត្រូវបង្កើនឲ្យបានមួយលានរៀល ឬ២៥០ដុល្លារអាមេរិក បើធៀបនឹងការចំណាយ»។
លោកបានលើកឡើងថា ប្រសិនបើសម្លឹងមើលទៅលើពន្ធមកលើប្រជាពលរដ្ឋមានអត្រាខ្ពស់ប៉ុន្តែចំណូលសម្រាប់ជាតិនៅតែមានអត្រាទាបគឺត្រឹមតែ១២ ទៅ ១៣ភាគរយប៉ុណ្ណោះ បើធៀបនឹងប្រទេសជិតខាងដែលអាចប្រមូលបានប្រហែល១៨ ទៅ ២៥ភាគរយ។
លោកបានលើកឡើងថា៖ «ដូច្នេះ ទាំងប្រាក់ចំណូល ទាំងការចំណាយ គឺមិនទាន់សមស្របនៅឡើយទេ ប្រសិនបើយើងអាចប្រយុទ្ធប្រឆាំង ឬទប់ស្កាត់អំពើពុករលួយបាននោះ យើងអាចរកប្រាក់ចំណូលបានជាង៥០០លានដុល្លាររហូតដល់១ពាន់លានដុល្លារក្នុងមួយឆ្នាំ ដូច្នេះយើងអាចមានប្រាក់គ្រប់គ្រាន់សម្រាប់បង្កើនប្រាក់ខែមន្ត្រីរាជការ និងកងទ័ព យ៉ាងហោចណាស់ ១លានរៀលក្នុងមួយខែ»។
លោកបានឲ្យដឹងថា រដ្ឋាភិបាល គួរតែពិចារណាអំពីការប្រើប្រាស់វិធានដែលមានប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីរកប្រាក់ចំណូលបន្ថែម៖ «នេះជាអត្រាកំណើនធម្មតាដែលយើងបានកណត់។ ពួកគេ មិនគិតថា សកម្មភាពសេដ្ឋកិច្ច កំពុងកើនឡើងឡើយ ដូច្នេះប្រាក់ចំណូលទាំងនោះ គួរតែកើនឡើង។ អ្វីដែលសំខាន់នោះគឺថា រដ្ឋាភិបាល ត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដោយសារប្រជាជនរបស់យើងបង់ពន្ធច្រើនជាងប្រទេសជិតខាង ពោលគឺមិនមែនតែពន្ធច្រើននោះទេ ថែមទាំងមានអត្រាពន្ធខ្ពស់ទៀតផង ខណៈដែលប្រាក់ចំណូលសម្រាប់ថវិកាជាតិ មានអត្រាទាបជាងប្រទេសទាំងនោះ។ តើមកពីហេតុអ្វី?» ។
លោកបន្ថែមថា៖ «ពិតជាឆ្លុះបញ្ចាំងឲ្យឃើញថា ប្រាក់ជាច្រើន បានធ្លាក់ទៅលើបុគ្គលម្នាក់ៗ ឬមនុស្សមួយក្រុម មិនមែនលើប្រទេសជាតិទេ។រដ្ឋាភិបាលត្រូវពិចារណាពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ»។
យោងតាមសេចក្តីប្រកាសព័ត៌មានបរិមាណកំណើននេះនឹងប្រើសម្រាប់អនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចផ្តល់អាទិភាពដល់គោលនយោបាយវិស័យជាច្រើន និងគោលនយោបាយជាយុទ្ធសាស្ត្រមួយចំនួន។ រដ្ឋាភិបាល នឹងតពីនៅតែបន្តអនុវត្តគោលនយោបាយជាយុទ្ធសាស្ត្រនិងវិស័យអាទិភាពផ្សេងៗទៀតពិសេសដើម្បីបន្តពង្រីកគោលនយោបាយផលិតកម្មស្រូវ និងគោលនយោបាយនាំចេញអង្ករ ព្រមទាំងផលិតផលកសិកម្មផ្សេងៗទៀត ដូចជា កៅស៊ូ ដំឡូងមី និងបន្តកសាងនិងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សំខាន់គឺហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញដោយទឹកជំនន់ និងពង្រីកឧស្សាហកម្មកាត់ដេរ សេវាកម្មទេសចរណ៍ និងបន្តជំរុញការអភិវឌ្ឍវិស័យឯកជន ធនាគារ និងហិរញ្ញវត្ថុ។
បញ្ហានេះនឹងត្រូវគេបន្តអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដែលគាំទ្រដល់កំណើននិងកម្មវិធីវិនិយោគសាធារណៈ ឆ្នាំ២០១៣-២០១៥ ដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងលើកកម្ពស់កំណើនប្រកបដោយនិរន្តរភាពដោយបន្តផ្តល់អាទិភាពដល់ការពន្លឿន និងលើកកម្ពស់គុណភាពកិច្ចការសង្គម ជាពិសេសវិស័យអប់រំ សុខភាព ការកសាងធនធានមនុស្ស និងបណ្តាញសុវត្ថិភាពសង្គម ក៏ដូចជាការបន្តផ្តល់ដីសម្បទានសេដ្ឋកិច្ចសង្គម ដល់អតីតយុទ្ធជន និងពង្រីកអនុវត្តវិធានការថ្មីៗ បន្ថែមពីលើគោលនយោបាយចាស់ស្តីពីការលើកកម្ពស់ការគ្រប់គ្រងដីធ្លី។
សេចក្តីប្រកាសព័ត៌មានដដែលក៏បានបង្ហាញដែរថា រដ្ឋាភិបាល នៅតែបន្តបង្កើនប្រាក់ខែជូនមន្ត្រីរាជការ កងទ័ពប្រហែល២០ភាគរយនៅឆ្នាំ២០១៣៕
No comments:
Post a Comment
yes